Sunday, September 24, 2017

ការរៀបចំផែនការអភិវឌ្ឍសាលារៀន

រាជរដ្ឋាភិបាល​បាន​នឹងកំពុង​យកចិត្ត​ទុក​ជា​ខ្លាំងក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវការ​អភិវឌ្ឍ​សាលារៀន​តាមរយៈ​ការ​បង្កើន​ថវិកា​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​។សម្រាប់​រយៈ​ពេល​​៥ឆ្នាំ​ចុង​ក្រោយ​នេះ ថវិកា​សម្រាប់​វិស័យ​បាន​កើន​ឡើង​ជា​គំហុក​ពី ១.៧៧%​នៃ​ផសស (GDP) ក្នុង​ឆ្នាំ​២០១៣ ដល់​៣.០៨%ក្នុង​ឆ្នាំ​២០១៧ និង​បន្តកើន​ឡើង​បន្ថែម​​ទៀត​នៅ ឆ្នាំ ២០១៨​ដែល​ផ្តោ​ត​លើ​គ្រូបង្រៀន និង​សាលារៀន​។ ស្រប​នឹង​ការ​វិនិយោគ​ថវិកា​ដ៏ច្រើន​នេះ ការ​រៀបចំផែនការ​អភិវឌ្ឍសាលា​រៀន​នីមួយៗ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អប់រំ​ ក្នុង​បរិបទ​​ការ​អប់រំ​ប្រកប​ដោយ​បរិយាប័ន្ន​។ ផែនការ​អភិវឌ្ឍសាលា​រៀន​ជា​ផែន​ទី​បង្ហាញ​ផ្លូ​វ​ដែល​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ កែលម្អ​ធ្វើ​ប្រសើរ​ឡើង​នូវ​លទ្ធ​ផល​សិក្សា​របស់​សិស្ស​ ឆ្លើយ​តប​ទៅ​នឹង​ទស្សនវិស័យ និង​បេសកកម្ម​របស់​សាលា​រៀន​។​ផែន​ការ​អភិវឌ្ឍសាលា​រៀន​បាន​រួម​បញ្ចូល​នូ​វ​ព័ត៌មាន​សំខាន់ៗ​ទាក់​ទង​នឹង​ប្រវត្តិ​សាលារៀន សហគមន៍ ការ​វិភាគ​តម្រូវការ និង​តម្រូវការ​ គោលដៅ គោល​បំណង ស្តង់​ដារ និង​ចំណុច​ដៅ ផែនការ​អនុវត្ត (Implementation work plan) ផែនការ​​ប្រតិបត្តិ (Operational plan) ផែនការ​តាម​ដាន​ត្រួតពិនិត្យ​ និង​វាយតម្លៃ (M&E plan) ផែនការ​ទំនាក់​ទំនង និង​ការ​ស្វែង​រក​ការ​គាំទ្រ (Communication and advocacy plan)...។ជា​ទូទៅ​ផែនការ​អភិវឌ្ឍ​សាលា​រៀននៅ​ប្រទេស​កម្ពុជា​​ត្រូវបាន​រៀបចំ​មួយ​ឆ្នាំ​ម្តង និង​មិន​មាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​​ ​(Strategic plan)​សម្រាប់​កម្រិត​សាលារៀន​ទេ​។​ ផែនការ​អភិវឌ្ឍសាលារៀន ខុសពី​ផែនការ​ការងារ​ប្រចាំឆ្នាំ​របស់​សាលារៀន​ទំ១៤៦ការគ្រប់គ្រងនិងរដ្ឋបាលនាយកដ្ឋានបប២០០៩។ មុន​នឹង​ធ្វើ​ការ​បកស្រាយ​ពី​ផែនការ​អភិវឌ្ឍសាលារៀន​ យើង​សូម​លើក​យក​ការ​ធ្វើ​ផែន​ការ​ការ​ងារសាលា​រៀន​មក​បង្ហាញ​ជា​មុន​សិន​ដើម្បី ជៀស​វាង​ការច្រឡំ​គ្នា​។ ​ផែនការ​ការងារ​ប្រចាំ​ឆ្នាំត្រូវបាន​រៀបចំ​ដើម្បី​ជៀសវាង​នូវការងារ​ជាន់​គ្នា​ដដែល​ៗ កង្វះ​ការ​ទទួល​ខុសត្រូវ​ច្បាស់​លាស់​ និង​ដើម្បី ឱ្យ​មាន​គំនិត​ត្រៀម​ទុកជា​មុន​ក្នុង​ការ​អនុវត្ត​​សកម្មភាព។ ការងារ​ដដែល​ៗ​នោះ​មាន​ដូចជា៖ ការផ្សព្វផ្សាយ​ឱ្យ​មាតា​បិតា​នាំកូន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ ការ​ចុះឈ្មោះ​ទទួល​សិស្ស​ថ្មី និង​សិស្ស​ចាស់​ ការបែង​ចែក​សិស្ស​ទៅ​តាម​ថ្នាក់​ ការ​ធ្វើ​ពលកម្ម​ សម្អាត​ថ្នាក់​ និង​សាលា​រៀន ការ​រៀបចំ​ និង​បើក​បវេសនកាល​ ការ​ធ្វើ​របាយការណ៍​បវេសនកាល ឆមាស ប្រចាំ​ឆ្នាំ​ ។ល។ សកម្មភាព​នានា​របស់​សាលា​រៀន​អាច​បែង​ចែក​ជា​៥​ប្រភេទ​៖​​
1.    រដ្ឋបាល​សាលារៀនៈ            ការប្រែក្លាយ​ឱ្យ​ទៅ​ជា​ជាក់​ស្តែង​នូវ​វត្ថុ​បំណង​ គោល​នយោបាយ​អប់រំ​ជាតិ​ ការទទួល​សិស្ស​ថ្មី​ឱ្យ​ចូល​រៀន​ ការ​លើក​ផែនការ​សកម្មភាព​ធម្មតា​របស់​សាលា​រៀន​ ការ​រៀបចំ​គម្រោង​កែ​លម្អ​សាលា​រៀន​ ការ​ប្រមូល​ទិន្នន័យ ការ​សរសេរ​របាយការណ៍​។ល។
2.    សម្ភារ​រូបវ័ន្ត​សាលា​រៀនៈ        ការ​រៀបចំ​ថ្នាក់​រៀន​ ការ​ជុសជុល​តូច​តាច​ ការ​ទទួល​ និង​បែង​ចែក​សៀវភៅ​សិក្សា​ ការ​រៀបចំ​សម្ភារ​ឧបទេស​ សម្ភារៈ​បង្រៀន​ និង​បណ្ណាល័យ​ ការ​រៀបចំ​ឱ្យ​មាន​ប្រភព​ទឹក​ស្អាត​ និង​អនាម័យ​ការ​រៀបចំ​ទីលាន​កីឡា​ កិច្ច​ការពារ​បរិស្ថាន​សាលា​រៀន​។ល។​
3.    ការ​សិក្សា​របស់​សិស្សៈ         ការ​រៀបចំ​ផែន​ការ​បែង​ចែក​ និង​អនុវត្ត​កម្មវិធី​សិក្សា​ ប្រចាំ ឆមាស​ ប្រចាំ​ខែ​ ការ​រៀបចំ​ប្រជុំ​ក្រុម​បច្ចេកទេស​ ការ​អភិវឌ្ឍ​វត្ថុ​បំណង​ជាក់​លាក់​ និង​ការធ្វើ​កិច្ច​តែង​ការ​បង្រៀន​ សកម្មភាព​អភិវឌ្ឍ​សមត្ថភាព​សិស្ស​ ការ​តាមដាន​ការ​រីក​ចម្រើន​របស់​សិស្ស​ ការវាយ​តម្លៃ​ ។ល។
4.    សកម្មភាព​សិស្សៈ   គម្រោង​ និង​សកម្មភាព​របស់​សិស្ស​ម្នាក់​ៗ​ ការ​ប្រកួត​​កីឡា​សិស្ស​ សកម្មភាព​សិល្បៈ ហត្ថកម្ម ថែទាំ​សួន​ច្បារ​សាលារៀន​ ការ​ធ្វើ​ដំណើរ​កំសាន្ត​ និង​ទស្សនកិច្ច​សិក្សា​ សុខភាព និង​អនាម័យ​សិក្សា​ ការ​ចូលរួម​ការពារ​បរិស្ថាន​ ។ល។
5.    ការ​ទ្រទ្រង់​សាលា​រៀនៈ         ជា​ការងារ​ដែល​ទាក់​ទង​នឹង​យុទ្ធនាការ​ប្រមូល​សិស្ស​ឱ្យ​ចូល​រៀន​ដោយ​សហការ​ជាមួយ​គណៈកម្មការ​ទ្រទ្រង់​សាលា​រៀន​ ឬសមាគមន៍​មាតាបិតា​សិស្ស​ ការ​រៀបចំ​ចាត់​ចែង​ពិធី​កំសាន្ត​សប្បាយ​ផ្សេង​ៗ​របស់​សាលារៀន​ ការ​គ្រប់​គ្រង​ថវិកា​សាលា​រៀន​ ការ​ចុះ​បញ្ជី​គណនេយ្យ​។ល។
ផែនការ​អភិវឌ្ឍសាលារៀន ជា​គម្រោង​​ដែល​ខុសពី​ការងារ​ធម្មតា​ពីព្រោះ​ការងារ​​ធម្មតា​អនុវត្ត​ស្រដៀង​ៗ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ដោយ​គ្រាន់​តែ​ផ្លាស់​ប្តូរ​បន្តិ​ច​បន្តួច​ប៉ុណ្ណោះ ចំណែក​ឯ​គម្រោងវិញ​គឺ​ត្រូវ​​សម្រេច​លទ្ធផល​ជាក់​ស្តែង​ដែល​អាច​មើល​ឃើញ​ ឬ​ផ្ទៀង​ផ្ទាត់​បាន​។​ លទ្ធផល​របស់​គម្រោងអាច​​ឱ្យ​យើង​យក​ទៅ​ប្រើ​ប្រាស់​បាន​ នៅ​ក្នុង​រយៈ​ពេល​មួយ​កំណត់​គឺ​ក្នុង​ករណី​នេះ​ហើយ​ដែល​គម្រោង​មិន​អាច​ធ្វើ​ឡើង​ដដែល​ៗនោះ​ទេ​។ មាន​ន័យ​ថា ក្រោយ​ពី អនុវត្ត​គម្រោង​មួយ​ចប់​ហើយ​ យើង​ត្រូវ​តែរៀបចំ​ និង​ដំណើរ​ការ​គម្រោង​មួយ​ថ្មី​ផ្សេងទៀត​។ ការ​​អនុវត្ត​នានា​នៅ​ក្នុង​គម្រោង​ចាស់​ នឹង​ផ្តល់​នូវ​បទ​ពិសោធន៍​នានា​សម្រាប់​គម្រោង​ថ្មី ។ ឧទាហរណ៍​ គម្រោង​លើក​កម្ពស់​សមត្ថភាព​គ្រូ​បង្រៀន​ ការកសាង​អគារសិក្សា កែលម្អ​ទិដ្ឋ​ភាព​សាលា​រៀនដើម្បីឱ្យ​បរិស្ថាន​ល្អ មាន​​ទីលាន​កីឡា ទឹកស្អាត​ និង​សួន​ច្បារ ការ​កែលម្អ​វិធីសាស្ត្រ​ និង​សម្ភារ​ឧបទេស​​បង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​ លើក​កម្ពស់​លទ្ធ​ផល​សិក្សា​សិស្ស​ដើម្បី​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​សិស្ស​ទទួល​និទ្ទេស​ល្អ​ពេល​ប្រឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​...។ល។ សូម​បញ្ជក់​ថា​ឧទាហរណ៍​គម្រោង​លើក​កម្ពស់​សមត្ថភាព​គ្រូ​បង្រៀន អាច​ធ្វើ​ឱ្យ​យើង​មាន​ការ​ច្រឡំ​ថា​វាជា​ការងារ​ដែល​ធ្វើ​​ដដែល​ៗព្រោះ​វា​មាន​​នៅ​ក្នុង​ការ​ប្រជុំ​បច្ចេកទេស​ ដែល​បាន​រៀបចំ​នៅក្នុង​​ផែនការ​ការងារ​ប្រចាំ​ឆ្នាំ​ដែរ​។ គម្រោង​​លើក​កម្ពស់​​សមត្ថ​ភាព​​គ្រូ​បង្រៀន​នេះ មាន​លក្ខណៈ​​​ច្បាស់​លាស់​​ជាង​ហើយ​​​ការ​ប្រជុំ​បច្ចេកទេស​អាច​ជា​ផ្នែក​មួយ​នៃ​ការលើក​កម្ពស់​សមត្ថភាព​ប៉ុណ្ណោះ​​។ ជា​ឧទាហរណ៍​គម្រោង​លើក​កម្ពស់​សមត្ថភាពគ្រូបង្រៀន​នេះ អាច​ជា​ការ​​លើក​គម្រោងស្នើសុំ​​កញ្ចប់​ថវិកា​ដើម្បី​ឱ្យ​គ្រូ​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​​អ្វី​មួយជាក់​លាក់​​ ស្ថិត​ក្នុង​ពេល​មួយ​កំណត់​​ដែល​ចាំ​បាច់​សម្រាប់​អភិវឌ្ឍ​ន៍​សមត្ថភាព​ និងដើម្បីធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធផល​សិក្សា​របស់​សិស្ស​ ឬ​អាច​ជា​គម្រោង​ស្វែង​រក​មូល​និធិ​នានា​គាំទ្រ​ដល់​​​ការ​​បន្ត​ការ​សិក្សា​របស់​គ្រូ​បង្រៀន​។​គម្រោង​នេះ មិន​មែន​ធ្វើ​ដដែល​ៗ​នោះ​ទេ​ នៅ​ពេល​សមត្ថភាព​គ្រូ​បង្រៀន​មាន​ការ​រី​កចម្រើនហើយ​​ យើង​អាច​លើក​គម្រោង​ផ្សេងទៀត​ដើម្បី ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំ​បាច់​ដើម្បី​លើក​ឧត្តម​ភាព និង​កិត្យានុភាព​​​សាលា​រៀន​ដូចជា​គម្រោង​លើក​កម្ពស់​លទ្ធផល​សិក្សា​សិស្ស​ដើម្បីឱ្យ​បាន​ជាប់​និទ្ទេស​Aឱ្យ​បាន​ច្រើន​ជាដើម​។​ ចំណុច​សំខាន់​ដែល​យើង​ត្រូវ​ចាំនោះ​​គឺ​ គម្រោង​ត្រូវ​រៀបចំ​ និង​អនុវត្ត​ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​រីកចម្រើន​។ ចុង​បញ្ចប់​នៃ​ការ​អនុវត្ត​គម្រោង​គឺ​គេ​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​​។​ថ្នាក់ដឹកនាំ​សាលារៀនដែល​ល្អ គឺជា​អ្នកដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់ និង​មាន​ការយល់​ដឹង​ទូលំទូលាយ​ពី​ការរៀបចំ​ផែនការ​អភិវឌ្ឍ​សាលា​រៀន​​ ព្រោះ​វា​ទាម​ទារ​សមត្ថភាព​យល់​ដឹង​ខ្ពស់​ និង​ជំនាញ​ជាក់​លាក់​​ តួយ៉ាង​ដូច​​​សមត្ថភាព​ក្នុង​ការ​រៀបចំ​តារាង​អភិក្រម​ក្របខណ្ឌ​សម​ហេតុផល​​​(Logical framework) ជាដើម​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​បណ្តុះ​បណ្តាល​ច្បាស់លាស់ និង​សិក្សា​រៀន​សូត្រ​ ដក​ស្រង់​បទពិសោធ​នៃ​ការអនុវត្តការងារ​ផ្ទាល់​ខ្លួន​​ជា​ប្រចាំ​។​
ការ​រៀបចំផែនការ​អភវិឌ្ឍសាលា​រៀន​មាន​សារៈសំខាន់ណាស់​ព្រោះវា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សាលា​រៀន​នាពេល​អនាគត​។​ទំ១៥៣
ទោះយ៉ាង​ណា​យើង​ឃើញ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ដំណើរ​ការ​រៀបចំ​ និង​​អនុវត្ត​ផែនការអភិវឌ្ឍ​សាលា​រៀន​នេះ មាន​ដូចជា៖
·        ការ​រៀបចំ​ផែនការ​អភិវឌ្ឍ​សាលា​រៀន​ ទាម​ទារ​អ្នក​ដែល​ចំណេះដឹងខ្ពស់ ​ទូលំ​ទូលាយ និង​ជំនាញច្បាស់លាស់​ក្នុង​ការ​រៀបចំ​។​ ជាទូទៅ​យើង​ឃើញ​ថាការ​រៀបចំ និង​សរសេរ​គម្រោង​ផែនការ​អភិវឌ្ឍ​សាលារៀន​នេះ មាន​លក្ខណៈ​ស្មុគ​ស្មាញខ្លាំង​​ ដែល​បុគ្គល​ធម្មតា​មិន​អាច​រៀបចំ​​បានល្អ​ឡើយ​ វា​ទាម​ទារ​ការ​បណ្តុះ​បណ្តាលជំនាញ​​ច្បាស់​លាស់​ និង​ការ​សិក្សា​រៀន​សូត្រ​ជាប្រចាំ​ពី​បទ​ពិសោធនៃ​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​​ ពិសេសការ​វិភាគ​បញ្ហា និង​ការ​រៀបចំ​តារាង​អភិក្រម​ក្រប​ខណ្ឌ​សមហេតុ​ផល​ជា​ដើម​។ ​ឧបសគ្គ​នៃសមត្ថភាព​ក្នុង​​ការ​រៀបចំ​នេះ ធ្វើ​ឱ្យ​​ការ​លើក​គម្រោង​មាន​លក្ខណៈ​ដដែល​ៗ​ មិន​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មីដើម្បីឱ្យ​មាន​​ការ​ផ្លាស់​ប្តូរ ឬ​លើក​គម្រោង​មិន​មាន​លក្ខណៈ​សម​ស្រប និង​មិន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំបាច់​របស់​ស្ថាប័ន...​។ល។
·        អ្នក​​លើក​គម្រោងភាគ​ច្រើនទាំង​កម្រិត​ថ្នាក់​ជាតិ រហូត​ដល់​កម្រិត​​​សាលា​រៀន​ហាក់​មិនបាន​​​​បង្ហាញ​ច្បាស់លាស់​​ពីពាក្យ​ថា​ ​”​ផ្លាស់​ប្តូរ”​នៅ​ក្នុងគម្រោង​​កម្រិត​​សមិទ្ធិផល​(Outcome)​​ហើយភាគ​ច្រើន​ធ្វើ​ការ​​បក​ស្រាយ​បាន​តែ​នៅ​ក្នុង​កម្រិត​លទ្ធផល​​(Output) ដែល​​ពិបាក​​មើល​ឃើញ​ពី​ការ​​ផ្លាស់​​ប្តូរ​ ​តួ​យ៉ាង​​​ដូច​​បទ​បង្ហាញ​របាយការណ៍​សន្និបាទ​អប់រំ​​ថ្នាក់​ជាតិ​ជាដើម​។​ដើម្បី​ឱ្យ​បាន​ច្បាស់​លាស់​ យើង​​សូម​លើក​​ឧទាហរណ៍មក​បញ្ជក់​ដូច​តទៅ៖ មាន​គម្រោង​ផ្តល់​វគ្គ​បំប៉ន​នាយក​ ​ដល់​គ្រូ​បង្រៀន​ចំនួន​៥០០នាក់ ប៉ុន្តែ​​យើង​មិន​អាច​វាស់​វែង​បាន​ថា តើ​បន្ទាប់​ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ ពួក​គាត់​មាន​ការ​ផ្លាស់​ប្តូរ​អ្វីខ្លះឱ្យ​បាន​ជាក់​លាក់​?​ នេះ​អាច​ឆ្លុះ​បញ្ចាំង​​បាន​ថា ការ​រៀបចំ​ និង​អនុវត្ត​គម្រោង​នៅ​មាន​កម្រិត​។
·        ការយល់ដឹង​ពី​នីតិវិធី​ក្នុង​រៀបចំ​ផែនការ​អភិវឌ្ឍ​សាលា​រៀន​នៅ​មាន​កម្រិត​ ព្រោះ​ការ​ចូលរួម​របស់​អ្នក​ពាក់​ព័ន្ធ​ក្នុង​ដំណើរ​ការ​រៀបចំនៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ​។ភាគច្រើន​ គម្រោង​ត្រូវបាន​រៀបចំដោយ​គណៈ​គ្រប់គ្រង​សាលា​ និង​មាន​ការចូលរួម​មួយ​ចំនួន​ពីគ្រូ​បង្រៀន​។ ជាទូទៅ​យើង​ឃើញ​មាន​ការចូលរួម​តិច​តួច​ណាស់​ពី​គណៈកម្មការ​ទ្រទ្រង់​សាលា មាតាបិតា ឬអ្នក​អាណាព្យាបាល និង​តំណាង​សិស្សានុស្ស​។​ កង្វះ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ អាច​ធ្វើ​ឱ្យ​កង្វះ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ និង​តម្លាភាព​ក្នុង​ការ​រៀបចំ​គម្រោង ហើយ​វា​អាច​មិន​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ និង​​តម្រូវ​ការ​​ជាក់​ស្តែង​ ឬ​ចាំបាច់​របស់​សាលារៀន និង​សហគមន៍​។​
·        ការ​រៀបចំ​ផែនការ​សកម្មភាព​ និង​ថវិកា​គប្បីអនុវត្ត​តាម​បែប​គ្រប់​គ្រង​ដោយ​ផ្អែក​មូលដ្ឋាន​លើ​សាលារៀន (school based management) ដើម្បី​ឱ្យ​សាលា​រៀន​នីមួយៗមាន​ភាព​ម្ចាស់​ការ​ ការទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ផ្អែក​តាម​តម្រូវ​ការ​ជាក់ស្តែង និង​បញ្ហា​ប្រឈម​ដោយ​ឡែក​ៗរបស់​សាលារៀន​នីមួយៗ។​ក្នុង​ន័យ​នេះ គេមិន​គួរ​កំណត់​ជា​មុន​ទាំង​ស្រុង​នូវ​កូដសកម្ម​ភាព​ ឬ​លេខគណនី​ទេ​ ព្រោះ​វា​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​គំនិត​ច្នៃ​ប្រឌិត​របស់​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាក់​ស្តែង​របស់​គេ។ ​ឧទាហរណ៍
ជាទស្សនទាន តើ​យើង​ត្រូវ​រៀបចំ​ផែនការ​អភិវឌ្ឍ​សាលារៀន​យ៉ាង​ដូចម្តេច?
បច្ចេកទេស​រៀបចំ​ផែនការ​ត្រូវ​បើ​កចំហ​ឱ្យ​មាន​ការ​ចូល​រួម​បាន​ទូលំទូលាយ​ពី​អ្ន​ក​ពាក់​ព័ន្ធ​ដូចជា​៖ គណៈកម្មការ​​អភិវឌ្ឍ​សាលារៀន គណៈគ្រប់គ្រង​សាលា​រៀន​ គ្រូ​បង្រៀន មាតាបិតាឬអ្នក​អាណាព្យាបាល​សិស្ស និង​តំណាង​សិស្សានុសិស្ស​។ សិ្ថត​ក្នុង​បរិបទ​នៃ​ការ​អប់រំ​ប្រកបដោយគុណភាព និង​​បរិយាប័ន្ន ការ​ចូលរួម​ពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​គ្រប់ភាគី​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​បាន​លើក​យក​បញ្ហា​គ្រប់ជ្រុង​ជ្រោយ​ពី​អ្នក​ទាំង​នោះ​ ធ្វើ​ឱ្យ​ផែនការ​ត្រូវ​បាន​រៀបចំ​ ឆ្លើយ​តប​ត្រឹមត្រូវ​ទៅ​នឹង​តម្រូវ​ការ​ជាក់ស្តែង​របស់​ពួក​គេ​។​ វា​ជា​ចំណុច​ចូល​រួម​ដ៏​សំខាន់​ ប្រកប​ដោយ​អត្ថន័យ​នៃ​ការ​អប់រំ​បែបបរិយាប័ន្ន ដោយ​គ្មាន​នរណា​ម្នាក់​ត្រូវបាន​ទុក​ចោល​ទេ រួម​ទាំង​ជន​ងាយរងគ្រោះ​។​ សមិទ្ធិផល​ផែនការ​អភិវឌ្ឍ​សាលា​រៀន​ដែល​មាន​ការ​ចូលរួម​នេះ នាំទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​គ្មាន​ការ​រើសអើង​ដូចជា៖ជាតិ សាសន៍ សាសនា ភេទ ពណ៌សម្បុរ ជនជាតិ​ភាគតិច វណ្ណៈ និន្នាការ​នយោបាយ​ ពិការ​ភាព...ជាដើម​។​ឧទាហរណ៍ បើ​លើក​គម្រោង​សាង​សង់​បង្គន់​នៅ​តាម​សាលា​រៀន  គេ​នឹង​សាង​សង់​បង្គន់​ដែល​បង្ក​ភាព ងាយស្រួ​ល​ដល់​កុមារី​ ឬ​ជន​ពិការ​ជាដើម។​ ជា​ទូទៅ​យើង​ឃើញ​ថា ការ​លើក​ផែនការ​អភិវឌ្ឍ​សាលារៀន ជាច្រើន​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​កុមារ​ តែ​មិន​ដែល​សួរ​កុមារថា តើ​គេ​ចង់​បាន​អ្វី?​ចង់​យ៉ាង​ម៉េច​ទេ?​ ថ្នាក់ដឹកនាំ​សាលា​រៀន​ ជា​អ្នក​សម្រេច​ចិត្ត​​ជួស​ទាំង​អស់​។

            ផែនការ​អភិវឌ្ឍ​សាលារៀន​គប្បី​រៀបចំ​តាម​នីតិវិធី​មួយ​ច្បាស់លាស់ ប្រកប​ដោយ​តម្លាភាព​។​ជំហាន​ដំបូង​ត្រូវមាន​ការ​ប្រជុំ​រៀបចំ​ធ្វើ​ផែនការ​ (ToR) ដោយ​មាន​ដាក់​បញ្ចូល​នូវ​ គោលបំណង នីតិវិធី​នៃ​ដំណើរ​ការ​រៀបចំធ្វើ​ផែនការ​អភិវឌ្ឍ​សាលារៀន ពេលវេលាអនុវត្ត អ្នក​ទទួល​ខុសត្រូវ​​...ជាដើម។​បន្ទាប់​មក​ប្រជុំបង្កើត​ក្រុម​រៀបចំ​ផែនការ​អភិវឌ្ឍ​សាលារៀន​ ប្រជុំប្រឹក្សា​យោបល់​ ការ​ប្រមូល​ព័ត៌មាន បញ្ហាប្រឈម និង​តម្រូវការ​ ការ​វិភាគ​បញ្ហា និង​ការ​កំណត់​អាទិភាពបញ្ហា បន្ទាប់​មក​រួម​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ និង​ផែនការ​យុទ្ធសាស្ត្រ​ដោយ​ផ្អែក​លើ​ធនធាន​ដែល​បាន​កំណត់​។​ នៅ​ក្នុង​ដំណោះស្រាយ​ គេ​ត្រូវ​ធ្វើការ​រួម​គ្នា​ផង​ដែរ​ពី​ការ​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​ឱ្យ​សម្រេច​ជោគ​ជ័យ​ ការ​រៀបចំ​តារាង​អភិក្រម​ក្រប​ខណ្ឌ​សម​ហេតុ​ផល​(Logical framework) ដែល​មាន​បញ្ជក់​ពី​គោលដៅ​រួម​ គោលបំណង​ លទ្ធ​ផល​​រំពឹង​ទុក​ សកម្មភាពអនុវត្ត អាំងឌីកាទ័រច្បាស់លាស់ដែល​អាច​វាស់​វែង​បាន មធ្យោបាយ​ផ្ទៀង​ផ្ទាត់​ និង​ការ​សន្មត់​ (ការ​គ្រប់​គ្រង​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​)។ ចំណុច​ចុងក្រោយ​គឺ​រៀបចំ​ផែនការ​អនុវត្ត​ ផែនការ​ប្រតិបត្តិ​ការ និង​ផែនការ​ថវិកា​។សម្រាប់​យុទ្ធសាស្ត្រ​ដើម្បី​អនុវត្ត​ផែនការ​ឱ្យ​បាន​ជោគ​ជ័​យ​គប្បី​ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​ មាន​យន្តការ​ក្នុង​ការ​អនុវត្ត​ ដូចជា​៖​ កិច្ចសហការ ការ​បង្កើត​ក្រុមការងារ​ដូចក្រុម​តាមដាន​ វាយតម្លៃ គណៈកម្មការ​លទ្ធកម្ម​ដើម្បី​តម្លា​ភាព​ និង​គណៈកម្មការ​ដទៃ​ទៀត​តាម​ភាព ចាំបាច់​ ។​សម្រាប់​ដំណាក់​កាល​ចុង​ក្រោយ គឺ​ការ​ប្រជុំ​បង្ហាញ​លទ្ធផល​នៃ​ការ​រៀបចំ​ផែនការ​អភិវឌ្ឍ​សាលារៀន និង​ការ​ផ្តល់​ព័ត៌មាន​ត្រឡប់​ មុន​ពេល​សរសេរ​សម្រេច​ និង​អនុម័ត។​