Monday, June 26, 2017

ការអប់រំ​សម័យ​សង្គម​រាស្ត្រនិយម

យើងតែងតែ​ឮការសរសើរមិនដាច់ពីមាត់​របស់​ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការខ្មែរ​ជាច្រើន​ ពីការអប់រំនៅសម័យ​សង្គមរាស្ត្រនិយម​ដែល​ចូលរួមចំណែក​​យ៉ាង​សំខាន់​ធ្វើឱ្យ​សម័យនោះ​មានការរីក​ចម្រើ​នខ្លាំង​។​ អ្នកខ្លះធ្លាប់​ឆ្លង​កាត់​សម័យ​កាលជាក់ស្តែង​ ចំណែក​ឯអ្នកខ្លះទៀត​ គ្រាន់​តែ​ឮ និង​ថាតាម​​គេ​ប៉ុណ្ណោះពិសេស​យុវជនជំនាន់​ថ្មី​​ ។​ អ្វីដែល​ធ្វើ​ឱ្យពួក​គាត់​មាន​ការ​​ភ្ញាក់ផ្អើល​ខ្លាំង​​​គឺ ការយក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណវុឌ្ឍិគ្រូបង្រៀន​របស់​​រាជ​រដ្ឋាភិ​បាលនៅ​សម័យ​នោះ​​ និង​ការផ្តល់​ប្រាក់​បៀរវត្ស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ វិជ្ជា​ជីវៈ​គ្រូបង្រៀនត្រូវបាន​គេ​ចាត់​ទុក​ថា​មាន​​កិត្យានុភាព​ខ្ពស់​ជាង​គេ​បំផុត​ ​ និង​ត្រូវ​បាន​គោរព​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម។​ គ្រូ​បង្រៀនទទួល​បាន​ការ​គាំទ្រ​ពេញ​លេញ​ពី​រាជ​រដ្ឋាភិបាល និង​មាន​​​គន្លង​អាជីព​ខ្ពង់​ខ្ពស់​ អាច​ក្លាយ​ជា​ឧត្តម​មន្ត្រី ឬ​ជា​អ្នក​នយោបាយ​។ ជាមួយ​គ្នា​នេះ គេ​ក៏បាន​មើល​ឃើញ​ពី​លទ្ធផល​សិក្សា​របស់​សិស្ស​ និសិ្សតប្រកប​ដោយ​​គុណភាព​ផង​ដែរ​។​ ​ ជា​ទូទៅ​ពួក​គាត់​វាយ​តម្លៃថា សិស្ស និសិ្សតបញ្ចប់​ការ​សិក្សា​នៅ​មធ្យម​សិក្សា ឬ​​ឧត្តម​សិក្សា​សុទ្ធតែ​មាន​សមត្ថភាព​ខ្ពស់​ ជា​ធនធាន​ដ៏មាន​សក្តានុពល​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស១​(កំណែទម្រង់​វិស័យអប់រំនៅកម្ពុជា មាគ៌ាឆ្ពោះទៅ​រកសង្គម​ពុទ្ធិនិង​វិបុលភាព​ ហង់​ជូន​ណារ៉ុង ២០១៦ ទំព័រ​៧៥)។ ទិដ្ឋភាព​នេះ​ បង្កើត​ឱ្យ​មាន​ក្តី​ស្រមៃ​​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​​គ្រូបង្រៀន​នៅសម័​យ​បច្ចុប្បន្ននេះ​ និង​មានបំណង​ចង់​ឱ្យ​ប្រព័ន្ធ​អប់រំ​ខ្មែរ​ដូច​សម័​យ​សង្គម​រាស្ត្រ​និយម​ ។​​

            ជាការពិត​ គំរូ​នៃ​ប្រព័ន្ធ​អប់រំ​នៅ​សម័យ​មួយ​វាតែង​តែ​មាន​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​វា។​បើ​យើង​សម្លឹង​តែជ្រុង​មួយ​នៃ​ទិដ្ឋភាព​អប់រំ​នៅសម័យ​សង្គម​រាស្ត្រ​និយម​ យើង​ឃើញ​សុទ្ធ​តែ​ចំណុច​វិជ្ជមាន​ដែល​មាន​ឥទ្ធិពល​លើស​លុប​លើ​ចំណុច​អវិជ្ជមាន​ ដែល​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​។​​ការកែទម្រង់​ប្រព័ន្ធ​នៅ​សម័យ​មួយ​ វាឆ្លើយ​តប​ទៅនឹង​ស្ថានភាព និង​តម្រូវការ​ជាក់​ស្តែង​​នៅសម័យ​នោះ​​។ ថ្វីត្បិត​តែ​ វា​មាន​ចំណុច​ល្អ​ជា​ច្រើន​ដូច​ដែល​បាន​បង្ហាញ​ខាង​លើ​ តែ​វា​ក៏មាន​​ចំណុច​មិន​ល្អ​មួយ​ចំនួនផង​ដែរ ​ដែលវា​​មិនបាន​​ឆ្លើយ​តប​ទៅ​នឹង​​ប្រព័ន្ធ​​អប់រំ​នៅកម្ពុជា​​​​បច្ចុប្បន្ន​ និង​និន្នាការ​អប់រំ​នៅលើ​ពិភពលោក​។ជាក់​ស្តែង ប្រព័ន្ធ​​អប់រំ​នៅ​សម័យ​សង្គម​រាស្ត្រ​និយម​ មាន​លក្ខណៈ​ជា​សាជី​កំពូល​ស្រួច ដែល​ផ្តោត​តែ​ទៅ​លើ​គុណភាព​ ដោយ​មិន​គិត​ពី​សមធម៌​។ ប្រព័ន្ធ​អប់រំ​នេះ ចំរាញ់តែ​មនុស្ស​មាន​សមត្ថភាពខ្ពស់​ ដែល​ធ្វើឱ្យ​អត្រាបោះបង់​ការ​សិក្សា​មាន​កម្រិត​ខ្ពស់​។ មាន​សិស្ស​នៅ​មធ្យមសិក្សា​​ទុតិយភូមិ​៣%ទំ.៧៨ប៉ុណ្ណោះ​ដែល​បាន​ប្រឡង​ជាប់​ និង​បន្តការសិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា​។ មកដល់​ពេល​បច្ចុប្បន្ននេះ ប្រព័ន្ធ​អប់រំប្រទេស​កម្ពុជា បានអនុលោម​តាម​ការប្រព័ន្ធ​​អប់រំមួយ​ដែល​ប្រកប​ដោយ​គុណភាព​ផង​ និង​​សមធម៌ផង​។ ​ដោយ​មើល​ឃើញ​គុណវុឌ្ឍិ​ដ៏ត្រចេះត្រចង់​ ផល​ប្រយោជន៍​ទទួល​បាន​របស់​គ្រូ​បង្រៀន និង​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ​នៅសម័យ​នោះ ​ ទើបម្នាក់​ៗចង់​យុគសម័យនោះ​​វិល​ត្រឡប់​មកវិញ​ម្តង​ទៀត​។​