Sunday, July 21, 2013

សាកល្បងវិភាគស្ថានភាពវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា


ប្រទេសជាច្រើននៅលើ​ពិភពលោក​បាន​ចាត់​ទុក​វិស័យអប់រំ និងសុខាភិបាល ជាគន្លឹះ សំខាន់​បំផុត​ក្នុងការអភវិឌ្ឍ​ប្រទេស ព្រោះវិស័យ​ទាំង​ពីរ​នេះ ជាមូលដ្ឋាន​គ្រឹះ​​ដែល​ដឹកនាំ​ប្រទេស​ទៅ​រក​​វឌ្ឍភាព​ វិបុលភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​និរន្តរភាព។​តួយ៉ាង​ដូច​ប្រទេស​សឹង្ហបូរី​ជា​ដើម​ លោក​លី ក្វាន់​​យូ បិតាស្ថាបនិក​ប្រទេស​សឹង្ហបូរី​បាន​កំណត់​វិស័យ​​ទាំង​ពីរខាង​​លើ​ជា​វិស័យ​អាទិភាព​បំផុត​ក្នុង​កសាង​ប្រទេស​ក្លាយ​ជានាគ​ក្នុង​តំបន់​ ហើយ​លោក​បាន​យក​ចិត្ត​ទុក​ដាក់​បំផុត​លើ​ការកសាង​ធន​ធាន​មនុស្ស និង​សុខុមាល​ភាព​មនុស្ស។​ក្រឡេក​មក​មើល​ប្រទេស​កម្ពុជាវិញ តើ​ស្ថានភាព​វិស័យ​​ទាំង​ពីរនេះ យ៉ាង​ម៉េច​ដែរ​? ​ដើម្បី​ចូលរួម​វិភាគទាន​ក្នុង​ការ​ស្វែង​យល់​ពី​ស្ថានភាព​វិស័យនេះ អ្នក​វិភាគ​សូម​សាកល្បង​ធ្វើការ​វិភាគ ក្នុងគោល​បំណង​​ចែករំលែក​​នូវ​គំនិត​យល់ដឹង​ខ្លះៗ​ពី​បញ្ហា​រសើប​មួយ​ចំនួន​ដែល​កើត​មាន​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ។​គំនិត​ទាំង​នេះ ជា​ឧស្សាហកថាដែល​មាន​ចរិកទស្សនវិជ្ជា ហើយអ្ន​កវិភាគ​សង្ឃឹមថា ​អ្នក​អាន​ អ្នក​សិក្សា​ អ្នក​ដឹកនាំ នឹង​ប្រើប្រាស់​គតិ​បណ្ឌិត​ស្វែង​​យល់​ពី​ចេតនាពិត​ប្រាកដ​របស់​វា ដោយ​មិន​លាប​ពណ៌គំនិត​យុវជន​បែប​និន្នាការ​នយោបាយ​ឡើយ​។​​ខាងក្រោម​ជា​ការបកស្រាយ​ពី​ស្ថានភាព​វិស័យ​អប់រំ និង​សុខាភិបាល​នៅប្រទេស​កម្ពុជា​បច្ចុប្បន្ន​។
  • វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា
ទោះបី​រាជរដ្ឋាភិបាល​ ក្រសួង​ មន្ទីរ​ពាក់ព័ន្ធ និងអង្គការ​សង្គមស៊ីវិល​ជា​ច្រើន​បាន​និង​កំពុង​យកចិត្ត​ទុក​ដាក់​ជួយ​អភិវឌ្ឍកែលម្អ​ជាច្រើន​​យ៉ាង​ណា​ក៏​ដោយ​ ក៏​បញ្ហា​ប្រឈម​មួយ​ចំនួន​ធំ នៅ​តែ​ជា​បញ្ហា​ចោទនៅឡើយ ។​ជា​ការពិត​ វា​មាន​ផ្លាស់​ប្តូរអភិវឌ្ឍ​ច្រើន​ណាស់​មក​ដល់​បច្ចុប្បន្ន​នេះ ដែល​គួរ​ឱ្យ​មាន​មោទនភាព​បំផុត ចំពោះកិច្ចប្រឹង​ប្រែង​​យក​អស់​កម្លាំង​កាយ​ចិត្ត​ទាំង​នេះ ។​ទោះបី​ជា​យ៉ាង​ណាក៏ដោយ​បញ្ហា​ប្រឈមមួយ​ចំនួន​ធំ នៅ​តែ​ចាំ​ខ្ទាស់​ជើង​ដំណើរ​ការ​អភិវឌ្ឍវិស័យ​អប់រំ​ផងដែរ ដូច​ជា៖ (១)ភាព​បាត់​បង់​ព្រលឹងក្នុងការ​​សិក្សារបស់​សិស្សានុសិស្សខ្មែរ​មួយ​ចំនួន​ធំ (២)​ឥរិយាបថ​អវិជ្ជ​មានរបស់​គ្រូបង្រៀនមួយ​ចំនួន​ (៣)ឥរិយាបថ​អវិជ្ជមាន​​ឪពុកម្តាយ អាណាព្យាបាល​នាពេល​បច្ចុប្បន្ន​ (៤)​​ឥទ្ធិពល​វប្បធម៌ពាលាអាវ៉ាសែបរទេស​ និង​កង្វះការយកចិត្តទុក​របស់​សង្គម​។​

១-ការបាត់​បង់​ព្រលឹងក្នុងការសិក្សា​របស់​សិស្សានុសិស្សខ្មែរ

ការសិក្សា​របស់​សិស្សានុសិស្សមួយចំនួន​ធំ​នាពេល​បច្ចុប្បន្ន មិន​បាន​ពឹង​ផ្អែក​លើ​សមត្ថភាព ខ្លួនឯង​ទៀត​ទេ​ ដោយសារ​ឥទ្ធិពល​ដ៏លើស​លប់​របស់​លុយ និង​អំពើពុក​រលួ​យស៊ីសំណូក​សូក​ប៉ាន់ ។​សិស្សានុសិស្ស​មួយ​ចំនួន​ទៀត​ងាកទៅពឹង​ផ្អែក​លើ​កម្លាំង​ក្រៅខ្លួនដើម្បីសម្រេច​បាន​ភាព​ជោគជ័យ​​ក្នុង​ការសិក្សា​ដូចជា៖ ចម្លង​តាម​ព្រុយយ៉ុង ការសូកប៉ាន់​ពេល​ប្រឡង បង់លុយដើម្បី​ទទួល​បានពិន្ទុ និង​ដើម្បី​ឱ្យ​គ្រូ​លុប​អវត្តមាន​ជា​ដើម​...។ល។​ចំណែក​ឯសិស្ស​មួយ​ចំនួន​ទៀត​​បែរ​ជា​ទៅ​បន់ស្រន់​​ដើម្បី​ឱ្យ​ប្រឡង​ជាប់​ទៅវិញ ។ទាំង​អស់​នេះ បង្ហាញ​ថា សិស្សលែង​ឱ្យ​តម្លៃលើ​ចំណេះដឹង ដែល​នៅជាប់​នឹង​ខ្លួន​របស់​គេ​ទៀតហើយ ដែល​នេះ​បញ្ជក់​ថា មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​កំពុង​តែ​បាត់​បង់​ព្រលឹងរបស់​ខ្លួន​ និង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯងហើយ​សកម្មភាព​នេះ​កំពុង​តែ​កើន​ឡើង​យ៉ាង​ផុល​ផុស​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​​។​ស្ថានភាព​ទាំង​នេះ តើ​ធនធាន​មនុស្សខ្មែរ​ទៅ​ជា​យ៉ាង​ណា​នាពេល​អនាគត​?​វាពិត​គួរ​ឱ្យ​បារម្ភ​ណាស់​! មួយ​វិញទៀត​​ ទំនុក​ចិត្ត​លើការ​សិក្សា​នៅក្នុង​សង្គម​ខ្មែរ​កាន់​តែ​ខ្សោយ​ទៅៗ ពិសេស​សិស្សានុសិស្ស និងឪពុក​ម្តាយ ​អាណាព្យាបាល​នៅតាម​ជន​បទ ​ដោយ​សារ​ភាពអយុត្តិធម៌សង្គម និង​ដោយសារ​គំនិត​បក្សនិយម គ្រួសារ​និយម ខ្សែរ​និយម  និង​អំពើ​ពុក​រលួយ​ ដែល​ស្ថានភាព​នេះ​ធ្វើ​ឱ្យ​សង្គម​ខ្មែរ​ផុយ​ស្រួ​យ​បំផុត​។​សិស្សានុសិស្ស​នៅតាម​​ជន​បទ​ភាគច្រើន​មិន​មា​នសេចក្តីសង្ឃឹម​ និង​មាន​ជំនឿចិត្ត​លើ​ការ​សិក្សាទេ ព្រោះ​កង្វះ​គោល​នយោបាយ​ជាក់​លាក់​ក្នុងការជួយ​ និង​លើ​កទឹក​ចិត្ត​ ដល់​ពួកគាត់​ ។​ពួក​គាត់​ភាគ​ច្រើន​មើល​មិន​ឃើញ​ពី​អនាគត តាមរយៈ​ការសិក្សា​ទេ ព្រោះ​ឥទ្ធិពល​ដ៏លើស​លប់​នៃ​អំពើអសកម្ម​ទាំង​អម្បាល​ម៉ាន​ខាងលើនៅក្នុងសង្គម​ ។
២-ឥរិយាបថអវិជ្ជមាន​របស់​គ្រួ​បង្រៀន តាមរយៈការអង្កេត សម្ភាសមិនផ្លូវការ​ជាមួយសិស្សនៅ​ថ្នាក់មធ្យម​សិក្សា​មួយ​ចំនួនកន្លងមក​ បង្ហាញ​​ថា​លោក​​គ្រូ-អ្នកគ្រូមួយចំនួន​នៅ​សម័យបច្ចុប្បន្ន មានឥរិយាបថ​អវិជ្ជមាន​ច្រើនទាក់​ទង​នឹង​សកម្មភាព​អប់រំ ដែលជាសញ្ញាណបញ្ជក់​ពីសភាពគួរឱ្យ​ព្រួយបារម្ភបំផុត​សម្រាប់​អនាគត ។ដោយហេតុផល​គ្រូបង្រៀន​មានប្រាក់បេវត្សទាប លោកគ្រូ-អ្នក​គ្រូ មួយចំនួនបានចាប់សិស្សជាចំណាប់ខ្មាំង ដើម្បីប្រាក់ តាមរយៈ​ការបង្កើតការ​បង្រៀនគួរ​ក្រៅ​ម៉ោង និងការគៀប​សិស្សតាម​មធ្យោ​បាយផ្សេងៗ​។ការបង្រៀនគួក្រៅម៉ោង​មិនបាន​ ផ្តល់​ភាព​ចំណេ​ញដល់​សិស្សទេ ព្រោះវាបានបន្ថែម​ម៉ោង​សិក្សា​ដល់សិស្ស លើសកំណត់ និង​មិន​មាន​ពេល​វេលាគ្រប់គ្រាន់​សម្រាប់សិស្ស​ក្នុង​ការសិក្សាស្រាវជ្រាវ​ រៀន​សូត្រ​ខ្លួន​ឯង ពិសេសគឺ​ប៉ះពាល់​ដល់​សុខភាពសិក្សា​របស់​សិស្ស។តាមរយៈ​ការ​បង្រៀន​គួក្រៅម៉ោង ​ វាអាចឱ្យគ្រូបង្រៀនបែកបាក់​ផ្ទៃក្នុង​​ព្រោះ​ទំនាស់ផលប្រយោជន៍ និងភាពច្រណែនគ្នា ពិសេស​មិន​មាន​​មនសិកា​រ​ការងារ​រឹងមាំ​នៅ​ក្នុងម៉ោង​សិក្សារដ្ឋ ឬបង្រៀនសិស្សមិនច្បាស់លាស់ ដោយលាក់​ទុក​ល្បិច​​សម្រាប់​ការ​បង្រៀន​ក្រៅម៉ោង ។ ជាទូទៅ​យើង សង្កេត គ្រូយកចិត្តទុក​ដាក់​បង្រៀនសិស្ស​ខ្លាំងថ្នាក់​គូក្រៅម៉ោង ជាជាង​បង្រៀននៅក្នុង​ម៉ោង​រដ្ឋ ។​មួយវិញ​ទៀត​ ការបង្រៀនគូនេះ វាអាចធ្វើឱ្យមាន​​ភាព​អយុត្តិ​ធម៌ក្នុង​ការ​ដាក់​ពិន្ទុ ដល់​ការសិក្សា​របស់សិស្ស។​ពិត​ណាស់ លោកគ្រូ-អ្នកគ្រូមួយចំនួនធំ នឹង​មាន​ភាព​លម្អៀង​​ទៅ​លើ​សិស្សដែលរៀន​គូជាមួយខ្លួន​ ដែលអាច​ឱ្យ​​សិស្សដទៃទៀត​បាក់​ទឹក​ចិត្ត ហើយ​ការសិក្សា​ធ្លាក់ចុះ ។ម្យ៉ាងទៀត​ ការបង្រៀនគួរនេះ ធ្វើ​ឱ្យ​សិស្ស​មាន​ទម្លាប់​មិនល្អ មិនយកចិត្តទុកដាក់​ក្នុង​សិក្សា​រៀន​សូត្រ និង​មិនពឹង​ផ្អែក​លើ​សមត្ថភាពខ្លួនឯងដើម្បីអភិវឌ្ឍន៍​ចំណេះដឹង​ ហើយសម្លឹង​ឃើញគុណ​សម្បត្តិ​របស់​លុយ​ក្នុង​ដំណើរការបង្រៀន និង​រៀនទៅវិញ​ ពិសេសគឺ​ឥទ្ធិពល​ដ៏លើស​លុបរបស់វា ទៅលើដំណើរ​ជីវិត​របស់​គាត់​។លើសពីនេះ​ទៅទៀត​ វា​បាន​បង្កើតជា​វប្បធម៌​ចំណាយ​ប្រាក់​​ក្នុងការសិក្សា​ បើទោះបី​ការ​ចុះចូលរៀន​មិន​បង់​ប្រាក់ក៏ដោយ​​ក៏​ការចំណាយ​ក្នុង​ការ​រៀន​ សូត្រ​​​សម្រាប់​សិស្ស​មួយឆ្នាំ​ទៅ មួយ​ឆ្នាំ​មាន​ការ​កើន​​ឡើង (មន្ត្រីអប់រំ អាច​បង្កើត​ឧបករណ៍​Survey បាន​ដើម្បី​បញ្ជក់​​ភស្តុតាងពីបញ្ហានេះ ​) ​។​ករណីនេះ នៅ​ពេលរាលដាល​ធំទៅៗ វា​បង្កើតជា​រនាំង​ឧបសគ្គសម្រាប់​គ្រួសារ​ក្រីក្រ នាំទៅរកការបាក់​ទឹក​ចិត្ត និង​បាត់​បង់​​ជំនឿលើ​ការ​សិក្សា ឧទាហ​រណ៍​​ការ​ឱ្យកូន​ឈប់​រៀន ទៅធ្វើការងារ​រោងចក្រជាដើម...។ ផលវិបាក​មួយ​ទៀត គឺវា​ធ្វើឱ្យ​សិស្ស​អស​កម្ម មិនឱ្យតម្លៃការសិក្សា​ និង​ចេះពុករលួ​កសួក​ប៉ាន់ ។​សាកល្បង​សង្កេតទៅលើ​ការ​អប់រំ តាំង​ពី​បឋមសិក្សា រហូតដល់ មធ្យម​សិក្សា តើយើងឃើញមានវប្បធម៌នៃអំពើពុករលួយ ត្រូវ​បាន​ដាក់​បញ្ចូលដោយ​ឥតដឹងខ្លួន​ក្នុង​ដំណើរបង្រៀន និងរៀន​ដែរឬទេ ? ឧទាហរណ៍បើ កុមារ​នៅសាលា​បឋម​សិក្សា ទៅរៀន​ក្នុងសាលារដ្ឋហើយ​លោក​គ្រូ-អ្នក​គ្រូ មួយចំនួន​តម្រូវឱ្យ​បង់​ប្រាក់​ប្រចាំថ្ងៃឬ ឪពុកម្តាយ​បាន​ដាក់​លុយ​មួយចំនួន​ក្នុង​សៀវភៅ​តាម​ដាន​ការ​សិក្សារបស់កូនឱ្យ ​គ្រូ ដាក់​ច្រើន​កូនរៀន​បាន​ចំណាត់ថ្នាក់​ល្អ ឬ​ជូន​កាដូ ...តើនេះ មិន​មែន​យើង​កំពុងតែ​ដុះខាត់​កុមារ​ឱ្យ​ចេះ ពុក​រលួយ ស៊ីសំណូក​សូកប៉ាន់​ទេឫ? ស្ថិត​ក្នុង​រូប​ភាព​ខាងលើ​ តើវាធ្វើឱ្យ​ឪពុក​ម្តាយ អាណាព្យាបាល​របស់​សិស្សានុសិស្ស​បាត់បង់​ទំនុក​ចិត្ត​លើ​ការសិក្សា​ នៅសាលារដ្ឋដែរ​ឬទេ?ចំណុចនេះ អ្នកវិភាគ​សូម​មិនឆ្លើយទេ ទុកឱ្យ​អ្នក​អាន​ អ្នក​សិក្សាជួយ​វិនិច្ឆ័យ​ចម្លើយ​ដោយខ្លួ​នឯងចុះ ។រូបភាព​ខាងលើ​ភាគច្រើន​កើត​នៅ​តំបន់​ដែល​មាន​សេដ្ឋ​កិច្ច​ខ្ពស់ ចំណែកឯ​តំបន់​ជនបទ​​ តើមានរូបភាព​ដូចម្តេច​ខ្លះវិញ ? ស្ថិតក្នុង​ស្ថានភាព​សេដ្ឋកិច្ចគ្រូបង្រៀន​និង​ឪពុក​ម្តាយ​ អាណាព្យាបាល​​នៅតាម​ជនបទ​ទាប គ្រូគ្មាន​ជម្រើស​ដូចបង្ហាញខាង​លើ ឡើយ ប៉ុន្តែ វាអាច​ចេញ​ជាភាពមិន​សូវយកចិត្ត​ទុកដាក់​លើ​ការបង្រៀន​និង​រៀន ដែល​ធ្វើឱ្យការសិក្សារបស់សិស្សធ្លាក់ចុះឬសកម្ម​ភាពនៃការលួច​ម៉ោង​រដ្ឋ​ជាដើម ។ ឧ-​​​គ្រូ​មួយចំនួន​​មាន​ទ​ម្លាប់​មក​ធ្វើការ​យឺត ឬ​ចេញ​មុន​ម៉ោង ឬ​​បង្កើន​ម៉ោង​ចេញ​លេង​ជាដើម​។​ ខាងលើ យើង​លើក​ចោទ​ជា​បញ្ហា​សម្រាប់តែ​ពីសាលា​បឋម​សិក្សា ចុះនៅ​មធ្យម​សិក្សា​យ៉ាង​ម៉េច​ដែរ ?(សូមបញ្ជក់​ថា​អ្នកវិភាគ​សូម​លើក​ជា​ឧទាហរណ៍ប៉ុណ្ណោះព្រោះ​យើង​មិនមាន​ ឧបករណ៍ស្រាវជ្រាវជាក់​លាក់ទេ ។)បើសិន​នៅតាម​សាលា​អនុវិទ្យាល័យ-វិទ្យាល័យ​មួយចំនួន មាន​លោក​គ្រូ​-អ្នក​គ្រូ​មួយចំនួន​ផ្តោតទៅលើ​ផលប្រយោជន៏ ផ្ទាល់​ខ្លួន​តាមរយៈ​ការ​ស្វះស្វែង​រក​ឱកាស​ក្នុង​ការ​ទាញយក​ ប្រយោជន៍ពីសិស្ស​នោះ វានាំ​ឱ្យ​ការអប់រំ​មាន​ទិស​ដៅ​ឆ្ពោះទៅ​រក​ការ​រក​លុយ ទៅវិញ ដែល​ជៈឥទ្ធិពលអាក្រក់បំផុត​ដល់​សិស្ស។បញ្ហានេះ​វាបានប្រែ​ក្លាយ​សកម្ម​ភាព​ អប់រំ ទៅជាការប្រកួត​ប្រជែង​អាជីវកម្មយ៉ាងគគ្រឹកគ្រេង ស្ទើរគ្រប់​មុខវិជ្ជា ។ឧទាហរណ៍បើសិស្សមិន​ចង់រៀន​ម៉ោងកាយ​សិក្សា​អាច​បង់​លុយ​​ដើម្បីយក​ពិន្ទុ បង់លុយច្រើន បាន​ពិន្ទុច្រើន ហើយ​បង្កើត​ឱ្យមាន​ការបង្រៀន​គួ​ក្រៅម៉ោងស្ទើរ​គ្រប់​មុខ​វិជ្ជា​ ដែលវាគួរឱ្យ​អស់​សំណើចបំផុត ។បើសិស្សអាច​ទិញ​ពិន្ទុ​បាន ចំណាត់​ថ្នាក់​បាន​ ទិញ​អវត្ត​មាន​ តើ​ខំ​រៀន​​ដើម្បី អ្វី ?តើសន្ទុះ​នៃការសិក្សារបស់​យុវជន​មានដំណើរវិវត្ត​ទៅ​មុខ​​ខ្លាំង​ទេ ?តើ​អ្នក​មានសង្ឃឹមថា​កូន​របស់​អ្នក​នឹង​ក្លាយ​ជា​សិស្ស​ពូកែ​បាន​ទេ បើអ្នក​មិនមាន​​លុយ​គ្រប់​គ្រាន់​សម្រាប់​ចំណាយ​ដល់​គាត់​ក្នុង​ការ​រៀន​ សូត្រនោះ ?តើ​គ្រួសារ​ក្រីក្រ​មាន​​អារម្មណ៍បែបណា​ចំពោះ​ស្ថាន​ភាព​សង្គម​បែប​នេះ ? តើ​សិស្សានុ​សិស្ស​​ដែល​មក​ពី គ្រួសារ​ក្រី​ក្រ​ទទួល​រង​ភាព អយុត្តិធម៌​និង​លំបាកប៉ុណ្ណា ?តើ​អ្នក​មានសេចក្តីសង្ឃឹម​លើ​អនាគតអ្នកទេ ?តើ​គោល​នយោបាយ​ ការចុះឈ្មោះចូលរៀន​មិនបង់​ប្រាក់​ មាន​ប្រសិទ្ធភាព​ទេ ?ជារួម​តើ​រយៈ​ពេល​១២​ឆ្នាំ ក្នុង​ការ​អប់រំ​ សិស្សានុសិស្ស​រៀន​ពីអ្វី​ច្រើន​ជាង​គេ ?ក្នុង​ប្រព័ន្ធគំនិតរបស់​សិស្ស និស្សិត​ភាគច្រើន​នៅ​កម្ពុជា​ ផ្តោតតែ​ទៅលើ លុយជា​សំខាន់ព្រោះ​គេទទួល​ឥទ្ធិ​ពល​នេះ ពីសាលារៀន​របស់គេ​! គេ​រៀន​គឺ​ដើម្បី​មាន​ការងារល្អ​ ប្រាក់​ខែ​ខ្ពស់​ និងមាន​លុយច្រើន មុន​នឹង​មាន​គំនិត​ស្នេហា​ជាតិ​មាតុ​ភូមិ ​និង​ស្រឡាញ់​សច្ចភាព​ យុត្តិធម៌។​មកដល់នាទីចុងក្រោយ នៃការ​បញ្ចប់​ការ​សិក្សា​គឺ​ការប្រឡង ទាំងការ​ប្រឡង​បញ្ចប់មធ្យមសិក្សាបឋមភូមិ និង​ទុតិយភូមិ​​នៅ តែ​វត្តមាន​លុយ​​សំខាន់​ដដែល  ហើយរលកនៃការ​ចំណាយ​លុយ​សម្រាប់ការប្រឡង​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំទៅ​ មួយឆ្នាំ និងរាលដាល​តាំង​ពី​ទីក្រុង​រហូត​ដល់​ជនបទ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​ ពិតជាធ្វើឱ្យ​ឈឺសើចមែន ។បើ​សិស្ស​អាច​ទិញវិញ្ញាសាបាន​តើប្រឡង​ដើម្បីអ្វី ?តើការ​ប្រឡងជាការ​រកលុយ​មែនទេ​សម្រាប់​លោក​គ្រូ-អ្នកគ្រូ ? តើនេះ​ជាយុទ្ធសាស្រ្ត​ដើម្បីបង្កើន​សិស្សឱ្យបាន​ច្រើនក្នុង​ ការបន្ត​ការសិក្សា​ថ្នាក់​មហា​វិទ្យាល័យឬ ? បើវាដូច្នេះ មែន តើវាមាន​ភាពចំណេញ​ទេបើទោះ​ជា​យើងបាន​រក្សា​ពួកគាត់​រយៈ ពេល​​៤ឆ្នាំបន្ថែម​ទៀតនៅ​ថ្នាក់មហា​វិទ្យា​ល័យ​នោះ?បើ​មាន​ករណី​ដូចរៀប​រាប់​ ទាំងនេះ មែន យើងកំពុងដេកបើកភ្នែក មើល ដំណើរឆ្ពោះទៅ​រកការ​បំផ្លាញខ្លួនឯង​ហើយ ។គុណភាព​អប់រំ​ធ្លាក់​ចុះ ហើយភាពអស់ជំនឿលើការសិក្សារបស់ស្រទាប់​គ្រួសារ​ក្រី​ក្របាននិងកំពុងកើន​ឡើង​ ហើយ​អត្រា​​ឈប់រៀនដើម្បីធ្វើការងារ​កើនឡើង ផងដែរ​ដូចជាចំណាក​ស្រុក​ទៅ​ធ្វើការនៅប្រ​ទេស​ជិត​ខាង ធ្វើកម្មករ​រោង​ចក្រ កម្មករ​សំណង់...ដែលភាគច្រើនជាការងារ​ដែល​មាន​កំរៃទាប និង​មិន​មាន​ភាព​ជាម្ចាស់លើការ​អភិវឌ្ឍបង្កើតការងារដោយខ្លួនឯង ហើយអនាគត​យើង​ពិតជាដណ្តើម​បាន​ទីផ្សារ​ការងារលើសលុប ក្នុង​សហគមអាស៊ាន​ផ្នែក កម្មករប្រើកម្លាំង មិនមែនកម្មករជំនាញទេ។តើ​អនា​គត ធនធាន​មនុស្សរបស់ប្រទេស​កម្ពុជា​គ្រប់​គ្រាន់​ទេ ក្នុង​បរិបទ​សហគមអាស៊ាននោះ ?​សម្រាប់​ជីវភាពគ្រូ​បង្រៀន អ្នកវិភាគ​យល់​ច្បាស់​ណាស់ ថាពិតជានៅមាន​កម្រិត​ទាប ដែល​ទាម​ទារ​​ឱ្យ​មាន​ការផ្តល់​នូវ​ប្រាក់​កំរៃ​​សម​ស្រប​សម្រាប់​ដោះ​ស្រាយ​ ​ជីវភាព​រស់នៅ​សមរម្យ ។ស្ថិតក្នុង​ស្ថាន​ភាព គ្រូបង្រៀន​បច្ចុប្បន្ន ឥរិយា​បថ​អវិជ្ជមាន​របស់​លោក​គ្រូ​-អ្នក​គ្រូ មួយចំនួន​បាន​ប្រែក្លាយ​ទៅ​ជា​ទម្លាប់​ឆ្ពោះទៅ រក​វប្បធម៌ហើយ​ ហើយ​បើ​ទោះ​បី ជា​រាជរដ្ឋាភិបាល​តំលើងប្រាក់​បៀវត្ស​សមរម្យ​​ក៏​ដោយ​ ក៏សកម្មភាព អសកម្មមួយចំនួនធំ នៅតែមាន​អត្ថិភាពដដែល ដូចជា​៖ ការ​គៀប​សិស្ស​ដើម្បី រៀនគួជាដើម ។ដូច្នេះ គឺ​មានតែការចេញសារាចរ​ហាម​ការ​បង្រៀន​គួទេ ទើប​មាន​​ប្រសិទ្ធភាព លើក​លែង​តែការបង្រៀនភាសាបរទេស​ និង​មុខវិជ្ជាវិទ្យាសាស្រ្ត​កុំព្យូទ័រ ។ជារួម​យើង​មិន​​គួរ​បណ្តោយ​វា​ទៅជា​ជម្ងឺមហារីកទេ គប្បីព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​និង​ឆាប់បំផុត ។
៣-ឥរិយាបថ​អវិជ្ជមាន​របស់​ឪពុក​ម្តាយ​ និង​អាណាព្យាបាល​
ជាទូទៅឪពុកម្តាយ អាណាព្យាបាល​ខ្មែរមួយចំនួនធំ​មិនមាន​ទម្លាប់អានសៀវភៅ ដែល​ធ្វើ​វប្បធម៌​នៃ​ការអាន​នៅតិច​តួច​នៅ​ឡើយ​។មួយ​វិញទៀត​គេ​មិនសូវឃើញ​មានទូតាំងសៀវ​ភៅ​​នៅតាម​គ្រួសារ​ខ្មែរ​ ដែលករណី​នេះ​វាបង្ហាញពីភាព​មិនសូវចិត្តទុកដាក់និង​មិនយល់​ពីគុណ​សម្បត្តិរបស់​សៀវ​ភៅដែលជា​ប្រភព​សំខាន់​ក្នុងការអភិវឌ្ឍចំណេះដឹង និង​សមត្ថភាព​។ ចំណុចអសកម្ម​មួយ​ចំនួន​ទៀត​គឺឪពុកម្តាយមួយ​ចំនួន បានបំបាក់ទឹកចិត្តកូនដើម្បី ទាញយកផលប្រយោជន៏ពីកូន ដោយ​ជំរុញកូនឱ្យ​ឈប់រៀន​ដើម្បី ចូលធ្វើការរកប្រាក់ សម្រាប់​ជាចំណូល​គ្រួសារ​ ពិសេស​ការ​លើក​យកហេតុផលពីភាពអយុត្តិធម៌ក្នុងសង្គមមកធ្វើឧប​សគ្គ និងផ្តល់ភាពអស់សង្ឃឹមដល់កូន ដូចជា៖​រៀ​នបាន​ប្រយោជន៍​អី យើង​គ្មាន​លុយ​សូក​គេធ្វើ​ការងារ​​ទេ ឫ​គ្មាន​លុយ​រៀន​មហា​វិទ្យាល័យ​ទេ ឫ​បង្ហាញ​ថា ​និស្សិត​បញ្ចប់​មហាវិទ្យា​ល័យ​ច្រើន​ណាស់​នៅភ្នំ​ពេញ​រក​ការងារ​ធ្វើមិន​បានផង កន្លែង​ការងារ​ល្អៗ​គេ​ដាក់​កូន​គេ​អស់​ហើយ​... ​ពិសេស​ករណី​នេះ កើត​ឡើង​ចំពោះ​គ្រួសារ​ដែល​មាន​ជីវភាពក្រី​ក្រ​លំបាក ។​ស្ថានភាព​ក្រីក្រ​លំបាក ធ្វើ​ឱ្យ​ពួក​គាត់​យល់​ថា បញ្ហា​ក្រពះ សំខាន់​ជាង​ការ​សិក្សា ហើយ​ទង្វើ​នេះ បាន​រុញ​កូន​គាត់​ចូលទៅក្នុង​វដ្តនៃភាព​ក្រីក្រ ព្រោះ​ការដែល​គាត់​បោះ​បង់​ការ​សិក្សា ធ្វើ​ឱ្យ​ទទួល​បាន​ការងារ​ដែល​ប្រើកម្លាំង និង​កំណត់​ដោយ​ការងារ​ដែល​ទទួល​បាន​ប្រាក់​​បេវត្សទាប ។​ដូច្នេះ គាត់​បាត់​បង់​ឱកាស​រំដោះខ្លួន​ពី​ភាព​ក្រីក្រ​ ហើយ​មាន​ការ​លំបាក​ច្រើន​ក្នុង​គេច​ចេញ​ពី​នឹម​នៃ​ភាព​ក្រីក្រ​ ។ថ្វី​ត្បិត​តែ​ការ​ចុះ​ឈ្មោះចូលរៀន​មិន​បង់​ថ្លៃ តែ​គ្រួសារ​នីមួយៗ​ មាន​ការ​ចំណាយ​ច្រើន​សម្រាប់​ការសិក្សា​របស់​កូន ហើយ​គ្រួសារ​ដែល​ក្រីក្រ​ពិបាក​លៃលកឱ្យ​កូន​បន្ត​ការ​សិក្សា ​​ពិសេស​ចំណាយ​សម្រាប់​ការ​បង្រៀនគួរ​ក្រៅ​ម៉ោង​របស់​គ្រូ ហើយ​បើ​កូនសិស្ស​មិន​បាន​រៀន​គួរ​បន្ថែម​ទេ សិស្ស​មាន​ការ​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ទទួល​បាន​ជោគជ័យ​លើ​ការ​សិក្សា​។​ លើស​ពីនេះទៅទៀត​ ស្ថានភាព​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​នៅតែ​កើត​មាន​ច្រើន​នៅឡើយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​វា​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​សិក្សា​របស់​កុមារ​និង​យុវជន​។​​ទង្វើ​របស់​​ឪពុក​ម្តាយ អាណាព្យាបាល​ទាំង​អស់​នេះ ហើយ​ធ្វើ​ឱ្យ​ការ​អប់រំ​នៅកម្ពុជា​ធ្លាក់​ទាប ។​
៤-ឥទ្ធិពល​វប្បធម៌ពាលាអាវ៉ាសែបរទេស​ និង​កង្វះការយកចិត្តទុក​របស់​សង្គម
ចំណុច​នេះ អ្នក​វិភាគ​សូម​លើក​យក​ គំរូ​របស់​ប្រទេស​សឹង្ហបូរីក្នុងការ​អភិវឌ្ឍប្រទេស​ដោយ​រដ្ឋាភិ​បាល​​បាន​យក​ចិត្ត​ទុក​ដាក់​ជាខ្លាំង​ដល់​វិស័យ​អប់រំ និង​សុខាភិបាល ។​សម្រាប់​វិស័យ អប់រំ ប្រទេស​នេះ​សំបូរ​ធនធាន​មនុស្សណាស់ និស្សិត​ជាច្រើ​ន​បាន​បញ្ចប់​បរិញ្ញា​ប័ត្រ នៅក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ។​មិន​តែ​ប៉ុណ្ណោះមាន​និស្សិត​ជាច្រើន​បន្ត​ការ​សិក្សា​នៅក្រៅ​ប្រទេសបន្ថែម​ទៀត គ្រាន់​តែ​សាកល​វិទ្យាល័យ​ហាវើតដ៏ល្បីល្បាញ​បំផុត​មួយលើ​ពិភពលោក​​ នៅសហរដ្ឋអាមេរិច​មាន​និស្សិត​ដល់​​ទៅ​​រាប់ពាន់នាក់ដែល​បាន​បញ្ចប់​ការសិក្សានៅ​ទីនោះ​ ជាមួយ​នឹង​និស្សិត​ខ្មែរ​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទីនោះ​​មិន​ដល់​ដប់​នាក់​ផង​។សម្រាប់​ប្រទេស​​​យើង​វិញ​មាន​និស្សិតច្រើន​ណាស់​​​​ដែល​បាន​​បញ្ចប់​ការ​សិក្សា​ប៉ុន្តែ​ភាគច្រើន​មាន​តែ​បរិមាណ មិន​មាន​គុណភាព​ទេ​។​មក​ដល់​ពេល​នេះ ស្ថាន​ភាព​ធ្លាក់​ចុះនៃ​ទំនុក​ចិត្តលើ​ការសិក្សា​របស់​សិស្សានុសិស្ស ពិសេស​​នៅ​តាម​ជន​បទ​ ហាក់​ដូច​ជា មិន​ទាន់​ឃើញ​មាន​គោល​នយោបាយ​ច្បាស់លាស់​សោះ ក្នុង​ដោះស្រាយ​បញ្ហា​នេះ ។​ការ​បណ្តែត​​​បណ្តោយសង្គម​ឱ្យ​ធ្លាក់​ចុះ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗដោយ​គ្មាន​គតិ​បណ្ឌិត​អភិវឌ្ឍ​បង្ហាញ​ពី​កំសោយភាព​របស់​ថ្នាក់​​ដឹកនាំ និង​ភាព​កំសាកក្នុងការទទួល​ស្គាល់​ការពិត​។​ការ​មិន​អើ​ពើ​ពី​បញ្ហា​ទាំង និង​មិន​មាន​ដំណោះស្រាយសមស្រប​ទាន់​ពេល​វេលា​ទេ វា​នឹង​ពន្យឺត​ការ​អភិវឌ្ឍ​ប្រទេស​​ជាក់ជាមិន​ខាន​ និង​សកម្មភាព​អវិជ្ជមាន​កាន់តែ​កើត​ច្រើន​នៅក្នុងស​ង្គម​កម្ពុជា នាពេល​អនា​គត​ដូច​ជា៖ ការ​កាប់​បំផ្លាញ​ព្រៃឈើ ការបំផ្លាញ​ធនធាន​ជលផល ធនធាន​រ៉ែ អំពើ​អសន្តិ​សុខ​សង្គម អំពើ​ហឹង្សាក្នុងគ្រួសារ​...។ល។ចំពោះ​បញ្ហា​វប្បធម៌​​មាន​ការ​បកស្រាយ​ច្រើន​ហើយ​នៅ​ក្នុង​អត្ថបទ​វិភាគ​ការ​បំផ្លាញ​វប្បធម៌ខ្លួនឯង អ្នក​វិភាគ​មិន​ធ្វើការ​បកស្រាយ​បន្ថែម​ទៀត​ទេ​។
  • វិស័យសុខាភិបាល​នៅកម្ពុជា
ប្រជាជន​ក្រីក្រ​ភាគ​ច្រើន​តែងតែ​មាន​បញ្ហា​សុខភាព​និង​ជម្ងឺដង្កាត់​ផ្សេងៗ​ដូច​ជាៈ​ជម្ងឺអេដស៏ គ្រុន​ចាញ់​គ្រុន​ឈាម ជម្ងឺផ្លូវចិត្ត និងជម្ងឺផ្សេងៗ​ទៀត​ដែល​ប៉ះ​ពាល់​ជា​ខ្លាំងដល់​ដំណើរការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ​។ស្ថានភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទន់​ខ្សោយ​ដោយ​សារ​ការ​យល់ដឹង​ពី​សុខភាព​ និង​អនា​ម័យ​នៅ​មាន​កម្រិត​ ដូចជា៖ ការ​ប្រើប្រាស់​ទឹក​ស្អាត ថ្នាំ​ពុល​កសិកម្ម ការ​ហូបចុក​ អាហារូបត្ថម្ភ ការ​សម្អាត​បរិស្ថានរស់​នៅ​ បញ្ហា​ចិត្ត-សង្គម​...ជា​ដើម​។ល​។ ដោយ​សារ​កត្តា​សុខ​ភាពនេះហើយដែល​ធ្វើឲ្យ​មានការ​ធ្លាក់​ចុះនៃ​បរិមាណ​ការងា​រ​ដែល​បុគ្គល​ក្រី​ក្រ​អាចធ្វើ​បាននិង​ធ្វើឲ្យ​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់ជីវភាព​គ្រួសារ​គាត់​ធ្លាក់​ចុះផង​ដែរជា​ហេតុ​រុញ​ពួកគាត់កាន់​តែ​ចូល​ជ្រៅ​កប់ទៅ​ក្នុង​ភាព​ក្រីក្រ។លើសពីនេះ គឺ វាធ្វើឲ្យ​បាត់បង់​កម្លាំង​​ពលកម្ម​ដែល​ភាគ​ច្រើន​​ជា​សមាសភាព​សំខាន់​ក្នុង​គ្រួសារ​និងជាប្រភពនៃប្រាក់ចំណូលគ្រួសារ។ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀតគឺ​ការ​បន្សល់​ទុក​នូវ​បន្ទុក​ដល់​សង្គម។ឧទាហរ​ណ៏ឪពុកម្តាយ​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជម្ងឺ​អេដស៏​​អស់នោះ​កូន​នឹង​បាត់​បង់​ទីពឹង​ហើយអាចខូច​អនាគត​ធ្លាក់ខ្លួនក្លាយជាក្មេងអនាថា​និង​បង្ក​អសន្តិ​​សុខ​ដល់​សង្គម​។​មួយ​​វិញ​ទៀត​​​ហេតុធ្វើឲ្យ​ប្រជា​ជន​ដែល​មានជីវ​ភាព​ក្រីក្រ​ពិបាក​លៃលក​ទិញ​និងស្វះ​ស្វែងរក​សេវា​សមស្របដូច្នេះ​ធ្វើឲ្យ​ស្ថានភាព​សុខ​ភាព​និង​ការរស់​នៅ​របស់​ពួកគាត់​កាន់តែ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ថែម​ទៀត ។ជា​ទូទៅ​យើង​សង្កេត​ឃើញ​ថា មាន​មន្ទីរ​ពេទ្យបង្អែក​គ្រប់​ខេត្ត និង​មណ្ឌល​សុខភាពជាច្រើន ប៉ុន្តែកម្រិត​នៃ​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ស្ថានភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​ និង​មនសិការវិជ្ជា​ជីវៈ​ជា​គ្រូពេទ្យ​នៅ​តែ​មាន​កម្រិតខ្លាំងណាស់ ពិសេស​ស្ថាប័ន​រដ្ឋ ។នៅតាម​មន្ទីរពេទ្យ​បង្អែក នីមួយៗមាន​បណ្តុំ​វេជ្ជ​បណ្ឌិត​ជា​ច្រើន​បម្រើការ​នៅទីនោះ​តាម​ជំនា​ញ​ឯកទេស​របស់​ខ្លួន​ វា​គួរជាស្ថាប័នដ៏រឹងមាំមួយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ហាក់​ដូច​មិន​សូវ​និយម​ចូល​ចិត្ត​វា​​សោះ​ ខុស​ពីគ្លីនិចឯកជនរបស់​គ្រូ​ពេទ្យ​ដែល​បើក​ផ្ទាល់​ខ្លួន​ទៅ វិញ ដែល​ជាទូទៅ​មាន​អតិថិ​ជនអ្នកជម្ងឺ​ច្រើន ។​តើ​នេះ​មក​ពី​មូល​ហេតុ​អ្វី ?​មួយ​វិញ​ទៀត​ យើង​ឃើញ​ជា​ទូទៅ មុខរបរ​ជា​ពេទ្យ​ហាក់​ដូច​ជាត្រូវ​ប៉ាន់​ខ្លាំង​ណាស់ ព្រោះពួក​​គាត់​មួយ​ចំនួន​ធំមាន​លទ្ធភាព​​បើក​គ្លីនិច​ឯកជន​របស់​ខ្លួន​យ៉ាងធំ​ស្កឹម​ស្កៃដែល​បញ្ជក់​ពី​ប្រភព​ប្រាក់​ចំណូល​ខ្ពស់​របស់​អាជីព​ជា​គ្រូ​ពេទ្យ​​និង​ស​បញ្ជក់​ពី​ភាព​ខុស​ប្លែក​គ្នាពី​ភាព​រីកចម្រើន​រវាង​មន្ទីរពេទ្យ​រដ្ឋ និង​គ្លីនិច​ឯកជន​។ការ​បាត់​បង់​ទំនុក​ចិត្តលើ​មន្ទីរពេទ្យ​រដ្ឋ ធ្វើឱ្យគ្លីនិច​ឯកជន​ឆ្លៀត​ឱកាស​ធ្វើ​មាន​ធ្វើ​បានលើ​ស្ថានភាព​សុខភាព​ប្រជាពលរដ្ឋ​នៅ​ទន់​ខ្សោយ​ហើយ​វាជា​ឧបសគ្គ​ធំ​បំផុត​ដែល​រាំងស្ទះ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​។ ការ​ចំណាយ​ដ៏ច្រើន​​របស់ប្រជាពលរដ្ឋ​ លើ​សុខភាព​ វា​បាន​បំផ្លាញ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ ហើយ​បន្ទាប់​មក​វា​បំផ្លាញ​ដល់​សេដ្ឋកិច្ច​ជាតិ ។មក​ដល់​ពេល​នេះ​ តើ​មាន​ការ​សិក្សា​ពី​ផល​វិបាក​នៃ​បញ្ហា​នេះ​ដែរ​ឬទេ ?​ តើ​អ្នក​ជំនាញ​របស់​ជាតិ​ មាន​វិធីសាស្រ្ត​ណាខ្លះ ដោះ​ស្រាយ​បញ្ហា​នេះ ?មួយ​វិញ​ទៀត​ ពេលខ្លះ​សេវា​កម្ម​ព្យាបាល​​នៅ តាម​ស្ថាប័ន​មួយចំនួន​មាន​តម្លៃ​ខ្ពស់​កប់​ពពកបើ​ធៀប​នឹង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​វាពិតជា​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ខ្លាំង​ណាស់​សម្រាប់​គ្រួសារ​ក្រីក្រ​ដែលមាន​សមាជិក​ឈឺ ឬ​ត្រូវ​សង្គ្រោះ​បន្ទាន់នោះ ។នៅ​ក្នុង​ន័យ​នេះ ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​ លុយ​ប្រហែល​ជា​មាន​ភាព​​បន្ទាន់​ជាង។​ជាមួយ​គ្នា​នេះដែរ​មាន​ការ​​លើក​ឡើង​មួយ​ចំនួន​ថា មូលហេតុ​នៃ​ការ​យក​​តម្លៃ​ព្យាបាលថ្លៃមកពី​ គាត់​(គ្រូ​ពេទ្យ​)​​បាន​ចំណាយច្រើន​ក្នុង​ការ​សិក្សា​ និង​ការ​ចូល​បម្រើ​ការងារ ។​បើ​មាន​ការយល់​ឃើញ​បែប​នេះ តើ​គាត់​សម្អាង​លើ​ឧត្តម​គតិ​អ្វី ទើ​ប​គាត់​យល់​ឃើ​ញ​បែបនេះ ? តើ​សាលា​រៀន​បាន​បណ្តុះបណ្តាល​គាត់​ឱ្យ​ក្លាយ​ជា​គ្រូ​ពេទ្យ​បែប​នេះ​ឬ ? គ្មាន​នរណា​គេ​តថ្លៃ​ទេ​ សម្រាប់​ថ្លៃ​ព្យាបាល​និង​ថ្នាំ​បើ​ស្ថិត​ក្នុង​ស្ថានភាព​មាន​ជម្ងឺ ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់​នោះ ដូច្នេះ គ្រូ​ពេទ្យ​គួរ​តែ​យល់​ពី​ទុក្ខ​លំបាករបស់​ខ្មែរ​ដូច​គ្នា ហើយ​គប្បី​យក​តម្លៃ​សម​រម្យ​ ។ចំណុច​មួយ​ទៀត ការ​ចំណាយ​លុយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ព្យាបាល​នៅក្រៅ​ប្រទេស​កាន់​តែ​ច្រើន ដែល​ចំណុច​នេះ វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជាខ្លាំង ព្រោះ​ថវិកា​មួយ​ចំនួន​ធំ​​ត្រូវ​បាន​យក​ទៅ​ឱ្យ​ប្រទេស​ផ្សេង ។​លើល​ពីនេះទៅ​ទៀត​ការ​ដែល​​ប្រជា​ពលរដ្ឋ​ គ្មាន​ទំនុក​ចិត្ត​ទៅ​សុវត្ថិភាព​សង្គម និង​សុខុមាល​ភាព​សង្គម ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ត្បិត​ត្បៀត​ការ​ចំណាយ​ ព្រោះ ភ័យ​ខ្លាច​ពី​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​ឡើង​នៅពេល​អនាគត ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សង្វាក់​សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ព្រោះ​ការ​ចំណាយ​របស់​ភ្នាក់​ងារ​សេដ្ឋ​កិច្ច​មួយ​ វា​ជា​ចំណូល​របស់​ភ្នាក់​ងារ​សេដ្ឋ​កិច្ច​មួយ​ទៀត​។​ករណីនេះ រាជរដ្ឋាភិបាល​​គប្បី​មាន​ដំណោះស្រាយ​ណា​សម​ស្រប​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា​។ជារួម​ គ្រូ​ពេទ្យ​​គប្បី​ចូលរួម​ចំណែកលើក​កម្ពស់​សុខភាព​ប្រជា​ពលរដ្ឋ​តាម​ដែល​អាច​ធ្វើ​បាន​ និង​អនុវត្ត​ការ​ងារ​ប្រកប​ដោយ​មនសិការ​ និង​គុណធម៌ខ្ពស់ ដើម្បី​ឱ្យ​ប្រទេស​ជាតិ​យើង​ មានការ​​វិវត្ត​រីក​ចម្រើ​ន​ទៅ មុន

វិភាគ​ដោយៈ ចៅ ឧស្សាហ៍ -អតីតសិស្សពូកែអក្សរសាស្រ្តខ្មែរ​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំខេត្ត​ស្វាយរៀង
“ការដែលមានក្មេងបង្ហាញចំណុចខ្សោយរបស់មនុស្សចាស់​ហើយមនុស្ស​ចាស់ ទាមទារឱ្យបង្ហាញភស្តុតាងជាក់លាក់​នោះ វាគ្រាន់តែបង្ហាញភាព​កំសាកមួយតែប៉ុណ្ណោះ”​ousa

"កង្វះការ​កែលម្អ​ប្រកបដោយ​ប្រសិទ្ធភាព​លើ​វិស័យ​អ​ប់រំ  នឹង​នាំ​កម្ពុជាឱ្យ​ធ្លាក់​ទៅក្នុង​មហន្តរាយ​ជាក់​ជាមិនខានឡើយនាពេលអនាគតB"​ ousa

"ការ​ប្រឡង គឺជាឱកាសនៃការ​ប្រព្រឹត្តអំពើពុករលួយដ៏ស៊ីជម្រៅមួយ​នៅក្នុង​សង្គមខ្មែរ​" ousa 
 
" នៅក្នុងសង្គមមួយ​ដែល​បណ្តោយឱ្យ​គ្រូបង្រៀនធ្លាក់ខ្លួន​ពុករលួយ ស៊ីសំណូក​ហើយ សង្គមនោះនឹងធ្លាក់ដល់ក្តីអន្តរាយហើយ" ousa
“ណ្ហើយ​ចុះ​ ទៅ​ជាយ៉ាង​ណា​ក៏​ទៅចុះ​ ខ្ញុំ​មិន​ស្តាយ​ក្រោយទេ សុំ​និយាយ​ខ្លះហើយ!!! ​” ousa
​

Friday, July 5, 2013

នីតិវិធីក្នុងការតំល៉ើងតួនាទី ឋានៈរបស់មន្ត្រីរាជការស៊ីវិលបច្ចុប្បន្ន អាចបំផ្លាញចិត្តសាស្រ្តក្នុងស្ថាប័នការងារ

ការតំល៉ើងតួនាទីឋានៈ​របស់​មន្រ្តីរាជការ​ស៊ីវិល​​នៅតាមស្ថាប័ន​សាធារណៈ​ មានសារៈសំខាន់​ក្នុង​​
ជំរុញ​សង្វាក់​នៃការអនុវត្ត​ការងារ និង​លើក​ទឹក​ចិត្ត​មន្រ្តី​រាជការស៊ីវិល​ក្នុង​ការបំពេញការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាពស័ក្តសិទ្ធ។​​ការ​ជ្រើ​ស​រើស​បេក្ខភាពដែល​មាន​លក្ខណៈ​សម្បតិ្តគ្រប់​គ្រាន់​​សមស្រប​នឹង​មុខតំណែងគឺ​ជា​រឿ​ង​ចាំ​បាច់​ដែល​គេ​ត្រូវ​យក​ចិត្ត​ដាក់ ដើម្បី​​​រក្សាបាន​​ស្ថេរភាពការងារ​ បរិស្ថានការងារល្អ​​ កិច្ចសហការនិង​ទំនាក់​ទំនង​​ល្អ និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ​  ព្រម​ទាំង​​សម្រេច​​បាន​នូវ​លទ្ធ​ផល​​តាមការគ្រោង​ទុក​គួរ​ជាទី​​មោទនៈ។​​​​ ដើម្បី​ឱ្យ​ដំណើរ​ការ​នៃ​ការ​បំពេញ​ការងារ​​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​​ មាន​ភាព​រលូន​ និង​មាន​ភាព រី​ចម្រើន ការ​ប្រើប្រាស់​​នីតិវិធី សម ស្រប​​ក្នុង​ការតំល៉ើង​តួនាទី​ឋានៈ គឺ​ជា​គន្លឹះសំខាន់​​ក្នុង​លើក​កម្ពស់​​ប្រសិទ្ធភាពនៃ​ការអនុវត្ត​ការងារ​ ​និង​​អភិវឌ្ឍន៍​ធនធាន​មនុស្ស​​​សម្រាប់ជា​​គ្រឹះ​នៃ​ការ​អភិវឌ្ឍប្រទេស​​។មន្រ្តីរាជការស៊ីវិល​ជា​អ្នក​ធ្វើ​ការ​បម្រើ​រាស្រ្ត និង​រដ្ឋ បើ​ពួក​គាត់ពេញ​ចិត្ត​ ​មានមនសិការ​ការងារ និង​សមត្ថភាព​គ្រប់​គ្រាន់​​ពេញ​លេញ តាមរយៈ​​នៃបំពាក់​បំប៉ន និង​ការលើក​ទឹកចិត្ត​នានា នាំ​​ឱ្យ​ការអនុវត្ត​ការងារ​ប្រកបដោយ​ជោគ​ជ័យ ហើយ​​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​មាន​ការ​រីកចម្រើន​សំបូរ​សប្បាយ​ជាក់ជា​មិនខាន​។​​ស្ថិត​ក្នុង​ស្ថានភាព​​មួយ​ចំនួន​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ​បច្ចុប្បន្ន ​​ដំណើរ​ការ​តំល៉ើង​តួនាទី​ឋានៈ​​តាម​រយៈ​ការជ្រើសតាំង បាន​ផ្តល់ផល​​អវិជ្ជមាន​មួយ​ចំនួន​ដល់​​បញ្ហា​ចិត្ត​សាស្រ្តការងារ​​​របស់​មន្រ្តី​រាជការ​មួយ​ចំនួន​ផ្សេងទៀតនៅក្នុង​ស្ថាប័ន​ការងារ​តែ​មួយ​ ។​​​ចំពោះ​បញ្ហា​នេះ អ្នក​វិភាគ​សូម​ធ្វើ​ការ​សាក​ល្បង​បកស្រាយ​ តាម​ការសង្កេត ​និង​វិនិច្ឆ័យមិន​ផ្លូវការ​ ដោយ​គ្រាន់​តែ​ផ្តល់​ជា​គំនិត​យល់​ឃើញ​ប៉ុណ្ណោះ​ មិន​មាន​ឧបករណ៍​ស្រាវ​ជ្រាវច្បាស់​លាស់​ទេ​។​ ​ជាទូទៅ មន្ត្រី​រាជការ​​ដែល​បំពេញ​​ការ​ងារ​នៅ តាម​ស្ថាប័ន​សាធារណៈ​នីមួយ​ៗ​​ភាគ ច្រើន​​ សុទ្ធ​តែ​ត្រូវ​ការ​លើ​កទឹក​ចិត្តតាមរយៈ​ការ​តំល៉ើង​តួនាទី​ឋានៈ ​ការ​សរសើរ និង​ការផ្តល់​រង្វាន់ផ្សេង​ៗ​ ​។​​មន្ត្រីរាជការ​មួយ​ចំនួន នៅក្នុង​ស្ថាប័ន​​មួយ​ចំនួន​​​ បាន​យក​លក្ខណៈ​សម្បត្តិ​ខ្លួន​ឯងដូច​ជា៖ អតីត​ភាពការងារ​​យូរ សញ្ញាប័ត្រខ្ពស់ មាន​ចំណេះដឹង​និង​បទពិសោធច្រើន ប្រឹង​ប្រែង​​​ការធ្វើ​ការ​ងារ​យូរ​មក​ហើយ​... ទៅ​ធៀប​​នឹង​ផល​ប្រយោជន៍​ដែល​សមទទួល​បាន​ ហើយ​សម្លឹង​មើលនូវ​គុណវិបត្តិរបស់​​អ្នកដទៃ​​​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ម្នាក់​ៗ​ប្រកួត​ប្រជែងដើម្បី​ទទួល​បាន​ផល​ប្រយោជន៍នោះ ដូច​ជា​៖ ការតំល៉ើងតួនាទី​ឋានៈ និង​ការទទួល​បាន​លាភ​សក្ខារៈផ្សេងៗ។​​មិន​ថា​នរណា​ទទួល​បាន​ផល​ប្រយោជន៍នេះទេ សុទ្ធ​តែ​ជះឥទ្ធិពល​អវិជ្ជ​មាន​ទៅ​អ្នក​ធ្វើ​ការ​ដទៃផ្សេង​ទៀត ដែល​ជំរុញ​ឱ្យ​មាន​ភាពល្អក់​កករ​នៅក្នុង​ទំនាក់​ទំនងការងារ និង​ភាពច្រណែនកើតឡើង​ ព្រោះ​អ្នក​ទាំង​អស់​នោះ​ សុទ្ធ​តែ​យល់​ថា ខ្លួន​ឯង​​គួរ​តែ​ឡើង​ធំ​។ ទាំង​អស់​នេះ​ ដោយសារ​ភាព​មិន​អស់​ចិត្ត  ​ភាព​គ្មាន​តម្លា​ភាព​នៃការតំល៉ើង ភាព​មិន​ទុក​ចិត្ត​​គ្នាពីការងារ​ក្រោម​តុ និង​ការប្រកួត​ប្រជែង​គ្នាដាច់​បង្ហៀរ​​ពេក​ក្នុង​ការដណ្តើម​អំណាច​ និង​តួនាទី​។​​ស្ថិតក្នុង​ស្ថានភាពនេះ មន្រ្តីរាជការ​ទាំង​នោះ​ បើ​ទោះ​ជា​ការ​ពិត​បានកើត​ឡើងហើយ​ក៏ដោយ​ក៏​បាន​ប្រែក្លាយពួក​គេ​​ទៅ​ជា​មនុស្ស​មុខពីរ ក្នុង​ទំនាក់​ទំនង​ការងារ​ក្នុង​ស្ថាប័ន​។​​​ចំពោះអ្នក​​ដែល​មិន​ទទួល​បាន​ផល​ប្រយោជន៍នេះ នឹង​កកើត​នូវ​ភាពច្រណែន ដែល​នាំ​ឱ្យ​កើត​មាន​នូវ​ភាពអសកម្ម ក្នុង​ការបំពេញ​ការងារ ឬ​បាត់​បង់​ឆន្ទៈ​ក្នុង​ការបំពេញ​ការងារ ដែល​ជា​ចំណុច​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​សម្រាប់​អនាគត​នៃវាសនា​ប្រទេស​ជាតិ ។ចំណុច​សំខាន់​មួយ​ទៀត ដែល​បំពុល​ធ្ងន់​ធ្ងរ​បំផុត​ដល់​ស្ថាប័ន​ការងារនោះ​ គឺ​វប្បធម៌​វែក​ដំបូល ដែល​មិន​គួរ​ឱ្យ​កើត​មានសោះ ។​​ស្ថិតក្នុងស្ថានភាព​នេះ តើ​គេ​មាន​យុទ្ធសាស្រ្ត​អ្វី​ដើម្បី​កែលម្អ​​នី​តិវិធី​ក្នុង​ការតំល៉ើង​តួនាទី ឋានៈរបស់​មន្ត្រីរាជការ​ស៊ីវិល​ដែល​មើល​ទៅ​ត្រឹមត្រូវ មាន​យុត្តិធម៌ តម្លាភាព និង​អាច​ទទួល​យក​បាន​?​បើ​ការឡើង​តួនាទី​បាន​ការ​សូក​លុយ​ ឬ​បក្ស​ពួក​និយម​ ខ្សែរនិយម វា​នឹង​បំផ្លាញ​ចិត្ត​សាស្ត្រ​ស្ថាប័ន​ការងារ​ទាំង​ស្រុងដែ​លធ្វើ​សង្វាក់ និង​សន្ទុះ​​នៃ​ការអនុវត្ត​ការងារ​មាន​ការ​អភិវឌ្ឍ​យឺត​ ហើយ​អ្នក​ដែល​ទទួល​បានតំណែង​​ដោយ​ការ​ចំណាយ​លុយ​សូកគេ​ នោះ​គេ​នឹង​ក្លាយ​ជាមេដឹកនាំ​ដែល​ពុក​រលួយ​ជាក់​ជា​មិនខាន! បើ​នីតិវិធីនៃ​ការ​តំល៉ើង​តួនាទី  មុខតំណែង​​តាម​រយៈការ​ប្រឡង​ប្រជែង ប្រកប​ដោយ​ភាពត្រឹមត្រូវ​ យុត្តិធម៌ និង​តម្លាភាព​ តើ​ធ្វើ​ឱ្យ​ពួក​គាត់​អស់​ចិត្ត​ឬអត់?????

វិភាគ​ដោយ៖ ចៅ ឧស្សាហ៍

Friday, May 10, 2013

ពុទ្ធសាសនា និងបញ្ហាសង្គម

តើពុទ្ធសាសនា ចូលរួមចំណែកដោះស្រាយបញ្ហាសង្គមបានកម្រិតណា ?ជាការពិត ពុទ្ធសាសនា
បាន ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុងកិច្ចអភិវឌ្ឍន៍​ប្រទេស ដូចជា​៖ លើក​កម្ពស់សីលធម៌សង្គម និងថែរក្សា​គោល​គ្រឹះវប្បធម៌-អរិយ​ធម៌ជាតិ ពិសេស​កាលៈទេសៈ​ប្រទេសស្ថិតក្រោម​អាណា​និគម​បរទេស និង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់បរទេស ។​មួយ​វិញ​ទៀត​ ​ពុទ្ធសាសនាបាន​ចូលរួម​ចំណែក​​លើក​កម្ពស់​សន្តិភាព​ពិភព​លោក​តាម​រយៈ​ទ្រឹស្តី​អហឹង្សាធម៌ ។​ផ្ទុយទៅវិញ ការបក​ស្រាយ​នៅទីនេះបាន​លើក​យក​ទិដ្ឋភាព​អវិជ្ជមាន​​មួយ​ចំនួន ដោយ​គ្រាន់​តែ សាកល្បងឆ្លុះបញ្ចាំងពី​ទ្រឹស្តី​ពុទ្ធសាសនា និង​លក្ខណៈ​នៃ​ការ​ប្រតិបត្តិ​របស់មនុស្សខ្មែរមួយចំនួន​មកបក​ស្រាយ​បង្ហាញ ហើយ​ការ​វិភាគនេះសោត គ្រាន់លើកយកនូវ​ទឡ្ហីករមួយ​សម្រាប់​ការ​សិក្សាស្រាវ​ជ្រាវពី​បញ្ហា​សង្គម​តែ​ប៉ុណ្ណោះ ។ ខាងក្រោយនេះ ជាទស្សនីយ៍​ភាពជីវិតពិត​របស់​អ្នកវិភាគ​​ដែលបានជួបប្រទះ​កាលពី​នៅ​កុមារភាព អាយុប្រមាណ​១០ឆ្នាំទាក់ទងនឹង​ការប្រតិបត្តិ​សាសនា​នៅ​សម័យនោះហើយ​ធ្វើការ​ឆ្លុះមកសម័យ​បច្ចុប្បន្ន​។ នៅឆ្នាំ​១៩៩២ ដោយ​សារ​ជីវភាព​គ្រួសារ​ខ្ញុំមាន​ការ​លំបាក​ក្រខ្សត់​ខ្លាំង​ ដោយ​ឪពុក​ត្រូវបន្តការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិត នៅប្រទេស​វៀតណាម ហើយ​បន្សល់​ទុកកូន៦​នាក់​ស្ថិតក្រោមការ​ថែរក្សា​ចិញ្ចឹម​បីបាច់​​ពីម្តាយម្នាក់ឯង​ ។ដោយទទួលបាន​ប្រាក់បៀវត្ស​ឧបត្ថម្ភ​បន្តិច​បន្តួច​​ពី​ឪពុក ធ្វើឱ្យ​ជីវភាពរស់នៅប្រចាំ​ថ្ងៃ​មានការលំបាក​ខ្វះព្រឹក ខ្វះល្ងាច និង​​មិន​អាច​ផ្គត់​ផ្គង់​គ្រប់​គ្រាន់ ដែល​ធ្វើឱ្យ​កូនទាំង​អម្បាលម៉ានរស់នៅ​ប្រកបដោយ​ភាពអត់ឃ្លាន​ និង​លំបាក​វេទនា​។ ដោយ​សារ​​ភាព​ស្រេក​ឃ្លាននេះ ខ្ញុំ និង​មិត្តភ័ក្រ្តមា្នក់ទៀតដែល​ជាកូនអ្នកក្រីក្រ​ដូចគ្នា​ បាន​នាំ​គ្នាទៅ​វត្តមួយ​នៅក្នុងភូមិ ដោយសង្ឃឹមថា នឹងបាន​អាហារខ្លះបានបរិភោគ ដើម្បីបំបាត់ភាពស្រេកឃ្លាន ព្រោះនៅវត្ត​មាន​ការរៀប​ចំពិធីបុណ្យមួយ (ខ្ញុំមិនចាំបាន​ថាជាពិធីបុណ្យអ្វីទេ) ។ពេលទៅ​ដល់វត្ត​នោះ​ ខ្ញុំបានឃើញ​មនុស្ស​ម្នាជាច្រើន​ អ៊ូអរ​ទាំង​ក្មេង ទាំង​ចាស់ពេញវត្ត ​ខ្ញុំនិង​មិត្តភក្រ្ត​មានអារម្មណ៍​សប្បាយ​ចិត្តជា​ខ្លាំង ហើយ​បានដើរ​សំដៅទៅ​រករោងបាយ​នៅក្នុងវត្តព្រោះយើងបានឃើញ​មាន​​ឆ្នាំងបបរ​​ដែល​យាយជី​ដាំ​មានផ្សែងហុយៗ ក្នុងគោល​បំណង​ទៅសុំដើម្បីយក​មក​បរិភោគ។ ពេល​ទៅដល់ យើង​ទាំង​ពីរនាក់​បាន​សុំគាត់ តែគាត់​​មិនបាន​ឱ្យ​បបរ​មក​យើងទេ ដោយ​និយាយ​ថា លោក​មិន​ទាន់​ឆាន់ ទេ​។​​យើងទាំង​ពីរ​នាក់​បាន​ត្រឡប់​មកវិញ ហើយ​បាន​ឈរ​អើត​តាមបង្អូច​នៃសាលា​ឆាន់ ពេលនោះ​ខ្ញុំបាន​ឃើញ​មាន​មនុស្សជាច្រើន កំពុង​អុជធូប និងបួងសួង ពេលនោះ​ខ្ញុំឆ្ងល់ពី​មនុស្សរាល់គ្នា តើ​គេ​កំពុង​បួងសួងពីអ្វី និង​សុំអ្វី? ក្រោយ​​មក​ខ្ញុំបានឃើញ ព្រះសង្ឃ​សូត្រធម៌ និង​បន្ទាប់​មក​ឆាន់​អាហារ​​ជាច្រើន​ដែល​ឧបាសក ឧបាសិការៀបចំនៅខាងមុខ​ព្រះអង្គ ដែល​សុទ្ធតែ​ជា​អាហារ​ឆ្ងាញ់ៗ។​ខ្ញុំឆ្ងល់ទៀត​ថា ហេតុអ្វី ព្រះសង្ឃមានអាហារ​ជាច្រើនឆាន់ ហើយ​ខ្ញុំ​គ្មាន​អ្វីហូប​សោះ ។​ខ្ញុំឆ្ងល់​មនុស្សគ្រប់គ្នា តើ​ពួកគេ កំពុង​បួងសួងអ្វី? តើ​គេកំពុងបួង​សួង​ឱ្យ​ខ្លួនគេ​ គ្រួសារ​គេ បក្ស​ពួក​គេ​បាន​សុខ សប្បាយ មែនទេ ហើយតើ​​មាន​ពុទ្ធសាសនិក​ប៉ុន្មាននាក់​បានបួងសួង​ឱ្យ​អ្នកដទៃ​បាន​សេចក្តីសុខដូចខ្លួននោះ! និងធ្វើ ​ទង្វើ​ប្រកបដោយមនុស្សធម៌នោះ! តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​​បាន​ចាប់​អារម្មណ៍នឹង​ពួក​យើង​? ​ខ្ញុំនិងមិត្តខ្ញុំគ្មានជម្រើសទេ ពេលព្រះសង្ឃឆាន់ចប់​ យើងបាន​ទៅ​ដណ្តើម​​ចង្ហាន់​ដែល​នៅសេសសល់នោះមកហូប ហើយ​ត្រូវ​បាន​លោកយាយ​មួយ​ចំនួន​ស្តីឱ្យ​ថា ក្មេង​គ្មាន​របៀប និង​ក្មេង​បាត​​ផ្សារ​។​ជាការពិត​ មនុស្សម្នានៅទីនោះទាំង​អស់ មិន​បាន​មើលឃើញ​ខ្ញុំនិង​មិត្តភក្រ្តទេ ដែល​យើង​ទាំង​ពីរ​នៅមានជីវិតសោះ ឈរ​ក្នុង​សភាព​ស្គម​ស្លេក​ស្លាំង និង​មិន​មានសំលៀកបំពាក់សមរម្យ។​ខ្ញុំបាន​ពិចារ​ណាពី​ជីវិត​ច្រើន​ណាស់​ ស្ថិតនៅ​ស្ថានភាព​ជីវិត​បែបនេះ ហើយ​វាក៏ជាហេតុផល​មួយដែរ ដែល​ធ្វើឱ្យ​ខ្ញុំក្លាយជាសិស្សពូកែអក្សរសាស្រ្តខ្មែរតាំង​ពី​ថ្នាក់​បឋម​ភូមិ រហូត​ដល់​​ទុតិយភូមិ ។នៅពេល​ដែល​ខ្ញុំឈរ​សម្លឹង​ទៅ​ព្រះ​ភក្រ្តដ៏ស្រស់ញញឹម​របស់​ព្រះពុទ្ធ​អង្គ ហើយ​ខ្ញុំបាន​ប្រើប្រាស់​ការគិត និងការ​ស្រមើស្រមៃ​​ជាច្រើនដែល​​ជំរុញ​ឱ្យ​ខ្ញុំស្វែង​រកវិជ្ជា​ដើម្បី​រំដោះខ្លួន ។មនុស្សជាច្រើន​មានការយល់ខុស​ពី​ទ្រឹស្តី និង​ការ​ប្រតិបត្តិរបស់សាសនា ពួកគាត់​ភាគ​ច្រើន​ព្យាយាម​បង្ហាញ​ចេញ​មក​ក្រៅនូវទង្វើផ្សេងៗ ដើម្បីសន្សំ​កុសល​ក្នុងគោល​បំណង​​ឱ្យ​សាសនា ជួយគាត់​ឱ្យបានកើត​នៅជាតិ​ខាង​មុនបានល្អប្រសើរ និង​រស់​នៅ​ប្រកប​ដោយ​សេចក្តី​​សុខ​សុភ​មង្គល ប៉ុន្តែ​ខ្លឹម​សារ​ខាងក្នុង​ប្រកប​ដោយ​ភាព​មាយា ​អកុសលកម្ម​ និង​មាន​លក្ខណៈ​អាត្មា​និយម​។ព្រះពុទ្ធសាសនាបាន​ប្រដៅមនុស្សឱ្យ​ប្រព្រឹត្តអំពើល្អ ប្រកបទៅ​ដោយ​ព្រហ្មវិហារធម៌ទាំង​៤៖ មេត្តា ករុណា ឧបេក្ខា និង​មុទិតា មគ្គទាំង​៨ (សម្មាទិដ្ឋិ សម្មាសង្កប្បៈ...) ​និច្ចសីល ព្រមទាំង​ធម៌ទាំង​ឡាយ​ផ្សេងៗទៀត ដែល​ព្រះពុទ្ធអង្គ បាន​ប្រៀនប្រដៅសត្វលោក​។​ដូច្នេះមានន័យថា ឱ្យ​តែអ្នក​ប្រកាន់​ភ្ជាប់​នូវ​អំពើល្អ មាន​សីលធម៌ គុណធម៌ ប្រាស​ចាក​អគតិទាំងបី (ទោសៈ មោហៈ និង លោភៈ) ចេះ​ជួយ​​សង្គ្រោះអ្នកដទៃ ស្រឡាញ់​សន្តិភាព..​.​ក៏​មាន​ន័យគ្រប់​គ្រាន់​ថា អ្នក​​ជា​ពុទ្ធសានិក​រួចបាត់ទៅហើយ មិន​មែនសម្គាល់ត្រឹមថា ទាល់​តែ​អ្នក​កាន់ចង្ហាន់ទៅវត្ត​ អុជធូបថ្វាយបង្គំ​​ ចូល​បច្ច័យ...​ទើបជាពុទ្ធសាសនិក​ពិត​ប្រាកដ​នោះទេ ។ត្រង់​ចំណុច​នេះ ប្រហែលជា​ការ​ចូលបច្ច័យ​កសាង​វិហារ មាន​ការ​និយមចូលចិត្តច្រើន​ជាងការ​​ចូលកសាង​សាលា​​រៀន ឬមូលនិធិជួយ​សង្គ្រោះ​កុមារ​ហើយ​មើលទៅដែល​ជា​ផ្នែក​សំខាន់ក្នុង​ការ​ចូលរួម​ចំណែក​​ដោះស្រាយ​បញ្ហាសង្គម ។​តើ​វា​មាន​ប្រយោជន៍អ្វី? កុសលផល​បុណ្យអ្វី? បើអ្នក​បានប្រព្រឹត្ត​អំពើពុករលួយបំផ្លាញជាតិ ឬ​ប្រព្រឹត្ត​អំពើទុច្ចរិត ហើយយក​​លុយមួយចំនួន​យក​ទៅធ្វើ​បុណ្យទាន​ ឬ ធ្វើ​ប្រជាភិថុដើម្បី​ប្រយោជន៍​នោះ !ភាព​មិន​យល់ច្បាស់​មួយ​ចំនួន ពីសាសនា ធ្វើ​ឱ្យ​មនុស្សខ្មែរ​មួយ​ចំនួន ដែល​នៅ​ពេល​គេ​​យល់​ថា ខ្លួនគេ​ចាប់ផ្តើម​​ចាស់ ក៏​ចាប់​ផ្តើម​ភ័យខ្លាច​ចំពោះ​ការ​ស្លាប់​ ហើយ​យក​ចិត្ត​ទុក​ដាក់​ត្រៀមលក្ខណៈ​ដើម្បី​ស្លាប់​ ជាង​ត្រៀម​លក្ខណៈដើម្បីរស់ ដែលមាន​លក្ខណៈ​ទន់​ខ្សោយ ​ខុស​ពី​ទ្រឹស្តី​របស់​ព្រះពុទ្ធដើម្បី​ស្វែង​រកសេចក្តី​សុខ សុភមង្គលរបស់​មនុស្ស​លោក​ គេត្រូវព្យាយាម​លុប​បំបាត់​អវិជ្ជា និង​តណ្ហា ។​ មាន​ករណីមួយ​ទៀត ​នៅពេល​បច្ចុប្បន្ន​នេះ ថ្ងៃមួយ ខ្ញុំបានព្ញចាស់ៗ កំពុង​ជជែក​គ្នា ពីលោក​យាយម្នាក់​​ដែល​តែង​តែ​ទៅ​វត្ត​ធ្វើ​បុណ្យ ហើយ​ឆ្លៀត​​ឱកាស​យក​ចំណី​អាហារដែល​នៅ​សេស​សល់​​ពីវត្ត​ទៅ​ផ្ញើចៅៗដែល​អត់​ឃ្លាន​នៅផ្ទះ ដែល​ទង្វើនេះ ពួកគាត់​បញ្ជក់ថាជាទង្វើ​ទាញ​យក​ផល​ប្រយោជន៍ពីវត្ត​ មិន​បាន​កុសល​ផល​បុណ្យ​អ្វីទេ ។​ខ្ញុំគិត​ក្នុង​ចិត្ត​ថា លោក​​យាយនោះ​កំពុង​ធ្វើ​បុណ្យ​ធំណាស់​ ហើយ​គាត់​នឹង​បានកុសល​​ផល​បុណ្យ​​វិញជាក់​ជា​​មិន​ខាន​។​លោក​យាយ​​ក្នុង​ការ​បង្ហាញ​នេះ ពិត​ជា​បាន​ចូលរួម​ចំណែក​ដោះ​ស្រាយ​​បញ្ហា​មនុស្សដែល​នៅ​មាន​ជីវិត មើល​ឃើញ និង​ប៉ះ​បាន ដែល​ជា​ទង្វើ​គួរ​ឱ្យ​គោរពបំផុត​។​​សម្រាប់ករណីមួយ​ទៀត​ ថ្ងៃមួយ​ខ្ញុំបាន​ទៅ​ញ៉ាំការ​មិត្តភ័ក្រ្ត​​ ម្នាក់ ដោយបាន​​រួម​តុ ជាមួយ​មិត្ត​ជាច្រើន​មកពីស្ថាប័ន​ផ្សេងៗ​គ្នា  ក្នុង​នោះ​មាន​ម្នាក់​ជា​ បុគ្គលិក​មក​ពី​អង្គការអន្តរជាតិ​មួយធ្វើ​ការ​ជាមួយ​កុមារ​​ មាន​តួនាទី ជា​អ្នក​សម្រប​សម្រួល​ថ្នាក់ខេត្ត ។​ពេល​ពួកយើង​បាន​បរិភោគ​ភោជនា​អាហារ​ហើយ  រួច​អង្គុយ​លេង​នឹង​​តុ​ និង​ស្តាប់ភ្លេង ស្រាប់តែ​​មាន​កុមារ​ពីរ​ បី​នាក់ មក​សុំអាហារ ដែល​នៅសេស​សល់ពីពួកយើង ខ្ញុំក៏​បាន​ប្រមែប្រមូល​អាហារ​នៅសល់​មួយ​ចំនួន ឱ្យ​ទៅ​ពួកគេ ។​ស្ថិតក្នុង​ទិដ្ឋភាព​នេះ មិត្ត​ភ័ក្រ្ត​របស់​ខ្ញុំដែល​ធ្វើ​ការ​នៅ​អង្គការ​​អន្តរ​ជាតិនោះ បាន​និយាយ​ទៅ​កាន់​ខ្ញុំ​ថា៖ អ្នក​ឱ្យ​អាហារ​គេ​បែ​បនេះ គឺ​អ្នក​កំពុង​តែ​អូស​ទាញ​គេ និង​លើក​ទឹក​ចិត្តគេ​​ឱ្យបន្ត​​ប្រព្រឹត្ត​ទង្វើបែបនេះ​ទៀត​នៅ​ពេល​ក្រោយ​ និង​ជំរុញ​ឱ្យ​កុមារ​ដទៃ​ទៀត​​ធ្វើ​​តាម​។​អ្នក​មិន​គួរ​ធ្វើ​បែប​នេះទេ ព្រោះ​អំពើ​ល្អរបស់​អ្នក​បាន​ជះ​ឥទ្ធិពល​អាក្រក់ដល់​ការ​​ប្រព្រឹត្ត​​របស់​គេ​។​ខ្ញុំ​ក៏​បាន​ឆ្លើយ​តប​ទៅគេ​​វិញ​ថា៖ ខ្ញុំ​ អ្នកដែល​កំពុង​រួម​តុ​ជាមួយ​អ្នក​ ពី​មុន​ក៏​ធ្លាប់​ធ្វើ​បែប​នេះ​ដែរ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​អាច​ផ្លាស់​ប្តូរ​ខ្លួន​ឯង​បាន ។​អ្នក​មិន​ប្រាកដថា ក្មេងដែល​កំពុង​​ដើរ​សុំ​អាហារនៅ​ពេល​​នេះ អាច​ធ្វើ​អ្នក​ដឹកនាំ​នាពេល​អនាគត​ក៏​អាច​ថា​បានដែរ ។​ពេល​ខ្លះ​គេ​សុំ​គ្រាន់​តែ​ ដើម្បី​បំពេញ​សេច​ក្តី ស្រេក​ឃ្លាន​មួយ​គ្រាៗ​តែប៉ុណ្ណោះ ។​ដូច្នេះ យើង​គួរ​ជួយ​ពួកគេ ។​ខ្ញុំ​មិន​ខ្វល់​ អ្នក​ណា​យល់​ឃើញ​យ៉ាង​ណាទេ​សម្រាប់​ករណី​នេះ ប៉ុន្តែ​សម្រាប់​ខ្ញុំ គឺ ខ្ញុំ​នៅ​តែ បន្ត​ធ្វើ​បែប​នេះ​ដដែល​។
ដោយៈ ចៅ ឧស្សាហ៍
" នៅពេលអ្នក​យល់​ថា ខ្លួន​អ្នក​ចាស់​ អ្នក​គួរ​ត្រៀម​លក្ខណៈ​ដើម្បីរស់​ប្រសើរ​ជាង​ត្រៀម​លក្ខណៈ​ដើម្បី ស្លាប់"     ousa
"ភាព​រីកចម្រើន​ផ្នែក​សាសនា​ ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​ផ្នែកសីលធម៌សង្គម​ មិន​មែន​ឆ្លុះបញ្ចាំង​តាមរយៈកើន​ឡើង​នូវ​ចំនួន​វត្ត​អារាម និងព្រះសង្ឃទេ "​

ភាពខ្ជះខ្ជាយរបស់មនុស្សខ្មែរភាគច្រើនទៅលើជំនឿមិនសមហេតុផល និងការផ្គត់ផ្គង់មិនចាំបាច់។ousa

Saturday, April 27, 2013

ការ​បំផ្លាញ​វប្បធម៌ខ្លួនឯង

“​វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិ​ថ្កើនថ្កាន” នេះ​ជា​ពាក្យស្លោក​ដ៏មានតម្លៃ
ដែលសិស្សានុសិស្សទាំង​ឡាយ​តែងតែ​ឃើញវា​ នៅតាម​ជញ្ជាំងនៃថ្នាក់រៀន ។ពាក្យនេះ មាន​អត្ថន័យ​គ្រប់​គ្រាន់ សម្រាប់​ដាស់សតិ​កូនខ្មែរ​ជំនាន់​ក្រោយ​ ត្រូវ​គិត​គួរ​ ស្រឡាញ់ ថែរក្សា​វប្បធម៌​របស់ខ្លួន​ឱ្យ​បាន​គង់​វង្ស ដើម្បីឱ្យ​ជាតិ​របស់ខ្លួន​មាន​អត្ថិភាព។វប្បធម៌ ជាវិស័យមួយ​ក្នុង​ចំណោម​​វិស័យ​​ទាំង​បួន​ មាន​វិស័យ​សង្គម​កិច្ច សេដ្ឋកិច្ច និង​យោបាយ ដែលធាតុ​​សំខាន់ និង​ចាំ​បាច់​បំផុត ក្នុង​ការ​អភិវឌ្ឍប្រទេស​ឱ្យ​មានការ​​រីកចម្រើន ​និង​លើកកម្ពស់​កិត្យា​នុ​ភាព​ប្រទេស តួយ៉ាង​ដូច​នៅ​សម័យមហានគរ​​ជា​ឧទាហរណ៍ស្រាប់​ ​។​សម្បត្តិវប្បធម៌ខ្មែរ​ដែល​សំខាន់​ជាង​គេ​​​គឺ​មនុស្ស​ខ្មែរ ដែល​ជាអ្នក​​រក្សា​អត្តសញ្ញាណវប្បធម៌ជាតិ​របស់​ខ្លួន​​ឱ្យ​គង់​វង្ស ថិតថេរ​ចេរកាលតទៅ ។​ផ្ទុយទៅ​វិញ​បើ មនុស្សខ្មែរ​ មិន​ចេះ​ថែរក្សា​ និងស្រឡាញ់​​វប្បធម៌ជាតិ​​ខ្លួនទេ នោះវប្បធម៌​នឹងរលាយ​បាត់ ហើយ​ជាតិ​ខ្មែរ នឹង​បាត់​បង់​អត្ថិភាព​របស់​ខ្លួន​។​មកដល់​ពេល​នេះ តើស្ថានភាព​វប្បធម៌ខ្មែរ យ៉ាង​ម៉េចដែរ? តើអ្នក​យល់​យ៉ាង​ណា​ចំពោះ​ ​វប្បធម៌ខ្មែរ ក្នុង​ស្ថានភាព​បច្ចុប្បន្ន?​ ចំពោះ​បញ្ហា​នេះ អ្នក​និពន្ធសូម​សាក​ល្បង​ធ្វើ​ការ​វិភាគ ដោយ​ឆ្លុះ​បញ្ចាំង​តថភាព​សង្គម​ជាក់ស្តែង ទៅ​លើ​ស្ថានភាព​វប្បធម៌ខ្មែរ ក្នុង​សម័យ​​សាកលភាវូបនីយកម្ម បច្ចុប្បន្ន។​ជាទូទៅ ​យើងឃើញ​ថា វប្បធម៌ខ្មែរ បាន​នឹង​កំពុង​ត្រូវ​បាន​គេ​បំពុល និង​ព្យាយាម​លាប​ពណ៌​ឆើត​ឆាយឱ្យ​​វា ដើម្បីឱ្យ​វា​ប្រែរូបរាងខុស​ពី​សភាព​ដើមទាំង​ស្រុង​ ដោយ​គ្មាន​គំនិត​ច្នៃប្រឌិត​អ្វី​បន្តិចសោះ ដែល​វា​ផ្តល់​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ ដល់​ការ​ធ្លាក់​ចុះសីលធម៌​សង្គម និង​ការ​បាត់​បង់​អត្តសញ្ញាណ​ជាតិ។ ​ តួយ៉ាង​យើង​អាច​ឃើញ​ជាក់​ស្តែង ក្នុង​រូបភាព​ចម្រៀង​កាយវិការ​ ខារ៉ា​អូឃេ មួយ​ចំនួនធំ​នាពេល​បច្ចុប្បន្ន ច្រើន​តែ​បង្ហាញ​ភាព​ស្និទ្ធស្នាលរវាង​បុរស​និង​ស្រ្តី​ជ្រុលហួសហេតុ ​ដែលពួកគេ​ស្ថិត​នៅគួសង្សានឹង​គ្នា​នៅឡើយ ។​ពេលខ្លះ យើង​ឃើញមាន​រូប​ភាព​​ប្រឡែង​គ្នា ដេក​លើ​គ្រែ​ នៅក្នុង​បន្ទប់​ជាមួយ​គ្នា រស់នៅ​ជាមួយ​គ្នា​​ក្នុង​បន្ទប់​តែមួយ​មុន​ពេល​រៀប​ការ​...ដែល​រូប​ភាព​ទាំង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​​កំពុងត្រូ​វ​បាន​គេ​​ធ្វើ​​​វាឱ្យ​​មាន​លក្ខណៈ​សាមញ្ញភាព​។​រូប​ភាព​ទាំង​អស់​នេះ​ បាន​ពង្វក់​យុវជន​ យុវតី​ខ្មែរ ឱ្យ​ភ្លើត​ភ្លើន និង​​ភ្លេច​វប្បធម៌ខ្លួន ហើយ​ងាក​​ទៅ ស្រឡាញ់ ពេញ​ចិត្តនឹង​វប្បធម៌​បរទេស​ទៅវិញ ដែល​ខុស​ស្រឡះ​ពីទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់ខ្លួន​។​ការ​បង្ហាញ​ខាងលើនេះ ជាទឡ្ហីករ​មួយ​បញ្ជក់​ពី​ភាព​ខ្វះការ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​វប្បធម៌ និង​ជា​បញ្ហា​ដ៏គួរ​ឱ្យ​ព្រួ​យ​បារម្ភ​​បំផុត​មួយ​ ។ ​ម្ចាស់​ផលិតកម្មមួយចំនួន មិន​បាន​គិត​គួរ​ពី​បញ្ហា​នេះទេ ​ហើយ​អ្នក​ត្រួ​តពិនិត្យ​មួយ​ចំនួន​ក៏​បាន​នឹង​កំពុង​ដេកលក់ដែរ ។​មួយ​វិញទៀត​ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​​ផ្សេង​ទៀត ដូច​ជា​ទូរទស្សន៍ និង​វិទ្យុ​ជាដើម បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​មួយ​ចំនួន​​បម្រើ​ឱ្យ​តែ​ការ​សប្បាយ និង​ការ​ភ្លើត​ភ្លើនរបស់​​យុវវ័យ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វប្បធម៌ជាតិ ។ការ​បង្ហាញ​ពី​ការសប្បាយ​​រាំ ច្រៀង ការ​ស្លៀកពាក់ ការ​ប្រើ​ប្រាស់​សម្ភារៈ​ទំនើបមាន​តម្លៃ​ថ្លៃ​ ការ​និយាយស្តី...ដែលមាន​លក្ខណៈ​​​ជា​វប្បធម៌​បរទេស​ បាន​ពង្វក់​ស្មារតី​យុវជន​ទៅរកសង្គម​​ស៊ី​វិល័យ និង​បាត់​បង់​កម្លាំង​ចិត្ត​លើ​ការ​សិក្សា។​ការ​ទទួល​យក​ឥទ្ធិពល​អវិជ្ជមាន​​នៃ​ការ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឱ្យ​យុវជន​មាន​ការ​ស្រមើ​ស្រមៃ​បែប​​អសកម្ម​ ​ការ​កើន​ឡើង​នូវ​ការ​ចំណាក​ស្រុក​ ការ​ផ្គត់​ផ្គង់​មិនចាំបាច់ និង​ការ​បោះ​បង់​ការសិក្សា។​តើ​ចំណាកស្រុក​ទាំង​អស់​របស់​យុវជន​សុទ្ធ​តែ​មក​​ពី​កត្តាជីវភាពឬ?ចម្លើយ​គឺ ​យុវជន​ដែល​ឆ្លើយ​​មួយ​ភាគធំ​ សុទ្ធ​តែ​យក​វា​ធ្វើ​លេស​ដើម្បី​ភាព​សមហេតុ​ផល​មួយ​​ ឯចេតនា ពិតប្រាកដ​គឺ ដើម្បីបំពេញ​បំណង​ប្រាថ្នាក្តី​ស្រមើ​ស្រមៃនៃ​ការ​ចង់​ផ្លាស់​ប្តូរ​ខ្លួន​ឯង​​​ក្នុង​សង្គម​ស៊ីវិល័យ​ទៅ តាម​​ធម្មជាតិ​យុវវ័យ​តែ​ប៉ុណ្ណោះ ហើយ​ចេតនា​នេះ​ត្រូវ​បានដុត​ឱ្យ​ឆេះ​​ដោយ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ទាំង​អស់​។​មួយវិញទៀតការ​ហូរចូលនៃ​វប្បធម៌​បរទេស​អវិជ្ជមាន បាន​បំផ្លាញ​នូវ​ទំនៀមទំលាប់ប្រពៃណីខ្មែរ ដូចជា៖ យុវជន យុវតីសម័យ​ថ្មីមួយ​ចំនួន លួចរួមរស់ជាមួយ​គ្នា​មុន​រៀបការ សកម្មភាពទំនើង ការប្រើប្រាស់គ្រឿងញៀន និង​ភាពភ្លើតភ្លើន​ពាលាអាវ៉ាសែ​...​ជាដើម ។ការហូរចូល​នៃវប្បធម៌​បរទេស​នេះ បាន​ធ្វើការផ្លាស់​ប្តូរយុវជន យុវតីមួយ​ចំនួន​ធំទាំង​ការ​ស្លៀក​ពាក់ និយាយ​ស្តី ឥរិយា​បថ និងអាកប្បកិរិយា ដែល​ប្រាស​ចាកពីទំនៀម​ទម្លាប់ប្រពៃណី​របស់​ខ្មែរពីមុន ។យុវជន យុវតី​សម័យ​ថ្មី បង្ហាញលក្ខណៈ​ធម្ម​ជាតិ​របស់ខ្លួនកាន់តែច្បាស់ ហើយ​ប្រឆាំង​កាន់ខ្លាំងទៅ​នឹងចរិយាធម៌​សង្គម ​។​ អាថ៌កំបាំង​នៃ​ចំណង់​ធម្មជាតិជាច្រើន ត្រូវបានបង្ហាញ​យ៉ាង​ច្បាស់តាមរយៈ​បច្ចេកវិទ្យា ព័ត៌មាន​វិទ្យា​និង​ការសាប​ព្រោះវប្បធម៌អវិជ្ជមាន ដូចជា រូបភាព និង​ភាពយន្តអាស​អាភាសជាដើម ។ផល​វិបាកនៃ​ការបញ្ហា​នេះ វាបានបង្កើត​ឱ្យមានកម្លាំង​បដិបក្ស​រវាងចំណង់ធម្មជាតិ និង​ចរិយាធម៌​សង្គម ឬសីលធម៌សង្គម ។ វាធ្វើឱ្យយុវជន យុវតីភាគច្រើន​បាន​ទំនាស់​ជាមួយ​ឪពុកម្តាយ ឬ​អាណា​ព្យាបាល នៅក្នុងយុគ​សម័យ​ថ្មី ។ ខ្ញុំមានជំនឿថា​គ្មានអ្វី​ទប់​យុវជន យុវតីសម័យថ្មីបានទេ បើ​សង្គម​នៅ​តែបើកចំហ​ជើង​មេឃ ទទួលយក​វប្បធម៌​បរទេស​អវិជ្ជមាន ដែល​បំផ្លាញទំនៀម​ទម្លាប់​ប្រពៃណី​របស់ខ្មែរនោះ និង​មិនបានយកចិត្ត​ទុកដាក់រិះ​រក​មធ្យោបាយប្រកបដោយប្រសិទ្ធភាព​​ក្នុងការទប់​ស្កាត់​ឱ្យទាន់ពេល​វេលា​ទេនោះ ។​​បញ្ហា​នេះ វានឹងទុំជោរនា​ពេលអនាគតដ៏ខ្លីខាងមុន ។ស្ថិតក្នុង​ស្ថាន​ភាព​នេះ គ្រួសារ និងសាលា​រៀន​​ពិតជា​ពិបាក ទប់ស្កាត់ចលនាថ្មីនេះណាស់ ។នៅ​ប្រទេស​ថៃ បើទោះ​សង្គម​គេ មាន​ភាព​ស៊ីវិ​ល័យ ក៏មែន​​ពិត ក៏​គេ​ព្យាយាម​បង្ហាញ​ពី​ភាព​គំរូ​ និង​វីរៈភាពតាម​រយៈ តួអង្គឯក​​​ក្នុង​អក្សរសិល្ប៍ និង​ខ្សែភាព​យន្ត​​ដើម្បី លើក​​កម្ពស់​សីលធម៌សង្គម និង​តម្លៃសង្គម ។​ចុះខ្មែរវិញ យ៉ាង​ម៉េចដែរ​?​
វិភាគដោយៈ ចៅ ឧស្សាហ៍ បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំ​

Sunday, April 7, 2013

ការអភិវឌ្ឍសង្គម និង​ការអភិវឌ្ឍសេដ្ឋកិច្ច

ឆ្លុះបញ្ចាំង​ពី​​កម្មករ-កម្មការនីខ្មែរ​
        I.            សេចក្តីផ្តើម
ការអភិវឌ្ឍសង្គមមាន​ទំនាក់​ទំនង​គ្នាទៅវិញ ទៅ​​មកនឹង​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច ។​​បើសង្គម​រីក​ចម្រើន​​នោះសេដ្ឋកិច្ច​​ក៏រីក​​ចម្រើន​​ដែរ ។ផ្ទុយ ទៅវិញបើ​សេដ្ឋកិច្ចរីក​ចម្រើន នោះសង្គម​ក៏រីក​ចម្រើន​​ផង​ដែរ​​​ព្រោះសង្គមនិង​សេដ្ឋកិច្ច ផ្តល់​ផលប្រយោជន៍​គ្នា​ទៅវិញ​​ទៅមក​។​​អ្នក​វិភា​គ​ សូម​បញ្ជក់​ថា ការ​ឆ្លុះ​បញ្ចាំង​ផ្នែក​សង្គម​នៅ​ទីនេះ គឺ​​​ប្រៀប​ប្រដូច​ទៅនឹង​ខ្លឹមសារ​ខាងក្នុង​របស់​មនុស្សម្នាក់ៗ​ក្នុង​សង្គម​​ដែល​ស្តែង​ចេញ​តាម​រយៈ​ទំនាក់​ទំនងសង្គម​ ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ ​ ទង្វើ ឥរិយាបថ កម្រិត​​នៃ​យល់ដឹង និង​ការយល់​ឃើញ​អំពី​ជីវិត​​ជាដើម ។​ចំណែក​ផ្នែក​សេដ្ឋកិច្ចនៅទី​នេះ​​ គឺ ចង់​សម្តៅ​​ទៅ​លើទម្រង់​ខាង​ក្រៅ​របស់​មនុស្ស​ម្នាក់​ក្នុង​សង្គម​ដែល​មាន​ការ​ទិញ ការប្រើ​ប្រាស់​សម្ភារៈ ​ ការ​​បញ្ជក់​ពី​ភាព​ក្រ​-មាន​ និង​ចំណាយ​ផ្សេង​ៗ​ជាដើម​។សម្រាប់​ក្រប​ខណ័្ឌនៃ​ការ​បកស្រាយ​​ពី​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅក្នុង​អត្ថបទនេះ​ គឺ​លើក​យក​ទិដ្ឋភាព​ការងារ​របស់​កម្មករ-កម្មការ​នី​ខ្មែរ ដែល​ធ្វើ​ការ​នៅក្នុង​ប្រទេស​មក​បកស្រាយ​បង្ហាញ​។សូមបញ្ជក់បន្ថែមថា ​ អត្ថបទ​វិភាគ​ខាង​ក្រោម​ គ្រាន់​តែ​អត្ថបទ​សាកល្បង​វិភាគ​​មួយ​ប៉ុណ្ណោះ ព្រោះ​ព័ត៌មាន​មិនទាន់​មាន​លក្ខណៈ​វិទ្យា​សាស្ត្រ​នៅឡើយ​។
   II.            ទិដ្ឋភាព​វិស័យ​កាត់​ដេរក្នុង​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច

​វិស័យកាត់ដេរនៅកម្ពុជា ជាផ្នែកមួយនៃសេដ្ឋកិច្ចកម្ពុជា និងផ្តល់អត្ថប្រយោជន៍​ជាច្រើន​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ ។វិស័យនេះបានផ្តល់​ការងារដល់ ប្រជាពលរដ្ឋខ្មែរ​រាប់ម៉ឺននាក់ និង​ប្រាក់​ចំណូល​ពន្ធដាររាប់សិបលានដុល្លារ សម្រាប់ប្រាក់​ចំណូល​ជាតិ។តម្លៃពលកម្ម​ទាបក្នុងវិស័យ​នេះ ផ្តល់ភាព​ងាយស្រួលសម្រាប់ក្រុមហ៊ុនក្នុងការប្រគួត​ប្រជែងលក់ផលិតផលរបស់ខ្លួនក្នុង​សេដ្ឋ​កិច្ច​ទីផ្សារសេរី ដែលជំរុញ​សន្ទុះកំណើនសេដ្ឋកិច្ចជាតិ។តម្លៃ​កម្លាំងពលកម្ម​ទាប ពិតជា​គន្លឹះ​ដ៏​សំខាន់​​ក្នុង​ការទាក់ទាញវិនិយោគិន មកដាក់វិនិយោគនៅប្រទេស​​កម្ពុជា និង​ផ្តល់ប្រាក់​ចំណូល​ដល់​នយោជិកខ្មែរជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ ។​តាមរយៈប្រាក់ចំណូល​នេះ​ ពួកគេ​អាច​ប្រើ​ប្រាស់​ក្នុង​ការផ្គត់ផ្គង់ជីវភាពរស់នៅ និង​ទិញរបស់របរប្រើប្រាស់ផ្សេងៗ​ដែលធ្វើ​ឱ្យ​សង្វាក់​សេដ្ឋកិច្ច​ជាតិ​មានចលនា ។ថវិកាដែលបានពីការងារ វានឹងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និង ​ប្រើ​ប្រាស់​ក្នុង​ការទិញផលិតផល ឬសេវាកម្មផ្សេងទៀត ដែលជាប្រភពប្រាក់ចំណូលនៃភ្នាក់​ងារ​សេដ្ឋកិច្ច​មួយទៀត និងជំរុញឱ្យមានការកើនឡើងនូវ​ការធ្វើពាណិជ្ជកម្មក្នុង​ប្រទេស​។តាមរយៈ​ការបង្កើត​ការ​ងារនេះ ពិតជា​បានលើកស្ទួយសេដ្ឋកិច្ចជាតិ​ឱ្យមាន​សន្ទុះរីកចម្រើនមែន ហើយថែមទាំង​ធ្វើឱ្យ​សង្គម​មានការរីកចម្រើនផងដែរ ។ជាមួយ​គ្នានេះ ការធ្វើចំណាកស្រុកពី​ជន​បទ​​មក​ធ្វើ​ការងារ​នៅ​តាមរោងចក្រ​នៅទីក្រុង​ធំៗ បានជំរុញឱ្យសង្គម​​មានការ​ផ្លាស់ប្តូរ​រីកចម្រើន តាមរយៈ​​ការផ្តល់​ឱកាស​​ដល់​កម្មករ-កម្មការនី​​ទទួល​បាន​​ចំណេះដឹង​ និង​បទពិសោធន៍នៃការ​ផ្លាស់​ប្តូរ​បរិបទ​នៃការ​រស់​នៅ​​។ការផ្លាស់ប្តូរ​មក​រស់នៅ និង​ធ្វើការ​នៅ​តាមទីក្រុង បាន​ធ្វើ​ឱ្យ​កម្មករ-កម្មការនីភាគច្រើន​​ បាន​ងាកផុត​ពី​ស្ថានភាព​ជីវិត​ដូច​កង្កែបក្នុង​អណ្តូង ហើយ​ងាក​មក​សម្លឹង​មើល​ផ្ទៃមេឃ​ដ៏ទូលំ​ទូលាយ​​វិញ ។តាមរយៈការ​ប្រឡូក​ផ្ទាល់​ក្នុង​​បរិបទជីវិត​ថ្មី ធ្វើ​ឱ្យ​ពួកគាត់​មួយ​ចំនួន​ធំ បាន​ផ្លាស់​ប្តូរ​ការ​​គិត​ ទំនាក់​ទំនង​សង្គម និង​ឥរិយាបថឆ្ពោះទៅរក​​ភាព​ទំនើបស៊ីវិល័យតាម​ចលនានៃ​សាកល​ភាវូបនីយកម្ម។​ពួកគេចាប់​ផ្តើម​មាន​​បំណង​ប្រាថ្នា​ធំជាង​មុន ស្គាល់ពីគុណភាព​ជីវិត​ច្បាស់​លាស់​ជាង​​មុន និង​ចេះកំណត់​គោលដៅជីវិត ដែល​លក្ខណៈនេះ ល្អប្រសើរ​ជាង​ពេល​ពួកគាត់​រស់នៅ​ជន​បទ ។​មួយ​វិញ​ទៀត ការ​​មាន​លទ្ធភាព​របស់កម្មករ-កម្មការនី​ ក្នុង​ការ​ទិញ​និង​ប្រើ​ប្រាស់​​ឧបករណ៍​​បច្ចេក​វិជ្ជា ដូចជា​ទូរស័ព្ទស្មាត​ស្វូន​ជា​ដើម​ ជំរុញ ឱ្យ​ពួកគេយល់ដឹង​កាន់តែ​ច្បាស់​ពី​ដំណើរវិវត្ត​របស់​សង្គម ​។ទោះបី​យ៉ាង​ណា ក៏នៅ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​នៃ​ការ​ផ្លាស់​ប្តូរ​នេះ ​ គឺ​ការ​លេច​ចេញ​នូវ​លក្ខណៈ​ធម្មជាតិរបស់​មនុស្សកាន់​តែ​ច្បាស់​ឡើងៗ ដែល​ជាហេតុ​ធ្វើ​មាន​ការ​ផ្លាស់​ប្តូរ​ទម្រង់សង្គម និង​ការ​បង្កើត​នូវ​កម្លាំង​បដិបក្ខប្រឈម​គ្នានៅក្នុង​សង្គម​​​រវាងធម្មជាតិ​មនុស្ស និង​​តម្លៃ​ចរិយា​ធម៌សង្គម ដែលនៅបន្ត​ចាក់ឬស​យ៉ាង​រឹងមាំ​នៅតាម​មូលដ្ឋាន និង​មជ្ឈដ្ឋាន​ប្រកាន់​ភ្ជាប់​នូវ​​ទំនៀម​ទម្លាប់​ប្រពៃ​ណីខ្មែរ​ដ៏​ល្អ​របស់ខ្លួន​ ពិសេស​មនុស្សចាស់ ហើយ​បញ្ហា​នេះ នាពេល​អនាគត អ្ន​ក​​វិភាគ​​យល់​ឃើញ​ថា ទម្រង់សង្គម និង​វប្បធម៌​នឹង​ត្រូវ​បាន​បដិវត្ត​ទៅ​តាម​សេរីភាព​ធម្មជាតិរបស់​មនុស្ស​​ដែល​អនុជន​ជំនាន់​ថ្មីភាគ​ច្រើន​កំពុងធ្វើ​ការ​​ផ្លាស់​ប្តូរ​វា​ដោយ​ឥតដឹងខ្លួន​ និង​មិន​មាន​វិធាន​ការ​ជាក់​លាក់​របស់​អ្នកដឹកនាំ​។ចំពោះ​បញ្ហានេះ មកដល់​ពេល​នេះ​យើង​មិនទាន់​ឃើ​ញ​ពី​ភាព​ប្រាក​ដ​​ប្រជា​ ​របស់​អ្នក​ដឹកនាំ​ ​ ថាតើ​កាច់​ចង្កូត​នាវា​កម្ពុជា​ឆ្ពោះ​ទៅទិស​ណាមួយឱ្យ​ប្រាកដ ឬ​ប្រកាន់​ជំហ​អភិរក្ស​និយម​? ចំណុច​អវិជ្ជមាន​មួយ​ទៀត​ គឺវា​អា​ច​​ជាផ្នែក​មួយ​ដែលបណ្តាល​ឱ្យ​​មាន​កើន​​ឡើង​នូវ​បញ្ហា​សង្គមផ្សេង​ៗ​ដូចជា៖​ បញ្ហា​បរិស្ថាននៅតាមទីក្រុង បញ្ហា​គ្រោះ​ថ្នាក់​ចរាចរ និង​បទល្មើស​ផ្សេង​​ៗជាដើម​​ដែល​ទាមទារ​យក​ចិត្ត​ទុក​ដាក់​​ខ្លាំងក្លារ​បំផុត​​ពីសំណាក់​អ្នក​ដឹកនាំ​ប្រទេស។
III.            អតុល្យភាព​នៃការអភវិឌ្ឍសង្គម និង​សេដ្ឋកិច្ច  
ដើម្បីអភិវឌ្ឍន៍ប្រទេស​ប្រកបដោយ​និរន្តរភាព ការរក្សាតុល្យភាពនៃការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​ជារឿង​ចាំ​បាច់​បំផុត​មួយ​។បើ​ មានការយកចិត្ត​ទុកដាក់​​តែ​ការ​អភិវ​ឌ្ឍវិស័យសេដ្ឋកិច្ច​ ហើយ​មិន​អើ​ពើ​ពី​ការ​អភិវឌ្ឍ​សង្គម វានឹង​នាំ​សង្គម​មាន​ការ​អភិវឌ្ឍយឺត និង​មិនមាន​និរន្តរភាព ហើយ​វាមាន​លក្ខណៈ​​ដូច​គ្នា បើវា​បញ្ច្រាស​មកវិញរវាងការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច។ ជាការពិត​​ ការ​​យកចិត្ត​ដាក់​លើក​កម្ពស់​​សេដ្ឋកិច្ច​ជាតិ​តាម​រយៈ​ ទាក់​ទាញ​​វិនិយោទុន​ពីបរទេស​មក​បង្កើត​រោងចក្រ​​ សហគ្រាស​និង​ផ្តល់​ការងារ​ដល់​កម្មករ-កម្មការនី ខ្មែរ​ជាច្រើន​សែននាក់ ដែល​ជាប្រភព​ចំណូល​យ៉ាងសំខាន់ក្នុងការ​លើកស្ទួយ​ជីវភាព​រស់នៅ គឺ​ជារឿង​ល្អប្រសើរ​បំផុតមួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ដូចប្រទេស​កម្ពុជានេះ​​ ។​ក៏ប៉ុន្តែ​ ភាព ខ្វះចន្លោះ​មួយ​​ចំនួនដែល​មិន​បាន​គិត​គួរ​ដិតដល់​​ចំពោះ​វាសនាអនាគត​របស់​កម្មករ​-កម្មការនីខ្មែរ ក្នុង​អភិវឌ្ឍន៍សង្គម​ ជា​បញ្ហា​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​មួយ​របស់​អ្នកវិភាគ​។ភាព​មិនសូវ​មាន​ជំនឿលើការ​សិក្សារបស់​សង្គម​​ និង​ការ​ប្រញាប់​​ប្រញាល់​បោះបង់​ការសិក្សារបស់​យុវជន​​ដើម្បី ចូលធ្វើ​ការងារ​ជាកម្មករ-កម្មការនី​ ​ អាច​ធ្វើ​ឱ្យ​​មាន​ការ​កើន​ឡើង​នូវ​វិបត្ត​សង្គម​ និង​កង្វះ​ធនធាន​មនុស្ស​​​នា​ពេល​អនាគត ​ដែល​ជាធាតុ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។ មួយវិញទៀត ការដែល​កម្មករ​-កម្មការនី​ខ្មែរ​ ធ្វើ​ការងារ​ដដែល​ៗតាមសង្វាក់​ផលិតកម្ម​រោងចក្រ វាបង្កើត​​ឱ្យ​មាន​ភាព​សុញ​នៃ​ប្រព័ន្ធគំនិត មាន​ន័យ​ថា ភាព​មិនមាន​ការរីកចម្រើន​ផ្នែកប្រព័ន្ធ​ខួរ​ក្បាល ពិសេស​គឺ​​​ចំណេះដឹង​ និង​បំណិនការងារ​។​លើសពីនេះ ការ​ធ្វើការ​​ថែម​ម៉ោង​ច្រើនពេក​របស់​រោង​ចក្រ-​សហគ្រាស​មួយ​ចំនួន​ ធ្វើឱ្យ​កម្មករ​-កម្មការនី​​ភាគច្រើន​ មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បីលម្ហែកាយ និង​សម្រាក​បន្ធូរបន្ថយ​​ភាព​តានតឹង​ផ្លូវចិត្ត និង​មាន​ឱកាស​សិក្សារៀនសូត្របង្កើន​សមត្ថភាព​របស់​ខ្លួន​​ដែល​ជា​ផ្នែក​​សំខាន់​សម្រាប់​ការ​អភិវឌ្ឍប្រកបដោយ​និរន្តរភាព​។​​ ការ​ជាប់​ខ្លួន​ជាមួយ​ការងារ​រោង​ចក្រ​ គឺដូច​ជា​​ការ​ចាក់​​សោ​ខ្លួន​ឯង ឱ្យ​នៅ​ឆ្ងាយ​ពី​ការសិក្សារៀនសូត្រ​បន្ត​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​សម្រាប់ផ្លាស់​ប្តូរ​វាសនា​​របស់​ខ្លួន​អញ្ចឹងដែរ ។​ដូច្នេះ វាសនារបស់​ពួក​គេ​​ត្រូវ​បាន​កំណត់​ដោយការងារ​ប្រើ​ប្រាស់​កម្លាំង និង​ទទួល​ប្រាក់​បៀរវត្យ​ទាប។ករណី​នេះ ជំរុញ​ឱ្យ​ជនជាតិ​ខ្មែរ ធ្វើ​ការងារ​ដើម្បីផល​ប្រយោជន៍​ឈ្មួញបរទេស ដោយ​​មិន​មាន​គំនិត​ម្ចាស់ការ​បង្កើត​ និង​ដឹកនាំ​ការងារ​ដោយខ្លួន​នាពេល​អនាគត​ ពិសេសនៅ​​សម័យ​សមាហរណកម្ម​អាស៊ាននាពេល​ខាង​មុខ​ ​។វា​ដល់​ពេល​ហើយ​ ដែល​យើង​គប្បី​​ផ្តល់​ឱកាស​​ដល់​ពួកគាត់ ​ដែលភាគច្រើនស្ត្រី​​ និង​មាន​ចំនួន​ច្រើន​លើស​លប់ ​មានលទ្ធភាព​សិក្សារៀនសូត្រ​ជំនាញ​ជាក់​លាក់​ ដើម្បី អនា​គត​ពួក​គាត់​​អាច​ក្លាយខ្លួន​ជា​​កម្មករ-​កម្មការនីជំនាញវិញ ស្រប​តាម​បរិបទ​សហគមន៍អាស៊ាន ។​ការ​ទុក​ពេលវេលា​​សម្រាកសមស្រប​ ជាគន្លឹះល្អ​បំផុត​សម្រាប់​ពួកគាត់​ព្រោះ​ថា​​បើ​យើង​ទុក​ពួកគាត់​ឱ្យ​​ស៊ូទ្រាំនឹង​ការងារ​លើសកំណត់​ នាំឱ្យ​ ប៉ះពាល់​ដល់​សុខភាពផ្លូវ​កាយ​ និង​ផ្លូវចិត្ត ពិសេស​វានាំទៅរក​ភាព​បាក់កម្លាំង​ខួរក្បាល ដែល​​កន្លង​មក​យើង​ឃើញមានការកើនឡើង​នូវ​ចំនួន​កម្មការនី​ដួលសន្លប់​ច្រើន​ឡើង​ៗ ​នៅតាម​រោង​ចក្រ​មួយ​ចំនួន​។​មួយ​វិញ​ទៀត បើ​មាន​​ការ​​ផ្តល់​លទ្ធភាព​ឈប់​សម្រាក​ដល់​ពួកគាត់​ពីរថ្ងៃក្នុង​មួយ​សប្តាហ៍​ (គឺ​ថ្ងៃសៅរ៍ និង​អាទិត្យ) គឺ​អាចឱ្យ​ពួក​គាត់​មាន​ឱកាស​គ្រប់​គ្រាន់​ក្នុង​ការសិក្សា​បន្ត​នៅ​ចុង​សប្តាហ៍​និង​ជំរុញ​សង្វាក់​អភិវឌ្ឍន៍ធនធាន​មនុស្សមាន​ដំណើរ​លឿនទៅមុខ​ មាន​ន័យ​ថា នៅពេល​​ពួកគាត់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​​ពួកគាត់​ផ្លាស់​ប្តូរ​អាជីព ឬ​អភិវឌ្ឍការងារ​របស់​ពួក​គាត់ឱ្យ​ល្អ​ប្រសើរ​​ ហើយ​ការងារ​កន្លែង​ចាស់​សម្រាប់​អ្នក​ថ្មី​ដែល​ទើ​ប​នឹង​ឡើង​មកបន្តវេន​។​តើ​យើង​មាន​ជម្រើសណា ល្អប្រសើរ​សម្រាប់គ្រប់​ភាគីទាំង​អស់​បាន​ទេ ដោយ​កុំឱ្យ​កម្មករ-កម្មការនី ជាជនរងគ្រោះ​សម្រាប់​ដំណើរ​ការអភិវឌ្ឍនេះ? ជាទូទៅ​ថ្នាក់​ដឹកនាំ​រោងចក្រ​ សហគ្រាស​យល់​ច្បាស់​ណាស់​ថា បើ​កម្មករ-កម្មការនី​សប្បាយ​រីក​រាយ​​ក្នុង​ការ​បំពេញ​ការងារ​នាំ​​ឱ្យសង្វាក់​ផលិតកម្មកើន​ឡើង​ ក៏​ប៉ុន្តែ​ម្ចាស់​រោងចក្រ និង​ក្បាល​ម៉ាស៊ីន​មួយ​ចំនួន​ប្រហែល​ជាមិន​សូវ​ចាប់អារម្មណ៍នឹង​ឃ្លា​ខាងលើនេះ​ទេ បែ​ជា​ប្រើប្រាស់​ការ​ឆ្លៀតឱកាស​ទាញ​យក​ផល​ប្រ​យោជន៍​ពី​​ភាពខ្វះចន្លោះនៃ​ការអនុវត្ត​​ច្បាប់​ទៅវិញ ការ​ប្រព្រឹត្តអំពើពុករលួយ និង​​បញ្ហា​ហ៊ុន​ខ្យល់។