Saturday, January 19, 2013

យុវជន និងនយោបាយ

ក្នុងការអភិវឌ្ឍប្រទេស គេមិនអាចទាត់ចោលតួនាទីយុវជនបានទេ ព្រោះ​យុវ​ជន​ជា​សសរ​ទ្រូងរបស់ប្រទេសជាតិ ។​ស្ថិតក្នុងន័យនេះ ប្រទេស​ជាតិមួយ​ត្រូវ​យកចិត្តទុកឱ្យបានមុតមាំក្នុងដុះខាត់យុវជន ឱ្យក្លាយជាមនុស្សមាន​សមត្ថ​ភាពគ្រប់គ្រាន់ពេញ​លេញដើម្បីប​ន្ត​តំណែងពីមនុស្សចាស់ក្នុងកិច្ចការ​ដឹកនាំ​ប្រទេស ។​អ្នកដឹកនាំដែល​ល្អ​ត្រូវផ្តល់ឱកាសដល់​យុវជន ក្នុងការ​អភិវឌ្ឍ​ភាព​​ជាអ្នកដឹកនាំ​របស់ខ្លួន និងផ្តល់កម្លាំងចិន្តានុភាព​ក្នុងការចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស ដែល​ជាគន្លឹះសំខាន់​ក្នុងការជំរុញ​សង្វាក់អភិវឌ្ឍឱ្យសន្ទុះលឿន និង​មាន​ស្ថេរភាព​-និរន្តរភាព ។ បើសិន​អ្នកដឹក​នាំនៅតាមស្ថាប័ន​នីមួយៗ មាន​អណត្តិយូរ នោះយុវជនជំនាន់​ក្រោយប្រហែលជាមិនមានកម្លាំងចិត្ត ក្នុង​ការ​ខិត​ខំសិក្សារៀនសូត្រ ប្រឹងប្រែងការងារ និងមិនមានឆន្ទះមុតមាំ​បង្ហាញ​ឱ្យ​អស់​សក្តានុពលភាពរបស់​ខ្លួន ដើម្បីសេចក្តីសង្ឃឹមអនាគតក្នុងការ​ប្រកួត​ប្រជែង​ធ្វើជាអ្នកដឹកនាំឡើយ ។មិនតែប៉ុណ្ណោះ បើការ​តំល៉ើងតួនាទី ធ្វើជាអ្នកដឹកនាំមិនបានផ្អែកជាសំខាន់ ទៅលើ​សមត្ថភាព​របស់​បុគ្គលនោះ វាកាន់តែមាន​សភាព​ធ្ងន់ធ្ងរ​ថែម​ទៀត​សម្រាប់យុវជន ពិសេសយុវជនក្រីក្រ ។យុវជន នឹងក្លាយ​ជា​មនុស្សចាស់ និងជា​ឪពុកម្តាយគេ​​នា​ពេល​អនាគត ដូច្នេះបើមាន​យុវជន​ចាប់​អារម្មណ៍​និងចូល​រួមច្រើន​ក្នុង​កិច្ចការ​នយោបាយ វាជាសញ្ញាណវិជ្ជមាន ព្រោះវា​បង្ហាញពី​សន្ទុះ​នៃកសាងភាព​ជាអ្នកដឹកនាំកាន់តែច្រើន ហើយ​ឥទ្ធិពល​នេះ​វា​អាចបន្តដល់កូនគេថែមទៀត ហើយ​ពេល​នោះ​​​ពាក្យ” នយោបាយ”​ លែង​ជា​ពាក្យដែលមាន​រូបារម្មណ៍គួរ​ឱ្យភ័យខ្លាច​ទៀត​ហើយ ។អ្នកដឹកនាំដែលល្អ គឺជា​អ្នក​បង្កើត​​អ្នកដឹកនាំឱ្យបានច្រើន មិនមែនបង្កើតអ្នកដើរតាម ចូលចិត្តអែបអប ឬមនុស្សរង់ចាំ​តែទទួលបញ្ជានោះទេ ។មួយវិញ​ទៀត​ អ្នកដឹកនាំមិនគួរប្រកាន់ និង​រាំង​ខ្ទប់នឹងការយល់ឃើញផ្សេងៗ​របស់យុវជន​ចំពោះការងារដឹកនាំទេ ព្រោះ​វា​ជារនាំង​ដែលបង្អាក់ការលូត​លាស់​ផ្នែក​គំនិត​យល់ដឹង​ពីកិច្ចការ​អភិវឌ្ឍ​សង្គម​ឬជំរុញ​យុវជនឱ្យ​មើល​ឃើញ​តែពី​ទិដ្ឋភាព​ដែលមានពន្លឺដែលអ្នកនយោបាយ ចុច​ពិលបំភ្លឺ ដោយមិនមាន​ការ​យល់ដឹងទូលំ​ទូលាយ គ្រប់ជ្រុង​ជ្រោយ​ ដែលករណីនេះ វានឹង​ជំរុញឱ្យ​ពួកគេ ក្លាយខ្លួនជាបោយរបស់​នយោ​បាយ​ប៉ុណ្ណោះ ។​ ជាការពិត បើយុវជនចាប់​អារម្មណ៍​​រឿងនយោបាយ ភាគច្រើនមិនមានពុតត្បុតទេ ដោយ​ពួក​គេព្យាយាម​បង្ហាញចេញនូវទស្សនៈ​យល់ឃើញ​របស់​​គេ ដោយស្មោះត្រង់ ។ក្នុងន័យនេះ បើពួកគេ យល់ឃើញ យ៉ាងម៉េច គេនឹង​បញ្ចេញមកយ៉ាងនោះ ដែល​លក្ខណៈ​នេះ ខុសពីមនុស្សចាស់ ដែលមានភាពប្រយ័ត្នប្រយែងច្រើន ។ជារួម ភាពខ្លាំង​របស់យុវជន​ គឺយុវជន​ដែល​មាន​ភាព​ជាអ្នកដឹកនាំ និង​ចូលរួមចំណែកសកម្មក្នុងកិច្ចការអភិវឌ្ឍប្រទេស ៕