យើងតែងតែឮការសរសើរមិនដាច់ពីមាត់របស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការខ្មែរជាច្រើន ពីការអប់រំនៅសម័យសង្គមរាស្ត្រនិយមដែលចូលរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យសម័យនោះមានការរីកចម្រើនខ្លាំង។ អ្នកខ្លះធ្លាប់ឆ្លងកាត់សម័យកាលជាក់ស្តែង ចំណែកឯអ្នកខ្លះទៀត គ្រាន់តែឮ និងថាតាមគេប៉ុណ្ណោះពិសេសយុវជនជំនាន់ថ្មី ។ អ្វីដែលធ្វើឱ្យពួកគាត់មានការភ្ញាក់ផ្អើលខ្លាំងគឺ ការយកចិត្តទុកដាក់លើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនរបស់រាជរដ្ឋាភិបាលនៅសម័យនោះ និងការផ្តល់ប្រាក់បៀរវត្សដ៏ច្រើនសន្ធឹកសន្ធាប់។ វិជ្ជាជីវៈគ្រូបង្រៀនត្រូវបានគេចាត់ទុកថាមានកិត្យានុភាពខ្ពស់ជាងគេបំផុត និងត្រូវបានគោរពយ៉ាងខ្លាំងនៅក្នុងសង្គម។ គ្រូបង្រៀនទទួលបានការគាំទ្រពេញលេញពីរាជរដ្ឋាភិបាល និងមានគន្លងអាជីពខ្ពង់ខ្ពស់ អាចក្លាយជាឧត្តមមន្ត្រី ឬជាអ្នកនយោបាយ។ ជាមួយគ្នានេះ គេក៏បានមើលឃើញពីលទ្ធផលសិក្សារបស់សិស្ស និសិ្សតប្រកបដោយគុណភាពផងដែរ។ ជាទូទៅពួកគាត់វាយតម្លៃថា សិស្ស និសិ្សតបញ្ចប់ការសិក្សានៅមធ្យមសិក្សា ឬឧត្តមសិក្សាសុទ្ធតែមានសមត្ថភាពខ្ពស់ ជាធនធានដ៏មានសក្តានុពលពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស១(កំណែទម្រង់វិស័យអប់រំនៅកម្ពុជា មាគ៌ាឆ្ពោះទៅរកសង្គមពុទ្ធិនិងវិបុលភាព ហង់ជូនណារ៉ុង ២០១៦ ទំព័រ៧៥)។ ទិដ្ឋភាពនេះ បង្កើតឱ្យមានក្តីស្រមៃជាច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសគ្រូបង្រៀននៅសម័យបច្ចុប្បន្ននេះ និងមានបំណងចង់ឱ្យប្រព័ន្ធអប់រំខ្មែរដូចសម័យសង្គមរាស្ត្រនិយម ។
ជាការពិត គំរូនៃប្រព័ន្ធអប់រំនៅសម័យមួយវាតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយរបស់វា។បើយើងសម្លឹងតែជ្រុងមួយនៃទិដ្ឋភាពអប់រំនៅសម័យសង្គមរាស្ត្រនិយម យើងឃើញសុទ្ធតែចំណុចវិជ្ជមានដែលមានឥទ្ធិពលលើសលុបលើចំណុចអវិជ្ជមាន ដែលមិនសូវមានអ្នកចាប់អារម្មណ៍។ការកែទម្រង់ប្រព័ន្ធនៅសម័យមួយ វាឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្តែងនៅសម័យនោះ។ ថ្វីត្បិតតែ វាមានចំណុចល្អជាច្រើនដូចដែលបានបង្ហាញខាងលើ តែវាក៏មានចំណុចមិនល្អមួយចំនួនផងដែរ ដែលវាមិនបានឆ្លើយតបទៅនឹងប្រព័ន្ធអប់រំនៅកម្ពុជាបច្ចុប្បន្ន និងនិន្នាការអប់រំនៅលើពិភពលោក។ជាក់ស្តែង ប្រព័ន្ធអប់រំនៅសម័យសង្គមរាស្ត្រនិយម មានលក្ខណៈជាសាជីកំពូលស្រួច ដែលផ្តោតតែទៅលើគុណភាព ដោយមិនគិតពីសមធម៌។ ប្រព័ន្ធអប់រំនេះ ចំរាញ់តែមនុស្សមានសមត្ថភាពខ្ពស់ ដែលធ្វើឱ្យអត្រាបោះបង់ការសិក្សាមានកម្រិតខ្ពស់។ មានសិស្សនៅមធ្យមសិក្សាទុតិយភូមិ៣%ទំ.៧៨ប៉ុណ្ណោះដែលបានប្រឡងជាប់ និងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ មកដល់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធអប់រំប្រទេសកម្ពុជា បានអនុលោមតាមការប្រព័ន្ធអប់រំមួយដែលប្រកបដោយគុណភាពផង និងសមធម៌ផង។ ដោយមើលឃើញគុណវុឌ្ឍិដ៏ត្រចេះត្រចង់ ផលប្រយោជន៍ទទួលបានរបស់គ្រូបង្រៀន និងភាពរីកចម្រើនរបស់ប្រទេសជាតិនៅសម័យនោះ ទើបម្នាក់ៗចង់យុគសម័យនោះវិលត្រឡប់មកវិញម្តងទៀត។
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!