តើអំពើហឹង្សាក្នុងគ្រួសារជាអ្វី ? តើប្តី-ប្រពន្ធមានយល់ឃើញដូចម្តេចខ្លះចំពោះកំហុសឆ្គងទាំងឡាយដែលកើតមានឡើងក្នុងរង្វង់គ្រួសារ?ហើយពួកគាត់ឆ្លើយតបយ៉ាងដូចម្តេច ?តើអំពើហឹង្សាក្នុងគ្រួសាររវាងប្តី និងប្រពន្ធមានរូបភាពដូចម្តេចខ្លះ? តើសង្គមយល់ឃើញយ៉ាងម្តេចខ្លះចំពោះអំពើហឹង្សានេះ ?
អំពើហឹង្សាក្នុងគ្រួសារមានន័យថា ការប្រើអំពើហឹង្សាលើសមាជិកក្នុងគ្រួសារតែមួយ ដែលអាចកើតទៅលើ ប្តី-ប្រពន្ធ កូនក្នុងបន្ទុក និងជនទាំងឡាយរស់នៅក្នុងដំបូលផ្ទះ និងក្នុងគ្រួសារតែមួយ ។អំពើហឹង្សាក្នុងគ្រួសារមាន៤ ប្រភេទ គឺ៖ អំពើហឹង្សាលើរូបរាងកាយ អំពើហឹង្សាផ្នែកផ្លូវចិត្ត ផ្នែកសេដ្ឋកិច្ច និងអំពើហឹង្សាលើផ្លូវភេទ ។សម្រាប់ការបកស្រាយបង្ហាញក្នុងសៀវភៅនេះ គឺលើកតែអំពើហឹង្សាដែលកើតឡើងរវាង ប្តី-ប្រពន្ធតែប៉ុណ្ណោះ ហើយសម្រាប់អំពើហឹង្សាកើតលើកូនក្នុងបន្ទុក មានការបកស្រាយតិចតួច ដោយការបកស្រាយលម្អិតគឺមាននៅក្នុងផ្នែកបន្ទាប់ស្តីអំពីការវិភាគពីវិស័យអប់រំ ។
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៃជីវិតប្តី-ប្រពន្ធខ្មែរភាគច្រើន មិនសូវបានយកបញ្ហា ចំណុចខ្វះខាត ឬកំហុសឆ្គងទាំងឡាយ មកដាក់លើតុ ហើយអង្គុយទល់មុខគ្នាពិភាក្សា ដោះដូរយោបល់ រកផ្លូវដោះស្រាយទេ ពួកគាត់ភាគច្រើន ចូលចិត្តចាប់ចំណុចខ្សោយគ្នា និងសន្សំចំណុចអវិជ្ជមានទាំងអស់នោះទុក ដែលហាក់ដូចជាសន្សំភ្លើងនាំឱ្យកើតទោមនស្សនៅក្នុងចិត្តអញ្ចឹងដែរ ។ការសន្សំនេះ មិនដូចសន្សំទ្រព្យទេ បានច្រើនកាលណា ក្តីមហន្តរាយជីវិតគ្រួសារកាន់តែធ្ងន់ធ្ងរកាលនោះ ។បើសិនពួកគាត់មានទម្លាប់យកបញ្ហាទាំងអស់នោះ មកពិភាក្សាដោះស្រាយ ដោយសន្តិវិធី និងទទួលយកដោយសុចិ្ចត រាល់ពេលកើតមានបញ្ហា នោះរឿងរាវ ជីវិតគ្រួសារមិនសូវធ្ងន់ធ្ងរទេ ។ប៉ុន្តែបើពួកគាត់សន្សំទុកច្រើន ដល់ពេលផ្ទុះ នោះលែងអាចគ្រប់គ្រងបានហើយ ពោលគឺភាគីទាំងសងខាងលែងអាចនិយាយស្តាប់គ្នាបានប្រកែក ប្រកាន់ និងលើកហេតុផលយកឈ្នះរៀងៗខ្លួន ដែលករណីនេះភាគច្រើននាំទៅរកការប្រើអំពើហឹង្សាក្នុងគ្រួសារ និងការលែងលះគ្នា ។ជាក់ស្តែងគ្រួសារមួយចំនួនដែលមិនសូវឈ្លោះប្រកែកគ្នាប៉ុន្តែដល់ពេលឈ្លោះគ្នាម្តង ក៏លែងលះគ្នាតែម្តង នេះមកពីបញ្ហាខាងលើនេះឯង ។មួយវិញទៀត គ្រួសារមួយចំនួនមិនសូវអនុវត្តការពិភាក្សារកដំណោះស្រាយបញ្ហាដូចខាងលើនេះទេ ច្រើនប្រើផ្លូវកាត់ មិនសូវនិយាយគ្នាដោយត្រង់ៗចូលចិត្តរអ៊ូរទាំ និងរំលើកចំណុចខ្វះខាតទាំងនោះដដែលៗក្នុងពេលវេលា និងកាលៈទេសៈមិនសមស្រប ដែលនាំឱ្យកើតកំហឹង ។ការនិយាយបែបនេះ មិនមានប្រយោជន៍អ្វីឡើយ ព្រោះភាគីម្ខាងទៀត មិនមានសុឆន្ទៈចង់ស្តាប់និងទទួលយកគំនិត ដែលភាគច្រើនវាផ្តល់ផលអវិជ្ជមានច្រើនជាងវិជ្ជមាន ។ មួយវិញទៀត បើនិយាយពីអំពើហឹង្សាក្នុងគ្រួសារ ជាទូទៅសង្គមបានផ្តោតទៅលើបុរសមុនគេ ដែលជាអ្នកបង្កហេតុ ព្រោះគេផ្តោតជាសំខាន់ទៅលើផលទាំងឡាយនៃអំពើហឹង្សាក្នុងគ្រួសារ ពិសេស អំពើហឹង្សាលើរូបរាងកាយ ដោយមិនសូវចាប់ អារម្មណ៍នឹងហេតុមកពីអំពើហឹង្សាផ្នែកផ្លូវចិត្ត និងផ្លូវផ្សេងៗ ទៀតទេ ។ដូច្នេះ ការមើលឃើញបែបនេះ អាចមើលឃើញផលដែលត្រូវបានបង្ហាញ ជាជាងហេតុពិតប្រាកដ ដែល នាំ ឱ្យ កើតបញ្ហា ។ សូមបញ្ជក់ថា អំពើហឹង្សាផ្លូវចិត្ត និងផ្លូវកាយមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ពោលគឺមាន ភ្លើង ទើប មានផ្សែង ។
ការយល់ឃើញដោយឡែកមួយទៀតបានបង្ហាញថា គូស្រករខ្មែរមួយចំនួនហាក់ដូចជាផ្តល់ក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅ មក ក្នុងរយៈពេលខ្លីពេក ក៏ឈានដល់របត់ជីវិតថ្មី ហើយក្តីស្រលាញ់ភាគច្រើនត្រូវបានលះបង់ទៅឱ្យកូនទៅវិញ ។ ស្ថិតក្នុងរូបភាពនេះ ចំពោះអ្នកដែលមិនចេះប្រើប្រាស់ សុភមង្គលនៃសេចក្តីសេ្នហា ធ្វើឱ្យក្តីស្រលាញ់រវាងប្តី-ប្រពន្ធ ចុះថមថយថាមពល ដោយសារការលេចឡើងនូវបញ្ហាជីវិត ការលេចចេញនូវចំណុចខ្សោយរបស់ដៃគូបន្ទាប់ពីអាពាហ៍ ពិពាហ៍ ការបំពេញតម្រូវការផ្លូវភេទ មិនគ្រប់គ្រាន់ និងមានពេលវេលាតិចតួចពេក សម្រាប់កសាងរសជាតិ និងគុណភាព ជីវិតដែលករណីនេះ អាចធ្វើឱ្យមានមូលដ្ឋានគ្រឹះនៃសេចក្តីស្នេហាស្វាមី-ភរិយាមិនរឹងមាំ និងនាំទៅរកការប៉ះ ពាល់ ដល់សុខភាពផ្លូវចិត្តបុរស និងស្រ្តី ពិសេសគូស្រករដែល រៀបការទាំងវ័យក្មេង ។ស្ថិតក្នុងន័យនេះ នៅក្នុងជីវិតគ្រួសារ នេះ កូនដើរតួនាទីសំខាន់សម្រាប់សុភមង្គលគ្រួសារ និងជាចំណងចងជំនួសក្តីស្រលាញ់រវាងប្តី-ប្រពន្ធមួយភាគធំទៅវិញ ។នេះ ប្រហែលជាហេតុផល មួយដែលបុរស និងស្រ្តីជនជាតិកូរ៉េ និងជប៉ុន ដែលខ្ញុំធ្លាប់ជួប និងធ្លាប់រួមការងារ ជាមួយ ភាគច្រើនមិនទាន់មានគ្រួសារ ទាំងពួកគេ ទាំងអស់នោះមានអាយុ២៩,៣០ និងជាង៣០ ទៅហើយ ។ ពួកគេ ប្រហែលជាចង់ប្រើប្រាស់សក្តានុពលភាពរបស់ខ្លួនដើម្បីបង្កើនគុណភាពជីវិត និងស្វែងរកបទពិសោធ និង រស ជាតិ ជីវិតដែលស្ថិតក្នុងយុវវ័យរបស់ខ្លួនឱ្យបានយូរ មុននឹងរៀបចំកសាងគ្រួសារ ។ ខ្ញុំប្រើប្រាស់ពាក្យថាប្រហែល ព្រោះ ខ្ញុំមិនបានសិក្សាស៊ីជម្រៅ និងយល់ច្បាស់លាស់ពីវប្បធម៌របស់ជនជាតិទាំងពីរនេះទេ ។ប៉ុន្តែអ្នកនិពន្ធ ជឿជាក់ ថា រឿងមួយដែលខ្មែរខុសពីជនជាតិខាងលើនោះគឺ៖ ក្នុងការជ្រើសរើសគូជីវិត ភាគច្រើនមិនចង់បានដៃគូ ដែល មានចំណេះដឹង និងបទពិសោធរឿងស្នេហា ឬធ្លាប់ឆ្លងកាត់ការរួមភេទមុនរៀបការនោះទេ ពិសេសចំពោះបុរស ។ជាក់ ស្តែងគឺមានតែការជ្រើសរើសបុគ្គលិកសម្រាប់បម្រើការងារប៉ុណ្ណោះ ដែលជានិច្ចកាល អ្នកដែលមានចំណេះដឹង និងបទ ពិសោធច្រើន គេត្រូវការជាចាំបាច់នោះ ។ជាការពិត ករណីនេះអាចមើលរំលងពីគុណសម្បតិ្តវាខ្លះដែរ ព្រោះថា ចំណេះដឹង និងបទពិសោធធ្វើឱ្យបុរស និងស្រ្តីត្រៀមលក្ខណៈបានល្អប្រសើរ មុននឹងចាប់ផ្តើមកសាងជីវិតគ្រួសារ ។អ្នក និពន្ធសូមបញ្ជក់ថា ទស្សនៈនេះមិនមានចេទនា ប្រឆាំងនឹងទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរទេ ប៉ុន្តែ សាកល្បង ឱ្យបុគ្គល រៀនបើកចំហចិត្តប្រកបដោយគតិបណ្ឌិត និងឈរលើជំហវិចារណញាណ ក្នុងការស្វែងយល់ និងថ្លឹងថ្លែង ពីបញ្ហា នេះ ពិសេសបញ្ហាជីវិតគ្រួសារ ក្នុងបរិបទសម័យសាកលភាវូបនីយកម្ម ។ដើម្បីបញ្ជក់ពីបញ្ហានេះ ខ្ញុំសូមលើក ឧទាហរណ៍ អំពីការយល់ឃើញរបស់ស្រ្តីមួយចំនួននៅពេល បច្ចុប្បន្នអំពីការសម្រេចចិត្តជ្រើសរើសមិត្ត១០០ឆ្នាំ ដោយអោយ តម្លៃទៅលើបុរសមានវ័យចំណាស់បន្តិច ពិសេសស្រ្តីដែលធ្លាប់មានបទពិសោធរឿងស្នេហា និងធ្លាប់ជួប វិបត្ត ខក ចិត្ត រឿងនេះ ។ពួកគាត់យល់ឃើញថា ការរៀបការជាមួយបុរសដែលមានវ័យចំណាស់ជាងអាចដឹកនាំជីវិតគ្រួសារ ឆ្ពោះទៅរកត្រើយសុភមង្គលដោយសារគាត់មានការយល់ដឹងរាក់ជ្រៅ ចេះយល់ចិត្ត និងចេះថ្នាក់ថ្នមភរិយា បាន ល្អ ។នេះ មិនមែនមកពីគុណសម្បត្តិរបស់អ្នកដែលចំណេះដឹង និងបទពិសោធរឿងស្នេហាទេឬ?រឿងអី! គាត់មិន ចេះថ្នម និង យល់ចិត្ត ព្រោះគាត់មានបទពិសោធ រឿងនេះ និងអាចធ្លាប់បាញ់អស់ជាច្រើនគ្រាប់ទៅហើយ ទំរាំមកដល់ពេលរៀបការ នេះ ដែលលក្ខណៈនេះខុសពីបុរសវ័យក្មេង ដែលភាគច្រើន នៅខ្វះចំណេះដឹង និងបទពិសោធ ។
ដោយៈ ចៅ ឧស្សាហ៍ គ្រូបង្រៀនកម្រិតឧត្តម
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!