Tuesday, October 9, 2012

2-បញ្ហានៃការអប់រំ

តាមរយៈការអង្កេតសម្ភាសជាមួយសិស្ស នៅថ្នាក់មធ្យមសិក្សា មួយ​ចំនួន​កន្លង មក​បង្ហាញថា​លោក​គ្រូ-អ្នក គ្រូមួយ ចំនួន​នៅសម័យបច្ចុប្បន្ន មានឥរិយាបថ​អវិជ្ជមាន​​ច្រើនទាក់​ទង​នឹង​​សកម្មភាពអប់រំ ដែលជា សញ្ញាណ បញ្ជក់ពី​សភាព​គួរឱ្យ​ព្រួយ​បារម្ភ​​បំផុត​​សម្រាប់​អនាគត ។ដោយ​ហេតុផល​​គ្រូបង្រៀន​មាន ប្រាក់ បេវត្ស​ទាប លោកគ្រូ-អ្នកគ្រូ មួយចំនួនបានចាប់​​ សិស្សជាចំណាប់ខ្មាំង ដើម្បី ប្រាក់​តាម​រយៈ​​ការគៀប​សិស្ស​និង​ការ​បង្កើត​​ការបង្រៀន​គួរក្រៅ​​ម៉ោង។​ការ​បង្រៀន​​​គួក្រៅ​​ម៉ោង​មិន បាន​​ផ្តល់ភាព​ចំណេញ​ដល់​សិស្ស​ទេ ព្រោះវា​បាន​បន្ថែម​​ម៉ោង​​សិក្សា​​​​ដល់ សិស្ស លើស​កំណត់ និង​មិនមាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​សិស្ស​​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​​រៀន​សូត្រ​​ខ្លួន​​ឯង ។តាម​រយៈ​ការ​បង្រៀន​​គួក្រៅ​ម៉ោង​ វា​អាច​ឱ្យគ្រូ​បង្រៀន​បែកបាក់​​ផ្ទៃក្នុង​​ព្រោះ​ទំនាស់ផល​ប្រយោជន៍ និងភាព​ច្រណែន​គ្នា ពិសេស​មិន​មាន​​មនសិកា​រ​​ការ​ងារ​រឹង​មាំ​​នៅ​ក្នុងម៉ោងសិក្សារដ្ឋ ឬបង្រៀនសិស្សមិនច្បាស់លាស់ ដោយលាក់​​ទុកល្បិច​សម្រាប់​ការ​បង្រៀន​ក្រៅ​​ម៉ោង ។ ជា​ទូទៅ​​យើង សង្កេត គ្រូយក​ចិត្តទុក​ដាក់​បង្រៀនសិស្ស​ខ្លាំងថ្នាក់​គូក្រៅម៉ោង ជាជាង​បង្រៀននៅក្នុង​​ម៉ោង​រដ្ឋ ។​​មួយ​វិញ​ទៀត​ ការបង្រៀន​គូនេះ វាអាច​ធ្វើឱ្យមាន​​​ភាពអយុត្តិធម៌ក្នុង​ការដាក់​ពិន្ទុ ដល់​​ការ​សិក្សា​​របស់​សិស្ស​។​ពិត​​ណាស់ លោក​គ្រូ-អ្នកគ្រូមួយចំនួនធំ នឹង​​មាន​ភាព​លម្អៀង​​ទៅលើ​សិស្សដែលរៀន​​គូជាមួយ​ខ្លួន​ ដែលអាច​​ឱ្យ​សិស្ស​ដទៃ​ទៀត​បាក់​​ទឹក​ចិត្ត ហើយការសិក្សាធ្លាក់ចុះ ។ម្យ៉ាងទៀត​ ការបង្រៀនគួរនេះ ធ្វើ​ឱ្យ​សិស្ស​មាន​ទម្លាប់​មិនល្អ មិន​យក​ចិត្ត​ទុក​ដាក់​​ក្នុង​សិក្សារៀន​សូត្រ និង​មិនពឹង​ផ្អែក​លើ​សមត្ថភាពខ្លួនឯងដើម្បីអភិវឌ្ឍន៍​​ចំណេះដឹង​ ហើយ​​សម្លឹង​ឃើញ​​គុណ​សម្បត្តិ​របស់លុយ​ក្នុង​ដំណើរការបង្រៀន និង​រៀនទៅវិញ​ ពិសេស​គឺ​ឥទ្ធិពល​ដ៏លើសលុប​របស់វា ទៅលើ​ដំណើរ​​​ជីវិត​របស់​គាត់​​។លើសពីនេះ​ទៅទៀត​ វា​បាន​បង្កើតជា​វប្បធម៌​ចំណាយប្រាក់​ក្នុងការសិក្សា​ បើទោះបី​ការចុះ​ចូល​រៀន​​មិន​បង់​ប្រាក់​ក៏ដោយ​​ក៏​ការចំណាយ​ក្នុង​ការ​រៀន​សូត្រ​សម្រាប់​សិស្ស​​មួយឆ្នាំ​ទៅ មួយ​ឆ្នាំ​​មាន​​ការ​កើន​ឡើង (មន្ត្រី​អប់រំ អាច​បង្កើត​ឧបករណ៍​Survey បានដើម្បីបញ្ជក់​ភស្តុតាងពីបញ្ហានេះ ​) ។ករណីនេះ នៅ​ពេល​រាល​​ដាល​ធំទៅៗ វា​បង្កើត​ជា​រនាំងឧបសគ្គសម្រាប់​គ្រួសារ​ក្រីក្រ នាំទៅរកការបាក់​ទឹក​ចិត្ត និង​បាត់​បង់​ជំនឿលើ​ការ​សិក្សា ឧទាហរណ៍​ការ​ឱ្យ​កូន​ឈប់​រៀន ទៅធ្វើការងារ​រោងចក្រជាដើម...។ ផលវិបាកមួយទៀត គឺវា​ធ្វើឱ្យ​សិស្ស​អសកម្ម មិនឱ្យ​តម្លៃការ​សិក្សា​ និង​ចេះ​ពុករលួ​កសួក​ប៉ាន់ ។​សាកល្បង​សង្កេតទៅលើ​ការអប់រំ តាំងពី​បឋមសិក្សា រហូតដល់ មធ្យម​សិក្សា តើ​យើង​ឃើញ​មានវប្បធម៌នៃអំពើពុករលួយ ត្រូវបានដាក់បញ្ចូលដោយ​ឥតដឹងខ្លួន​ក្នុង​ដំណើរ​បង្រៀន និងរៀន​ដែរឬទេ ? ឧទាហរណ៍​បើ កុមារ​នៅសាលាបឋមសិក្សា ទៅរៀន​ក្នុងសាលារដ្ឋហើយ​លោក​គ្រូ-អ្នក​គ្រូ មួយចំនួន​តម្រូវឱ្យ​បង់​ប្រាក់​ប្រចាំថ្ងៃឬ ឪពុក​ម្តាយ​បាន​ដាក់​លុយ​មួយចំនួន​ក្នុង​សៀវភៅ​តាម​ដាន​ការ​សិក្សា​របស់​កូន​ឱ្យ ​គ្រូ ដាក់​ច្រើនកូនរៀន​បាន​ចំណាត់​ថ្នាក់​ល្អ ឬជូនកាដូ ...តើនេះ មិន​មែន​យើង​កំពុងតែ​ដុះខាត់​កុមារ​ឱ្យ​ចេះ ពុក​រលួយ ស៊ីសំណូក​សូកប៉ាន់​ទេឫ? ស្ថិត​​ក្នុង​រូបភាព​​ខាងលើ​ តើវាធ្វើឱ្យ​ឪពុក​ម្តាយ អាណាព្យាបាល​របស់​សិស្សា​នុសិស្ស​បាត់​បង់​ទំនុក​ចិត្ត​លើ​ការសិក្សា​ នៅ​សា​លារដ្ឋដែរ​ឬទេ?ចំណុចនេះ អ្នកវិភាគសូមមិនឆ្លើយទេ ទុកឱ្យ​អ្នក​​អាន​ អ្នក​សិក្សាជួយ​វិនិច្ឆ័យចម្លើយដោយខ្លួ​ន​ឯង​ចុះ ។រូបភាព​ខាងលើ​ភាគច្រើន​កើត​នៅ​តំបន់​ដែល​មាន​សេដ្ឋ​កិច្ច​ខ្ពស់ ចំណែក​ឯ​តំបន់​ជនបទ​​ តើមានរូបភាព​ដូច​ម្តេច​ខ្លះ​វិញ ? ស្ថិតក្នុង​ស្ថានភាព​សេដ្ឋកិច្ចគ្រូបង្រៀន​និង​ឪពុក​ម្តាយ​ អាណាព្យាបាល​​នៅតាម​ជនបទ​ទាប គ្រូគ្មាន​ជម្រើស​​ដូច​បង្ហាញខាង​លើ ឡើយ ប៉ុន្តែ វាអាច​ចេញ​ជាភាព​មិន​សូវយកចិត្តទុកដាក់​លើ​ការបង្រៀន​និង​រៀន ដែល​ធ្វើ​ឱ្យ​ការ​សិក្សា​របស់សិស្សធ្លាក់ចុះ។ ​ខាងលើ យើង​លើក​ចោទ​ជាបញ្ហាសម្រាប់តែ​ពីសាលា​បឋម​សិក្សា ចុះនៅ​មធ្យម​សិក្សា​​យ៉ាង​ម៉េច​ដែរ ?(សូមបញ្ជក់​ថា​អ្នកវិភាគ​សូមលើក​ជា​ឧទាហរណ៍​ប៉ុណ្ណោះព្រោះ​យើង​មិនមាន​ ឧបករណ៍​ស្រាវ​ជ្រាវ​ជាក់​លាក់ទេ ។)​បើសិន​នៅតាមសាលាអនុវិទ្យាល័យ-វិទ្យាល័យ​មួយចំនួន មាន​លោក​គ្រូ​-អ្នក​គ្រូ​មួយចំនួន​ផ្តោត​ទៅលើ​ផល​ប្រយោជ​ន៏ ផ្ទាល់​ខ្លួន​តាមរយៈការ​ស្វះស្វែង​រក​ឱកាស​ក្នុង​ការ​ទាញយក​ប្រយោជន៍​ពីសិស្ស ​នោះ វានាំ​ឱ្យ​ការអប់រំ​​មាន​ទិស​ដៅ​ឆ្ពោះ​ទៅ​រក​ការ​រក​លុយ ទៅវិញ ដែល​ជៈឥទ្ធិពលអាក្រក់បំផុត​ដល់​សិស្ស។​បញ្ហានេះ​វាបាន​ប្រែ​ក្លាយសកម្មភាពអប់រំ ទៅ​ជាការប្រកួត​ប្រជែង​អាជីវកម្ម​យ៉ាង​គគ្រឹកគ្រេង ស្ទើរគ្រប់​មុខវិជ្ជា ។​ឧទាហ​រណ៍​បើសិស្សមិន​ចង់​រៀន​ម៉ោងកាយ​សិក្សា​​អាច​បង់​លុយ​ដើម្បីយក​ពិន្ទុ បង់​លុយច្រើន បាន​ពិន្ទុច្រើន ហើយ​បង្កើត​​ឱ្យមាន​ការបង្រៀន​គួ​ក្រៅម៉ោងស្ទើរ​គ្រប់​មុខវិជ្ជា​ ដែលវាគួរឱ្យ​អស់​សំណើច​បំផុត ។បើសិស្សអាច​ទិញ​ពិន្ទុ​បាន ចំណាត់​ថ្នាក់​បាន​ ទិញ​អវត្ត​មាន​ តើខំរៀន​ដើម្បី អ្វី ?តើសន្ទុះនៃការ​សិក្សា​របស់​យុវជនមានដំណើរវិវត្តទៅមុខ​ខ្លាំង​ទេ ?តើ​អ្នក​មានសង្ឃឹមថា​កូន​របស់​​អ្នក​នឹង​ក្លាយ​ជា​សិស្សពូកែបាន​ទេ បើអ្នក​មិន​មាន​​លុយ​គ្រប់​គ្រាន់​សម្រាប់​ចំណាយ​ដល់​គាត់​ក្នុង​ការ​រៀន​ សូត្រ​នោះ ?តើ​គ្រួសារ​ក្រីក្រ​មាន​អារម្មណ៍បែបណា​ចំពោះ​ស្ថាន​ភាព​សង្គម​បែប​នេះ ? តើ​សិស្សា​នុសិស្ស​ដែល​មក​ពី គ្រួសារ​ក្រី​ក្រ​ទទួល​រង​ភាព អយុត្តិធម៌​និង​លំបាកប៉ុណ្ណា ?តើ​អ្នក​មានសេចក្តីសង្ឃឹម​លើអនាគត​អ្នកទេ ?តើគោលនយោបាយ​ ការចុះ​ឈ្មោះ​ចូល​រៀន​​​មិនបង់​ប្រាក់​ មាន​ប្រសិទ្ធភាព​ទេ ?​ជារួម​តើ​រយៈ​ពេល​១២​ឆ្នាំ ក្នុង​ការ​អប់រំ​ សិស្សានុសិស្ស​រៀន​ពីអ្វី​ច្រើន​ជាង​គេ ?​ក្នុង​ប្រព័ន្ធគំនិតរបស់​សិស្ស និស្សិត​ភាគច្រើន​នៅ​កម្ពុជា​ ផ្តោតតែ​ទៅ​លើ លុយជាសំខាន់​ព្រោះ​គេ​ទទួលឥទ្ធិពលនេះ ពីសាលារៀនរបស់គេ​! គេ​រៀន​គឺ​ដើម្បី​មាន​ការងារល្អ​ ប្រាក់​ខែ​ខ្ពស់​ និងមាន​លុយច្រើន មុន​នឹងមាន​គំនិត​ស្នេហាជាតិ​មាតុ​ភូមិ ​និង​ស្រឡាញ់សច្ចភាព​ យុត្តិធម៌។​មកដល់នាទីចុងក្រោយ នៃការបញ្ចប់ការសិក្សាគឺ​ការ​ប្រឡង ទាំង​ការ​ប្រឡងបញ្ចប់មធ្យមសិក្សាបឋមភូមិ និង​ទុតិយភូមិ​​នៅ តែ​វត្តមាន​លុយ​សំខាន់​ដដែល  ហើយ​រលក​នៃ​ការ​ចំណាយ​លុយ​​សម្រាប់ការប្រឡង​បាន​កើន​ឡើង​ពី​មួយឆ្នាំទៅ​ មួយឆ្នាំ និងរាលដាល​តាំង​​ពី​ទីក្រុង​រហូត​ដល់​ជន​បទប៉ុន្មាន​ឆ្នាំចុង​ក្រោយ​ ពិតជាធ្វើឱ្យ​ឈឺសើចមែន ។បើសិស្សអាចទិញវិញ្ញាសាបាន​តើ​ប្រឡង​ដើម្បីអ្វី ?តើការ​ប្រឡង​ជាការ​រកលុយ​មែន​ទេសម្រាប់លោកគ្រូ-អ្នកគ្រូ ? តើនេះ​ជាយុទ្ធសាស្រ្ត​ ដើម្បី​បង្កើន​សិស្ស​​ឱ្យបានច្រើន​ក្នុងការបន្ត​ការ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យឬ ? បើវាដូច្នេះ មែន តើវាមានភាពចំណេញ​ទេ​បើទោះ​ជាយើងបានរក្សាពួកគាត់រយៈ ពេល​៤ឆ្នាំ​បន្ថែម​ទៀត​នៅថ្នាក់មហាវិទ្យាល័យ​នោះ?​បើ​មាន​ករណី​ដូចរៀបរាប់ទាំងនេះ មែន យើងកំពុងដេកបើកភ្នែក មើល ដំណើរ​ឆ្ពោះ​ទៅ​រកការ​បំផ្លាញខ្លួនឯង​ហើយ ។គុណភាព​អប់រំធ្លាក់ចុះ ហើយ​ភាព​អស់ជំនឿលើការសិក្សារបស់ស្រទាប់​គ្រួសារ​​ក្រីក្របាននិងកំពុងកើន​ឡើង​ ហើយ​អត្រាឈប់​រៀនដើម្បីធ្វើការងារ​កើន​ឡើង ផងដែរដូច​ជាចំណាកស្រុក​ទៅ​ធ្វើការ​​នៅប្រ​ទេស​ជិតខាង ធ្វើកម្មករ​រោង​ចក្រ កម្មករ​សំណង់...​ដែល​ភាគច្រើន​ជាការងារ​ដែល​មាន​កំរៃទាប និង​មិន​មាន​ភាព​ជាម្ចាស់លើការ​អភិវឌ្ឍបង្កើត​ការងារ​ដោយខ្លួនឯង ហើយអនាគត​យើង​ពិតជាដណ្តើម​បាន​ទីផ្សារ​ការងារ​លើស​លុប ក្នុង​សហគមអាស៊ាន​ផ្នែក កម្មករ​ប្រើកម្លាំង មិនមែន​កម្មករ​ជំនាញ​ទេ។​តើអនាគត ធនធាន​មនុស្ស​របស់​ប្រទេស​​កម្ពុជា​គ្រប់​​គ្រាន់​ទេ ក្នុង​បរិបទ​សហគមអាស៊ាននោះ ?សម្រាប់​ជីវភាព​គ្រូ​បង្រៀន អ្នកវិភាគ​យល់​ច្បាស់ណាស់ ថាពិត​ជានៅ​មាន​​កម្រិត​ទាប ដែល​ទាម​ទារ​ឱ្យ​មាន​ការផ្តល់​នូវ​ប្រាក់​កំរៃ​សមស្រប​សម្រាប់​ដោះស្រាយ​ ជីវភាព​រស់នៅ​សមរម្យ ។​ស្ថិតក្នុង​ស្ថាន​ភាព គ្រូ​បង្រៀន​​បច្ចុប្បន្ន ឥរិយាបថអវិជ្ជមាន​របស់​លោក​គ្រូ​-អ្នក​គ្រូ មួយចំនួន​បាន​ប្រែក្លាយ​ទៅ​ជា​​ទម្លាប់​ឆ្ពោះ​ទៅ រក​វប្បធម៌​ហើយ​ ហើយ​បើ​ទោះ​បី ជា​រាជរដ្ឋាភិបាល​តំលើង​ប្រាក់​បៀវត្ស​សមរម្យ​ក៏​ដោយ​ ក៏​សកម្ម​ភាព អសកម្ម​មួយ​ចំនួនធំ នៅតែមាន​អត្ថិភាពដដែល ដូចជា​៖ ការ​គៀបសិស្ស​ដើម្បី រៀនគួជាដើម ។ដូច្នេះ គឺ​មាន​តែការ​ចេញ​សារាចរ​ហាម​ការ​បង្រៀនគួទេ ទើបមាន​ប្រសិទ្ធភាព លើក​លែង​តែការ​បង្រៀន​ភាសាបរទេស​ និង​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត​កុំព្យូទ័រ ។ជារួម​យើង​​មិនគួរបណ្តោយ​វា​ទៅជា​ជម្ងឺមហារីកទេ គប្បី​ព្យាបាល​​ឱ្យ​ទាន់​ពេល​វេលា​និង​ឆាប់​បំផុត ៕
ដោយៈ ចៅ ឧស្សាហ៍ គ្រូបង្រៀនកម្រិត​ឧត្តម
ការដែលមានក្មេងបង្ហាញចំណុចខ្សោយរបស់មនុស្សចាស់​ហើយមនុស្ស​ចាស់ ទាមទារឱ្យបង្ហាញភស្តុតាងជាក់លាក់​នោះ វាគ្រាន់តែបង្ហាញភាព​កំសាកមួយតែប៉ុណ្ណោះ”​ousa

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!