Thursday, October 4, 2012

ភ្នាក់ងារអភិវឌ្ឍន៍និងប្រជាពលរដ្ឋក្រីក្រ


តំបន់​គោលដៅ​របស់​អ្នកអភិវឌ្ឍន៏​ភាគច្រើនគឺសហគមន៏ក្រីក្រ ។អ្នក​ទទួល​ផល​សំខាន់​នៃ​ការ​អនុ-​វត្ត​គម្រោង​គឺ​ប្រជា​ពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ​ពិសេសជនដែលមិនសូវមានអ្នកតំណាងដូចជា៖​ស្រ្តីមេម៉ាយ កុមារកំព្រា ជន​ពិកា​....។ទស្សនៈ ​វិស័យរបស់ពួកគេភាគច្រើនគឺចង់ឃើញសង្គម​មួយប្រកប​ដោយសន្តិភាព វឌ្ឍភាព វិបុល​ភាព ភាពរស់​នៅ​សុខដុមរម្យនា និងការចុះសម្រុងនឹងគ្នា។គោល​បំណង​ជាទូទៅ​របស់​ពួកគេ​ទាំងនោះ​គឺ​កាត់​បន្ថយ ​និងលុប​បំបាត់​ភាពក្រីក្រ ។តាមរយៈទស្សនៈវិស័យនិង​ដើម្បី​សម្រេច​​គោល​បំណង​ខាង​លើពួក​គេបាន​ កំណត់ បេសកម្ម​របស់ខ្លួន​និង​ដាក់ចេញនូវយុទ្ធិសាស្រ្តជាច្រើន ។ខ្លះក៏​បាន​​សម្រេច​ជោគ​ជ័យឯខ្លះ​ទៀត​បរាជ័យ​ ។​ជោគជ័យ​ដែល​មានតែ​ក្នុងរង្វង់​ប្រតិបត្តិការគម្រោង ឬ​មាន​តែ​លើ​របាយ​ការណ៍​មិនមែន​ជាជោគ​ជ័យពិតប្រាកដ និង​ប្រកបដោយចេរភាពទេ ។​ផ្នែក​នេះ​អ្នក​និពន្ធ​លើក​យក​តែទិដ្ឋភាព​អវិជ្ជមាន​នៃដំណើរការ​ ទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៏​និង​ប្រជាជន​ក្រីក្រ​តំបន់​គោល​ ដៅមកបកស្រាយបង្ហាញ ។សូមបញ្ជក់ថាអ្នក​និពន្ធ​មិន​មែន​ជាអ្នកជំនាញ​ខ្លាំង​ក្លា​លើ​ការងារ​ អភិវឌ្ឍន៏​ដែល​ដើរ​តួជា​អង្គការ​សង្គមស៊ីវិល​ទេតែ​សាកល្បង​ចូលរួម​ចំណែក​ ធ្វើការសិក្សា​វិភាគ​លើ​ចំណុច​អសកម្ម​មួយចំនួន​តែ​ប៉ុណ្ណោះ​ព្រោះ​ជំនួយ​បរទេស​ជា ​ច្រើន​ត្រូវ​បាន​ផ្តល់​មក​ប្រទេស​កម្ពុជា​តាម​រយៈអង្គការ​សង្គមស៊ីវិល​ សម្រាប់លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រជាជន​ក្រី​ក្រ​ប៉ុន្តែការអភិវឌ្ឍ​ប្រកប​​​ ដោយ​ចេរភាពហាក់ដូចជានៅមាន​កម្រិត ។យើង​ឃើញ​មានបញ្ហា​ប្រឈម​មួយ​ចំនួន​រវាង​អ្នក​អភិវឌ្ឍន៏​ និងប្រជាជនក្រីក្រតំបន់គោលដៅដែលជាហេតុធ្វើឲ្យការអនុវត្តគម្រោងបរាជ័យ។​ ឧប​សគ្គ​​​ចម្បង​មួយ​របស់​អ្នក​អភិវឌ្ឍន៏​ គឺភាពមិនចូលរួមរបស់ប្រជាពលរដ្ឋតំបន់គោលដៅ ។ភាព​មិន​អាច​យក​ឈ្នះលើ​បញ្ហា​នេះ​ឆ្លុះ​បញ្ចាំង​ ពីសមត្ថភាពនៅមានកម្រិតរបស់អ្នក​អភិវឌ្ឍន៏ ។អ្នក​អភិវឌ្ឍន៍ជាបុគ្គល​ស្នូល​ក្នុងការស្វែង​រក​ដំណោះ​ ស្រាយរាល់បញ្ហាប្រឈមទាំងឡាយដោយមានការចូលរួមមកពី​ គ្រប់មជ្ឈដ្ឋានក្នុងតំបន់គោលដៅដូចជា៖ ប្រជាពលរដ្ឋទាំងបុរស ទាំងស្រី អាជ្ញាធរតំបន់ មន្រ្តីរាជការ ព្រះសង្ឃ និងអង្គការ​សហគមន៍​មូលដ្ឋាន​(CBOs​)ជាដើម ។​យុទ្ធសាស្រ្តក្នុងការអនុវត្តគម្រោងរបស់អង្គការសង្គមស៊ីវិលភាគច្រើន គឺកិច្ចសហការ និង​ទំនាក់ទំនងល្អ ជាមួយ​គ្រប់​សមាសភាព​ខាងលើ ប៉ុន្តែគេហាក់ដូចជាមិនសូវឃើញ មានកិច្ចសហការ និងទំនាក់ទំនងទូលំទូលាយ​ជាមួយអង្គការ​សង្គមស៊ីវិល​ផ្សេងទៀត​ ដែលធ្វើការអភិវឌ្ឍក្នុងតំបន់គោលដៅ​តែមួយឡើយ ព្រោះអង្គការនីមួយៗផ្តោតតែសំខាន់​ទៅលើគម្រោងរបស់ខ្លួនតែប៉ុណ្ណោះ ។នេះ ជាចំណុច​ខ្សោយ​មួយរបស់អ្នកដើរតួជាអ្នកអភិវឌ្ឍន៍គេ ។ យើង​អាចធ្វើការ​ឆ្លុះបញ្ចាំង​បានតាមរយៈការចងក្រង​ជាបណ្តាញ​អង្គការ NGOs និង​ CBOs តើមាន​ប្រសិទ្ធភាពនិងមាននិរន្តរភាពប៉ុណ្ណា បើគ្មាន​ថវិកាគាំទ្រនោះ ?ចុះទំរាំ​ប្រជាពលរដ្ឋ​អាចរក្សានិរន្តរភាពបានកម្រិតណា? បើអ្នកអភិវឌ្ឍន៍​មិនទាំង​អាចធ្វើការ​ដោយ​​គ្មាន​លុយ​ផងនោះ !វាទាមទារឱ្យ​មានការផ្លាស់ប្តូរការគិតទាំងកម្រិតប្រជាពលរដ្ឋសាមញ្ញ ថ្នាក់ដឹកនាំ រហូត​ដល់​អ្នក​ដើរតួជាអ្នកអភិវឌ្ឍ ។ជាការពិត ប្រជាជន​ក្រី​ក្រ​​គឺខុស​ពីអ្នកអភិវឌ្ឍន៍​ព្រោះ​ហេតុមក​ពីពួកគាត់ទន់​ ខ្សោយផ្នែក​ប្រព័ន្ធ​គំនិត​អភិវឌ្ឍន៏​ច្នៃប្រឌិត​ទើប​ធ្វើ​ឲ្យជីវភាព​ ពួកគាត់មានការ​លំបាក ​។​អ្នក​អភិវឌ្ឍន៏មាន​ការលំបាក​ក្នុងការ​ចាក់​បញ្ចូល​​គំនិត​អភិ​វឌ្ឍន៏​ ទៅពួកគាត់ព្រោះថា​ជានិច្ចកាល​ក្នុង​ខួរក្បាលរបស់ពួកគាត់ភាគច្រើនចង់មាន​លាភ​សក្ខារ​ជា ​ជាង​​ចំណេះដឹងអភិវឌ្ឍន៏។​មានន័យថាពួកគាត់​ត្រូវ​ការ​ត្រី​ជាជាង​សន្ទួច ​។មានគម្រោងមួយចំនួនត្រូវបរា​ជ័យ​នៅ​ពេល​សកម្មភាពគម្រោងត្រូវបញ្ចប់ ព្រោះវា​មិន​អាចផ្លាស់ប្តូរការគិតរបស់គាត់បានឡើយ ដែលជាហេតុធ្វើឱ្យសកម្ម​ភាព​គម្រោង​​មិនអាចដើរ​ទៅមុខ​ដើម្បី​ បន្តនិរន្តរភាពរបស់ខ្លួនបាននៅពេលមិនមានមូលនិធិគាំ​ទ្រ ។ ប្រជា​កសិករ​ក្រីក្រ​មួយចំនួនធំ ពិបាក​បំផុស​ឱ្យមានស្មារតីសហគមន៍ណាស់ បើស្ថានភាពបច្ចុប្បន្ននេះ ពួកគាត់កំពុង​ជួបប្រទះ​នឹងបញ្ហា​ជីវភាព​​រស់​នៅ​នោះ ។ស្ថិតក្នុងន័យនេះ គម្រោងដែល​ព្យាយាមផ្លាស់​ប្តូរឥរិយាបថ​ពួកគាត់ ឱ្យមានស្មារតី​ចូលរួម​ចំណែក​ ក្នុងកិច្ចការសហគមន៍ដើម្បីការពារផលប្រយោជន៍រួមដូចជា៖ ការការពារធនធាន ជីវចម្រុះ ព្រៃឈើ ការ​តស៊ូមតិ និងកិច្ចការអភិវឌ្ឍន៍ក្នុងសហគមន៍ផ្សេងៗ...ពិតជាពិបាករក្សានិរន្តរភាពរបស់ខ្លួន ។ជារួម គម្រោង​ដែល​អាច​ផ្លាស់ប្តូរការ​គិតរបស់ពួកគាត់ ទើបធ្វើឱ្យការអភិវឌ្ឍមានលក្ខណៈយូរអង្វែង ។ការកត់​សម្គាល់​មួយ​ទៀតបញ្ជក់ថា​ ប្រជា​ជន​ក្រីក្រភាគ​ច្រើន​ជា​ប្រភេទ​មនុស្សគំនិតទួលថ្មមាន​ន័យ​ថា​ពួក​គាត់​ មើល​ឃើញ​ភាព​បរាជ័យតាមរយៈឧបសគ្គ​ប៉ុន្តែ​មើល​​មិន​ឃើញ​ពីក្តីសង្ឃឹមជោគ​ជ័យ​ តាម​រយៈ​វិធី​ជំនះ​ឧបសគ្គ​ឡើយ​។​ឧទាហរណ៏​បើអ្នក​អភិវឌ្ឍន៏​ប្រាប់​ពួក​គាត់​ ឲ្យដាំ​ដំណាំលើ​ដី​ទំនេរ​របស់​គាត់​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​ពួកគាត់​ នឹង​និយាយ​ថាគោនឹងស៊ីអស់ មិន​មាន​ពេល​ថែ​ទាំមិន​​មាន​របង​...បើប្រាប់ពួក ​គាត់ឲ្យចិញ្ចឹម​មាន់​​ពួក​គាត់​​​មាន​ប្រតិកម្មមកវិញថាមាន់​នឹង​ងាប់​អស់​ ដោយ​សារ​ជម្ងឺជា​ដើម​ពោល​គឺពួកគាត់​សំលឹង​ទៅ​លើ​​បញ្ហា​មិន​​ផ្តោត​លើដំណោះ​ ស្រាយ​ទេ។​ស្ថិត​ក្នុង​ករណី​នេះ​បើពួកគាត់មាន​គំនិត​អភិវឌ្ឍន៏ពួក​គាត់​នឹងរក​ ឃើញ​គំនិត​ភ្លឺស្វាង​​​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នោះហើយ​ ពិតណាស់​ពួក​គាត់​នឹង​អាច​រំដោះខ្លួន​ចេញភាព​​ក្រី​ក្រ​បាន។រឿង​ខ្លះ​ វាងាយសម្រាប់​អ្នកអភិវឌ្ឍន៏​ប៉ុន្តែលំបាក​សម្រាប់​ប្រជាជន​ក្រីក្រ។ដូច​ ក្នុង​​ឧទា​ហរ​ណ៏​​ខាង​​លើបើ​ពួក​គាត់យល់​ថាដាំ​ត្រឡាច​ក្នុងមួយដើម​បាន​ផល​៥,០០០រៀលបើ​គាត់​ដាំ​១,០០០​ដើម​គាត់​នឹង​បាន​​​លុយ​៥,០០០,០០០រៀលនោះ ​ប្រហែល​ជាពួកគាត់​អាចអង្គុយលើភ្លឺស្រែមើល​ថែទាំ​ដំណាំ​ចំការ​និងកា​រ​ពារ​ ពី​សត្វ​បំផ្លាញហើយមើលទៅ។គំនិតនេះស្តាប់មើលទៅប្រៀបដូចជាគំនិតរបស់​ចៅចាក់​ ស្មុក​អញ្ចឹង​ប៉ុន្តែ​ប្រាកដ​ណាស់​វានឹង​​ជោគជ័យ​បើ​គាត់មិនគិត​នៅ​លើចុង​ ត្នោតនោះ។អ្នកនិពន្ធ​ចាត់ទុក​ថា​គំនិត​​​ចៅ​ចាក់​ស្មុកជា​ស្ពាននៃគំនិត​ អភិវឌ្ឍ​ន៏​មួយ​។មួយវិញទៀតអ្នក​អភិវឌ្ឍន៏​ប្រហែល​ជាមាន​ការ​​ពិបាក​​ក្នុង​ការ​ ​បំផុស​ពួកគាត់​ក្នុង​​​ការ​ចូលរួម​ក្នុង​សកម្ម​ភាព​គម្រោង​ដោយស្ម័គ្រចិត្តព្រោះ ​ពួកគាត់​មួយភាគធំត្រូវ​ការ​លាភ​​សក្ខារជា​ជាង​ចំណេះដឹង​និង​ បំណិន​ជីវិតផ្សេងៗ​។​ឧទាហរណ៏៖វគ្គបណ្តុះបណ្តាល​កសិកម្ម​មួយ​មិន​សូវមាន​សិក្ខា ​កាម​ចូល​រួមច្រើនទេបើពួកគាត់ដឹង​ថា​មិនមាន​ថវិកាផ្តល់​ជូន​​ពួក​គាត់​នោះ។​ ចំណុច​នេះជា​ឧប​សគ្គ​ចម្បង​មួយ​សម្រាប់​អ្នក​អភិវឌ្ឍន៍ក្នុងលើកកម្ពស់ជីវភាព ​រស់នៅ​របស់ពួក​គាត់។​លើសពី​នេះ​ទៅទៀត​អ្នក​សម្រប​សម្រួល​ អភិវឌ្ឍន៍មិនគួរចាក់បញ្ចូល​គំនិតឬបចេ្ចកទេស​ដល់​ពួក​គាត់ឆៅ​ ៗនោះ​ទេព្រោះពួកគាត់​ភាគ​ច្រើន​​មិនមាន​ចំណេះដឹងជ្រៅជ្រះក្នុងការ​សម្រប​ ឬទទួល​យក​បច្ចេក​ទេសថ្មីៗ​ដោយ​ងាយ​ៗ​ហើយ​​ផ្លាស់​ប្តូរទម្លាប់​ចាស់​របស់​ ពួកគាត់ឡើយ។អ្នក​អភិវឌ្ឍន៏​គួរ​តែ​ចូល​រួម​ជា​មួយ​គាត់ហើយ​ កែប្រែ​អភិវឌ្ឍន៏​ពួកគាត់​បន្តិច​ម្តងៗ​​តាម​សកម្មភាពជាក់ស្តែងធ្វើ​យ៉ាង​ណា​ ឱ្យ​ពួក​គាត់​យល់ពី​គុណតម្លៃ និងផលប្រយោជន៍​នៃបច្ចេកទេស​ថ្មី​របស់អ្នក​និង​សុខចិត្ត​ទទួល​យក ​ដោយ​ស្ម័គ្រចិត្ត ។សកម្មភាពនេះ ប្រហែលជា​ត្រូវប្រើ​រយៈ​ពេលយូរ ដោយ​ចាប់ផ្តើម​ពីការបូកផ្សំនូវអ្វីដែលជាចំណុចវិជ្ជមានរបស់គាត់ និងបច្ចេកទេស​ថ្មីរបស់អង្គការ​ រហូត​ដល់កម្រិត​ម្ចាស់ការ​អភិវឌ្ឍន៍​មួយ ។ករណីសិក្សាមួយចំនួនបង្ហាញថា បច្ចេកទេស​ថ្មីៗមួយចំនួនដែលគម្រោងផ្តល់ទៅឱ្យពួកគាត់ ត្រូវបាន​បោះ​ចោ​ល​វិញនៅពេលចប់គម្រោង ព្រោះពួក​គាត់មិន​ទាន់បាន​ផ្លាស់ប្តូរការគិតឡើយ ហើយ​អ្វីដែលពួកគាត់​បានអនុវត្ត​តាម​នៅក្នុងវដ្តគម្រោងនោះ គឺ​ព្រោះ​​តែ ការចង់បានផលប្រយោជន៍ពីគម្រោងតែប៉ុណ្ណោះ ។ជារួម​​ទោះ​​បីជា​យ៉ាង​ណា​ ក៏​ដោយ​ក្នុងនាមជា​អ្នកអភិវឌ្ឍន៏​តែងតែមានដំណោះស្រាយ​ជា​និច្ច​ក្នុងការដោះ​ ស្រាយបញ្ហា​ទាំងអស់នេះ​។​គ្មានអ្វីមិនអាច​សម្រាប់​អ្នកអភិវឌ្ឍន៏ទេ។​
"អ្នកអភិវឌ្ឍន៏ដែលល្អគឺអ្នកដែលមិនចាប់ ​ប្រជាពលរដ្ឋ​ក្រីក្រជាចំណាត់ខ្មាំង​ក្នុងការរក​ប្រាក់​ មូលនិធិដើម្បីជាប្រយោជន៏បុគ្គលឬបក្សពួកឡើយ ។"ousa

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!