Thursday, October 25, 2012

អារម្ភកថា

        មកដល់ពេលនេះនាវាកម្ពុជាបានចរយាត្រាចាកឆ្ងាយពីពិភពអន្ធកាល​ដ៏ខ្មៅ​ងងឹតនៃ​របបវាល​ពិឃាត​ប៉ុល​ពត។​​​
​​​នាវា​​ដ៏​កម្សត់​នេះ​បាន​លូនឆ្លង​កាត់​​គំនរ​ផេះផង់​ នៃព្យុះ​សង្ឃរា​​សង្រ្គាម​មហា​សោដនាដ​កម្ម​ក្នុងសមុទ្រទឹកភ្នែក​ពោរ​
ពេញទៅដោយរលកឈឺ​ចាប់ពើត​ផ្សា​ហួស​ពី​ការ​ពណ៌នា​បោកបក់​មិនដាច់​ ក្នុង​ក្រអៅបេះដូង​ប្រជា រាស្រ្តខ្មែរ​ជាង​បី
ទសវត្ស​ ទៅ​ហើយ។ឈាម​រាស្ត្រ​ខ្មែរ​ជាង​បី​លាន​នាក់ហូរជា​ស្ទឹងឆ្អឹង​គរ​ជាភ្នំគួរឲ្យសង្វេគខ្លោច ផ្សាពន់ពេក។​សង្រ្គាម
​បាន​បន្សល់ទុកនូវការនិរាសព្រាត់ប្រាសកុមារកំព្រាស្រ្តី​មេ​ម៉ាយ និងជនពិបាករាប់រយ ពាន់នាក់ ។សង្រ្គាម​បាន​បំផ្លាញ
​ហេដ្ឋា​រចនាសម្ព័ន្ធសង្គមស្ទើរទាំងស្រុងនិងធ្វើឱ្យបាត់បង់នូវធន​ធានមនុស្ស ដែល ជា​ធាតុ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​
​ប្រទេស​​។​យើងបានហែលឆ្លងនិង ជំនះ​ឧបសគ្គ​ជាច្រើន ទើបមក​ដល់​ត្រើយ​នៃសន្តិភាពវឌ្ឍភាព វិបុលភាព​ភាព​
សុខ​​ដុមរម្យ​នានិងជ្រក​ក្រោម​ម្លប់​ដំបូល​នយោបាយ ​​ដ៏​ត្រជាក់​ត្រឈឹង​ ត្រឈៃនៃលទ្ធិប្រជាធិបតេយ្យសេរី​ពហុ​បក្ស​ដូច​
បច្ចុប្បន្ន​។​ស្ថិត​ក្រោម​​ អំណោយ​ផល​នៃ​​លទ្ធិនេះ​ពូជរុក្ខជាតិគ្រប់​ប្រភេទនៃវប្បធម៌សង្គមកិច្ច សេដ្ឋកិច្ច និង​
នយោបាយ​​​បាន​ដុះលូត​លាស់យ៉ាង​ល្អ​លើដែនដី សុវណ្ណភូមិ​ដ៏​ត្រចះ​ត្រចង់​របស់យើងនិង ហុចផល​ខ្ពស់គួរ​ជាទី​គប់
​ចិត្តរបស់​ប្រជាជនខ្មែរ។ប្រទេសជាតិមានការរីកចម្រើន អភិវឌ្ឍន៏​ស្ទើរ​គ្រប់វិស័យគួរជាទីមោទនភាព​របស់​ កូន​ខ្មែរ​
ជំនាន់​​​ក្រោយក្រោមការ កាច់ចង្អូតនិង​មើលត្រីវិស័យដ៏ថ្លៃថ្លា ឧត្តុង្គ​ឧត្តមរបស់​រាជរដ្ឋាភិបាល​កម្ពុជា។ប៉ុន្តែ​ទោះបី​ជា
​យ៉ាង​​ណា​ ក៏ដោយក៏​យើង​សង្កេត ឃើញ​បញ្ហា​អសកម្មមួយ​ចំនួន​​នៅតែ​ មានអត្ថិភាពចាំខ្ទាស់ជើងនិង ពង្យឺត​ដំណើរ​
ការ​អភិ​វឌ្ឍន៏ ផងដែរដូច ជា៖ ភាពក្រីក្រ អំពើ​ហឹង្សា​ក្នុង​គ្រួសារការធ្លាក់ចុះ​សីលធម៌សង្គម​ការប្រើ​ប្រាស់​ គ្រឿង​ញៀន
​ជំងឺ​រាត​ត្បាតនិងអំពើ​ពុករលួយ​ជា ដើម​ដែល​បញ្ហា​ទាំងអស់នេះតម្រូវ​ឲ្យ​ រាជរដ្ឋាភិបាលអង្គការសង្គមស៊ីវិលនិងផ្នែក​
ឯកជនពិសេស​ ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​ភារកិច្ចនិងកាតព្វ​កិច្ចចម្បងក្នុងការចូលរួមចំណែកដើម្បីកាត់បន្ថយ ឬ
លុប​​​បំបាត់សំដៅធានាដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចេរភាព។

ក្នុងនាមជាកូនខ្មែរម្នាក់ខ្ញុំមានសោមន្សរីករាយឥតឧបមាក្នុងការបំពេញភារកិច្ចជាពលរដ្ឋ ​ម្នាក់​ដោយ​បាន​​ចំណាយ​​ពេលវេលា​កំលាំង​កាយ​ចិត្ត​ខិតខំសិក្សាស្រាវជ្រាវ​ ចងក្រងអត្ថបទ​សាក​ល្បង​វិភាគ​បញ្ហា​សង្គម​កម្ពុជា​​នេះ​ឡើង​​ដើម្បីគ្រាន់ ទុកជាវិភាគទាន​មួយ​សម្រាប់​អ្នកអាន​អ្នកសិក្សា​ស្វែងយល់​ពីបញ្ហា​សង្គមនិង​ គំនិត​នៃ​​ការអភិវឌ្ឍ​សង្គម​​​ពោលគឺសាកល្បង ធ្វើការ​វិភាគ​រក​ឫសកែវនៃបញ្ហា​ដែលកើតមាន​ឡើង​ក្នុងសង្គមខ្មែរនិង រិះ​រក​​វិធី​កាប់​គាស់​ជីក​រំលើងវា។នេះជា​បុព្វហេតុ​ដ៏ចម្បង​មួយនៃ​ ការនិពន្ធ​ស្នាដៃនេះឡើង ។មួយ​វិញ​ទៀត​ដោយ​សារ​​ប្រទេស​កម្ពុជាប្រកាន់​យកលទ្ធិប្រជាធិបតេយ្យបាន​ ផ្តល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដ​ល់​ប្រជាពលរដ្ឋ​គ្រប់​ រូបក្នុង​ការបញ្ចេញ​មតិយោបល់​ក្នុងកិច្ចការ​អភិវឌ្ឍន៏​ប្រទេស​ជាតិនិង ជាធាតុ​សំខាន់មួយក្នុង​ការ​កំណត់​​វាសនា​ប្រទេសជាតិខ្លួនហើយនេះក៏​ជា​បុព្វ​ ហេតុ​​មួយផង​ដែរ​នៃ​ ការចង​ក្រង​សមិទ្ធិផល​នេះឡើង។ជាមួយគ្នានេះ​ផង​ដែរ​សៀវភៅ​មួយក្បាល​ នេះ​ចាប់​បដិសន្ធិ​ឡើង​ពី​មោទនភាព​របស់​អ្នកនិពន្ធ​បន្ទាប់ពី​បាន​អាន​ ជីវប្រវត្តិលោក​និកូ​ឡាយ​ឡេនីន​​ដោយ​គាត់​បានលះបង់​សតិ​ប្រាជ្ញា​​ទាំង ​អស់​របស់គាត់​ដើម្បី​បម្រើ​ចំពោះ​ជនជាតិគាត់​។​នេះ​ជាគំរូ​ដ៏​អស្ចារ្យ​ មួយសម្រាប់​អ្នក​និពន្ធ​ដែល​ខិតខំ​ដុះ​ខាត់​​ខ្លួនតាម​គន្លងវីរភាព​របស់​ គាត់។
គោលគំនិតមួយផ្នែកធំនៃសៀវភៅនេះជាបណ្តុំនៃពុទិ្ធដែលបានមកពីការសិក្សាបទ ​ពិសោធ ការ​សងេ្កត វិភាគ​និង វាយតម្លៃពីបញ្ហាសង្គម។ជាមួយគ្នានេះ ប្រិយមិត្តអ្នកអាន អ្នក​សិក្សា​ក៏អាចធ្វើការ​ប្រៀប​ធៀប ផ្នែក​ខ្លះ​នៃអត្ថបទ​ទៅ​នឹងប្រលោមលោកបែប​សង្គមសាស្រ្ត​មួយ​បាន​ដែរព្រោះថាអំណះ​ អំណាងភាគ​ច្រើន​លើក​យកបញ្ហា របស់​អ្នក​និពន្ធ​និងទិដ្ឋភាព​ជុំវិញ​ដំណើរ​ ជីវិតអ្នកនិពន្ធមកធ្វើសក្ខីកម្មដែលមានលក្ខណៈ​បុគ្គល​ការ​ណ៏​​ហើយ​សាកល្បង​ ធ្វើការ​ឆ្លុះ​បញ្ចាំងឆ្ពោះទៅរកសង្គមការណ៏។ក្នុងករណីនេះ អ្នកនិពន្ធជឿជាក់ថា គោល​គំនិត​​​ដែល​មានលក្ខណៈបុគ្គល អត្ត​នោម័ត​មិនមានតម្លៃជាសាកលទេពិតជាមានបុរេនិច្ឆ័យ និងភាព​លម្អៀង​ជា​អន្លើៗ ជាក់​ជាមិន​ខាននិង​មិនមាន​សុក្រឹត​ភាព​ទាំង​ស្រុងឡើយ។ក្នុងន័យនេះស្នាដៃនេះវាគ្រាន់ ​តែ​ជា​ឧស្សា​ហ​កថាមួយប៉ុណ្ណោះ ។
អ្នក ​និពន្ធមានក្តីស្រមៃចង់ឲ្យបញ្ហាអសកម្មទាំងឡាយត្រូវបានកាត់បន្ថយឬលុបបំបាត់ ហើយ​សង្គម មាន​ការ​អភិវឌ្ឍ​ប្រកបចេរភាព។ដើម្បីសម្រេចបានទស្សនវិស័យនេះអ្នកនិពន្ធ​បាន​ កំណត់​បេសក​កម្ម​របស់​ខ្លួន​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ ចងក្រងចំណេះដឹងដើម្បីចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុងស្មារតី​ស្រលាញ់​ ជាតិ​មាតុភូមិ​។​វិធី​សាស្រ្ត​របស់​អ្នក​និពន្ធ​គឺសាកល្បងយកតែកញ្ចក់​ ទុទិដ្ឋិនិយម​មកប្រើប្រាស់​ជា​មូលដ្ឋាន​ពោល​គឺ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​​លាត ត្រដាង បក​ស្រាយ​បង្ហាញនិង រិះគន់តែចំនុច​អវិជ្ជមានមួយ​ចំនួន​ដែល​កើត​មាន​ឡើង​ក្នុង​តថភាព​ សង្គមបង្កការរាំងស្ទះ​ដល់​ការ​កិច្ច​អភិវឌ្ឍន៏​ប្រទេសជាតិក្នុង​គោល​បំណង​ វិជ្ជមាន​ដើម្បីជួយ​បំផុស​ស្មារតី​អ្នក​អាន​អ្នក​សិក្សា ឲ្យ រួមគ្នាលុបបំបាត់ កែលម្អ អភិវឌ្ឍន៏​និង សម្រាប់​ទុកជាឯកសារជំនួយសតិ​ដល់​អ្នក​ដែល​ធ្វើ​ការងារ​និងអ្នក​ដែល​យក​ចិត្ត ​ទុក​ដាក់​សិក្សា​ស្រាវ​ជ្រាវ​ផ្នែកអភិវឌ្ឍន៏សង្គម។
ដោយ​ផ្អែក​លើ​គោល​គំនិតទស្សនវិជ្ជា(គំនិតត្រិះរិះនិង​គំនិត​អធ្យា​ស្រ័យ)​ ជាសម្ពាយ ​ជីវិត​ទស្សនៈ​យោ​បល់ និងចេទនារបស់​អ្នក​និពន្ធ​ពិតជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​សុច្ចរឹតនិង មិន​កើត​ជា​ផល​​រមាស់​អ្វីឡើយ។​សូម​បញ្ជក់ថា សៀវ​ភៅនេះគ្មានចរឹកវាយប្រហារបន្តុះបង្អាប់ឬ បម្រើផលប្រយោជន៏​បុគ្គល បក្ស នយោបាយឬ មាន​បង្កប់និន្នា​ការ​នយោ​បាយណាមួយឡើយគឺវា​គ្រាន់​តែ​ជា​ការចែករំលែក​ ចំណេះដឹង​មួយតែ​ប៉ុណ្ណោះ​ហើយ​អ្វី​ដែល​​ជា​គុណ​ធម៌​សច្ច​ធម៌និង គតិបណ្ឌិត ត្រឹម​ត្រូវ​នោះ​គឺរួមគ្នាដើម្បីប្រយោជន៏ជាតិមាតុភូមិ។គោលគំនិត ពិ​សេ​ស​ដោយឡែករបស់​អ្នក​និពន្ធ​គឺការ​បង្ហាញ​ដល់​ថ្នាក់ដឹក​នាំ​ ប្រទេសពីសុឆន្ទៈរបស់យុវជនខ្មែរក្នុងនាម ជា​អ្នក​​សិក្សា​ស្រាវជ្រាវ​ម្នាក់ដែល​ស្រលាញ់​និង ចេះព្រួយបារម្ភខ្វល់ខ្វាយ​ពីបញ្ហាជាតិមាតុភូមិ ហើយ​អ្វី​ដែល​សំខាន់​នោះគឺចង់បង្ហាញ​ពីសមត្ថភាព និង​ការ​យល់ដឹងរបស់ យុវជនខ្មែរលើកិច្ចការអភិវឌ្ឍន៏និង គំនិត​ដឹកនាំ​សង្គម ដោយ​រៀបចំខ្លួនឲ្យសមជាពួជទំពាំងដ៏​រឹងមាំ​។​មួយ​វិញ​ទៀត​គោលបំណងរបស់អ្នកនិពន្ធ ចង់ដាស់សតិ របស់​ប្រជាពលរដ្ឋមន្រ្តីរាជការស៊ីវិលបុគ្គលិក​អង្គការ​សង្គម​ស៊ីវិលនានានយោជក នយោជិក និង ថ្នាក់ដឹកនាំ​មួយ​ចំនួន​ដែលបាននិង​កំពុងដេក​លង់លក់និងដើរ​ក្នុង​ពិភព​ខ្មៅងងឹត​ពោរ​ពេញទៅដោយភាពអាត្មានិយម បក្ស​ពួក​និយមគ្រួសារនិយម ផ្តាច់ការនិយមអែបអបនិយម អត្តទត្ថភាព​លោភ​លន់​​​ស៊ីសំណូក​សូក​ប៉ាន់អគតិ អសីលធម៌ មិនមាន​មនសិការ​វិជ្ជាជីវៈ​រឹងមាំ...​ឲ្យ​ងាកមក​រក​គតិបណ្ឌិត​ត្រឹមត្រូវវិញ។
សៀវភៅ​នេះជាការបោះជំហានទី១របស់ខ្ញុំហើយខ្ញុំបាទទទួលស្គាល់ថាចំណេះដឹង ពិត​ជា​នៅ​មាន​កម្រិត​​នៅ​ឡើយ។ចំនុចខ្វះខាតនៃសៀវភៅនេះគឺមិនបានលើកយកគ្រប់ទិដ្ឋភាព​គ្រប់​ជ្រុង​ជ្រោយ​នៃ​វិស័យ​វប្ប​ធម៌ សង្គមកិច្ច សេដ្ឋកិច្ច​និងនយោបាយ និងមិនមាន​តួលេខស្ថិតិ អំណះ​អំណាង​មានលក្ខណៈ​វិទ្យា​សាស្រ្ត​ពេញ​លេញវិធីសាស្រ្ត ស្រាវ​​ជ្រាវប្រភពឯកសារ ធនធាន​ឯកសារ​រូបភាពភ្ជាប់​ជាមួយអត្ថបទ​ធនធានហិរញ្ញ​វត្ថុក្នុង​ការ​សិក្សាស្រាវជ្រាវនិង ការ​បោះ​ពុម្ភ​ផ្សាយ.​..ជាដើម ​។ទោះបីយ៉ាងណាក៏ដោយអ្នកនិពន្ធសង្ឃឹមថាសៀវភៅ​នេះ​នឹង​ជួយ​ដល់​កុលបុត្រ​ កុលធីតា​ខ្មែរឲ្យយកចិត្តទុកដាក់លើកិច្ចការអភិវឌ្ឍន៏ប្រទេសនិង ខិតខំ ប្រឹង​ប្រែង​សិក្សា​ស្រាវជ្រាវ​ឲ្យកាន់ តែ ផុលផុស ថែម​ទៀត ​។​មិត្តអ្នកអានអ្នកសិក្សាអាចធ្វើការរិះគន់កែលម្អបាន បើខ្លឹមសារ​នៅ​ក្នុង​សៀវភៅនេះ​ប្រាស​ចាក​ពី សច្ចភាព​ប្រាកដ​ភាព តម្លៃនិងគ្មានមូលដ្ឋានវិចារណញាណច្បាស់លាស់នោះ។ខ្ញុំ​បាទ​រង់ចាំ​ ដោយសោមន្សរីករាយ បំផុត ចំពោះ​​​ទស្សនៈ យោបល់ រិះគន់ កែលម្អទាំងឡាយដើម្បី​អភិវឌ្ឍន៏​សៀវភៅ​​នេះ​ឲ្យកាន់តែល្អប្រសើរ​ថែមទៀត ។

"ខ្មែរដើម្បីខ្មែរ"
"អ្នក​មិនគួរដេកបើកភ្នែកក្នុងកាលៈទេសៈប្រទេសកំពុងត្រូវការអ្នកឡើយ។"ousa
"​ “​”អ្នកមិនគួរត្អូញត្អែរពីអ្វីដែលជាតិមិនបានផ្តល់អ្នកនោះទេប៉ុន្តែអ្នកគួរតែត្អូញត្អែរពីខ្លួនអ្នកដែលមិនបានផ្តល់អ្វីដល់ជាតិវិញ " Ousa

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!