Saturday, October 13, 2012

ការ​បាត់​បង់​ជំនឿលើ​កសិកម្ម


ការដាំដំណាំដោយគ្របផ្លាស្ទិក

ថ្នាលដាប៉ុក
ហេតុអ្វីកសិករមួយចំនួនបាត់បង់ជំនឿលើការងារកសិកម្ម?
នៅក្នុងប្រទេសកម្ពុជា មានប្រជាពលរដ្ឋជាង ៨០ភាគរយ​ជាកសិករ​ប្រកបរបរកសិកម្ម ហើយវិស័យកសិកម្ម ជាវិស័យ​អាទិភាពទី១ ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រោះវាជាប្រភពប្រាក់ចំណូលជាតិធំបំផុតមួយ ។ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ​ ក្នុងស្ថានភាពបច្ចុប្បន្ន​ ក៏មានប្រជាកសិករ​មួយចំនួនបានបាត់បង់​ជំនឿ​លើការងារ​កសិកម្ម​ដែរ និងមិន​សូវ​យក​ចិត្តទុកដាក់​សកម្មលើ​ការងារនេះ។តើនេះ​មកពីមូល​ហេតុអ្វី ? ចំពោះបញ្ហានេះ អ្នកវិភា​គសូមធ្វើការសាកល្បង​វិភាគ​រកឫសគល់របស់វា គ្រាន់ទុក​ជាវិភាគទានគំនិត​សម្រាប់​អ្នកសិក្សាស្រាវជ្រាវ​ពីបញ្ហាសង្គម និង​ការអភិវឌ្ឍ​ប៉ុណ្ណោះ ព្រោះ​យើង​មិនមាន​ឧបករណ៍ប្រមូលព័ត៌មាន និង​វិភាគសំណាកត្រឹមត្រូវ​ទេ។មូលហេតុចម្បងធំៗបួន​ដែលជា​ហេតុ​ផល​​ធ្វើ​ឱ្យ​ប្រជាកសិករ​ខ្មែរ​មួយ​ចំនួន​បាន​បាត់​បង់​ជំនឿ​លើ​ការងារ​កសិកម្ម ដែល​មាន​បកស្រាយ​ដូចខាង​ក្រោម ៖
១-កត្តាប្រជាកសិករ​ខ្លួនឯងៈ        ដោយ​សារ​ប្រជាកសិករ​មួយចំនួន​ធំ មាន​ចំណេះដឹង​នៅ​ទាប​ ដូច្នេះការផ្លាស់​ប្តូរ​ទម្លាប់​បុរាណ និង​ការគិតរបស់​គាត់ក្នុងការ​អនុវត្ត​ការ​ធ្វើ​ស្រែ​ចំការ​ ហាក់ដូច​ជា​នៅ​មាន​កម្រិត ។គាត់​នៅតែ​មាន​ជំនឿទៅលើ ទម្លាប់​ការ​អនុវត្ត​ជោគជ័យ​ពី​បុរាណរបស់គាត់​ ដោយ​មិន​ព្រម​ទទួល​យក​នូវ​គំនិត​ និង​បច្ចេកទេស​ថ្មី​បើ​ទោះ​ ស្ថានភាព​បច្ចុប្បន្ន​​គាត់​​ជួប​​ប្រទះ​​បញ្ហាប្រឈម​​ច្រើនក៏ដោយដូចជា៖ ការ​កើន​ឡើង​នូវ​សត្វល្អិតបំផ្លាញ ជម្ងឺប្លែកៗ និង​​ការខូច​ខាត​ផល​ដំណាំ​ដោយ​សារ​អាកាសធាតុ​ជាដើម ។​ស្ថិត​ក្នុង​បរិបទ​នៃ​បម្រែបម្រួលអាកាសធាតុ ដែលកំពុងជះ​ឥទ្ធិពលអាក្រក់ ដល់​ប្រទេស​កម្ពុជា ដូច្នេះការ​អនុវត្ត​បែបទម្លាប់​ចាស់​លែង​ទទួល​ផល​ទៀត​ហើយ ព្រោះ វាទាម​ទារ​បច្ចេកទេស​ថ្មី​ដែល​អាច​បន្ស៊ាំបាន​ទៅនឹង​អាកាសធាតុ ។ការដែល​មិនមាន​ឆន្ទៈមុតមាំ ក្នុង​ការ​សិក្សា ​ដកពិសោធនូវ​បច្ចេកទេស ថ្មី ជា​ឧបសគ្គដ៏ធំ ក្នុង​ការ​អភិវឌ្ឍ និង​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាកសិករ​បាត់​បង់ជំនឿលើការងារ​កសិកម្មបើ​ទោះ​បី ជា​ពួកគាត់​ធន​ធាន​ដែលមាន​​ស្រាប់​នៅក្នុង​ដៃ​ក៏ដោយ ។ ភស្តុតាង​ដែល​បញ្ជក់ថា ពួក​គាត់​បាត់​បង់​ជំនឿនេះ​ យើង​អាច​វាយ​តម្លៃបានតាម​រយៈ​ការធ្វើ​ចំណាក​ស្រុក និង​​ការ​លះបង់​ការសិក្សា​ដើម្បី ចូលធ្វើការងារ​ដូច​ជា​ការងារ​ជាកម្មករ​រោង​ចក្រ កម្មករ​សំណង់​...របស់​ប្រជាកិសករ​ពេញកម្លាំង​ជាដើម ។ស្ថិតក្នុងស្ថានភាព​បម្រែបម្រួលអាកាសធាតុ វាទាមទារ​ជាចាំ​បាច់​សម្រាប់​ប្រ​ជាកសិករ​ក្នុងការ​ទទួលយក​នូវ​បច្ចេកទេស​បន្ស៊ាំទៅ​នឹង​បម្រែបម្រួលអាកាសធាតុ ឧទាហរណ៍​ បើ​តំបន់​​ជួបប្រទះ​ ជាញឹកញាប់​នូវ​គ្រោះ​រាំង​ស្ងួត​ ការដាំដំណាំដោយ​គ្របដី ជាមួយ​ចំប៉ើង រុក្ខជាតិ​ផ្សេងទៀតឬ​ថង់​ប្លាស្ទិ​ក ​​ជាបច្ទេកទេស​សមស្របបំផុតព្រោះវា​ត្រូវការ​ទឹកតិច រក្សាបាន​ជីជាតិដី ការពារ​សំណឹក ការ​ហូរច្រោះ និង​ចំណាយ​ពេល​វេលា​និង​កម្លាំងតិច ការស្តាស្រះឱ្យ​មានជម្រៅ​សមស្របដែលអាច​រក្សាទឹកបាន​ ​ការ​កសាង​ប្រព័ន្ធស្រោចស្រព ការរៀបចំថ្នាលដាប៉ុក​សម្រាប់​ដំណាំស្រូវ​ និងការ​ប្រើប្រាស់​ពូជដែលធន់​នឹង​អាកាស​ធាតុ​​ជាដើមដែល​ទាំង​អស់សុទ្ធតែ​បច្ចេកទេស​សមស្រប​សម្រាប់​បរិបទនៃបម្រែបម្រួលអាកាស​ធាតុ​​(ចំណុចនេះ អ្នកវិភាគ​នឹង​សាកល្បង​បកស្រាយ​បង្ហាញលម្អិត​ពីភាពខុសគ្នា​ពីការ​​អភិវឌ្ឍ​បែបធម្មតា និង​ការ​អភិវឌ្ឍ​​បែប​​​បន្ស៊ាំនៅ​ពេលក្រោយ) ។មួយវិញ​ទៀត​ដោយ​ហេតុ​ផល​ ការងារ​ការ​ធ្វើ​ស្រែ​ចំការ​ភាគ ច្រើន​មិន​ទាន់​មាន​ប្រព័ន្ធ​ធារាសាស្រ្ត​គ្រប់​គ្រាន់ ធ្វើឱ្យ​ការ​ធ្វើស្រែ​ចំការ​ពឹង​ផ្អែក​តែ​​លើ​អាកាសធាតុ​ ហើយ​ដល់​ពេល​​អាកាសធាតុ​​មាន​ការ​ប្រែ​ប្រួល​ គួបផ្សំនឹង​សមត្ថភាព​-លទ្ធភាព​បន្ស៊ាំ​នៅ​មានកម្រិត​​ធ្វើ​ឱ្យ​​ការ​ងារកសិកម្ម​ជួប​ប្រទះ​នូវ​ឧបសគ្គ​ច្រើន និង​ទទួល​បាន​ទិន្នផល​ទាប ។
២-សហគមន៍ៈ    ប្រជាកសិករ​មួយចំនួន​ធំ​មិន​បាន​ចង​ក្រង​ជាសហគមន៍​កសិករ​ ដើម្បីធ្វើការរួម​គ្នា​ក្នុង​ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​នូ​វ​បច្ចេក​ទេស​កសិកម្ម និង​ការ​ស្វែង​រក​ទីផ្សារទេ ។ការ​មិន​ប្រមូល​ផ្តុំ ប្រជា​កសិករ​ឱ្យ​សហការ​គ្នា​ ដោះដូរ​បទ​ពិសោធ និង​ជួយគ្នា​ទៅវិញ​ទៅមក​ជា​ឧ​បសគ្គធំបំផុត​ដែល​ធ្វើ​ឱ្យ​ការ​ងារ​ស្រែ​ចំការ​មិន​ជោគជ័យ ។ឧទាហរណ៍ បើក្នុង​សហគមន៍មួយ​មាន​កសិករ​ពីរ​-បី​គ្រួសារ​ព្យាយាម​អនុវត្ត​បច្ចេកទេស​ និង​ពូជថ្មី ក្នុង​ការ​ធ្វើ​ស្រែ​​ ហើយ​សហគមន៍​ទាំង​មូល​នៅបន្ត​អនុវត្ត​ពូជ​បុរាណដដែល វា​ធ្វើ​ឱ្យ​កសិករ​ពីរ​-បីគ្រួសារ​មាន​ឧបសគ្គច្រើន លើការងារ​របស់​គាត់​ដូចជា៖ បើ​ស្រូវ​គាត់​ល្អ​ជា​មុខសញ្ញា​​សម្រាប់សត្វល្អិតក្នុងការ​បំផ្លាញ ឬអាច​ទុំមុន​គេហើយ​ត្រូវ​ចាប ឬ​សត្វ​កណ្តុរ​បំផ្លាញ …ជា​ដើម ។នេះ​ឆ្លុះបញ្ចាំង​ពី​ភាព​មិន​ឯកភាព​ជា​លក្ខណៈសហគមន៍ទាំង​មូល ក្នុង​ការ​អភិវឌ្ឍវិស័យ​កសិកម្ម ហើយ​ដែល​ជា​មូល​ហេតុ​មួយ​នាំ​ទៅ​រក​ភា​ព​បាត់​បង់​ជំនឿ​លើ​ការងារ​ស្រែ​ចំការ ។​សហគមន៍ទាំង​មូល​គួរ​ស្រុះ​ស្រួល​គ្នា ក្នុង​ការ​ធ្វើ​ស្រែ​ចំការ​ដូច​ជា​ការ​ចាប់​ផ្តើមការ​ធ្វើ​ស្រែ​ចំការ​ស្រប​គ្នា ប្រើ​ប្រាស់​ពូជ​សមស្រប ហើយ​បើ​​​មាន​សត្វ​ល្អិត​បំផ្លាញ​កើត​ឡើង​ការ​បាញ់​ថ្នាំ​ពុល​គប្បី​ធ្វើ​ឡើង​ទូទាំង​សហគមន៍​ទាំង​មូល​ទើប​មាន​ប្រសិទ្ធភាព​ជាង ការ​ធ្វើ​ជាលក្ខណៈ​បុគ្គល ។មួយ​វិញ​ទៀត​ ការ​ចង​ក្រង​សហគមន៍ វា​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​​អភិវឌ្ឍផ្សេងៗ​ដូចជា៖ ការ​ស្តាប្រឡាយ​ លើក​ផ្លូវ និង​ការ​ងារ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ហើយ​ក៏ អាច​បង្កើត​ឱ្យ​មានជា​ការ​សន្សំ​ប្រាក់​ជា​ឥណទាន​សហគមន៍​ក្នុង​ការ​ប្រើ​ប្រាស់​ជា​ទុន​បង្វិល​ក្នុង​ការ​អភិវឌ្ឍសហគមន៍ ផងដែរ​។​ការ​ចង​ក្រង​ក្រុម​សន្សំនេះ​ នឹង​មាន​ប្រសិទ្ធ​ភាព​ និង​និរន្តរភាព​ជាង​បើវា​ចាប់​ផ្តើម​ពីឆន្ទៈ​របស់​ប្រជា​កសិករ​ និង​​មើល​ឃើញ​គុណ​ប្រយោជន៍​របស់​ក្រុម​ក្នុង​ការ​អភិវឌ្ឍគ្រួសារ​គាត់​ក៏​ដូច​ជា​សហគមន៍​ទាំង​មូល​ហើយមិនតែ​ប៉ុណ្ណោះ​បើមាន​​​ស្ថាប័ន​ជំនាញ​របស់​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរមូលដ្ឋាន​ចូលរួម​ចំណែក​គាំទ្រសកម្មថែម​ទៀត​ ​ការងារ​នេះ​នឹង​ជោគជ័យ​ជាក់​ជា​មិន​ខាន ។
៣-ស្ថាប័នជំនាញ និង​អង្គការ​ក្រៅរដ្ឋាភិបាលៈ        អង្គការសង្គមស៊ីវិល​ និង​ស្ថាប័ន​ជំនាញបាន​ព្យាយាម បណ្តុះ​បណ្តាល ​នូវ​បច្ចេកទេស​ថ្មី​ដល់​ប្រជា​កសិករ​ ប៉ុន្តែ​ការ​អភិវឌ្ឍវិស័យ​កសិកម្ម​ហាក់​នៅមាន​កម្រិត​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង ។​កម្រិត​ការ​ទទួល​យក​នូវ​បច្ចេកទេស​ថ្មី ហាក់​មិន​ទាន់​ទូលំទូលាយ​សោះ ព្រោះ​ភា្នក់ងារ​អភិវឌ្ឍន៍​មួយចំនួន​​ហាក់​នៅ ឆ្ងាយពី​ប្រជាកសិករ​ពេក ។វិធីសាស្រ្តអភិវឌ្ឍ​មួយ​ចំនួន​មាន​លក្ខណៈ​ជា​ការ​ផ្តល់​ចំណេះ​ដឹង​  គួរ​ធ្វើ​នេះ​ គួរ​ធ្វើ​នោះ ពោល​គឺ​ក្នុង​គោល​បំណងចង់​ឱ្យ​ប្រជា​កសិករទទួល​យក និង​អនុវត្ត​​នូវ​បច្ចេកទេស​ថ្មីទាំង​ស្រុង​ហើយ​ផ្លាស់​ប្តូរ​ទម្លាប់​ចាស់​របស់គាត់​ ។​វា​ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ​ក្នុង​ការ​ផ្លាស់​ប្តូរ​ការគិត​របស់​គាត់​ ព្រោះ​គាត់​ត្រូវ​ការ​ជាក់​ស្តែង​ ជាជាង​ទ្រឹស្តី ។​​គាត់​ប្រហែលជា​​ទទួល​យក​បទពិសោធជោគជ័យ​របស់​ប្រជា​កសិករ​ដទៃ ជា​ជាង​ការ​បង្គាប់​បញ្ជា​ឱ្យ​ទទួល​​យក​ ។ជាមួយ​គ្នា​នេះ​ដែរ​ ភ្នាក់​ងារ​អភិវឌ្ឍន៍​​មួយចំនួន​បាន​គិត​តែ​ទៅ​លើ​បច្ចេកទេស​បន្ស៊ាំ​ទៅ នឹង​បម្រែ​បម្រួល​​អាកាស​ធាតុ​ ដោយ​មិន​បាន​គិត​ដល់​ការ​បន្ស៊ាំ​ទៅ​នឹង​ស្ថានភាព​រស់​នៅ​របស់​ពួកគាត់ ​ដែល​ធ្វើ​ឱ្យ​ទទួល​យក​បច្ចេកទេស​ថ្មី​មិន​មាន​និរន្តរភាព​ ពោល​គឺត្រូវបានអនុវត្ត​​តែ​នៅ ក្នុង​វដ្ត​នៃ​គម្រោង​តែ​ប៉ុណ្ណោះ ឧទាហរណ៍ដូច​ជា៖ ចំណុច​​ខ្វះខាត​ពីការ​ធ្វើ​ស្រែ​បែប​ប្រពលវប្បកម្ម​ ជាដើម។​ដោយ​ហេតុ​​ផល​តាម​គ្រួសារ​ប្រជាកសិករ​មួយ​ចំនួន​ មាន​សមាជិក​ធ្វើ​ចំណាក​ស្រុក​ ឬ​ធ្វើ​ការងារ​រោង​ចក្រ…ដែល​អ្នក​ទាំង​នោះ​សុទ្ធតែ​កម្លាំង​ពលកម្ម​ស្នួល​ក្នុង​ការ​ធ្វើ​ស្រែ​ចំការ​ ការ​អនុវ​ត្ត​ប្រពលវប្បកម្ម ហាក់​នៅ មាន​កម្រិត​ព្រោះ​ខ្វះ​ខាត​កម្លាំង​ពល​កម្ម ហើយ​វិធីសាស្រ្ត​នេះ​ មាន​លក្ខណៈ​ម៉ត់​ចត់​ពេក​ដែល​ពិបាក​សម្រាប់​ប្រជា​កសិករ​សាមញ្ញ​​ដូចជា​ ការ​ដាំ​ត្រង់​ជួរ​ដោយ​ដាក់​ខ្សែវាស់ជាដើម ។ វិធីសាស្រ្ត​ នេះ​ គប្បី​ចាប់ផ្តើមជាមួយ​នឹង​ការ​បន្ស៊ាំ​ទៅ​នឹង​ស្ថានភាព​គាត់​វិញ​ល្អ​ជាង ដោយ​ជំរុញ ឱ្យ​ប្រជាកសិករ​ទទួល​យក​តាម​​​ផ្នែក​នៃ​​​ប្រពលវប្ប​កម្ម​ដែល​អាច​ធ្វើ​បាន​ ។​ឧ​ទាហរណ៍​ការ​ប្រើ​ប្រាស់​ពូជ​ ការ​រៀបចំថ្នាល​ដាប៉ុក ការ​រៀបចំ​ដី​ស្រែ ​ការ​ប្រើ​ជី​ការ​ស្ទួង​ចាប់​តិច ការ​ស្ទួង​ត្រង់ជួរ​​ជាដើម មុននឹង​ឈាន​ទៅ​រក​លក្ខណៈប្រពលវប្បកម្ម​ផ្លូវការ​​សុធ​សាធ ។តាម​ការ​សង្កេត​ជា​ទូ​ទៅ​ប្រជា​កសិករមួយ​ចំនួន​​និយម​ចូល​ចិត្ត​​ធ្វើ​អ្វី​ដែល​ងាយៗ បើមាន​​លក្ខណៈ​ផ្លូវ​ការ​ពេក និង​​មិន​ទាន់​មើល​ឃើញ​ពីគុណប្រយោជន៍​របស់វានោះ​ ​ពួក​គាត់​មិន​ទទួល​យក​ទៅ​អនុវត្ត​ឡើ​យ​ ។​ស្ថិត​ក្នុង​ស្ថាន​ភាព​បម្រែបម្រួល​អាកាស​ធាតុ​ ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​មាន​បញ្ហា​ខ្វះ​ទឹក​ និង​លើ​ស​ទឹក ការ​​យក​បច្ចេកទេស​កសិកម្ម​ថ្មី​គឺ​សមស្រប​បំផុត​ បើ​សិន​ប្រជា​កសិ​ករ​យល់​ពីវា ឧទាហ​រណ៍ ការ​ធ្វើស្រែ​នៅ​តំបន់​មួយ​ជួប​ប្រទះ​កង្វះទឹក​ដោយ​សារ​បម្រែ​បម្រួ​ល​អាកាសធាតុ​ នៅ​ពេល​​គាត់​សាប​សំណាបដល់​អាយុត្រូវ​ដក​ ស្រែសម្រាប់​​ស្ទូង​គ្មាន​ទឹក​ ពួក​គាត់​ពន្យា​ពេល​ដក ​ធ្វើ​ឱ្យ​សំណាប​លើស​អាយុ  ហើយ​ពេល​មាន​ទឹក​ គាត់​មិន​មាន​សំណាប​ត្រូវ​ស្ទួង​ទៅវិញ ។ស្ថិត​ក្នុង​ស្ថាន​ភាព ខាង​លើ​បើ​គាត់​យល់​ពី​សារៈ​ប្រយោជន៍​នៃ​ថ្នាល​ដា​ប៉ុក​ ពិត​ជា​អាច​ជួយ​គាត់​បាន​ ព្រោះ វា​បាន​ប្រែ​ក្លាយ​ពី ការ​រៀបចំ​សំណាប​រង​ចាំ​ដី​ស្ទួង​ មក​រៀប​ចំ​ដី ស្ទួង​រងចាំ​សំណាប​វិញ​ ហើយ​ថ្នាល​ដាប៉ុក​ប្រើ​រយៈពេល​ខ្លី និង​ងាយ​ស្រួល​ថែទាំ (​អ្នក​អាន​-អ្នក​សិក្សា​អាចអាន​បន្ថែម​លើ​​បច្ចេក​ទេស​​ប្រពល​វប្បកម្ម​ដំណាំ​ស្រូវ​​​របស់​​នាយក​ដ្ឋាន​​ដំណាំ​ស្រូវ​នៃ​​អគ្គ​នាយក​ដ្ឋាន​​កសិកម្ម ) ។​ជារួម ​ត្រូវ​ធ្វើ​ឱ្យ​គាត់​យល់​ពី​សារៈ​ប្រយោជន៍​ហើយ​ជាក់​ស្តែង​សម្រាប់​បញ្ហា​ប្រឈម​របស់​គាត់​ ទើ​ប​ការ​ចាប់​ផ្តើម​ទទួល​យក​ប្រពល​វប្បកម្ម មាន​ប្រសិទ្ធភាព​។ ភ្នាក់​ងារ​អភិវឌ្ឍន៍​ត្រូវ​គិត​ផង​​ដែរពី​ការ​អភិវឌ្ឍលើ​ចំណុច​ខ្លាំង​របស់​សហគមន៍ដែល​មាន​ស្រាប់​ រួម​ទាំង​ដំណោះស្រាយ​លើ​បញ្ហា​ប្រ​ឈម​នានា ។
៤-រាជរដ្ឋាភិបាលៈ           ផ្នែកនេះ​សំខាន់​បំផុត​មួយ​ក្នុង​ការ​លើក​កម្ពស់​ជំនឿ​ចិត្ត​ និង​ទំនុកចិត្ត​លើ​ការងារ​កិសកម្ម ។​បើ​កសិករ​ត្រូវ​បាន​ជួយ​ជ្រំ​ជ្រែង​ និង​គាំ​ពារពេញ​លេញ​ពី​រដ្ឋាភិបាល​ នោះ​ជំនឿ​ចិត្ត និង​ទំនុកចិត្ត​លើ​ការ​ងារ​កសិកម្ម​នឹង​កើន​ឡើង​ ។រដ្ឋ​ត្រូវ​តែ​មាន​ផែនការ​ជួយ​ដល់​ប្រជា​កសិករ​ក្រីក្រ​​ក្នុង​​ការ​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​ការងារ​​កសិកម្ម​ដោយ​ប្រើ​ប្រាស់​ធនធាន​ដែល​មាន​ស្រាប់​ ។ការ​លើក​ផែនការ​​កសាង​ប្រព័ន្ធ​ធារាសាស្រ្ត ការ​បណ្តុះបណ្តាល​មន្ត្រី ជំនាញ​ផ្នែក​កសិកម្ម និង​បសុពេទ្យ​បាន​ដល់​កម្រិត​ឃុំ និង​ការ​ចុះជួយ​ដោយ​ផ្ទាល់​ជាប្រចាំតាម​ផ្ទះប្រជាកសិករដោយ កំណត់​ក្រុម​គោល​ដៅ​​ច្បាស់​លាស់​ ជំរុញ​កិច្ច​សហការ​ និង​ការ​គាំទ្រ​ទុន​ឥណទាន​ គឺ​ជា​សកម្មភាព​ចាំបាច់​បំផុតមួយ​​​។​បើ​សិន​កសិករ​រង​គ្រោះ​លើ​ការងារ​កសិកម្ម របស់ខ្លួន​ ដូច​ជា​រងការ​ខូច​ខាត​ដោយ​សារ​ជម្ងឺ​ សត្វ​ល្អិត​បំផ្លាញ​ ឬ​ករណី​ផ្សេង​ទៀត​ គប្បី​មាន​អន្តរាគមន៍​ទាន់​ពេល​វេលា ឬ​បើសិន​ជា​អាច​រដ្ឋ​ត្រូវ​ផែនការ​រួមចំណែក​ជួយ​ចេញ​ខាត​ ឬ​ជួយ​​ផលិត​ផល​កសិករ​ដែ​ល​រង​គ្រោះ ពីការ​ធ្លាក់​ទាប​នៃ​តម្លៃ និង​ភាពពិបាករក​ទីផ្សារធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជា​កសិករ​មាន​ទំនុក​ចិត្ត​លើ​ការងារ​កសិកម្ម ហើយ​បន្ត​អនុវត្ត​សម្រាប់​ឆ្នាំ​ក្រោយៗ​ទៀត ។​បើ​សិន​គ្មាន​ការ​គាំពារ​ដូច្នេះ​ទេ​ ពេល​រង​គ្រោះ​ ពួក​គាត់​នឹង​បាត់​បង់​ទុន និង​បាត់​បង់​ជំនឿ​ចិត្ត​ ទំនុក​ចិត្ត​លើ​ការងារ​ស្រែចំការ​ ហើយ​​ការ​អភិវឌ្ឍនឹង​មាន​ការ​វិវត្ត​ទៅ មុខយឺត ។​រដ្ឋ​គប្បី​ធានា​ទី​ផ្សា​រ​សម្រាប់​ប្រជា​កសិករ​ កុំឱ្យ​ឈ្មួញ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាមតែ​​អំពើ​ចិត្ត​ ពិសេស​ឈ្មួញ​ប្រទេស​ជិត​ខាង​​ឆ្លៀត​ឱកាស​កេង​ចំណេញ​លើ​ប្រជា​កសិករ​ខ្មែរ​ ។ ដោយ​ភាពខាត​បង់​លើ​ការងារ​កសិកម្ម​ បាន​នាំ​ឱ្យ​ប្រជា​កសិករ​ខ្មែរ​មួយ​ចំនួន​ក្លាយ​ទៅ ជា​អ្នក​ស៊ី​ឈ្នួល​ធ្វើស្រែ​ចំការ​ឱ្យ​គេ​ លើ​ដី​ខ្លួន​ឯង​ ។​មួយវិញ​ទៀត​រដ្ឋគប្បី​បង្កើត​នូវ​ទីកន្លែង​ធនធាន​កសិកម្ម​នៅ​ក្នុង​កម្រិត​ស្រុក​ដើម្បី​ផលិត​ពូជ បណ្តុះ​បណ្តាល​បច្ចេកទេស និង​ចែកចាយ​ជា​ឥណទាន​ក្តី​ឬ​ជា​ជំនួយ​ឥតសំណង​ក្តី ដល់​ប្រជា​កសិករក្រីក្រ​ទូទាំង​ប្រទេស​។
មួយ​ផ្សេង​​ទៀត រដ្ឋគប្បីលើក ​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាកសិករទាក់​ទងនឹង​វិស័យ​​កសិកម្មឱ្យ​បាន​ទូលំ​ទូលាយ​​តាម​រយៈការ​បញ្ជៀបក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​ដូច​ជា​៖​ ទូរទស្សន៍ ​វិទ្យុ...ជាដើម​។​ការ​ធ្វើ​បែប​នេះ​មាន​ភាព​ចំ​ណេញ​ច្រើន​ ក្នុង​ការ​អូសទាញ​ប្រជា​កសិករ​ឱ្យ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ចគ្រួសារ​តាម​លំនាំគំរូនៃ​ការ​លើក​កម្លាំងចិន្តានុភាព​អភិវឌ្ឍន៍​​ដែល​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ ហើយ​ការ​ផ្សព្វ​ផ្សាយ​នេះ​សោត​គប្បីអនុវត្ត​នៅ ម៉ោងសំខាន់ៗ​ដែល​ប្រជា​កសិករភាគ​ច្រើន​ចាប់​អារម្មណ៍​ និង​ទស្សនាបាន​ច្រើន​គ្នា ។ក្នុង​ន័យ​នេះ​ប្រព័ន្ធផ្សព្វផ្សាយ​ដើរ​ តួ​នាទី យ៉ាង​សំខាន់​ក្នុង​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​សេដ្ឋកិច្ច​សង្គម ដែល​រាជ​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ ឱ្យ​បាន​ខ្លាំង ក្លា។ជារួម​ បើ​គ្មាន​ការ​គាំទ្រ​បែប​នេះ​ទេ ការ​អភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារតាម​រយៈកសិកម្មដូចជា៖ ដាំ​ដំណាំ​ ចិញ្ចឹម​សត្វ ការ​ធ្វើ​ស្រែ​ចំការ​....​នឹង​ជួប​ប្រទះ​​​ការ​លំបាក និង​ភាព​បរាជ័យ​ច្រើន ហើយចុង​បញ្ចប់​មាន​តែ​កសិកម្មបែប ​សិប្បកម្ម និង​ឧស្សាហកម្ម​ទេ​ដែល​ជោគ​ជ័យ​និង​ទទួល​បាន​ប្រាក់​ចំណេញ ៕
ដោយៈ ចៅ ឧស្សាហ៍ គ្រូបង្រៀនកម្រិតឧត្តម
ឥណទានរីកចម្រេីន តែកសិកម្មមិនរីកចម្រេីន អាចធ្វេីឱ្យប្រជាពលរដ្ឋវន់កជាមួយបំណុលនាពេលអនាគត។
យុទ្ធសាស្ត្រអភិវឌ្ឍសំខាន់នោះ​​ គឺជំរុញប្រជាជនផឹកកាហ្វេ ផ្តល់លទ្ធភាពឲ្យមនុស្សខ្មែរចេះពិភាក្សាចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក។វាប្រសើរជាងផឹកស្រា។

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!