សូមដោនឡូនតាមលីងខាងក្រោម៖ https://drive.google.com/open?id=14IiYuuOc3J65kPvgk337jR4_1svxdXG4
ក្រោយទទួលបានឯករាជ្យសង្គ្រាមនៅប្រទេសកម្ពុជាមិនទាន់បញ្ចប់នៅឡើយ
។សង្គ្រាមនៅតែបន្តរវាងភាគីកងទ័ពជាតិរួមជាមួយនឹងកងទ័ពបារាំង តទល់នឹង
កងទ័ពវៀតមិញ រួមជាមួយនឹងកងទ័ពខ្មែរឥស្សរៈធ្វេងនិយម
។សកម្មភាពនៃការប្រឆាំងនឹងពួកវៀតមិញ និងគូកនកាន់តែខ្លាំងឡើង
ព្រោះពួកនេះមានប្រវត្តិសាស្រ្តជូរចត់ នៅក្នុងវិបត្តិនៃការបាត់បង់ទឹកដី
។នៅដើមឆ្នាំ១៩៥៤
កងទ័ពខ្មែរឥស្សរៈនិងវៀតមិញបានវាយបកមកលើកម្លាំងសម្តេចសីហនុ
និងឈ្លានពានចូលទឹកដីកម្ពុជា ។ព្រះអង្គបានដាក់ញ្ញាត្តិថ្កោលទោសដល់សកម្មភាពនេះ
ដល់អង្គការសហប្រជាជាតិ ។ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ១៩៥៤ សន្និសឹទហ្សឺណែវ បានចាប់ផ្តើមស្តីពីកិច្ចព្រមព្រៀងសន្តិភាពឥណ្ឌូចិន
។ដោយផ្អែកលើកិច្ចព្រមព្រៀងនេះ សកម្មភាពការប៉ះទង្គិចគ្នាដោយយោធា
ត្រូវបានបញ្ឈប់លើទឹកដីកម្ពុជាទាំងស្រុងចាប់ពីថ្ងៃ០៧ ខែសីហា ឆ្នាំ១៩៥៤
។លទ្ធផលនៃសន្និសីទ
សម្រាប់ប្រទេសកម្ពុជាទាមទារឱ្យវៀតមិញនិងបារាំងដកកងទ័ពចេញពីប្រទេសកម្ពុជាឱ្យអស់ក្នុងរយៈពេល៩០ថ្ងៃ
រីឯកងទ័ពខ្មែរឥស្សរៈត្រូវរំសាយក្នុងរយៈពេល៣០ថ្ងៃ ។
ស្ថានភាពនយោបាយប្រទេសមហាអំណាច
សហរដ្ឋអាមេរិច សហភាពសូវៀត និងចិន នៅក្នុងសន្និសីទ នា ទីក្រុងហ្សឺណែវ
ឆ្នាំ១៩៥៤មានបម្រែបម្រួលយ៉ាងខ្លាំងដោយសារការប្រេះឆានៃទំនាក់ទំនង។
សហរដ្ឋអាមេរិចក្តៅក្រហាយយ៉ាងខ្លាំងនឹង នយោបាយExport បដិវត្តន៍របស់សហភាពសូវៀត
និងព្យាយាមទប់ស្កាត់ឥទ្ធិពលកុំម្មុយនីស្តនៅឥណ្ឌូចិន
។ក្រុមប្រឹក្សាសន្តិសុខអាមេរិចបានកំណត់ថា៖ “ការវាតទីណាមួយក៏ដោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺជាការគំរាមកំហែងអាមេរិច...”
។ក្នុងអំឡុងសង្គ្រាមត្រជាក់ សហភាពសូវៀត មិនចង់ប្រឈមមុខនឹង អាមេរិច
ដោយសារបញ្ហាកម្ពុជា ប៉ុន្តែទាមទារឱ្យកម្ពុជានៅជាអព្យាក្រឹត
។ចំណែកចិនពុំបានការពារខ្មែរឥស្សរៈទេ
ប៉ុន្តែទាមទារប្រទេសមហាអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបែងចែកកម្ពុជាជាពីរ ។ សហរដ្ឋអាមេរិច
ទទួលស្គាល់ឯករាជ្យកម្ពុជា និងរាជរដ្ឋាភិបាល សីហនុ តែមួយគត់ និងព្រមទទួលយកសំណើរបស់សូវៀត
និងចិនដែលចង់ឱ្យខ្មែរនៅអព្យាក្រឹត ។
រីឯស្ថានភាពនយោបាយក្នុងតំបន់
ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមមានលក្ខណៈស្មុគស្មាញ
យ៉ាងខ្លាំងព្រោះនិន្នាការនយោបាយផ្ទុយគ្នាស្រឡះ ។វៀតណាមត្រូវបែងចែកជាពីរ
ខាងជើងមាននិន្នាការកុំម្មុយនីស្ត ឯខាងត្បូងមាននិន្នាការលោកខាងលិច
។រដ្ឋការព្រៃនគរធ្វើការប្រឹងប្រែងដើម្បីឱ្យប្រទេសកម្ពុជាចូលជា សមាជិក SEATO ក្នុងទិសដៅប្រឆាំងនឹង ពួកកុំម្មុយនីស្តក្រោមការគាំពារពីសហរដ្ឋអាមេរិច
។កម្ពុជា បានបដិសេដចូលជាសមាជិក
ជាហេតុធ្វើឱ្យវៀតណាមខាងត្បូងធ្វើវិទ្ធ័ង្សនាយោធាបិទច្រកចេញចូលរវាងប្រទេសទាំងពីរ
ដោយសម្តេចនរោត្តសីហនុចង់រក្សាជំហនៅអព្យាក្រឹត ។នៅឆ្នាំ១៩៦៥ កម្ពុជា
បានធ្វើសេចក្តីប្រកាសទាមទារខេត្ត៤ នៅកម្ពុជាក្រោម
។រាជរដ្ឋាភិបាលសីហនុពង្រីកទំនាក់ទំនងជាមួយវៀតណាមខាងជើងហើយផ្តាច់ចំណងការទូតជាមួយអាមេរិច
។ទំនាក់ទំនងល្អក់កករជាមួយអាមេរិចចាប់ផ្តើមពីឆ្នាំ១៩៦៣ -១៩៦៩។ឆ្នាំ ១៩៧០
កម្លាំងវៀតណាមកុំម្មុយនីស្តកើនឡើងខ្លាំង ហើយគាំទ្រកម្លាំងខ្មែរក្រហមដែលជាកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលសម្តេចសីហនុ
។
ដោយមានការគាំទ្រពីអា្មេរិចនៅថ្ងៃទី១៨ខែមីនា
ឆ្នាំ១៩៧០ ឧត្តមសេនីយ លន់នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ
ធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុចេញពីអំណាច
ហើយបានអនុវត្តនយោបាយជាតិនិយមប្រឆាំង ដាច់ខាតនឹងពួកកុំម្មុយនីស្តឥណ្ឌូចិន
។នយោបាយលន់ នល់មានទិសដៅបង្រួបបង្រួមខ្មែរទាំងអស់ទាំងនៅកម្ពុជា វៀតណាម
និងនៅថៃ ។រដ្ឋការលន់នល់ ផ្តាច់ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម
និងវៀតណាម បណ្តោះអាសន្នវៀតណាមខាងត្បូង
និងចាប់ផ្តើមយុទ្ធនាការប្រយុទ្ធបោសសម្អាតវៀកកុង និងវៀតណាមលើ ទឹកដីកម្ពុជា។វៀតណាមគាំទ្រកម្លាំងខ្មែរក្រហមហើយព្រះបាទនរោត្តម
សីហនុបង្កើតរណសិរ្សសាមគ្គីជាតិកម្ពុជាមានទិសដៅនយោបាយដូចខ្មែរក្រហមប្រឆាំងនឹងរបបលន់
នល់ ។គោលនយោបាយសំខាន់របស់វៀតណាមគឺចង់ឱ្យកម្លាំងសីហនុនិងកម្លាំងខ្មែរក្រហមរួមបញ្ចូលក្នុងទិសដៅតែមួយ
។ក្រោយមកសីហនុងាកទៅរកចិន (ម៉ៅ សេទុង)ដើម្បីយុទ្ធសាស្រ្តនយោបាយ ។ ប៉ុល
ពត ទទួលការឧបត្ថម្ភពីវៀតណាម វាយលន់នល់
ប៉ុន្តែពុំបានរៀបចំខ្លួនដើម្បីធ្វើជាអាយ៉ងវៀតណាមទេ ។
ក្នុងដំណើរការបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា
វៀតណាមធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចរចាជាមួយរបបលន់នល់
។គោលនយោបាយរបស់វៀតណាមនេះត្រូវបានបដិសេដ ដោយសម្តេចសីហនុព្រោះវៀតណាមខាងជើងមិនមានសិទ្ធិធ្វើការចរចាសម្រេចបញ្ហាកម្ពុជាជំនួសកម្ពុជា
ឡើយ ។មកដល់ចំណុចនេះ ភាគីកម្ពុជានិងវៀតណាម មានទស្សនៈនយោបាយខុសគ្នាស្រឡះ ។
ចិន គាំទ្រខ្មែរក្រហម ចំណែកឯសហភាពសូវៀតគាំទ្រវៀតណាម ។ដោយសារមានការគៀបសង្កត់ពីមហាជន
អាមេរិចបានដកថយពីរដ្ឋាភិបាលលន់ នល់ ។ខែមីនា ឆ្នាំ ១៩៧៥
កងទ័ពខ្មែរក្រហមវាយផ្តាច់ព្រ័តយកទីក្រុងភ្នំពេញ
និងទទួលបានជ័យជំនះទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ។
នៅពេលខ្មែរក្រហមឡើងកាន់អំណាច ចាប់ផ្តើមប៉ះទង្គិចដោយអាវុធជាមួយវៀតណាមពីបញ្ហាកោះ
មួយចំនួន ។មកដល់ពេលនេះ
ខ្មែរក្រហមមានជំហឯករាជ្យពីវៀតណាមនិងទទួលការឧបត្ថម្ភគាំពារពីចិន
។ប៉ុន្តែនៅពេលម៉ៅ សេទុងស្លាប់ មានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំហើយជះឥទ្ធិពលយ៉ាងខ្លាំងលើសភាពការណ៍កម្ពុជា
។ ជាមួយគ្នានេះ ដែរគោលនយោបាយថ្មីរបស់ប៉ុល ពត ចាប់ផ្តើម
កម្ចេចសមាជិកបក្សដែលមាននិន្នាការវៀតណាម
។ក្នុងប្រទេសកម្ពុជាភាគីវៀតណាមមិនមានប្រតិកម្មចំពោះសកម្មភាពនេះទេ
។ឆ្នាំ១៩៧៧ សភាពការណ៍កម្ពុជាកាន់តែវឹកវរ ព្រោះប៉ុល ពត បានកាប់សម្លាប់យ៉ាងខ្លាំង
នៅក្នុងជួរមហាជនហើយវិបត្តព្រំប្រទល់ កម្ពុជា និងវៀណាមបានផ្ទុះឡើង ។កងទ័ពប៉ុល
ពតដែលមានចិននៅក្រោយខ្នង ចាប់ផ្តើមវាយចូលវៀតណាម ហើយដើម្បីឆ្លើយតបនឹងឥរិយាបថនយោបាយរបស់ខ្មែរក្រហម
វៀតណាមបានរៀបចំយុទ្ធសាស្រ្តដើម្បីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ។ជំហានដំបូងវៀតណាមបានជួយដល់ក្រុមបោះបោរនៅភូមិភាគបូព៌ាដែលមាន
សោ ភឹម ជាអ្នកដឹកនាំដើម្បីប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហម ។បន្ទាប់មកចុះហត្ថលេខាជាមួយសូវៀតដើម្បីគំរាមចិន
ពេលចូលលុកលុយកម្ពុជា ។មិនតែប៉ុណ្ណោះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨
វៀតណាមបានបង្កើតរណសិរ្សសង្គ្រោះ ជាតិកម្ពុជា
ក្នុងជួរជនភៀសខ្លួនខ្មែរទៅវៀតណាម ដែលដឹកនាំ ដោយលោក ហេង សំរិន
មានទិសដៅផ្តួលរំលំប៉ុល ពត ។ទីបញ្ចប់នៅថ្ងៃទី០៧ខែមករាឆ្នាំ១៩៧៩ កងទ័ពវៀតណាម
និងកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា បានទទួលជ័យជំនះលើរបបប៉ុល ពត ហើយបង្កើតសាធារណរដ្ឋប្រជាមេនិតកម្ពុជា
និងរដ្ឋាភិបាលថ្មី ។
ចំពោះទំនាក់ទំនងកម្ពុជានិងថៃពីឆ្នាំ
១៩៤៥-១៩៧៩ មានលក្ខណៈស្មុគស្មាញ ខ្លាំងពីបញ្ហាទឹកដី
។បារាំងបានកាត់ខេត្តពីរគឺ៖ (១)ខេត្តបាត់ដំបង និង(២)សៀមរាបឱ្យប្រទេសសៀម
ដើម្បីឱ្យសៀមទទួលស្គាល់បារាំងជា អាណាព្យាបាលកម្ពុជា ។ដោយមានទំនាស់ជាមួយសៀម
បារាំងបានទាមទារឱ្យសៀមដកទ័ពចេញពីខេត្តទាំងពីរខាងលើ ហើយនៅឆ្នាំ១៩០៤
បានចុះហត្ថលេខាលើកតិកាសញ្ញាប្រគល់មកឱ្យកម្ពុជាវិញ ។ឆ្នាំ ១៩៤០
បារាំងចុះអន់ថយ ។ឆ្លៀតឱកាសនេះ ថៃចុះហត្ថលេខាសម្ព័ន្ធភាពជាមួយជប៉ុន
ហើយទាមទារយកខេត្តទាំងពីរមកវិញ ។ឆ្នាំ ១៩៤១
កងទ័ពសៀមចូលស្រុកខ្មែរវាយបារាំង ។ដោយមានការគៀបសង្កត់ពីអាល្លឺម៉ង់ និងជប៉ុន
បារាំងចុះហត្ថលេខាឱ្យខេត្ត៤របស់កម្ពុជាទៅថៃ ហើយរដ្ឋការក្រុងបាងកកបានបង្កើនយុទ្ធសាស្រ្តប្រឆាំងអាណានិគមនិយមបារាំង
ដូចជានៅក្នុងទឹកដីកម្ពុជា ថៃបានបង្កើតចលនាប្រឆាំងបារាំងគឺ
រណសិរ្សខ្មែរឥស្សរៈ ។ថៃបានអនុញ្ញាតឱ្យខ្មែរកុំម្មុយនីស្តក៏ដូចជាពួកស្តាំនិយមអាចទិញអាវុធ
ឆ្លងកាត់ទឹកដីថៃបាន ។មួយវិញទៀតថៃ
បានរំលោភទឹកដីកម្ពុជានិងទន្រ្ទានយកប្រាសាទព្រះវិហារ ។ទំនាស់កម្ពុជា និងថៃ
រាលដាលកាន់តែខ្លាំងឡើង ហើយនៅឆ្នាំ១៩៥៦ថៃបានបិទព្រំដែន ។ឆ្នាំ ១៩៦១ សម្តេច
សីហនុបានផ្តាច់ការទូតជាមួយថៃ
។ថៃងាកគាំទ្រដល់ពួកខ្មែរសេរីប្រឆាំងសីហនុវិញ។ដើម្បីបញ្ចប់ជំលោះជុំវិញបញ្ហាប្រាសាទព្រះវិហារ
សម្តេចសីហនុបានដាក់បណ្តឹងជូនអង្គការសហប្រជាជាតិ ដើម្បីដំណើរការកាត់ក្តីពីបញ្ហានេះ
។ តុលាការក្រុងឡាអេ សម្រេចក្តីឱ្យកម្ពុជាឈ្នះក្តី ។
ស្ថានភាពទំនាក់ទំនងកម្ពុជានិងថៃមានលក្ខណៈធូរស្រាលវិញបន្ទាប់ពីរដ្ឋប្រហារថៃ
ហើយថៃជួយដល់រដ្ឋាភិបាលលន់ នល់ ប្រឆាំងនឹងកុំម្មុយនីស្ត ឥណ្ឌូចិន
។ប៉ុន្តែបន្ទាប់ពីការដូលរំលំរបបលន់ នល់ ថៃងាកមកគាំទ្រខ្មែរក្រហមវិញ
ដើម្បីទប់ទល់ នឹងចលនាកុំម្មុយនីស្តវៀតណាម ។ប្រទេសថៃបានផ្តល់ជម្រក
ជួយបណ្តុះបណ្តាលនិងផ្គត់ផ្គង់ដល់កងទ័ពខ្មែរក្រហមប្រឆាំងរដ្ឋាភិបាលថ្មី
និងវៀតណាម។ថៃបើកច្រកឱ្យចិនដឹកអាវុធឱ្យកងទ័ពខ្មែរក្រហម ។
ឥរិយាបថនយោបាយចិនក្នុងវិបត្តកម្ពុជាឆ្នាំ១៩៥៤
-១៩៧៩ មានទិសដៅយកអាស៊ីអាគ្នេយ៍ ឱ្យស្ថិតក្រោមឥទ្ធិពលនយោបាយរបស់ខ្លួន
។ចិនចាប់ផ្តើមធ្វើការគាំទ្រចលនាតស៊ូកុំម្មុយនីស្តឥណ្ឌូចិនយ៉ាងខ្លាំង
។ចំពោះប្រទេសកម្ពុជាចិនគាំទ្ររដ្ឋាភិបាលសីហនុ ។ ចិន
ជានិច្ចកាលតែងតែគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិហើយសម្តែងឥរិយាបថរបស់ខ្លួនក្នុងតួនាទីការពារកម្ពុជាពីការគំរាមកំហែងពីវៀតណាមខាងត្បូង
និងថៃ ។នៅក្នុងសម័យសង្គមរាស្រ្តនិយម១៩៦៥ ទំនាក់ទំនងចិននិងកម្ពុជា បានល្អក់កករ
នៅពេលអាមេរិចវាយលុកវៀតណាម ។រដ្ឋាភិបាលភ្នំពេញដកថយមួយចំនួនពីសង្គមនិយ
មហើយចិនបានងាកមកគាំទ្រមេដឹកនាំកុំម្មុយនីស្តកម្ពុជាប៉ុល ពត
ប្រឆាំងរដ្ឋាភិបាលកម្ពុជា ។ចុងក្រោយ ទំនាក់ទំនងរវាងកម្ពុជា
និងចិនត្រូវបញ្ចប់ហើយចិនបាត់បង់ជំហរបស់ខ្លួនក្នុងកម្ពុជា ។ឆ្នាំ១៩៧០ របបលន់
នល់ចូលកាន់កាប់ប្រទេសកម្ពុជា ចិនចង់ឱ្យរដ្ឋាភិបាលថ្មីនេះរក្សាមាគ៌ានយោបាយពីមុនដោយអនុញ្ញាតឱ្យចិនឧបត្ថម្ភសពា្ធវុធឆ្លងកាត់ទឹកដីកម្ពុជាដើម្បីគាំពារដល់សង្គ្រាមក្នុងវៀតណាម
។ពេលរបបលន់ នល់ បដិសេដចិនងាកមកគាំទ្រសីហនុវិញ និងមាននិន្នាការប្រឆាំងអាមេរិច
។ចិនគាំទ្រប៉ុល ពត ប្រឆាំងនឹងគោលនយោបាយហាណូយ ដែលមានសូវៀតនៅពីក្រោយខ្នង ។នៅឆ្នាំ១៩៧៥
ពេលកងទ័ពខ្មែរក្រហម ទទួលជ័យជំនះលើរបបលន់ នល់
ចិនអបអរសាទរ និងជួយឧបត្ថម្ភសពា្ធវុធ ផ្តល់ជំនួយឥតសំណង ជាច្រើន
។ចិនបានបញ្ឆេះ ភ្លើងទំនាស់រវាងកម្ពុជា និងវៀតណាម ហើយនៅឆ្នាំ១៩៧៨
ចិនបានបញ្ជួនអ្នកឯកទេសរហូតដល់២០ពាន់នាក់ដើម្បីរៀបចំប្រយុទ្ធជាមួយវៀតណាម
។ខណៈពេលដែលចិនគាំទ្រខ្មែរក្រហម សូវៀតគាំទ្រវៀតណាម ហើយ នៅពេលចុងក្រោយ
មេដឹកនាំចិនបានមើលឃើញពីបរាជ័យរបស់ខ្មែរក្រហម
បានធ្វើការទំនាក់ទំនងជាមួយថៃពីការសាងសង់មូលដ្ឋានតាមព្រំដែន ។នៅពេលរបបខ្មែរក្រហមដូលរំលំ
ចិនបានវាយលុកវៀតណាមនៅខែកុម្ភះ ឆ្នាំ១៩៧៩
ដើម្បីជួយសម្ព័ន្ធមិត្តខ្មែរក្រហម និងដាក់មេរៀនឱ្យវៀតណាម ។
ចំណែកនយោបាយអាមេរិចក៏បានប្រឹងប្រែងផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនលើឥណ្ឌូចិនផងដែរ។សហរដ្ឋអាមេរិចប្រឹងប្រែងធ្វើយ៉ាងណាកុំឱ្យកម្ពុជាក្លាយជាតំបន់ប្រឆាំងអាមេរិច
។អាមេរិចបង្ខំកម្ពុជាឱ្យចូលជាសមាជិកSEATO ដើម្បីបម្រើប្រយោជន៍
សឹកសង្គ្រាមប្រឆាំងវៀតកុង
។សម្តេចសីហនុបដិសេដសំណើអាមេរិចហើយនៅតែប្រកាន់យកជំហអព្យាក្រឹត
។ឥរិយាបថនយោបាយរបស់សម្តេចសីហនុឆ្លើយតបនឹងសូវៀតនិងចិន
។សូវៀតគាំទ្រនយោបាយក្រៅប្រទេសកម្ពុជានិងប្រឹងប្រែងឱ្យកម្ពុជានិងវៀតណាមខាងជើងខិតជិតគ្នា
។សហរដ្ឋអាមេរិចប្រឆាំងនឹងនយោបាយអព្យាក្រឹតរបស់សីហនុហើយនៅឆ្នាំ១៩៦៣រដ្ឋាភិបាលភ្នំពេញបដិសេដជំនួយពីអាមេរិច
។ចំណែកសូវៀតពង្រីកការផ្តល់អាវុធមកកម្ពុជា ។ឆ្នាំ១៩៦៤ ទំនាក់ទំនងកម្ពុជានិងសូវៀតពង្រីកកាន់តែខ្លាំងឡើងហើយទន្ទឹមនឹងនេះសកម្មភាពពួកស្តាំនិយមប្រឆាំងនឹងសីហនុក៏កាន់តែខ្លាំងឡើងផងដែរ
ដើម្បី។សីហនុសុំឱ្យចិននិងសូវៀតជួយអន្តរាគមន៍ដើម្បីដកកងទ័ពវៀតណាមខាងជើងនិងទ័ពយៀកកុងចេញពីប្រទេសកម្ពុជា
ដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិច
និងជាពិសេសដើម្បីងាយស្រួលបង្រ្កាបពួកខ្មែរក្រហមដែលលាក់ខ្លួន ។នយោបាយសំខាន់របស់អាមេរិចនៅអាស៊ីអាគ្នេយ៍បានកំណត់យកអាស៊ានជាតំបន់អាទិភាពក្នុងទិសដៅប្រឆាំងចលនាកុំម្មុយនីស្តដោយបានឧបត្ថម្ភសពា្ធវុធដល់ប្រទេសអាស៊ានទាំងនោះ
យ៉ាងច្រើនសន្ធឹកសន្ធាប់
។សហរដ្ឋអាមេរិចមិនចង់បាត់បង់តួនាទីនៅអាស៊ីអាគ្នេយ៍ទេ
ហើយជុំវិញបញ្ហាកម្ពុជាអាមេរិចទាមទារបណ្តាប្រទេសអាស៊ានឱ្យតាមខ្លួន។សភាពការណ៍នយោបាយអាមេរិច
មានការបត់បែននិងប្រែប្រួលច្រើន ។អាមេរិចបានដកខ្លួនពីការប្រឈមមុខនឹងរដ្ឋកម្ពុជាក្រោយពេលដែលវៀតណាមបានដកទ័ពចេញពីកម្ពុជា
ហើយសម្របសម្រួលទំនាក់ទំនង និងកិច្ចសហប្រតិបត្តការរវាងសហភាពសូវៀត-ចិន និងសូវៀត-អាមេរិច។អាមេរិចជាអ្នកផ្តួចផ្តើមដ៏សំខាន់មួយស្តីពីការបង្កើតគម្រោងកិច្ចព្រមព្រៀងបញ្ឈប់ជំនួយសញ្ធាវុធដល់ខ្មែរត្រីភាគី
។
ចំពោះនយោបាយសហភាពសូវៀតទាក់ទងនឹង
សង្គ្រាម កម្ពុជា សូវៀតមិនមានប្រតិកម្មអ្វីចំពោះរដ្ឋប្រហាររបស់លន់នល់ ទេ
។សូវៀតថ្កោលទោសសហរដ្ឋអាមេរិចនិងរដ្ឋការព្រៃនគរពីការចូលលុកលុយប្រទេសកម្ពុជា
។សូវៀតមិនចង់លូកដៃចូលបញ្ហាកម្ពុជា។
សូវៀតនិងវៀតណាមគាំទ្រការប្រឆាំងរដ្ឋាភិបាលកម្ពុជា ។នៅពេលកងទ័ពប៉ុល ពត
ទទួលជ័យជំនះ ចិនមានតួនាទីសំខាន់ក្នុងការឧបត្ថម្ភគាំពារខ្មែរក្រហម
ហើយស្ថានភាពនេះមិនឆ្លើយតបតាមគម្រោងរបស់សហភាពសូវៀត និងវៀតណាម ។ឆ្នាំ១៩៧៥
សីហនុបានខិតជិតសូវៀតមួយជំហាន ប៉ុន្តែមេដឹកនាំប៉ុល ពត
បដិសេធជំនួយទាំងស្រុងពីសូវៀត
។សូវៀតគំរាមកំហែងចិនដើម្បីឱ្យវៀតណាមវាយផ្តួលរំលំរបបប៉ុលពត
ហើយក្រោយពីរបបប៉ុល ពត ដួលរំលំ រដ្ឋាភិបាលថ្មី ទទួលជំនួយពីសហភាពសូវៀតក្នុងទិសដៅកសាងលទ្ធិសង្គមនិងប្រឆាំងចក្រព័ត្រនិយមសាកលលោក
។ជំនួបលោកហេង សំរិននៅក្រឹមឡាំង ១៩៨៧ កូនបាឆូវ បានគួសបញ្ជក់ថា៖ “សហភាពសូវៀតគាំទ្រ
ដល់កម្មវិធីនយោបាយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាស្តីអំពីនយោបាយបង្រួបបង្រួមជាតិ
ដែលជាការឆ្លើយតបដ៏សមហេតុផលដល់ប្រជាពលរដ្ឋកម្ពុជាដ៏អភ័ព្វ...”។
ចំពោះឥរិយាបថនយោបាយប្រទេសអាស៊ានជុំវិញបញ្ហាកម្ពុជា
ប្រទេសសឹង្ហបូរីប្រឆាំងដាច់ខាតនឹងពួកកុំម្មុយនីស្ត ដើម្បីរារាំងដល់ការលូកដៃពីពួកមូលធននិយម
។ព្រឹត្តការណ៍ឥណ្ឌូចិនបង្កឱ្យមានការអាប់អ៊ួរនៅក្នុងអាស៊ីអាគ្នេយ៍
និងជាការគំរាមកំហែងដល់សន្តិភាពពិភពលោកទាំងមូល
។សឹង្ហបូរីទាមទារឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងសាធារណរដ្ឋប្រជាមានិតកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម
ហើយគាំទ្រដល់ការបង្កើតកម្លាំងឯកភាពប្រឆាំងនិងរដ្ឋាភិបាលកម្ពុជា
។ទិសដៅនយោបាយសឹង្ហបូរីគឺប្រកាន់យកតុល្យភាពកម្លាំងកំពូលមហាអំណាចក្នុងតំបន់
។សកម្មភាពនិងឥរិយាបថនយោបាយសឹង្ហបូរីបានផ្លាស់ប្តូរក្រោយពេលវៀតណាមបានដកទ័ពចេញពីប្រទេសកម្ពុជានិងក្លាយជាដៃគូពាណិជ្ជកម្មសំខាន់សម្រាប់កម្ពុជាថែមទៀត
។ចំណែកឯនយោបាយការទូតម៉ាឡេស៊ីក្នុងដំណោះស្រាយបញ្ហាកម្ពុជា
គឺប្រកាន់យកជំហកណ្តាលនិងទាមទារឱ្យមានដំណោះស្រាយដោយសន្តិវិធីពហុវិជ្ជាមាន
។រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីធ្លាប់ដើរតួជាតំណាងអាស៊ាន
ចរចាជាមួយនឹងវៀតណាមនៅហាណូយ ។ម៉ាឡេស៊ីជាស្ថានិកនយោបាយអព្យាក្រឹតក្នុងតំបន់
ហើយខិតខំទប់ស្កាត់ការកកូរកកាយបញ្ហាកម្ពុជា ដែលអាចរាលដាលទៅជាបញ្ហាតំបន់
។ម៉ាឡេស៊ី ជាប្រទេសទី១ដែលបានចាប់ផ្តើមមានទំនាក់ទំនងជាមួយប្រទេសឥណ្ឌូចិន
។ក្រោយឆ្នាំ១៩៧៩ ម៉ាឡេស៊ីនៅតែប្រកាន់ជំហនយោបាយកិច្ច
សហប្រតិបត្តការក្នុងតំបន់និងដោះស្រាយទំនាស់ដោយសន្តិវិធី ។ចំពោះឥរិយាបថនយោបាយរបស់ប្រទេសឥណ្ឌូនេស៊ី
ជុំវិញបញ្ហាកម្ពុជាមានលក្ខណៈដូចម៉ាឡេស៊ីដែរ ។ទំនាក់ទំនងឥណ្ឌូនេស៊ី
វៀតណាមបានក្លាយជាស្ពានទំនាក់ទំនងរាល់គូភាគីទំនាស់កម្ពុជាដើម្បីដោះស្រាយបញ្ហាសន្តិភាពនៅកម្ពុជា
ក៏ដូចនៅអាស៊ីអាគ្នេយ៍ទាំងមូល ។ទីក្រុងហ្សាកាតា បានក្លាយជាទីតាំងជំនួបភាគីទំនាស់កម្ពុជា
ហើយជំនួបគណៈប្រតិភូឥណ្ឌូនេស៊ី និងវៀតណាមជាច្រើនលើក ដើម្បីពិភាក្សា
អំពីដំណោះស្រាយកម្ពុជា ។ដូច្នេះ ជំហនយោបាយបណ្តាប្រទេស
អាស៊ានជុំវិញដំណោះស្រាយកម្ពុជាអាចបែងចែកជាពីរក្រុម ៖ (១)ប្រទេសថៃ សឹង្ហបូរី
ហ្វីលីពីន មានជំហតឹងរឹង ជាមួយនឹងវត្តមានកងទ័ពវៀតណាមក្នុងប្រទេសកម្ពុជាហើយមធ្យោបាយដោះស្រាយដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច
និងដោយកម្លាំងយោធា ។(២) ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ប្រកាន់នយោបាយឯករាជ្យ
និងអត្តនោម័ត នៅក្នុងដំណោះស្រាយបញ្ហាកម្ពុជា។
ជារួមកត្តាតំបន់
និងកត្តាសាកលលោកជះឥទ្ធិពល យ៉ាងខ្លាំងមកលើបញ្ហាសង្រ្គាមនិងសន្តិភាពនៅកម្ពុជា
។ខ្យល់ជំនោរ នៃមនោគមវិជ្ជា មហាអំណាច ទាំងពីរបានបក់បោកលើដែនដីឥណ្ឌូចិន។ ជនជាតិខ្មែរបានប្រែក្លាយពីការតស៊ូប្រយុទ្ធដើម្បីឯករាជ្យ
បូរណភាពទឹកដី
មកជាការប្រយុទ្ធដើម្បីឧត្តមគតិក្រោមឥទ្ធិពលមនោគមន៍វិជ្ជាសេរី
និងកុំម្មុយនីស្ត និងដើម្បីអំណាច ផ្ទាល់ខ្លួន
។ដំណើរប្រវត្តិសាស្រ្តកម្ពុជាដ៏អភ័ព្វ ក្នុងដំណាក់កាលនេះ បានឆ្លងកាត់រសជាតិជូរចត់ឈឺចាប់ ពន់ពេកក្រៃ ទាំងជាមួយប្រទេសជិតខាង
និងប្រទេសមហាអំណាច ។ខ្មែរជាអ្នកខាតបង់ជាច្រើនក្នុងឆាកនយោបាយ
។ពន្លឺសន្តិភាពខ្មែរទទួលបានតិចតូច ឯភ្នក់ភ្លើងសង្គ្រាមអូសបន្លាយរាំរ៉ៃ
ជាច្រើនទសវត្យ ។ជក់នយោបាយបត់បែនខ្លាំងគួសវាសលើក្រាំងប្រវត្តិសាស្រ្តនេះ
ឱ្យអនុជនជំនាន់ក្រោយ វង្វេងវង្វាន់និងឈឺក្បាល ទាំងកត្តាផ្ទៃក្នុងប្រទេស
កត្តាតំបន់ និងកត្តាសាកល ។នៅឥណ្ឌូចិនប្រទេសកម្ពុជាជាថ្នាលសាបព្រោះ
ឥទ្ធិពលនយោបាយស្តាំនិយម និងធ្វេងនិយម ដែលនយោបាយទាំងពីរនេះ
មានទស្សនៈខុសគ្នា ហើយជានិច្ចកាលតែងតែបង្កទំនាស់ នឹងគ្នា
។មហាអំណាចតែងតែដណ្តើមឧត្តមភាពរៀងៗខ្លួនលើឆាកអន្តរជាតិហើយប្រឹងប្រែងឱ្យប្រទេសទាំងឡាយទទួលឥទ្ធិពលខ្លួន។តាមប្រវត្តិសាស្រ្ត
ប្រទេសកម្ពុជាជាចំណុចប្រសព្វ នៃកម្លាំងទាំងពីរនេះ
ដែលកកើតលើទឹកដីខ្លួនហើយបង្កទំនាស់សង្គ្រាមបង្ហូរឈាម មិនចេះចប់មិនចេះហើយ
រវាងជនជាតិខ្មែរគ្នាឯងនិងបរទេសឈ្លានពាន ។ពួកមហាអំណាចបានឱ្យអាវុធខ្មែរ
ហើយដឹកដៃខ្មែរឱ្យចូលក្នុងទីលានប្រយុទ្ធហើយពេលខ្លះគេរត់ចោលទុកឱ្យខ្មែរប្រយុទ្ធទៅតាមយថាកម្ម
តួយ៉ាងដូចសហរដ្ឋអាមេរិច បោះបង់ចោលលន់នល់ -ចិនថយមួយជំហានពីខ្មែរក្រហម
ជាដើម ។តើនរណាស្រឡាញ់ខ្មែរហើយលះបង់អ្វីៗដើម្បីផលប្រយោជន៍ខ្មែរពិតប្រាកដ នោះ ?
ដូច្នេះ
ឆ្លងកាត់តាមរយៈប្រវត្តិសាស្រ្តនេះ ពិតជាផ្តល់មេរៀននិងបទពិសោធល្អៗ
ឱ្យកូនខ្មែរជំនាន់ក្រោយយល់កាន់តែច្បាស់ពីប្រវត្តិសាស្រ្តជាតិ
ចំណុចខ្សោយផ្នែកនយោបាយ និងកំហុសឆ្គង នយោបាយ ហើយខិតខំសិក្សារៀនសូត្រ
និងយកអស់កម្លាំងកាយចិត្ត ស្មារតី
ដើម្បីទប់ស្កាត់កុំឱ្យដានប្រវត្តិសាស្រ្តអវិជ្ជមាន កើតឡើងដដែលៗ ពិសេសទៅទៀត ឱ្យខ្មែរចេះប្រើប្រាស់
ប្រវត្តិសាស្រ្តឱ្យបានជាគុណប្រយោជន៍ក្នុងការកសាងប្រទេសជាតិ
ដោយមិនទុកជាឈ្នាន់ដើម្បីសងសឹកគ្នានិងបង្កសង្គ្រាម ៕
សង្ខេបដោយៈ
ចៅ ឧស្សាហ៍ គ្រូឧទ្ទេស
ឯកសារយោងៈ សង្គ្រាមនិងសន្តិភាពកម្ពុជា កត្តាតំបន់ និងកត្តាសាកល (១៩៤៥-១៩៩១)របស់លោក ឌៀប
សុផល-ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឌី ខាំបូលី)
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!