Thursday, October 4, 2012

សេចក្តីផ្តើម

ការបក ស្រាយបង្ហាញអំពីអំពើហឹង្សាក្នុងគ្រួសារនៅសៀវភៅនេះផ្តោតតែទៅលើអំពើហឹង្សារវាងប្តី-ប្រពន្ធ តែ​ប៉ុណ្ណោះ  ។​បុព្វហេតុ​ដែលធ្វើឱ្យអ្នកនិពន្ធចាប់អារម្មណ៍ និងយកចិត្តទុកដាក់ក្នុង​ការលើកយក បញ្ហា​​នេះ​ មក សិក្សា​និងបក​ស្រាយ​បង្ហាញនោះគឺដោយសារបន្ទាប់ពីការចូលរួមសិក្ខាសាលាពីរស្តីពី អំពើ ​ហឹង្សា ក្នុង គ្រួសារ​មានការ​លើក​ឡើង​នូវប្រភព​នៃអំពើ​អសកម្ម​នេះ​ ហាក់​ដូច​ជាផ្តោតតែ​ទៅលើបុរស ប៉ុណ្ណោះ ។ ការណ៍ នេះ ហាក់ដូចជា​បង្ហាញពីផល ជា​ជាងហេតុ ។ករណីមួយចំនួន មានបុរេនិច្ឆ័យ ភាព លម្អៀង និងមិន បានស្វែងយល់​ពិត​ប្រាកដ និងស៊ីជម្រៅ​ពីប្រភព​ឫស​គល់​ ដែល ​នាំឱ្យកើតអំពើនេះឡើង ។ តើវា យុត្តិធម៌ ទេ បើសិក្ខាកាម​ភាគច្រើន ដាក់បន្ទុកតែទៅលើ បុរសនោះ ?ការសម្លឹង​តែមួយជ្រុង នៃបញ្ហា ពិត ជា មិនអាចរក​ដំ​ណោះ​ស្រាយបានឡើយ ។កន្លងមក មានការ​ស្រាវជ្រាវ​ច្រើន​ណាស់ ពីអំពីហឹង្សាក្នុង គ្រួសារ ​នេះ ទាំងរាជ​រដ្ឋា​ភិបាល និងទាំង​អង្គការសង្គមស៊ីវិល ដោយបានចង​ក្រងឯកសារ​សម្រាប់​​ឱ្យអ្នក សិក្សា ស្រាវជា្រវ សិក្សាស្វែងយល់ ជាច្រើន ។មិនតែប៉ុណ្ណោះ គម្រោងជាច្រើនក៏បាន និងកំពុង​អនុវត្ត​ផង ដែរ លើការងារ​កាត់បន្ថយ និងលុប​​អំពើហឹង្សាក្នុងគ្រួសារនេះ ។តែទោះ​បីជាយ៉ាងណាក៏ដោយ ក៏ករណី នៃ​ អំពើ​នេះ នៅតែមាន​អត្ថិភាព​នៅឡើយ  ដែលទាមទារឱ្យមានការចូលរួមចំណែកសកម្ម ​ក្នុងការ លើក​កម្ពស់ អហឹង្សាធម៌​និង​កសាង​វប្បធម៌​សន្តិភាពទាំងកម្រិត​បុគ្គល គ្រួសារ សហគមន៍ និង​សង្គម​ជាតិទាំង​មូល​ ។ នៅក្នុងអត្ថបទ​​ស្រាវជ្រាវ​ជាច្រើន​ ទាក់ទង​​នឹង​បញ្ហា​អំពើហឹង្សា​​ក្នុងគ្រួសារ​បានផ្តោត​តែទៅ​លើស្រ្តី​ជា​កម្មវត្ថុ​សិក្សាស្រាវ ​ជ្រាវ ។ការដែលប្រមូល​ព័ត៌មាន​តែភាគីម្ខាង អាចទទួលបានព័ត៌មានមិនពិត​ប្រាកដទាំងស្រុង ឬ​ ទទួលបាន​តែលេស​សម្រាប់​ការពារ​ខ្លួន​ប៉ុណ្ណោះ​ព្រោះស្ថិត​ក្នុងស្ថានភាព​ទំនាស់គ្រប់​ភាគី ​​ទាំងសងខាង ព្យាយាម លើកហេតុផល​យកត្រូវរៀងៗខ្លួន ។ដូច្នេះ នៅ​ពេលអ្នក​ស្តាប់​តែភាគីម្ខាង​នោះ​ អ្នកនឹង​​មើលឃើញតថភាពមួយ​ផ្សេងទៀតដែលសមហេតុផលបំផុត និងមាន​អំណះ​អំ​ណាង​គ្រប់​គ្រាន់​​ក្នុងការធ្វើឱ្យ​សង្គមទាំង​មូល​យល់ស្រប ដែលករណីនេះអាចនាំឱ្យមាន​លក្ខណៈ​ប្រាស​ចាកពី​ប្រាកដ​ភាព និង​សុក្រឹតភាពមួយចំនួន​ សម្រាប់ខ្ញុំ មិនយល់​ដូច្នោះទេ គួរសិក្សាពីមនុស្សទាំងពីរភេទនេះ ឱ្យបាន​ច្បាស់​លាស់ និងស៊ីជម្រៅទើបយល់ឫសគល់នៃបញ្ហា និងងាយប្រើប្រាស់យុទ្ធសាស្រ្តសមស្របដើម្បី​កាត់បន្ថយ ឬលុប​បំបាត់ប្រកបដោយប្រសិទ្ធិភាព ។ស្ថិតក្នុងន័យនេះ អ្នកនិពន្ធ​មាន​សោមន្ស​រីករាយ​ចូលរួម​វិភាគ​ទាន​ក្នុងការ​សាក​ល្បងសិក្សាស្រាវ​ជ្រាវ បកស្រាយបង្ហាញពី​បញ្ហាអំពើហឹង្សាក្នុងគ្រួសារ ដោយ​លើកយក និង​សង្កត់ធ្ងន់ទៅលើ​ ជ្រុងមួយ​ផ្សេងទៀតដែលគេ មិនសូវបានសម្លឹងឃើញ និងចាប់អា​រម្មណ៍​ខ្លាំង ។ដូច្នេះតាម​រយៈ ការប្រមូលផ្តុំគំនិតដែល​សិក្សា​ពីបញ្ហា​នេះ ពិតជា​​អាចមើល​ឃើញរូបរាងពិតប្រាកដរបស់វា ហើយអាចរកឃើញពីឫស​គល់បន្ថែម​ទៀត​ដែល​នាំឱ្យវាកើតឡើង ។​ ជាមួយ​គ្នានេះដែរ អ្នកនិពន្ធសូមបញ្ជក់ថា អ្នកនិពន្ធពិតជាមិនបានទាត់ចោល​គំនិត​របស់អ្នក​សិក្សា​ស្រាវ​ជ្រាវ​ដទៃទៀតឬជំទាស់នឹងគោលគំនិត​លើកកម្ពស់យែនឌ័រទេ។ការលើកឡើងនេះ ជាបញ្ហា​ដោយ​ឡែក​មួយ​ប៉ុណ្ណោះ។
គោលបំណងរបស់អ្នកនិពន្ធគឺចង់ឃើញគ្រួសារទាំង​អស់រស់នៅប្រកបដោយ​ សេចក្តីសុខ​សុភមង្គល មាន​វឌ្ឍន​ភាព​​​ វិបុលភាពនិងភាពសុខុដមរម្យនា​នឹង​គ្នា​តាមរយៈនៃការ​បង្ហាញ​តថភាព​មួយរបស់អ្នកនិពន្ធស្តី​អំពីអំពើ​ហឹង្សា​ក្នុង​គ្រួសារ​។វិធីសាស្រ្ត​របស់អ្នកនិពន្ធ ក្នុងការ​សិក្សា​ស្រាវជ្រាវពីចំណុច​នេះ គឺតាមរយៈការអង្កេត​ទៅលើសង្គម​ និងករណី​សិក្សា​មួយ​​ចំនួនដែលទទួលបានពីមិត្តភ័ក្រ និង​ចំណេះដឹង បទ​ពិសោធ​​ផ្ទាល់ខ្លួននិង​ទទួលបានពី​ឯកសារ​ផ្សេងៗ។​ទោះ​បីជា​យ៉ាងណាក៏ដោយ ខ្លឹមសារក្នុងផ្នែក​នេះ នៅ​តែជាអត្ថបទសាកល្បងមួយប៉ុ​ណ្ណោះ ព្រោះ​វិធីសាស្រ្ត​ស្រាវជ្រាវ​ហាក់នៅ​មានកម្រិត ពុំទាន់មាន​លក្ខ​ណៈ​វិទ្យាសាស្រ្ត​ពេញលេញ​ដូចជា មិនផ្តោត​ទៅលើការសិក្សាជាទូទៅដោយ​លើក​យក​ចំណុចដោយ​ឡែក​​មួយប៉ុណ្ណោះ គ្មានឧបករណ៍សម្រាប់សិក្សាស្រាវជ្រាវច្បាស់លាស់ គ្មានការប្រមូល​ព័ត៌មាន​​​គ្រប់​ជ្រុងជ្រោយ  ការបង្ហាញ​ក្រាហ្វិច និងការវិភាគទន្និន័យជាដើម ។​វាជាគំនិតផ្តួចផ្តើម និងសាកល្បង​ធ្វើការ​​វិភាគ​​ដើម្បី​​​បង្ហាញ​​​តថភាពមួយ​នៃអំពើហឹង្សា​ក្នុងគ្រួសារ​តែប៉ុណ្ណោះ ។

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!