១-សេចក្តីផ្តើម តើអ្នកកំពុងស្មុគស្មាញ
ធុនទ្រាន់នឹងការងារមែនទេ?តើអ្នកកំពុងមានបញ្ហាផ្នែកទំនាក់ទំនងជាមួយបុគ្គលិករួមការងារ
ក្រុមគោលដៅ
និងអ្នកគ្រប់គ្រងមែនទេ?តើបរិយាកាសនិងស្ថានភាពការងាររបស់អ្នកមិនសមប្រកបនឹងបំណងប្រាថ្នា
និងតម្រូវការរបស់អ្នកមែនទេ ? ខាងក្រោមនេះ ជាគន្លឹះចិត្តសាស្រ្ត
មួយចំនួនសម្រាប់ឱ្យអ្នកស្វែងយល់
ហើយដែលមានសារប្រយោនជន៍ក្នុងការកសាងទំនុកចិត្តការងារ
ទំនាក់ទំនងការងារ អភិវឌ្ឍន៍បុគ្គលិកលក្ខណៈនិងលើកកម្ពស់ប្រសិទ្ធភាព
គុណភាពការងារ ពិសេសកាត់បន្ថយនូវអារម្មណ៍ស្ត្រេសការងារ និងសម្ពាធការងារ ។
២-ខ្លឹមសារ
- លក្ខណៈរូបរាងកាយ ការតុបតែងកាយ ល្អសក្តិសម នឹងកិត្តិយស មានឥរិយាបថ អាកប្បកិរិយា វាចានិងឫកពារ ប្រកបដោយសីលធម៌ គុណធម៌ ចូលចុះនឹងសង្គម ។លក្ខណៈខាងលើ មានសារៈសំខាន់ ក្នុងការលើកតម្លៃ និងកិត្តិយសផ្ទាល់ខ្លួន ។ មិនត្រូវបង្ហាញភាពឥតរបៀបរៀបរយ កិរិយា ឫកពារ មិនល្អ បែបធម្មជាតិរបស់ខ្លួនឱ្យបុគ្គលិក អ្នករួមការងារឫអ្នកគ្រប់គ្រង ឃើញឡើយ ទោះនៅកន្លែងការងារឬនៅផ្ទះក៏ដោយ ។
- ពេលអ្នកគ្រប់គ្រងសួរនាំពីបញ្ហាអ្វីមួយ អ្នកមិនត្រូវឆ្លើយថា ឥតបានដឹងអីនោះទេ ហើយសំខាន់ជាងនេះទៅទៀតនោះ បើសួរនាំពីកិច្ចការក្នុងនាទីដែលអ្នកកំពុងទទួលខុសត្រូវបើយើងនៅស្ងៀមៗ យករួចខ្លួនអ្នកគ្រប់គ្រងនឹងគិតថា អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន អសមត្ថភាព មិនហ៊ានទទួលខុសត្រូវ និងចេញយោបល់។ ជានិច្ចកាលត្រូវបង្ហាញថ្នាក់គ្រប់គ្រងឱ្យឃើញថាយើងជាមនុស្សមានសមត្ថភាព ។
- បើអ្នកបង្គាប់បញ្ជា សួរចង់ដឹងយោបល់អំពីនិស្ស័យ ការប្រព្រឹត្តរបស់អ្នកណាមា្នក់ យើងគួរជូនយោបល់តិច បំផុតពិសេសគឺ រឿងក្នុងផ្លូវមិនល្អ មិនមែនជារឿងមង្គលរបស់អ្នកដទៃ ។
- មិនត្រូវយករឿងរ៉ាវផ្សេងៗទៅប្តឹងចៅហ្វាយនាយ ញឹកញាប់ពេកទេព្រោះអាចកើតរឿងអាក្រក់ ដល់ខ្លួន និងរំខានដល់អ្នកគ្រប់គ្រង ។
- ចូរចៀសវាងការនិយាយនិន្ទា រិះគន់ ចាក់ដោត លើកពីចំណុចខ្សោយរបស់អ្នកដទៃ ពិសេសអ្នកគ្រប់គ្រង ទៅអ្នកណាម្នាក់ស្តាប់ឡើយ ទោះអ្នកស្ថិតនៅក្នុងស្ថាប័ន ជាមួយគ្នា ឬក្រៅក៏ដោយ ។
- ចៀសវាងការលើកខ្លួនឯងជ្រុលអួត ខ្លួនថា ជាអ្នកពូកែ ជាមនុស្សល្អ ហើយវាយឫកអួត ខ្លួន ។អ្វីៗ គួរទុកឱ្យចៅហ្វាយនាយជាអ្នកវាយតម្លៃ ល្អជាង ។មានអ្នកខ្លះមានសមត្ថភាពធ្វើការងារ តែមាននិស្ស័យមិនល្អ ច្រើនវាយឫក មានការប្រកាន់ខ្លួនចូលចិត្តនិយាយស្តី មើលងាយគេឯង មិនចេះគួរសម និងខ្វះការគោរពចៅហ្វាយ ។
- ត្រូវបង្ហាញឱ្យចៅហ្វាយនាយឃើញថា ខ្លួន អ្នកមានសមត្ថភាព ជាអ្នកធ្វើការល្អ ជួយធ្វើការឱ្យចៅហ្វាយនាយបាន ធូរកម្លាំង ។ ត្រូវធ្វើខ្លួនជា អ្នកសុភាពរាបសា ហើយចេះ ធ្វើខ្លួនឱ្យទៅជា ទីស្រឡាញ់ ជាទីទុកចិត្តរបស់ចៅហា្វយនាយ ហើយជាទីរាប់អានរបស់អ្នកធ្វើការជាមួយគ្នា និងអ្នកដទៃ ផងដែរ ។
- កិច្ចការដែលចៅហ្វាយនាយប្រគល់ឱ្យធ្វើ អ្នកត្រូវប្រញាប់ប្រញាល់ធ្វើ ហើយធ្វើដោយយកចិត្តទុកដាក់ធ្វើយ៉ាងណា ឱ្យកិច្ចការបញ្ចប់ដោយជោគជ័យ ទាន់ពេលវេលា មានរបៀបរៀបរយនិងត្រឹមត្រូវ ។ បើអ្នកធ្វើការឱ្យតែរួចពីដៃ នាំឱ្យមានកំហុសច្រើន អ្នកគ្រប់គ្រងបាត់បង់ទំនុកចិត្ត និងគិតទៅលើអ្នកក្នុងន័យអវិជ្ជមាន ។
- ចំណេះដឹងទុកសម្រាប់ប្រើការមិនមែនទុកសម្រាប់កំហែងគេ ឡើយ ។
- មិនគួរសួរនាំ រំខានចៅហ្វាយនាយញឹកញាប់ច្រើនពេកទេ គាត់នឹងយល់ថា អ្នកជាមនុស្សអសមត្ថភាព ចាំទទួលបញ្ជា ។
- គួរជួយកិច្ចការរបស់ចៅហ្វាយនាយទោះ ក្នុងនាទីក្តីឬផ្ទាល់ខ្លួនក្តី តាមដែលអាចធ្វើបាន ។
- គួរជៀសវាងធ្វើការប្រៀបធៀបចំណេះវិជ្ជា និងសមត្ថភាពរវាងអ្នកគ្រប់គ្រង ខ្លួនអ្នកនិងអ្នកដទៃ ។
- មិនគួរប្រព្រឹត្តខ្លួនក្នុងផ្លូវទុច្ចរិត ឬអំពើអសីលធម៌ ឡើយ ។
- ត្រូវធ្វើជាមនុស្សចិត្តត្រជាក់កុំបញ្ចេញកំហឹងអាការៈ ក្តៅក្រហាយ ស្រែកឡូឡា ចងគំនុំ អារម្មណ៍ ជាមួយចៅហា្វយឬអ្នកដទៃទៀត ។
- បើមានអ្នកបង្គាប់បញ្ជាច្រើនអ្នកត្រូវព្យាយាមធ្វើការឱ្យអត់ធន ក្នុងការមិនពេញចិត្តខ្លះៗ ដែលកើតឡើងកុំគោរពចៅហ្វាយនាយ ណាម្នាក់ដោយចំពោះហើយធ្វើព្រងើយកណ្តើយ រឹងរួសនឹងបញ្ជាចៅហា្វយដទៃ ធ្វើបែបនេះអ្នកនឹងជួបការលំបាកនៅថ្ងៃក្រោយ ។
- ត្រូវមានទំនាក់ទំនងជាមួយអ្នកធ្វើការ ក្រុមគោលដៅ និងថ្នាក់ដឹកនាំ ។ ធ្វើខ្លួនជាមនុស្សមិនចេះប្រកាន់ខ្លួនតែក៏មិនត្រូវបណ្តោយខ្លួនទាល់តែហួសហេតុពេកដែរ ។
- ចូរបដិបត្តិដូចតទៅៈ ស្មោះត្រង់មិត្តភាពនិងភាពជាគ្នាឯង មានយុត្តិធម៌ ងាយទាក់ទង មិនឆាប់ជឿងាយសម្តែងការស្រឡាញ់ មិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន ចេះ លើកទឹកចិត្ត ការអាណិត អាសូរ ចេះ អាធ្យាស្រ័យ
- ស្រឡាញ់កិត្យានុភាព (មានន័យថា មិនឃើញដល់លាភសក្ខារៈបន្តិចបន្តួច មិនស៊ីសំណូកមិនប្រព្រឹត្តទុច្ចរឹត មិនចង់បានរបស់អ្នកដទៃ )….។
- ធ្វើខ្លួនជាមនុស្ស មិនតឹងរឹង និងប្រាកដប្រជាហួសហេតុ ត្រូវចេះ ញញឹមញញែម រីករាយនិងមានអារម្មណ៍ កំប្លែង នៅពេលខ្លះប៉ុន្តែមិនត្រូវញឹកញាប់ពេកទេ ។
- ត្រូវនិយាយស្តីឱ្យបានច្បាស់លាស់ រាយការណ៍ និងសរសេររបាយការណ៍ ឱ្យទាន់ពេលវេលា និងត្រឹមត្រូវ ។
- ត្រូវតាមដានគ្រប់កិច្ចការដែលដាក់ឱ្យធ្វើត្រូវតាមដានឱ្យដឹងថា តើបានផលល្អឬ មានការរាំងស្ទះ ត្រង់ណា ?
- ត្រូវចេះសម្របសម្រួល មានន័យថា ធ្វើឱ្យរឿងធំក្លាយជាតូច ឬឱ្យស្ងប់ស្ងាត់ ។
- ត្រូវចេះសហការធ្វើការជាមួយគ្នា ។
- ធ្វើជាមនុស្សចិត្តរឹងប៉ឹង មិនត្រចៀកស្រាល ឆាប់ជឿគេ ..។
- ព្យាយាមធ្វើជាមនុស្សគំរូដល់អ្នកធ្វើការគ្រប់គ្នា ។
- ជានិច្ចកាលយកចិត្តទុកដាក់ពង្រឹងចំណេះដឹងទូទៅ ឱ្យកាន់តែល្អប្រសើរ ។
- ក្នុងភាពមិនច្បាស់លាស់ក្នុងការបំពេញកិច្ចការ ត្រូវចេះសួរនាំថ្នាក់លើមិនត្រូវធ្វើទាំងងងឹតងងល់ ប៉ុន្តែមិនត្រូវញឹកញាប់ពេកទេ ។
- បញ្ហាដែលតែងកើតនៅកន្លែងធ្វើការគឺ បុគ្គលិកវាយតម្លៃថ្នាក់គ្រប់គ្រងថា អសមត្ថភាពក្នុងគ្រប់គ្រងដឹកនាំ ។
៣-បុគ្គលិកលក្ខណៈអសកម្មរបស់អ្នកគ្របគ្រងនិងអ្នកនៅក្រោមបង្គាប់បញ្ជាមួយចំនួនដែលអ្នកជួបញឹកញាប់នៅកន្លែងធ្វើការងារ
- មនុស្សដែលមានលក្ខណៈអែបអបពូកែយកចិត្តចៅហ្វាយនាយនិងចូលចិត្តរាយការណ៍អាក្រក់ពី អ្នកដទៃដល់ចៅហ្វាយនាយ ។
- មនុស្សដែលនិយាយច្រើនតែធ្វើតិច ចំណាយពេលវេលាច្រើន តែទទួលលទ្ធផលការងារបានតិចតួចអើពើ នឹងប្រយោជន៍ រួមនិងចូលចិត្តយកមុខយកមាត់ ។
- មនុស្សប្រកាន់តែការងារក្នុងនាទី ខ្វះទឹកចិត្តក្នុងការជួយអ្នកដទៃ និងអឆន្ទៈ ក្នុងការបំពេញការងារ ។
- មនុស្សមានសមត្ថភាពតែខ្វះទឹកចិត្តនិងភាពអ្នកដឹកនាំគ្រប់គ្រង ។
- មនុស្សមានគំនិតពុករលួយមានលោកទស្សនៈអវិជ្ជមាន ទុទិដ្ឋិនិយម រឹងត្អឹង មិនចេះចែករំលែកចំណេះដឹង បទពិសោធ ដល់អ្នកដទៃ ។
- មនុស្សវាយឬកលើកតំកើងខ្លួនឯងជ្រុលនិងក្រអឺតក្រទម ។បុគ្គលដែលមានលក្ខណៈបែបនេះមិនសក្តិសមធ្វើជាអ្នកគ្រប់គ្រងឬ អ្នកតំណាងឱ្យបុគ្គលិកទេ ។
- មនុស្សឆេវឆាវ ងាយប្រតិកម្ម ច្រណែនឈ្នានីស និន្ទាប្រាកដប្រជា និងប្រយ័ត្នប្រយែងជ្រុល។
- មិនមានការទទួលខុសត្រូវ មិនយកចិត្តទុកដាក់នឹងការងារធ្វើការងារឱ្យតែរួចពីដៃ ។
- មនុស្សអត្តទត្ថភាពគិតប្រយោជន៍ ផ្ទាល់ខ្លួន ជាជាងប្រយោជន៍ សមូហភាព ។
- មនុស្សមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ មិនសក្តិសម នឹងតួនាទី លេងសើចច្រើន។
- មនុស្សមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារមិនសក្តិសមនឹងតួនាទី លេងសើចច្រើននិងមិនអាចពឹងពាក់បាន ឬ មិនជាទីទំនុកចិត្តជឿជាក់ ។
- មនុស្សមិនមានមនសិការការងារនិងស្រឡាញ់ការងារមុតមាំ ។
- មនុស្សដែលចូលចិត្តប្រៀបធៀបទំហំការងារនិងប្រាក់ខែ ហើយចូលចិត្តរអ៊ូរទាំពីការងារនិងរិះគន់អ្នកដទៃ ពិសេសចំពោះអ្នកគ្រប់គ្រង ។
- មនុស្សដែលប្រើអំណាច តួនាទី ទៅកំហែងអ្នកដទៃ ពិសេសចំពោះអ្នកក្រោមបង្គាប់ ។
- មនុស្សទន់ខ្សោយផ្នែកផ្លូវចិត្តងាយប៉ះទង្គិច ផ្លូវអារម្មណ៍ ។
- មនុស្សដែលមានទំនុកចិត្តខ្លួនឯងជ្រុល និងខ្សោយផ្នែកការងារទំនាក់ទំនងទាំងក្នុងនិងក្រៅស្ថាប័ន ។
- មនុស្សមិនមានគំនិតអធ្យាស្រ័យ អាត្មានិយមអត្តនោម័ត ប្រកាន់គំនិតខ្លួនឯង ជាធំ និងមិនមានចំណេះដឹង ផ្នែកចិត្តសាស្រ្ត មានន័យថា មិនយល់ពីអារម្មណ៍ ផ្លូវចិត្តរបស់អ្នកដទៃ ឬ អ្នកនៅក្រោមបង្គាប់បញ្ជា ។
- មនុស្សមិនមានការទទួលខុសត្រូវយកតែរួចខ្លួន ឧទាហរណ៍ដូចជា ដើម្បីផ្គាប់ចិត្តថ្នាក់លើ បង្ខំបុគ្គលិកក្រោមបង្គាប់ ធ្វើការងារលើសបន្ទុក ដោយមិនយល់ពីទុក្ខលំបាក និងស្ថានភាពអ្នកនៅក្រោមការបង្គាប់បញ្ជា ពោលគឺមិនមានភាព ឆ្លាតវៃ ខាងអារម្មណ៍ក្នុងការគ្រប់គ្រងដឹកនាំ ។
- មនុស្សដែលនិយមវាយតម្លៃ និងឱ្យតម្លៃអ្នកដទៃឬបុគ្គលិកតាមរយៈអារម្មណ៍ផ្នែកទំនាក់ទំនង ជាជាងលទ្ធផលនៃការបំពេញការងារ ។អ្នកគ្រប់គ្រងមិនគួរប្រណិបត្តិបែបនេះឡើយព្រោះ វានឹងធ្វើឱ្យបុគ្គលិកក្រោមឱវាទបាត់បង់ទំនុកចិត្ត អាក់អន់ចិត្ត និងមានភាពរកាំកូសផ្លូវចិត្ត ។
- អ្នកគ្រប់គ្រងដែលអសម្ថភាពក្នុងការរក្សាតុល្យភាពនៃល្បឿននិងទំហំការងាររបស់បុគ្គលិកក្រោមបង្គាប់ឱ្យមានភាពរលូតអភិវឌ្ឍន៍ទៅមុខល្អ ដោយមិនគួរបណ្តោយ ឱ្យបុគ្គលិកខ្លះមានការងារច្រើនឯខ្លះមានតិចតួចនិងទំនេរច្រើននោះទេ ។អ្នកគ្រប់គ្រងមិនគួរបង្កបញ្ហា បង្កើនភាពស្មុគស្មាញឬភាពរាំងស្ទះ ការងារដល់បុគ្គលិកក្រោមបង្គាប់ឡើយ គួរប្រើភាពវៃឆ្លាតរបស់ខ្លួនក្នុងការដឹកនាំការងារជំរុញលើកទឹកចិត្តការងារទើបប្រសើរជាង ។អ្នកដឹកនាំមួយចំនួនប្រកាន់ស្តង់ដារការងារខ្ពស់ពេក ហើយអើពើពីផលប្រយោជន៍ និងធនធានដែលផ្តល់ជូនបុគ្គលិកក្រោមបង្គាប់ឬឆ្លុះបញ្ចាំងសមត្ថភាព លទ្ធភាពខ្លួនឯង ជាមួយការងារចាត់តាំង ។ការណ៍នេះ នាំឱ្យការងារមិនជោគជ័យឡើយ ។អ្នកដឹកនាំខ្លះទៀតប្រើរូបភាពគ្រប់គ្រងដឹកនាំបែបចំឡងគ្នា ។ ឧទាហរណ៍ បើអ្នកគ្រប់គ្រងជាន់ខ្ពស់ដាក់សម្ពាធការងារខ្លាំងឬជះអារម្មណ៍ដាក់អ្នកគ្រប់គ្រង អ្នកគ្រប់គ្រងក៏ដាក់បន្តដល់អ្នកក្រោមបង្គាប់បញ្ជាជាហេតុធ្វើឱ្យបរិយាកាសការងារអាប់អ៊ួរក្នុងស្ថាប័នទាំងមូល ។ការណ៍នេះមិនគួរបង្កឱ្យក្លាយជាជម្ងឺឆ្លងឡើយ ព្រោះភាគច្រើនវាផ្តល់ភាពអវិជ្ជមានដល់កន្លែង ការងារច្រើនជាង ។អ្នកដឹកនាំដែលល្អ និងមានភាពឆ្លាតវៃគួរតែប្រើការលើកទឹកចិត្តបុគ្គលិកក្នុងការបំពេញការងារ ច្រើនជាងប្រើបា្រស់រូបភាពនៃការកំហែង -គេមិនគួរប្រើប្រាស់រូបភាពធ្វើឱ្យអ្នកក្រោមបង្គាប់បញ្ជាខ្លបខ្លាច មុនការគោរពឡើយ ។ អ្នកគ្រប់គ្រង មិនមែនចាំតែចាប់កំហុសបុគ្គលិកឬបណ្តែតបណ្តោយ ឱ្យបុគ្គលិកធ្វើតាមតែអំពើចិត្តនោះ ទេ គួរតែរិះរកវិធីធ្វើឱ្យបុគ្គលិកមានការអភិវឌ្ឍរីកចម្រើននិងបរិយាកាស ការងារល្អប្រសើរ ។
សន្និដ្ឋាន
ជារួមរាល់គំនិតខាងលើ គ្រាន់តែជាទស្សនៈទាន ដើម្បី លើកកម្ពស់បរិយាកាស
ការងារឱ្យមានលក្ខណៈល្អប្រសើរទាំងផ្នែកទំនាក់ទំនងការងាររវាងបុគ្គលិកនិងបុគ្គលិក
និងប្រជាជន-បុគ្គលិកនិងអ្នកគ្រប់គ្រង និងប្រសិទ្ធភាព
គុណភាពនៃការបំពេញការងារ
។គោលគំនិតសំខាន់នៃអត្ថបទនេះគឺលាតត្រដាងបង្ហាញចំណុចអសកម្មមួយចំនួនក្នុងការបំពេញការងារសំដៅដើម្បីយកទៅអភិវឌ្ឍកែលម្អ
និងអនុវត្តក្នុងការបំពេញ ឱ្យមានជោគជ័យដោយឈរលើគោលការណ៍ចិត្តសាស្រ្តការងារនិងស្មារតីភាតរភាព
។
រៀបរៀងដោយៈ ចៅ
ឧស្សាហ៍ គ្រូបង្រៀនកម្រិតឧត្តមPTTC Svay
Rieng
ឯកសារយោង
សៀវភៅចិត្តវិទ្យាក្នុងការគ្រប់គ្រងកែវ
ហ៊ង ១៩៩៣
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!