Friday, October 5, 2012

កំណាព្យៈ និស្ស័យស្នេហ៍កម្ម


linkសម្រាប់​Download https://drive.google.com/open?id=1mQa75DIAOkj172jPJVM0x1CJ16KTyz_I
1-អនិច្ចា!ជីវិតគន់គិតលែងយល់                           រឿងស្នេហ៏អំពល់វិលវល់ខ្វល់ក្រៃ
ស្នេហ៏ធ្លាប់ស្ម័គ្រស្មោះបែរប្រែប្រល័យ                ជាតិនេះស្រមៃក្សិណក្ស័យស្នេហ៏ពិត ។
2-រស់រានសព្វថ្ងៃឥតន័យខ្លឹមសារ                        រឿងរ៉ាវស្នេហាចុកផ្សាជាប់ចិត្ត
រងកម្មរាប់ឆ្នាំប្រចាំជីវិត                                         ស្នេហ៏ឥតអាណិតប្តូរចិត្តមានថ្មី។
3-ស្នេហ៏ធ្លាប់គៀកកិតជិតកាយបង្កើយ                សារសងឆ្លងឆ្លើយសូរ្យសៀងសម្តី
ឥឡូវព្រាត់ឆ្ងាយដូចច័ន្ទផែនដី                              អូនមានគូថ្មី ឫកហីកន្តើយ។
4-អូនបោះបងចោលកណ្តោលកណ្តែង          ​      ដូចលេបគ្រាប់ស្លែងលែងស្តែងស្តីឆ្លើយ
ល្វីងជូរចត់ណាស់ណានឹមនួនអើយ               ជាតិនេះស្គាល់ហើយគេងកើយក្តីទុក្ខ។
5-ស្រែកប្រាប់មេឃមាទាមទារត្រូវខុស          ម្តេចលោកដាក់ទោសឱ្យរស់ឥតសុខ
ខ្ញុំអ្នកស្មោះត្រង់ម្តេចចងចាប់ទុក                  ឃុំឃាំងដាក់គុកកម្មស្នេហ៏លោកីយ៏ ។
6-ហេតុអ្វីចិត្តគេរេរាប្តូរផ្លាស់                        សម្តីគន្លាស់បោកប្រាស់ផ្លាស់ថ្មី
ចាកចោលរូបខ្ញុំទុក្ខធំស្ទើរក្ស័យ                     ចិត្តឥតប្រណីស្រីស្រណោះស្តាយ ។
7-ស្រណោះអឌិតធ្លាប់ជិតជួបជុំ                    ស្រណោះធ្លាប់យំធ្លាប់សើចសប្បាយ
ស្រណោះធ្លាប់គេចពាក្យពេចន៏ពុកម្តាយ        ស្រណោះចិត្តកាយបាយទឹករួមគ្នា ។
8-ស្រណោះពន់ពេកស្រែកយំអង្វរ                 អនុស្សាល្អបវរជានា
ស្រណោះរួមសុខទុក្ខជាមួយគ្នា                    លំបាកវេទនាជិតគ្នាត្រសង ។
9-ស្រណោះសម្តីស្រីថ្លៃវាចា                        ពិតស្មោះស្នេហាជីវានួនល្អង
ស្រណោះទង្វើស្រីធ្វើលើបង                      ស្រណោះកន្លងសូមផ្សងគ្រប់ជាតិ ។
10-ស្រណោះកន្លែងប្រឡែងគ្នាលេង           ស្រណោះបទភ្លេង ភ្លើងភ្លឺព្រោងព្រាត
ស្រណោះអូនរាំអែបបងឥតឃ្លាត                ស្រណោះរសជាតិជក់ចិត្តសប្បាយ ។
11-ស្រណោះក្លិនថ្ពាល់ធ្លាប់យល់ថែថើប       អារម្មណ៏ធ្លាប់ស្រើបស្រួលស្រាលសប្បាយ
កាយធ្លាប់កៀកកិតជិតឥតជិនណាយ           ពេលនេះស្រីឆ្ងាយកាត់កាយពីបង ។
12-ដៃធ្លាប់អង្អែលថ្នមអង្គកាមា                     ស្មារតីហានក្លាទៅណាត្រសង
ហត្ថធ្លាប់ក្រសោបឱបអង្គឃុំគ្រង                  ឥឡូវនួនល្អងចម្លងអ្នកក្រៅ ។
13-បាត់បង់ស្នាមស្នេហ៏ធ្លាប់ថែថ្នមថ្នាក់        ទឹកធ្លាប់ត្រជាក់បែរប្រែជាក្តៅ
មេឃធ្លាប់ស្រទុំប្រែក្រហមឆ្អៅ                     បាយក្លាយជាឆៅទៅជាអង្ករ ។
14-សមុទ្រទឹកសាបក្សោះអស់អំបិល            ព្រៃប្រែរិចរិលលែងស្រស់បវរ
ទឹកហូរបញ្ច្រាសកាត់ផែនដែនថ្ម                  ខ្មៅប្រែជាស ស្ករផ្អែមថែមប្រៃ ។
15-អប្សរារូបស្រស់តែអស់ញញឹម                សត្វធ្លាប់ចិញ្ចឹមតែបែរ ត ដៃ
មនុស្សរស់សោយសុខត្រូវទុក្ខប្រល័យ         ជីវិតមានន័យតែនិស្ស័យកម្ម ។
16-ច្រមុះធ្លាប់ហិត គំនិតធ្លាប់យល់              កាយធ្លាប់ប៉ះពាល់ ចិត្តធ្លាប់ចងចាំ
បេះដូងរំឈួលលោតដួលប្រេះស្រាំ             ភ្នែកឈឺរកាំ ចំណាំលែងបាន ។
17-ត្រចៀកលែងស្តាប់សូរស័ព្ទអ្វីៗ               មាត់លែងនិយាយបាត់បង់អង្គប្រាណ
វិញាណទាំងអស់ស្ទើរក្សោះខកខាន            លែងចង់តាមដានរឿងអូន និងបង ។
18-គេមានអ្វីទៅពាលពៅជ្រើសយក           ហេតុអ្វីពន្លកពន្លិចទូកបង
ឱ្យលង់លិចបាត់កាត់ផ្តាច់ចំណង                 រសាត់សៅម៉ងម្តងហើយម្តងទៀត ។
19-មានអ្វីបណ្តាលចិត្តកន្និថាស្រី                 ទើបភ្លេចអ្វីៗអស់ន័យជូរជាតិ ។
លបលួចប្រហារសាវាល្បិចស្នៀត                ខ្ញុំប្រែចោលម្សៀតមាយាទអ្នកស្រែ ។
20-ស្នេហ៏ខ្ញុំដូចភ្នំធំធេងពេកណាស់             ចិត្តរឹងមានៈជំនះពុកម៉ែ
លះបង់គ្រប់យ៉ាងកសាងស្នាមស្នេហ៏          ស្មោះឥតកែប្រែថ្នមថែស្នេហ៏ពិត ។
21-ឥឡូវបង់បាត់ដូចយប់ស្ងាត់ឈឹង            ផែនដីឈប់ទ្រឹងទឹករឹងរីងឫទ្ធិ
ដូចដឹកដៃដើរក្នុងទីងងឹត                              លង់ផុងគំនិតចិត្តជាប់ចំណង ។
22-ឋានសួគ៌សោយសុខឥតទុក្ខលាយឡំ     បែរប្រែភក់ជ្រាំគ្រាំគ្រាកន្លង
ប្រុសផ្សេងប្រឡាក់ដាក់ធ្នាក់ទាក់ទង            អូនភ្លេចរូបបងសារសងគេវិញ ។
23-ចិត្តស្រីដូចភ្លៀងមិនទៀងទាត់សោះ       ស្នេហ៏ខ្ញុំខំស្មោះគេដោះដូរទិញ
ដកចេញមិនខាតឃាំងឥតចំណេញ            អូនស្នេហ៏គេវិញបងវិលវង្វេង ។
24-ភពផែនដែនដីឥតន័យខ្លឹមសារ              ប្រែប្រួលសាវាស្នេហាកិបកេង
មិនស្ម័គ្រមិនស្មោះដូរដោះលលេង             ទុកស្នេហ៏ដូចលែ្បងលូកលេងប្រហារ ។
25-អស់ឱ!ទេវតាមេត្តាមើលផង                  ទុក្ខធំកន្លងចាប់ចងឱរា
នរណាដោះទុក្ខរស់សុខធម្មតា                     បើក្នុងចិន្តាកត់ត្រាចងចាំ ។
26-ចិត្តចង់បំភ្លេចគេចកែការពិត                  រំដោះជីវិតឈប់គិតរងកម្ម
កាត់កន្ទុយលាបកំបោរចំណាំ                     ថារាប់រយឆ្នាំឈប់ចាំស្រីហើយ ។
27-ប្រាយប្រាប់ខ្លួនឯងពីថ្ងៃនេះទៅ            ឈប់អាល័យនៅត្រូវជាសះស្បើយ

ត្រូវងើបមុខឡើងនិយាយឆ្លងឆ្លើយ             ជាតិនេះហួសហើយគ្មានឡើយស្នេហ៏ពិត៕
និពន្ធដោយៈ ចៅ​ ឧស្សាហ៍ គ្រូបង្រៀនកម្រិតឧត្តម PTTC Svay Rieng

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!