រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកជាខ្លាំងក្នុងការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍសាលារៀនតាមរយៈការបង្កើនថវិកាពីមួយឆ្នាំទៅមួយឆ្នាំ។សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ ថវិកាសម្រាប់វិស័យបានកើនឡើងជាគំហុកពី ១.៧៧%នៃផសស (GDP) ក្នុងឆ្នាំ២០១៣ ដល់៣.០៨%ក្នុងឆ្នាំ២០១៧ និងបន្តកើនឡើងបន្ថែមទៀតនៅ ឆ្នាំ ២០១៨ដែលផ្តោតលើគ្រូបង្រៀន និងសាលារៀន។ ស្របនឹងការវិនិយោគថវិកាដ៏ច្រើននេះ ការរៀបចំផែនការអភិវឌ្ឍសាលារៀននីមួយៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការអប់រំ ក្នុងបរិបទការអប់រំប្រកបដោយបរិយាប័ន្ន។ ផែនការអភិវឌ្ឍសាលារៀនជាផែនទីបង្ហាញផ្លូវដែលរៀបចំឡើងដើម្បីធ្វើការផ្លាស់ប្តូរ កែលម្អធ្វើប្រសើរឡើងនូវលទ្ធផលសិក្សារបស់សិស្ស ឆ្លើយតបទៅនឹងទស្សនវិស័យ និងបេសកកម្មរបស់សាលារៀន។ផែនការអភិវឌ្ឍសាលារៀនបានរួមបញ្ចូលនូវព័ត៌មានសំខាន់ៗទាក់ទងនឹងប្រវត្តិសាលារៀន សហគមន៍ ការវិភាគតម្រូវការ និងតម្រូវការ គោលដៅ គោលបំណង ស្តង់ដារ និងចំណុចដៅ ផែនការអនុវត្ត (Implementation
work plan) ផែនការប្រតិបត្តិ (Operational plan) ផែនការតាមដានត្រួតពិនិត្យ និងវាយតម្លៃ (M&E plan) ផែនការទំនាក់ទំនង និងការស្វែងរកការគាំទ្រ (Communication and advocacy plan)...។ជាទូទៅផែនការអភិវឌ្ឍសាលារៀននៅប្រទេសកម្ពុជាត្រូវបានរៀបចំមួយឆ្នាំម្តង និងមិនមានរៀបចំផែនការយុទ្ធសាស្ត្រ (Strategic plan)សម្រាប់កម្រិតសាលារៀនទេ។ ផែនការអភិវឌ្ឍសាលារៀន ខុសពីផែនការការងារប្រចាំឆ្នាំរបស់សាលារៀនទំ១៤៦ការគ្រប់គ្រងនិងរដ្ឋបាលនាយកដ្ឋានបប២០០៩។ មុននឹងធ្វើការបកស្រាយពីផែនការអភិវឌ្ឍសាលារៀន យើងសូមលើកយកការធ្វើផែនការការងារសាលារៀនមកបង្ហាញជាមុនសិនដើម្បី ជៀសវាងការច្រឡំគ្នា។ ផែនការការងារប្រចាំឆ្នាំត្រូវបានរៀបចំដើម្បីជៀសវាងនូវការងារជាន់គ្នាដដែលៗ កង្វះការទទួលខុសត្រូវច្បាស់លាស់ និងដើម្បី ឱ្យមានគំនិតត្រៀមទុកជាមុនក្នុងការអនុវត្តសកម្មភាព។ ការងារដដែលៗនោះមានដូចជា៖ ការផ្សព្វផ្សាយឱ្យមាតាបិតានាំកូនទៅចុះឈ្មោះចូលរៀន ការចុះឈ្មោះទទួលសិស្សថ្មី និងសិស្សចាស់ ការបែងចែកសិស្សទៅតាមថ្នាក់ ការធ្វើពលកម្ម សម្អាតថ្នាក់ និងសាលារៀន ការរៀបចំ និងបើកបវេសនកាល ការធ្វើរបាយការណ៍បវេសនកាល ឆមាស ប្រចាំឆ្នាំ ។ល។ សកម្មភាពនានារបស់សាលារៀនអាចបែងចែកជា៥ប្រភេទ៖
1.
រដ្ឋបាលសាលារៀនៈ ការប្រែក្លាយឱ្យទៅជាជាក់ស្តែងនូវវត្ថុបំណង គោលនយោបាយអប់រំជាតិ ការទទួលសិស្សថ្មីឱ្យចូលរៀន ការលើកផែនការសកម្មភាពធម្មតារបស់សាលារៀន ការរៀបចំគម្រោងកែលម្អសាលារៀន ការប្រមូលទិន្នន័យ ការសរសេររបាយការណ៍។ល។
2.
សម្ភាររូបវ័ន្តសាលារៀនៈ ការរៀបចំថ្នាក់រៀន ការជុសជុលតូចតាច ការទទួល និងបែងចែកសៀវភៅសិក្សា ការរៀបចំសម្ភារឧបទេស សម្ភារៈបង្រៀន និងបណ្ណាល័យ ការរៀបចំឱ្យមានប្រភពទឹកស្អាត និងអនាម័យការរៀបចំទីលានកីឡា កិច្ចការពារបរិស្ថានសាលារៀន។ល។
3.
ការសិក្សារបស់សិស្សៈ ការរៀបចំផែនការបែងចែក និងអនុវត្តកម្មវិធីសិក្សា ប្រចាំ ឆមាស ប្រចាំខែ ការរៀបចំប្រជុំក្រុមបច្ចេកទេស ការអភិវឌ្ឍវត្ថុបំណងជាក់លាក់ និងការធ្វើកិច្ចតែងការបង្រៀន សកម្មភាពអភិវឌ្ឍសមត្ថភាពសិស្ស ការតាមដានការរីកចម្រើនរបស់សិស្ស ការវាយតម្លៃ ។ល។
4.
សកម្មភាពសិស្សៈ គម្រោង និងសកម្មភាពរបស់សិស្សម្នាក់ៗ ការប្រកួតកីឡាសិស្ស សកម្មភាពសិល្បៈ ហត្ថកម្ម ថែទាំសួនច្បារសាលារៀន ការធ្វើដំណើរកំសាន្ត និងទស្សនកិច្ចសិក្សា សុខភាព និងអនាម័យសិក្សា ការចូលរួមការពារបរិស្ថាន ។ល។
5.
ការទ្រទ្រង់សាលារៀនៈ ជាការងារដែលទាក់ទងនឹងយុទ្ធនាការប្រមូលសិស្សឱ្យចូលរៀនដោយសហការជាមួយគណៈកម្មការទ្រទ្រង់សាលារៀន ឬសមាគមន៍មាតាបិតាសិស្ស ការរៀបចំចាត់ចែងពិធីកំសាន្តសប្បាយផ្សេងៗរបស់សាលារៀន ការគ្រប់គ្រងថវិកាសាលារៀន ការចុះបញ្ជីគណនេយ្យ។ល។
ផែនការអភិវឌ្ឍសាលារៀន ជាគម្រោងដែលខុសពីការងារធម្មតាពីព្រោះការងារធម្មតាអនុវត្តស្រដៀងៗគ្នាជារៀងរាល់ថ្ងៃដោយគ្រាន់តែផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯគម្រោងវិញគឺត្រូវសម្រេចលទ្ធផលជាក់ស្តែងដែលអាចមើលឃើញ ឬផ្ទៀងផ្ទាត់បាន។ លទ្ធផលរបស់គម្រោងអាចឱ្យយើងយកទៅប្រើប្រាស់បាន នៅក្នុងរយៈពេលមួយកំណត់គឺក្នុងករណីនេះហើយដែលគម្រោងមិនអាចធ្វើឡើងដដែលៗនោះទេ។ មានន័យថា ក្រោយពី អនុវត្តគម្រោងមួយចប់ហើយ យើងត្រូវតែរៀបចំ និងដំណើរការគម្រោងមួយថ្មីផ្សេងទៀត។ ការអនុវត្តនានានៅក្នុងគម្រោងចាស់ នឹងផ្តល់នូវបទពិសោធន៍នានាសម្រាប់គម្រោងថ្មី ។ ឧទាហរណ៍ គម្រោងលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ការកសាងអគារសិក្សា កែលម្អទិដ្ឋភាពសាលារៀនដើម្បីឱ្យបរិស្ថានល្អ មានទីលានកីឡា ទឹកស្អាត និងសួនច្បារ ការកែលម្អវិធីសាស្ត្រ និងសម្ភារឧបទេសបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ លើកកម្ពស់លទ្ធផលសិក្សាសិស្សដើម្បីឱ្យមានការកើនឡើងនូវចំនួនសិស្សទទួលនិទ្ទេសល្អពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ...។ល។ សូមបញ្ជក់ថាឧទាហរណ៍គម្រោងលើកកម្ពស់សមត្ថភាពគ្រូបង្រៀន អាចធ្វើឱ្យយើងមានការច្រឡំថាវាជាការងារដែលធ្វើដដែលៗព្រោះវាមាននៅក្នុងការប្រជុំបច្ចេកទេស ដែលបានរៀបចំនៅក្នុងផែនការការងារប្រចាំឆ្នាំដែរ។ គម្រោងលើកកម្ពស់សមត្ថភាពគ្រូបង្រៀននេះ មានលក្ខណៈច្បាស់លាស់ជាងហើយការប្រជុំបច្ចេកទេសអាចជាផ្នែកមួយនៃការលើកកម្ពស់សមត្ថភាពប៉ុណ្ណោះ។ ជាឧទាហរណ៍គម្រោងលើកកម្ពស់សមត្ថភាពគ្រូបង្រៀននេះ អាចជាការលើកគម្រោងស្នើសុំកញ្ចប់ថវិកាដើម្បីឱ្យគ្រូទទួលបានវគ្គបណ្តុះបណ្តាលជំនាញអ្វីមួយជាក់លាក់ ស្ថិតក្នុងពេលមួយកំណត់ដែលចាំបាច់សម្រាប់អភិវឌ្ឍន៍សមត្ថភាព និងដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសិក្សារបស់សិស្ស ឬអាចជាគម្រោងស្វែងរកមូលនិធិនានាគាំទ្រដល់ការបន្តការសិក្សារបស់គ្រូបង្រៀន។គម្រោងនេះ មិនមែនធ្វើដដែលៗនោះទេ នៅពេលសមត្ថភាពគ្រូបង្រៀនមានការរីកចម្រើនហើយ យើងអាចលើកគម្រោងផ្សេងទៀតដើម្បី ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដើម្បីលើកឧត្តមភាព និងកិត្យានុភាពសាលារៀនដូចជាគម្រោងលើកកម្ពស់លទ្ធផលសិក្សាសិស្សដើម្បីឱ្យបានជាប់និទ្ទេសAឱ្យបានច្រើនជាដើម។ ចំណុចសំខាន់ដែលយើងត្រូវចាំនោះគឺ គម្រោងត្រូវរៀបចំ និងអនុវត្តដើម្បីឱ្យមានការផ្លាស់ប្តូររីកចម្រើន។ ចុងបញ្ចប់នៃការអនុវត្តគម្រោងគឺគេចង់ឃើញការផ្លាស់ប្តូរ។ថ្នាក់ដឹកនាំសាលារៀនដែលល្អ គឺជាអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានការយល់ដឹងទូលំទូលាយពីការរៀបចំផែនការអភិវឌ្ឍសាលារៀន ព្រោះវាទាមទារសមត្ថភាពយល់ដឹងខ្ពស់ និងជំនាញជាក់លាក់ តួយ៉ាងដូចសមត្ថភាពក្នុងការរៀបចំតារាងអភិក្រមក្របខណ្ឌសមហេតុផល(Logical
framework) ជាដើម ដែលទាមទារឱ្យមានការបណ្តុះបណ្តាលច្បាស់លាស់ និងសិក្សារៀនសូត្រ ដកស្រង់បទពិសោធនៃការអនុវត្តការងារផ្ទាល់ខ្លួនជាប្រចាំ។
ការរៀបចំផែនការអភវិឌ្ឍសាលារៀនមានសារៈសំខាន់ណាស់ព្រោះវាធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសាលារៀននាពេលអនាគត។ទំ១៥៣
ទោះយ៉ាងណាយើងឃើញជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងដំណើរការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍសាលារៀននេះ មានដូចជា៖
·
ការរៀបចំផែនការអភិវឌ្ឍសាលារៀន ទាមទារអ្នកដែលចំណេះដឹងខ្ពស់ ទូលំទូលាយ និងជំនាញច្បាស់លាស់ក្នុងការរៀបចំ។ ជាទូទៅយើងឃើញថាការរៀបចំ និងសរសេរគម្រោងផែនការអភិវឌ្ឍសាលារៀននេះ មានលក្ខណៈស្មុគស្មាញខ្លាំង ដែលបុគ្គលធម្មតាមិនអាចរៀបចំបានល្អឡើយ វាទាមទារការបណ្តុះបណ្តាលជំនាញច្បាស់លាស់ និងការសិក្សារៀនសូត្រជាប្រចាំពីបទពិសោធនៃការអនុវត្តការងាររបស់ខ្លួន ពិសេសការវិភាគបញ្ហា និងការរៀបចំតារាងអភិក្រមក្របខណ្ឌសមហេតុផលជាដើម។ ឧបសគ្គនៃសមត្ថភាពក្នុងការរៀបចំនេះ ធ្វើឱ្យការលើកគម្រោងមានលក្ខណៈដដែលៗ មិនមានគំនិតច្នៃប្រឌិតថ្មីដើម្បីឱ្យមានការផ្លាស់ប្តូរ ឬលើកគម្រោងមិនមានលក្ខណៈសមស្រប និងមិនឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ស្ថាប័ន...។ល។
·
អ្នកលើកគម្រោងភាគច្រើនទាំងកម្រិតថ្នាក់ជាតិ រហូតដល់កម្រិតសាលារៀនហាក់មិនបានបង្ហាញច្បាស់លាស់ពីពាក្យថា ”ផ្លាស់ប្តូរ”នៅក្នុងគម្រោងកម្រិតសមិទ្ធិផល(Outcome)ហើយភាគច្រើនធ្វើការបកស្រាយបានតែនៅក្នុងកម្រិតលទ្ធផល(Output) ដែលពិបាកមើលឃើញពីការផ្លាស់ប្តូរ តួយ៉ាងដូចបទបង្ហាញរបាយការណ៍សន្និបាទអប់រំថ្នាក់ជាតិជាដើម។ដើម្បីឱ្យបានច្បាស់លាស់ យើងសូមលើកឧទាហរណ៍មកបញ្ជក់ដូចតទៅ៖ មានគម្រោងផ្តល់វគ្គបំប៉ននាយក ដល់គ្រូបង្រៀនចំនួន៥០០នាក់ ប៉ុន្តែយើងមិនអាចវាស់វែងបានថា តើបន្ទាប់ពីទទួលបានការបណ្តុះបណ្តាល ពួកគាត់មានការផ្លាស់ប្តូរអ្វីខ្លះឱ្យបានជាក់លាក់? នេះអាចឆ្លុះបញ្ចាំងបានថា ការរៀបចំ និងអនុវត្តគម្រោងនៅមានកម្រិត។
·
ការយល់ដឹងពីនីតិវិធីក្នុងរៀបចំផែនការអភិវឌ្ឍសាលារៀននៅមានកម្រិត ព្រោះការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងដំណើរការរៀបចំនៅមានចំនួនតិចតួចនៅឡើយ។ភាគច្រើន គម្រោងត្រូវបានរៀបចំដោយគណៈគ្រប់គ្រងសាលា និងមានការចូលរួមមួយចំនួនពីគ្រូបង្រៀន។ ជាទូទៅយើងឃើញមានការចូលរួមតិចតួចណាស់ពីគណៈកម្មការទ្រទ្រង់សាលា មាតាបិតា ឬអ្នកអាណាព្យាបាល និងតំណាងសិស្សានុស្ស។ កង្វះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អាចធ្វើឱ្យកង្វះព័ត៌មានគ្រប់ជ្រុងជ្រោយ និងតម្លាភាពក្នុងការរៀបចំគម្រោង ហើយវាអាចមិនឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការជាក់ស្តែង ឬចាំបាច់របស់សាលារៀន និងសហគមន៍។
·
ការរៀបចំផែនការសកម្មភាព និងថវិកាគប្បីអនុវត្តតាមបែបគ្រប់គ្រងដោយផ្អែកមូលដ្ឋានលើសាលារៀន (school
based management) ដើម្បីឱ្យសាលារៀននីមួយៗមានភាពម្ចាស់ការ ការទទួលខុសត្រូវក្នុងការធ្វើសេចក្តីសម្រេចចិត្ត ផ្អែកតាមតម្រូវការជាក់ស្តែង និងបញ្ហាប្រឈមដោយឡែកៗរបស់សាលារៀននីមួយៗ។ក្នុងន័យនេះ គេមិនគួរកំណត់ជាមុនទាំងស្រុងនូវកូដសកម្មភាព ឬលេខគណនីទេ ព្រោះវាធ្វើឱ្យរាំងស្ទះដល់គំនិតច្នៃប្រឌិតរបស់ថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាជាក់ស្តែងរបស់គេ។ ឧទាហរណ៍
ជាទស្សនទាន តើយើងត្រូវរៀបចំផែនការអភិវឌ្ឍសាលារៀនយ៉ាងដូចម្តេច?
បច្ចេកទេសរៀបចំផែនការត្រូវបើកចំហឱ្យមានការចូលរួមបានទូលំទូលាយពីអ្នកពាក់ព័ន្ធដូចជា៖ គណៈកម្មការអភិវឌ្ឍសាលារៀន គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតាឬអ្នកអាណាព្យាបាលសិស្ស និងតំណាងសិស្សានុសិស្ស។ សិ្ថតក្នុងបរិបទនៃការអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធគ្រប់ភាគីមានសារៈសំខាន់ណាស់ព្រោះវាបានលើកយកបញ្ហាគ្រប់ជ្រុងជ្រោយពីអ្នកទាំងនោះ ធ្វើឱ្យផែនការត្រូវបានរៀបចំ ឆ្លើយតបត្រឹមត្រូវទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគេ។ វាជាចំណុចចូលរួមដ៏សំខាន់ ប្រកបដោយអត្ថន័យនៃការអប់រំបែបបរិយាប័ន្ន ដោយគ្មាននរណាម្នាក់ត្រូវបានទុកចោលទេ រួមទាំងជនងាយរងគ្រោះ។ សមិទ្ធិផលផែនការអភិវឌ្ឍសាលារៀនដែលមានការចូលរួមនេះ នាំទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងគ្មានការរើសអើងដូចជា៖ជាតិ សាសន៍ សាសនា ភេទ ពណ៌សម្បុរ ជនជាតិភាគតិច វណ្ណៈ និន្នាការនយោបាយ ពិការភាព...ជាដើម។ឧទាហរណ៍ បើលើកគម្រោងសាងសង់បង្គន់នៅតាមសាលារៀន គេនឹងសាងសង់បង្គន់ដែលបង្កភាព ងាយស្រួលដល់កុមារី ឬជនពិការជាដើម។ ជាទូទៅយើងឃើញថា ការលើកផែនការអភិវឌ្ឍសាលារៀន ជាច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់កុមារ តែមិនដែលសួរកុមារថា តើគេចង់បានអ្វី?ចង់យ៉ាងម៉េចទេ? ថ្នាក់ដឹកនាំសាលារៀន ជាអ្នកសម្រេចចិត្តជួសទាំងអស់។
ផែនការអភិវឌ្ឍសាលារៀនគប្បីរៀបចំតាមនីតិវិធីមួយច្បាស់លាស់ ប្រកបដោយតម្លាភាព។ជំហានដំបូងត្រូវមានការប្រជុំរៀបចំធ្វើផែនការ (ToR) ដោយមានដាក់បញ្ចូលនូវ គោលបំណង នីតិវិធីនៃដំណើរការរៀបចំធ្វើផែនការអភិវឌ្ឍសាលារៀន ពេលវេលាអនុវត្ត អ្នកទទួលខុសត្រូវ...ជាដើម។បន្ទាប់មកប្រជុំបង្កើតក្រុមរៀបចំផែនការអភិវឌ្ឍសាលារៀន ប្រជុំប្រឹក្សាយោបល់ ការប្រមូលព័ត៌មាន បញ្ហាប្រឈម និងតម្រូវការ ការវិភាគបញ្ហា និងការកំណត់អាទិភាពបញ្ហា បន្ទាប់មករួមគ្នាស្វែងរកដំណោះស្រាយ និងផែនការយុទ្ធសាស្ត្រដោយផ្អែកលើធនធានដែលបានកំណត់។ នៅក្នុងដំណោះស្រាយ គេត្រូវធ្វើការរួមគ្នាផងដែរពីការរៀបចំយុទ្ធសាស្ត្រធ្វើឱ្យសម្រេចជោគជ័យ ការរៀបចំតារាងអភិក្រមក្របខណ្ឌសមហេតុផល(Logical framework) ដែលមានបញ្ជក់ពីគោលដៅរួម គោលបំណង លទ្ធផលរំពឹងទុក សកម្មភាពអនុវត្ត អាំងឌីកាទ័រច្បាស់លាស់ដែលអាចវាស់វែងបាន មធ្យោបាយផ្ទៀងផ្ទាត់ និងការសន្មត់ (ការគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង)។ ចំណុចចុងក្រោយគឺរៀបចំផែនការអនុវត្ត ផែនការប្រតិបត្តិការ និងផែនការថវិកា។សម្រាប់យុទ្ធសាស្ត្រដើម្បីអនុវត្តផែនការឱ្យបានជោគជ័យគប្បីត្រូវកំណត់ឱ្យបានច្បាស់លាស់ មានយន្តការក្នុងការអនុវត្ត ដូចជា៖ កិច្ចសហការ ការបង្កើតក្រុមការងារដូចក្រុមតាមដាន វាយតម្លៃ គណៈកម្មការលទ្ធកម្មដើម្បីតម្លាភាព និងគណៈកម្មការដទៃទៀតតាមភាព ចាំបាច់ ។សម្រាប់ដំណាក់កាលចុងក្រោយ គឺការប្រជុំបង្ហាញលទ្ធផលនៃការរៀបចំផែនការអភិវឌ្ឍសាលារៀន និងការផ្តល់ព័ត៌មានត្រឡប់ មុនពេលសរសេរសម្រេច និងអនុម័ត។
តើខ្ញុំអាចអានឯកសារទាក់ទងនឹងផែនការប្រតិបត្តិបានដោយរបៀបណា?
ReplyDeleteKoemkorn007@gmail.com
ReplyDelete