កាលពីនៅកុមារភាព ខ្ញុំមានចម្ងល់ជាច្រើនទាក់ទងទៅនឹងទង្វើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់កម្ពុជាប្រជាធិប តេយ្យដែលមានមេដឹកនាំមួយចំនួនកំពុងត្រូវបានកាត់ទោសនាពេលបច្ចុប្បន្ននេះ ។មានតែអ្នកដែលធ្លាប់ឆ្លងកាត់របបដ៏ខ្មៅ ងងឹតនេះទេ ទើបយល់ និងស្គាល់រសជាតិ និងទំហំឈឺចាប់ខ្លោចផ្សាហួសពីការពណ៌នានិងមិនអាចបំភ្លេចបានរបស់វា ។ខ្ញុំបានព្ញ ពីព័ត៌មានជាច្រើនពីរបបនេះ តាមរយៈការនិទានរបស់មនុស្សចាស់ និងការអានសៀវភៅទាក់ទងនឹងភាពឃោរឃៅ ការកាប់សម្លាប់ ភាពអត់ឃ្លាន ការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរ និងរំលោភសិទ្ធមនុស្ស...។ល។ខ្ញុំមានចម្ងល់ជាខ្លាំងទៅ លើហេតុផលនៃសកម្មភាពដ៏ឆ្គួតលីលា ទាំងនោះ តើហេតុអ្វី បានជាអ្នកដឹកនាំទាំងនោះធ្វើបែបនេះ ?ដើម្បីស្វែងយល់ច្បាស់លាស់ពីបញ្ហានេះ ខ្ញុំបានអានសៀវភៅជាច្រើនទាក់ទងនឹងប្រវត្តិសាស្រ្ត និងនយោបាយ ទើប ខ្ញុំបានយល់ដឹងមួយចំនួនអំពីវា និងស្វែងយល់បានពីបញ្ហាសង្គមទាក់ទងនឹងប្រវត្តិសាស្រ្ត ។ខាងក្រោមជាការសាក ល្បងបង្ហាញពីបញ្ហាសង្គមសំខាន់ៗដែលជាប្រភពនាំឱ្យមានទំនាស់ និងបង្កឱ្យវិនាសកម្មកន្លងមក ដែលខ្ញុំគិតថា អាចជាផ្នែកមួយដែលជំរុញឱ្យកើតនូវបដិវត្តវណ្ណៈអធន។គំនិតខាងក្រោមគ្រាន់តែជាការស្វែងយល់ពីអារម្មណ៍ គំនិតដឹក នាំសង្គមនៅសម័យមួយ និងគ្រាន់តែជាអត្ថបទសាកល្បង ប៉ុណ្ណោះ។
ជាការពិតបើ សង្គម មានភាពអយុត្តិធម៌ខ្លាំង ពិសេស រវាងវណ្ណៈមូលធន និងវណ្ណអធន វានាំឱ្យមានវិបត្តិសង្គម ហើយកាន់តែធ្ងន់ធ្ងរវានាំទៅរកការធ្វើបដិវត្ត វណ្ណៈ ដែលជាប្រភពនៃការបែកបាក់ និងសង្គ្រាម។បើប្រជាកសិករ កម្មករក្រីក្រដែលស្ថិតក្នុងវណ្ណៈអធនបានសម្លឹងមើលឃើញ សង្គមពោរពេញទៅដោយភាពអយុត្តិធម៌ ក្នុងការបែងចែកផលប្រយោជន៍សង្គម នាំឱ្យកើតមានគំនិតស្អប់ផ្ពើមវណ្ណៈ ហើយចុងក្រោយឈានទៅរកទំនាស់វណ្ណៈ ។បើ អ្នកមានទ្រព្យសម្បត្តិ អ្នកមានអំណាច មានអ្វីៗគ្រប់យ៉ាងដូចជា៖ ផ្ទះវីឡាគ្រប់កន្លែង ឡានទំនើបបួន-ដប់ លុបរាប់សិបលាន ដីរាប់រយហិចតា និងរស់នៅ ពោរពេញទៅដោយភាពសប្យាយហ៊ើហារ កិត្តិយស ការហូបចុក គ្រឿងប្រើប្រាស់គ្រប់គ្រាន់មិនខ្វះ ហើយមិនតែប៉ុណ្ណោះ កូនៗបានទៅនៅរៀនសាលាល្អៗ នៅបរទេស និងមានកន្លែងការងារល្អៗបម្រុងទុកដោយមិនបាច់ខំ ដែលលក្ខណៈផ្ទុយស្រឡះពីគ្រួសារកសិករ កម្មករក្រីក្រដោយរស់នៅខ្វះព្រឹក ខ្វះល្ងាច មើលមិនឃើញ និងមិនមានសេចក្តីសង្ឃឹមពីអនាគត ។បើអ្នកមានកាន់តែមាន ហើយអ្នកក្រកាន់តែក្រ ពោរពេញទៅដោយភាពអាត្មានិយម ឆ្លៀតឱកាសនិយម បក្សពួកនិយម អត្តទត្ថភាព និងមិនមានស្មារតីសមូហភាព ជួយគ្នាទៅវិញមកនោះទេ វាពិតជាបង្កឱ្យមានវិបត្តិសង្គម ពិសេសវិបត្តិវណ្ណៈ ។ មិនតែប៉ុណ្ណោះ បើប្រជាកសិករ កម្មករនៅ តាមជនបទទទួលរងការឈឺចាប់កាន់តែធ្ងន់ធ្ងរពីភាពអយុត្តិធម៌សង្គមដូចរៀបរាប់ខាងលើ និងទទួលរងការនិរាសព្រាត់ប្រាស់ ឧទាហរណ៍ការបាត់បង់សមាជិកគ្រួសារ បងប្អូនកូនចៅ ឪពុកម្តាយ....ជាទីស្រឡាញ់បន្ថែមទៀតដូចជា ដោយការទម្លាក់គ្រាប់បែកនៅតាមព្រំដែនដូចក្នុងសម័យរដ្ឋការលន់ នល់ និងចក្រភក្តិអាមេរិច ហើយជាមួយគ្នានេះដែរ បើវាត្រូវបានបំពាក់ដោយមនោគមវិជ្ជាកុំម្មុយនីស្តថែមទៀត វាពិតជាបានប្រែក្លាយការឈឺចាប់ទៅជាការសងសឹក ពិសេសគំនុំវណ្ណៈ ដែលនាំទៅរកកាប់សម្លាប់ ការបែងចែកផលប្រយោជន៍សង្គមសាថ្មី លុបបំបាត់គំនិតសួនតួ ទ្រព្យសម្បត្តិឯកជន លើកកម្ពស់ភាពស្មើភាព សមូហភាព...។ដូច្នេះ ចំពោះចម្ងល់ដែលថា វាយផ្ទះថ្ម ធ្វើទ្រោក មាន់ ហូបបាយរួម ធ្វើការរួមនិងជំរុញឱ្យអ្នកទីក្រុងធ្វើស្រែចំការ និងធ្វើការងារធ្ងន់ ...នឹងត្រូវបានបកស្រាយ គឺគ្មានអ្វីក្រៅពីធ្វើឱ្យសង្គមមានភាពស្មើគ្នាក្នុងការទទួលបានផលប្រយោជន៍សង្គម និងការទុកឱ្យអ្នកដែលធ្លាប់រស់នៅសុខស្រួល លើការលំបាករបស់កសិករ កម្មករក្រីក្រ ស្គាល់រសជាតិវិញម្តងតែប៉ុណ្ណោះ បើនិយាយឱ្យងាយយល់គឺការសងសឹកនេះឯង ។ស្ថិតក្រោមរបបបីឆ្នាំប្រាំខែនិងម្ភៃថ្ងៃ ប្រជារាស្រ្តខ្មែររងគ្រោះគ្រប់គ្រាន់ហើយ និងស្អប់ផ្ពើមរបបនេះណាស់ មិនចង់ឱ្យវាវិលត្រឡប់មកវិញឡើយ ។ក្រោយពីដួលរំលំ របបដ៏ ខ្មៅ ងងឹតនេះ នរណាៗក៏ ប្រាថ្នាចង់រស់នៅ ក្នុងសេចក្តីសុខ សន្តិភាព លែងចង់ធ្វើមានធ្វើបាន និងលះបង់នូវគំនិតអត្តទត្ថភាព ពិសេសប្រាថ្នារស់នៅជួបជុំបងប្អូន កូនចៅ ពូមីង ឪពុកម្តាយ ញាតិមិត្តិ នៅស្រុកកំណើត ប្រកបរបរសុច្ចរឹតតាមសាម្មាជីវោ រៀងៗខ្លួន ។ជាងសាមសិបឆ្នាំកន្លងមកនេះ សោធនាដកម្មនៃរបបនេះនៅ តែជាស្រមោលអឌិតអន្ទោលតាមប្រាណ ដែលធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បញ្ហាចិត្ត-សង្គម នៅ ក្នុងប្រទេសកម្ពុជាដែលរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេស ។ជានិច្ចកាលយើងតែងតែព្ញ ពីការបកស្រាយជាច្រើនទាក់ទងនឹងជម្ងឺផ្លូវចិត្ត ដូចជាជម្ងឺបាក់ស្បាត របស់ប្រជារាស្រ្តខ្មែរជាដើម ដែលបណ្តាលមកពីឥទ្ធិពលអវិជ្ជមាននៃអំពើសាហាវឃោរឃៅ អមនុស្សធម៌...ដែលកើតឡើងក្នុងរបបនោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយស្ថិតក្នុងបរិបទសង្គមបច្ចុប្បន្ន មានជម្ងឺមួយទៀតដែលគេ មិននិយាយដល់សោះ គឺ ជម្ងឺភ្លេចត្រចៀក របស់មនុស្សចាស់ ។ពួកគាត់មួយចំនួនបានភ្លេចអស់ហើយ ពេលដែលគាត់ដើរកាត់ផ្ទះថ្ម វីឡាដែលទុកចោល ហើយគ្មានគំនិតចង់បាន គាត់ភ្លេចក្តី ប្រាថ្នារបស់គាត់ ក្រោយពីរសរានមានជីវិត ពីរបបប៉ុល ពត ។កន្លងមក មេរោគដែលបង្កជម្ងឺនេះជាសត្រូវដ៏ធំនឹងទស្សនៈនយោបាយរបស់របបកម្ពុជាប្រជាធិបតេយ្យ ហើយត្រូវមេដឹកនាំរបបនេះយកចិត្តទុកដាក់លត់ដំ និងដាក់ថ្នាំខ្លាំងដើម្បី ព្យាបាលឱ្យជាដាច់ ជាហេតុនាំឱ្យកើតមានសោធនាដកម្ម និងវិនាសកម្ម ហួសពីស្មាន នៅប្រទេសកម្ពុជា ដែលបន្សល់ទុកស្នាកស្នាមរហូតដល់បច្ចុប្បន្ន។ជារួម យើងមិនគួរភ្លេចប្រវត្តិសាស្រ្តដ៏ជូរចត់នោះទេ គប្បីលើកកម្ពស់ វប្បធម៌ចែករំលែក និងចេះជួយគ្នាទៅ វិញទៅមករវាងអ្នកមាន- អ្នកក្រ ដោយលុបបំបាត់គំនិតអត្តទត្ថភាព គិតតែប្រយោជន៍ផ្ទាល់ខ្លួន បក្សពួកនិយម ឆ្លៀតឱកាសនិយម ពុករលួយ ស៊ីសំណូកសូកប៉ាន់...ក្នុងគោលបំណងដើម្បីរស់នៅប្រកបដោយសេចក្តីសុខ សន្តិភាព និងវឌ្ឍនភាពតទៅមុខកាន់តែប្រសើរឡើង ៕
ដោយៈ ចៅ ឧស្សាហ៍ គ្រូបង្រៀនកម្រិតឧត្តម
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!