Wednesday, October 10, 2012

3-ចំណុចខ្វះខាតសំខាន់ៗក្នុងការអនុវត្តគោលវិធីសិស្សមជ្ឈមណ្ឌល

តាមរយៈទ្រឹស្តី​គោលវិធីសិស្ស​មជ្ឈមណ្ឌល ការ​លើក​ទឹកចិត្ត​សិស្ស​ឱ្យ​ធ្វើ​​ការ​ងារពិភាក្សា​​ក្រុម គឺ​ជា​ធាតុ​សំខាន់មួយ​ដែលជួយ​ជំរុញ​ឱ្យ​សិស្ស​ចេះធ្វើការរួម​គ្នា ចេះសហការ​និង ជួយគ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​​លើក​​កម្ពស់​ចំណេះដឹង​ ចំណេះធ្វើ សីលធម៌ និង​ភាព​ចេះ​រស់​នៅ ចុះ​សម្រុងនឹង​សង្គម ។ការ​ដែលកុមារ​ និង​យុវសិស្សរួម​គ្នា ធ្វើ​កិច្ច​ការអ្វីមួយ​ជាមួយ​គ្នា ធ្វើឱ្យ​ពួក​គាត់​មាន​ទំនាក់ទំនងល្អនឹងគ្នា ចេះ​ពិភាក្សា​ដោះ​ដូរ​ យោបល់គ្នា យោគយល់​គ្នា រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​និងចេះ​ស្តាប់​មតិយបល់​អ្នក​ដទៃ ។អ្វី​ដែល ជា​គុណសម្បតិ្ត​ធំ របស់ការងារ​ក្រុម គឺ ការ​ផលិត​ចេញ​នូវ​ធន​ធាន​មនុស្ស​ដែល​មាន​សមត្ថភាព ពេញលេញក្នុង​ការ​ចូលរួម​ចំណែក អភិវឌ្ឍន៍​សង្គម ។​ទ្រឹស្តី​​ខាង​លើ មាន​លោក​គ្រូ​-អ្នក​គ្រូ ជាច្រើន​បាន​ទន្ទេញ​​ចាប់មាត់​ទៅហើយ​នៅ​ឡើយ​តែការ​អនុវត្ត​ប៉ុណ្ណោះ ។ការ​ខ្វះឆន្ទៈ និង​ភាពមិន​យល់​ពី​គុណ​សម្ប​ត្តិ​​របស់​វា ធ្វើឱ្យ​ប្រសិទ្ធភាពនិង​គុណភាព​នៃ​ការ​អប់រំ​ធ្លាក់ចុះ ។មានលោក​គ្រូ​-អ្នកគ្រូ​មួយចំនួន​យល់​​ខុស​ពីការឱ្យសិស្សធ្វើការងារ​ក្រុមនេះថា ជំរុញ​ឱ្យ​សិស្ស​មាន​ភាព​រញ៉េរញ៉ៃ​ក្នុង​ម៉ោង​បង្រៀន និង​ពិបាក​ក្នុង​ការ​គ្រប់​គ្រងសិស្ស ។នេះ ជា​ការយល់​ច្រឡំ​មួយ​យ៉ាង​ធំ និង​បង្ហាញ​ពីសមត្ថភាព​អប់រំនៅមាន​កម្រិត ។​មួយវិញទៀត ​យើង​សង្កេត​ឃើញថា ជាទូទៅ​មាន​ការ​ជំរុញ​ឱ្យសិស្ស​ធ្វើ​ការងារ​ក្រុម ប៉ុន្តែ​ចំពោះ​លោក​គ្រូ-អ្នក​គ្រូមួយចំនួន​វិញ​ ការធ្វើ​ការងារ​ក្រុម​ហាក់​​នៅ​មានកម្រិត​ហើយ​វា​ជា​ចំណុច​រសើប​ធំ​បំផុត​មួយ​ ។​ស្ថិត​ក្នុង​ន័យ​នេះ បើជនគំរូ មិន​អាច​អនុវត្ត​បាន​​ផង​ តើឱ្យ​សិស្ស​អនវុត្ត​តាមបាន​យ៉ាង​ម៉េច ? ដោយសារ​ហេតុ​ផល​កត្តា​ប្រាក់​បេវត្ស​​ទាប គ្រូ​បង្រៀន​ត្រូវ​ស្វះ​ស្វែង​បន្ថែម​ទៀត​ក្នុង​ការ​រក​ប្រាក់​ចំណូល សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ដូច​ជា៖ ការ​បង្រៀន​គួក្រៅ​ម៉ោង​ ការធ្វើការងារ​ទី២ជាដើម ធ្វើឱ្យ​គ្រូ​មាន​ភាពរវល់នឹង​ប្រយោជន៍ផ្ទាល់​ខ្លួន​និង​មិនសូវចាប់​អារម្មណ៍នឹង​ប្រយោជន៍ក្រុម ។នា​ពេល​ខាង​មុខ​ នៅ​ពេល​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ក្រសួង​​ខិត​ខំ​លើក​កម្ពស់​ការ​អនុវត្ត​វិធីសាស្រ្ត “​ការ​សិក្សា​ស្រាវ​ជ្រាវ​​មេរៀន​”​ ដល់​លោក​គ្រូ​-អ្នក​គ្រូ គ្រប់​ភូមិ​សិក្សា តើ​អាច​​ផ្លាស់​ការ​គិត​របស់​គ្រូ​បង្រៀន​ ហើយ​ការ​អប់រំ​អាច​​អភិវឌ្ឍន៍​រីកចម្រើន​បាន​ទេ?​វិធីសាស្រ្ត​សិក្សាស្រាវជ្រាវ​មេរៀន​នេះ ជាយុទ្ធសាស្រ្ត​ល្អ​បំផុត សម្រាប់​ថ្នាក់​​ដឹក​នាំនៅ​តាម​គ្រឹះស្ថាន​សិក្សា ក្នុង​ការ​ជំរុញ​ លើក​ទឹកចិត្ត​ឱ្យ​គ្រូ បង្រៀនចេះ​ធ្វើ​ការងារ​ក្រុម ​ និង​លើក​​កម្ពស់​ការ​អភិវឌ្ឍការបង្រៀន​និង​រៀន ។វិធីសាស្រ្ត​នេះមាន​លក្ខណៈជា​ប្រព័ន្ធ និង​មាន​លក្ខណៈ​ពិសេស​​ច្រើន​ជាង​បើ​ប្រៀប​ធៀប​នឹង​ការ​ប្រជុំ​ក្រុម​បច្ចេក​ទេស​ដែលសាលានីមួយៗ​ធ្លាប់អនុវត្ត ​ហើយ​វាសមស្របនឹង​ស្ថានភាព​គ្រូ បង្រៀន​​នៅ​​ក្នុង​ប្រទេស​កម្ពុជាដែលគ្រូ​បង្រៀន​ភាគ​ច្រើន​បាន​ទទួល​ការ​បណ្តុះបណ្តាលលើក​កម្ពស់​សមត្ថភាព​តិច​តូចណាស់​បន្ទាប់​ពី​ការ​បញ្ចប់​ការ​សិក្សា​នៅតាម​សាលា​គរុ​កោសល្យរយៈពេល​២ឆ្នាំ​ ឬ​១​ឆ្នាំ​មក ។គ្រូ​បង្រៀន​មួយ​ចំនួន​មិនមាន​សមត្ថភាព​និង​លទ្ធភាព​បង្កើន​សមត្ថភាព​របស់ខ្លួន​តាម​ការសិក្សា​ស្រាវ​ជ្រាវ​ពី វិធីសាស្រ្តបង្រៀន​​ បច្ចេកទេស គរុកោសល្យ និង​ចំណេះ​ដឹង​ទូទៅថ្មីៗ​ តាម​រយៈប្រព័ន្ធកុំព្យូទ័រ អ៊ីនធ័រណេតដែលចំណេះដឹង​ថ្មី​ៗ​ទាំង​នោះ​មាន​ការ​វិវត្ត​ទៅ​មុខមិន​ឈប់​ឈរពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ។ដូច្នេះ ការយក​វិធី​សាស្រ្ត​សិក្សា​ស្រាវ​ជ្រាវ​មេរៀន​ពិត​ជា​ឆ្លើយ​តប​នឹង​ស្ថាន​ភាព​អប់រំ​នៅ​កម្ពុជា ព្រោះ វា​ផ្តល់​ឱកាស​​ដល់​គ្រូចាស់​ និង​គ្រូ​ថ្មី ដែល​ទើប​ចេញ​ពី​សាលាអាច​ផ្លាស់​ប្តូរ​មតិ​យោបល់​ បទពិសោធ ចំណេះដឹង និង​ចេះ​ជួ​យ​គ្នា​ទៅវិញ​ទៅ មកក្នុង​ការ​អភិវឌ្ឍ​ការ​បង្រៀន និង​រៀន ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព។គ្រូទាំងអស់​បាន​ខិតជិត​គ្នា ដោះស្រាយ​បញ្ហារួម​គ្នា និង​ជួយកែលម្អ​គ្នា​ទាំង​លើ​កិច្ចតែងការ​បង្រៀន ការ​បង្រៀនសាក​ល្បង និង​ ថ្នាក់​និទស្សន៍...ទៅតាម​វដ្ត​PDCA (ផែន​ការ​-សាកល្បង​-កែលម្អ​ និង​អនុវត្ត)។​ ទោះ​បីយ៉ាង​ណា​ក៏​ដោយគំនិត​វិភាគ​ពីបញ្ហានេះ គឺ​ ចង់​សាកល្បង​បកស្រាយ​បង្ហាញ​ពី​ឧបសគ្គ​ដែល​រារាំង​ដល់​ដំណើរ​ការ​អនុវត្តវិធីសាស្រ្តខាងលើ ។តើ​ការ​អនុវត្ត​វីធីសាស្រ្ត​ថ្មីនេះបាន​កម្រិត​ណា ​ បើ​លោក​គ្រូ-អ្នក​គ្រូមួយចំនួនធំ​​​មិន​បាន​ផ្លាស់​ប្តូរ​ការ​គិត​របស់ខ្លួន​នោះ ?បើអ្នកអប់រំ​ភាគ​ច្រើន​សម្លឹង​មើល​​តែផល​ប្រយោជន៍បុគ្គលជាធំ ដោយ​លើក​ហេតុ​ផល​មកពី​កត្តា​សេដ្ឋកិច្ច​គ្រូសារ​នៅ​ទាប តើអ្នក​ទាំង​នោះ​​អាច​ចូលរួម​សកម្ម​ក្នុង​សកម្ម​ភាពការងារ​​ក្រុម​បាន​ទេ ?​តើ​គ្រូ​ដែល​មាន​សមត្ថភាព​ ពិត​ជា​អាច​មាន​ស្មារតី​ចែក​រំលែក​ចំណេះ​ដឹង ​បទពិសោធដល់​គ្រូដទៃ​មែនឬទេ បើ​ទាំង​អស់​នោះ គឺ​ជាល្បិចបង្រៀន និង​ជាឆ្នាំងបាយ​របស់​គាត់​​ក្នុង​ការ​អូស​ទាញ​សិស្ស​មក​រៀន​គូនោះ ?ចម្លើយ​របស់​វា អ្នក​អាន​ អ្នក​សិក្សាសាកល្បង​ឆ្លើយ​ដោយ​ខ្លួនឯងមើល តើ​វាអាច​ទៅ​រួច​ទេ ?ចំណុច​សំខាន់មួយ​ទៀត​ដែល​យើង​ខ្ញុំ​ចង់​លើ​កកយក​​មក​បង្ហាញ​នៅ​ពេល​នេះ គឺ សំដៅទៅ​លើ​វិធីសាស្រ្ត​បង្រៀន​​របស់​លោក​គ្រូ​-អ្នក​គ្រូ មួយ​ចំនួន​នៅ​មាន​កម្រិត​ពិសេស​ទាក់​ទង​នឹង​ការ​ជំរុញ​ការ​គិតបែបរិះរក​របស់​សិស្ស​។​ការ​បំផុស​ការ​គិត​នេះ​ មាន​សារៈ​សំខាន់​ណាស់​ក្នុង​ហ្វឹក​ហាត់​ខួរក្បាល​របស់​សិស្ស​ឱ្យ​មាន​ការ​រីក​ចម្រើន និង​ភាព​វាងវៃ។ការ​គិត​នេះ​ជា​ការ​រិះរក​គំនិត​ថ្មី ដោយ​ខ្លួន​គេ​ផ្ទាល់​ និងជា​សមត្ថភាព​នៃ​ការ​វិភាគ សំយោគ និង​សន្និដ្ឋាន​...មិន​មែន​ជា​ការ​ចំឡង​តាម​ទេ ។​គ្រូ​បង្រៀន​គប្បី​មាន​គំនិត​ច្នៃប្រឌិត​បង្កើត​សំណួរ ដើម្បី​បំផុស​ការ​គិត​របស់​សិស្ស ។សកម្មភាព​បង្រៀន​និង​រៀន​មួយ​ចំនួន​មើល​ទៅ​ដូច​ជា អនុវត្ត​តាម​ទម្រង់​គោល​វិធីសិស្សមជ្ឈមណ្ឌល​សុទ្ធសាធ ប៉ុន្តែខ្លឹមសារមួយចំនួន​​មាន​លក្ខណៈ​ក្លែង​ក្លាយ ឧទា​ហរណ៍​ដូចជា​ការ​បែងចែក​សិស្ស​ពិភាក្សា​ក្រុម​​ ដោយដាក់​សំណួរ​ក្នុង​សៀវភៅ​សិក្សា ដែល​ភាគ​ច្រើន​មាន​​កំណែលក់​នៅ​តាម​ទី​ផ្សារ ដែល​ធ្វើ​ឱ្យ​សិស្ស​ភាគច្រើន​មិន​បាន​ប្រើប្រាស់​ការ​គិត​ ដោយ​ចំឡង​តាម​​តែម្តង ។ការ​ខ្វះខាត​ការ​យល់​ដឹង​ជាក់​លាក់​ នៃ គោល​វិធី​សិស្ស​មជ្ឈ​មណ្ឌល​ធ្វើ​ឱ្យ​ការ​អនុវត្ត​មិនបាន​ត្រឹម​ត្រូវ​តាម​ខ្លឹមសារ​ពិត​ប្រាកដរបស់​វា ហើយ​នេះ​ជា​ចំណុច​ខ្សោយ​មួយ​ដ៏​ធំ សម្រាប់​ការ​អភិវឌ្ឍការ​អប់រំ​ដើម្បី​ឆ្លើយ​តប​បរិបទ​សហគមន៍ អាស៊ាន​នា​ពេល​ខាង​មុខ ៕
ដោយៈ ចៅ ឧស្សាហ៍ គ្រូបង្រៀនកម្រិតឧត្តម
“បុគ្គលនឹង​មិន​មាន​ស្មារតី​ក្រុម​ឬសហគមន៍​រឹង​មាំទេ បើគាត់​មិន​ទាន់​អាច​ជួយ​ខ្លួន​ឯង​បាន​នោះ” ousa
“​ការ​អភិវឌ្ឍទាំង​ឡាយ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​ចាប់​ផ្តើម​ពី​ការ​ផ្លាស់​ការ​គិត​ជាមុន​សិន​”​ousa

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!