Saturday, January 19, 2013
យុវជន និងនយោបាយ
ក្នុងការអភិវឌ្ឍប្រទេស
គេមិនអាចទាត់ចោលតួនាទីយុវជនបានទេ ព្រោះយុវជនជាសសរទ្រូងរបស់ប្រទេសជាតិ
។ស្ថិតក្នុងន័យនេះ ប្រទេសជាតិមួយត្រូវយកចិត្តទុកឱ្យបានមុតមាំក្នុងដុះខាត់យុវជន ឱ្យក្លាយជាមនុស្សមានសមត្ថភាពគ្រប់គ្រាន់ពេញលេញដើម្បីបន្តតំណែងពីមនុស្សចាស់ក្នុងកិច្ចការដឹកនាំប្រទេស
។អ្នកដឹកនាំដែលល្អត្រូវផ្តល់ឱកាសដល់យុវជន ក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ខ្លួន
និងផ្តល់កម្លាំងចិន្តានុភាពក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេស ដែលជាគន្លឹះសំខាន់ក្នុងការជំរុញសង្វាក់អភិវឌ្ឍឱ្យសន្ទុះលឿន
និងមានស្ថេរភាព-និរន្តរភាព ។ បើសិនអ្នកដឹកនាំនៅតាមស្ថាប័ននីមួយៗ មានអណត្តិយូរ
នោះយុវជនជំនាន់ក្រោយប្រហែលជាមិនមានកម្លាំងចិត្ត ក្នុងការខិតខំសិក្សារៀនសូត្រ
ប្រឹងប្រែងការងារ និងមិនមានឆន្ទះមុតមាំបង្ហាញឱ្យអស់សក្តានុពលភាពរបស់ខ្លួន
ដើម្បីសេចក្តីសង្ឃឹមអនាគតក្នុងការប្រកួតប្រជែងធ្វើជាអ្នកដឹកនាំឡើយ ។មិនតែប៉ុណ្ណោះ
បើការតំល៉ើងតួនាទី ធ្វើជាអ្នកដឹកនាំមិនបានផ្អែកជាសំខាន់ ទៅលើសមត្ថភាពរបស់បុគ្គលនោះ
វាកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀតសម្រាប់យុវជន ពិសេសយុវជនក្រីក្រ ។យុវជន នឹងក្លាយជាមនុស្សចាស់
និងជាឪពុកម្តាយគេនាពេលអនាគត ដូច្នេះបើមានយុវជនចាប់អារម្មណ៍និងចូលរួមច្រើនក្នុងកិច្ចការនយោបាយ
វាជាសញ្ញាណវិជ្ជមាន ព្រោះវាបង្ហាញពីសន្ទុះនៃកសាងភាពជាអ្នកដឹកនាំកាន់តែច្រើន ហើយឥទ្ធិពលនេះវាអាចបន្តដល់កូនគេថែមទៀត
ហើយពេលនោះពាក្យ” នយោបាយ” លែងជាពាក្យដែលមានរូបារម្មណ៍គួរឱ្យភ័យខ្លាចទៀតហើយ ។អ្នកដឹកនាំដែលល្អ
គឺជាអ្នកបង្កើតអ្នកដឹកនាំឱ្យបានច្រើន មិនមែនបង្កើតអ្នកដើរតាម ចូលចិត្តអែបអប
ឬមនុស្សរង់ចាំតែទទួលបញ្ជានោះទេ ។មួយវិញទៀត អ្នកដឹកនាំមិនគួរប្រកាន់
និងរាំងខ្ទប់នឹងការយល់ឃើញផ្សេងៗរបស់យុវជនចំពោះការងារដឹកនាំទេ ព្រោះវាជារនាំងដែលបង្អាក់ការលូតលាស់ផ្នែកគំនិតយល់ដឹងពីកិច្ចការអភិវឌ្ឍសង្គមឬជំរុញយុវជនឱ្យមើលឃើញតែពីទិដ្ឋភាពដែលមានពន្លឺដែលអ្នកនយោបាយ
ចុចពិលបំភ្លឺ ដោយមិនមានការយល់ដឹងទូលំទូលាយ គ្រប់ជ្រុងជ្រោយ ដែលករណីនេះ វានឹងជំរុញឱ្យពួកគេ
ក្លាយខ្លួនជាបោយរបស់នយោបាយប៉ុណ្ណោះ ។ ជាការពិត បើយុវជនចាប់អារម្មណ៍រឿងនយោបាយ
ភាគច្រើនមិនមានពុតត្បុតទេ ដោយពួកគេព្យាយាមបង្ហាញចេញនូវទស្សនៈយល់ឃើញរបស់គេ ដោយស្មោះត្រង់
។ក្នុងន័យនេះ បើពួកគេ យល់ឃើញ យ៉ាងម៉េច គេនឹងបញ្ចេញមកយ៉ាងនោះ ដែលលក្ខណៈនេះ
ខុសពីមនុស្សចាស់ ដែលមានភាពប្រយ័ត្នប្រយែងច្រើន ។ជារួម ភាពខ្លាំងរបស់យុវជន
គឺយុវជនដែលមានភាពជាអ្នកដឹកនាំ និងចូលរួមចំណែកសកម្មក្នុងកិច្ចការអភិវឌ្ឍប្រទេស ៕
Subscribe to:
Posts (Atom)