បាន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ដូចជា៖ លើកកម្ពស់សីលធម៌សង្គម និងថែរក្សាគោលគ្រឹះវប្បធម៌-អរិយធម៌ជាតិ ពិសេសកាលៈទេសៈប្រទេសស្ថិតក្រោមអាណានិគមបរទេស និងស្ថិតក្រោមការកាន់កាប់របស់បរទេស ។មួយវិញទៀត ពុទ្ធសាសនាបានចូលរួមចំណែកលើកកម្ពស់សន្តិភាពពិភពលោកតាមរយៈទ្រឹស្តីអហឹង្សាធម៌ ។ផ្ទុយទៅវិញ ការបកស្រាយនៅទីនេះបានលើកយកទិដ្ឋភាពអវិជ្ជមានមួយចំនួន ដោយគ្រាន់តែ សាកល្បងឆ្លុះបញ្ចាំងពីទ្រឹស្តីពុទ្ធសាសនា និងលក្ខណៈនៃការប្រតិបត្តិរបស់មនុស្សខ្មែរមួយចំនួនមកបកស្រាយបង្ហាញ ហើយការវិភាគនេះសោត គ្រាន់លើកយកនូវទឡ្ហីករមួយសម្រាប់ការសិក្សាស្រាវជ្រាវពីបញ្ហាសង្គមតែប៉ុណ្ណោះ ។ ខាងក្រោយនេះ ជាទស្សនីយ៍ភាពជីវិតពិតរបស់អ្នកវិភាគដែលបានជួបប្រទះកាលពីនៅកុមារភាព អាយុប្រមាណ១០ឆ្នាំទាក់ទងនឹងការប្រតិបត្តិសាសនានៅសម័យនោះហើយធ្វើការឆ្លុះមកសម័យបច្ចុប្បន្ន។ នៅឆ្នាំ១៩៩២ ដោយសារជីវភាពគ្រួសារខ្ញុំមានការលំបាកក្រខ្សត់ខ្លាំង ដោយឪពុកត្រូវបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិត នៅប្រទេសវៀតណាម ហើយបន្សល់ទុកកូន៦នាក់ស្ថិតក្រោមការថែរក្សាចិញ្ចឹមបីបាច់ពីម្តាយម្នាក់ឯង ។ដោយទទួលបានប្រាក់បៀវត្សឧបត្ថម្ភបន្តិចបន្តួចពីឪពុក ធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃមានការលំបាកខ្វះព្រឹក ខ្វះល្ងាច និងមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ ដែលធ្វើឱ្យកូនទាំងអម្បាលម៉ានរស់នៅប្រកបដោយភាពអត់ឃ្លាន និងលំបាកវេទនា។ ដោយសារភាពស្រេកឃ្លាននេះ ខ្ញុំ និងមិត្តភ័ក្រ្តមា្នក់ទៀតដែលជាកូនអ្នកក្រីក្រដូចគ្នា បាននាំគ្នាទៅវត្តមួយនៅក្នុងភូមិ ដោយសង្ឃឹមថា នឹងបានអាហារខ្លះបានបរិភោគ ដើម្បីបំបាត់ភាពស្រេកឃ្លាន ព្រោះនៅវត្តមានការរៀបចំពិធីបុណ្យមួយ (ខ្ញុំមិនចាំបានថាជាពិធីបុណ្យអ្វីទេ) ។ពេលទៅដល់វត្តនោះ ខ្ញុំបានឃើញមនុស្សម្នាជាច្រើន អ៊ូអរទាំងក្មេង ទាំងចាស់ពេញវត្ត ខ្ញុំនិងមិត្តភក្រ្តមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ហើយបានដើរសំដៅទៅរករោងបាយនៅក្នុងវត្តព្រោះយើងបានឃើញមានឆ្នាំងបបរដែលយាយជីដាំមានផ្សែងហុយៗ ក្នុងគោលបំណងទៅសុំដើម្បីយកមកបរិភោគ។ ពេលទៅដល់ យើងទាំងពីរនាក់បានសុំគាត់ តែគាត់មិនបានឱ្យបបរមកយើងទេ ដោយនិយាយថា លោកមិនទាន់ឆាន់ ទេ។យើងទាំងពីរនាក់បានត្រឡប់មកវិញ ហើយបានឈរអើតតាមបង្អូចនៃសាលាឆាន់ ពេលនោះខ្ញុំបានឃើញមានមនុស្សជាច្រើន កំពុងអុជធូប និងបួងសួង ពេលនោះខ្ញុំឆ្ងល់ពីមនុស្សរាល់គ្នា តើគេកំពុងបួងសួងពីអ្វី និងសុំអ្វី? ក្រោយមកខ្ញុំបានឃើញ ព្រះសង្ឃសូត្រធម៌ និងបន្ទាប់មកឆាន់អាហារជាច្រើនដែលឧបាសក ឧបាសិការៀបចំនៅខាងមុខព្រះអង្គ ដែលសុទ្ធតែជាអាហារឆ្ងាញ់ៗ។ខ្ញុំឆ្ងល់ទៀតថា ហេតុអ្វី ព្រះសង្ឃមានអាហារជាច្រើនឆាន់ ហើយខ្ញុំគ្មានអ្វីហូបសោះ ។ខ្ញុំឆ្ងល់មនុស្សគ្រប់គ្នា តើពួកគេ កំពុងបួងសួងអ្វី? តើគេកំពុងបួងសួងឱ្យខ្លួនគេ គ្រួសារគេ បក្សពួកគេបានសុខ សប្បាយ មែនទេ ហើយតើមានពុទ្ធសាសនិកប៉ុន្មាននាក់បានបួងសួងឱ្យអ្នកដទៃបានសេចក្តីសុខដូចខ្លួននោះ! និងធ្វើ ទង្វើប្រកបដោយមនុស្សធម៌នោះ! តើមានមនុស្សប៉ុន្មាននាក់បានចាប់អារម្មណ៍នឹងពួកយើង? ខ្ញុំនិងមិត្តខ្ញុំគ្មានជម្រើសទេ ពេលព្រះសង្ឃឆាន់ចប់ យើងបានទៅដណ្តើមចង្ហាន់ដែលនៅសេសសល់នោះមកហូប ហើយត្រូវបានលោកយាយមួយចំនួនស្តីឱ្យថា ក្មេងគ្មានរបៀប និងក្មេងបាតផ្សារ។ជាការពិត មនុស្សម្នានៅទីនោះទាំងអស់ មិនបានមើលឃើញខ្ញុំនិងមិត្តភក្រ្តទេ ដែលយើងទាំងពីរនៅមានជីវិតសោះ ឈរក្នុងសភាពស្គមស្លេកស្លាំង និងមិនមានសំលៀកបំពាក់សមរម្យ។ខ្ញុំបានពិចារណាពីជីវិតច្រើនណាស់ ស្ថិតនៅស្ថានភាពជីវិតបែបនេះ ហើយវាក៏ជាហេតុផលមួយដែរ ដែលធ្វើឱ្យខ្ញុំក្លាយជាសិស្សពូកែអក្សរសាស្រ្តខ្មែរតាំងពីថ្នាក់បឋមភូមិ រហូតដល់ទុតិយភូមិ ។នៅពេលដែលខ្ញុំឈរសម្លឹងទៅព្រះភក្រ្តដ៏ស្រស់ញញឹមរបស់ព្រះពុទ្ធអង្គ ហើយខ្ញុំបានប្រើប្រាស់ការគិត និងការស្រមើស្រមៃជាច្រើនដែលជំរុញឱ្យខ្ញុំស្វែងរកវិជ្ជាដើម្បីរំដោះខ្លួន ។មនុស្សជាច្រើនមានការយល់ខុសពីទ្រឹស្តី និងការប្រតិបត្តិរបស់សាសនា ពួកគាត់ភាគច្រើនព្យាយាមបង្ហាញចេញមកក្រៅនូវទង្វើផ្សេងៗ ដើម្បីសន្សំកុសលក្នុងគោលបំណងឱ្យសាសនា ជួយគាត់ឱ្យបានកើតនៅជាតិខាងមុនបានល្អប្រសើរ និងរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល ប៉ុន្តែខ្លឹមសារខាងក្នុងប្រកបដោយភាពមាយា អកុសលកម្ម និងមានលក្ខណៈអាត្មានិយម។ព្រះពុទ្ធសាសនាបានប្រដៅមនុស្សឱ្យប្រព្រឹត្តអំពើល្អ ប្រកបទៅដោយព្រហ្មវិហារធម៌ទាំង៤៖ មេត្តា ករុណា ឧបេក្ខា និងមុទិតា មគ្គទាំង៨ (សម្មាទិដ្ឋិ សម្មាសង្កប្បៈ...) និច្ចសីល ព្រមទាំងធម៌ទាំងឡាយផ្សេងៗទៀត ដែលព្រះពុទ្ធអង្គ បានប្រៀនប្រដៅសត្វលោក។ដូច្នេះមានន័យថា ឱ្យតែអ្នកប្រកាន់ភ្ជាប់នូវអំពើល្អ មានសីលធម៌ គុណធម៌ ប្រាសចាកអគតិទាំងបី (ទោសៈ មោហៈ និង លោភៈ) ចេះជួយសង្គ្រោះអ្នកដទៃ ស្រឡាញ់សន្តិភាព...ក៏មានន័យគ្រប់គ្រាន់ថា អ្នកជាពុទ្ធសានិករួចបាត់ទៅហើយ មិនមែនសម្គាល់ត្រឹមថា ទាល់តែអ្នកកាន់ចង្ហាន់ទៅវត្ត អុជធូបថ្វាយបង្គំ ចូលបច្ច័យ...ទើបជាពុទ្ធសាសនិកពិតប្រាកដនោះទេ ។ត្រង់ចំណុចនេះ ប្រហែលជាការចូលបច្ច័យកសាងវិហារ មានការនិយមចូលចិត្តច្រើនជាងការចូលកសាងសាលារៀន ឬមូលនិធិជួយសង្គ្រោះកុមារហើយមើលទៅដែលជាផ្នែកសំខាន់ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាសង្គម ។តើវាមានប្រយោជន៍អ្វី? កុសលផលបុណ្យអ្វី? បើអ្នកបានប្រព្រឹត្តអំពើពុករលួយបំផ្លាញជាតិ ឬប្រព្រឹត្តអំពើទុច្ចរិត ហើយយកលុយមួយចំនួនយកទៅធ្វើបុណ្យទាន ឬ ធ្វើប្រជាភិថុដើម្បីប្រយោជន៍នោះ !ភាពមិនយល់ច្បាស់មួយចំនួន ពីសាសនា ធ្វើឱ្យមនុស្សខ្មែរមួយចំនួន ដែលនៅពេលគេយល់ថា ខ្លួនគេចាប់ផ្តើមចាស់ ក៏ចាប់ផ្តើមភ័យខ្លាចចំពោះការស្លាប់ ហើយយកចិត្តទុកដាក់ត្រៀមលក្ខណៈដើម្បីស្លាប់ ជាងត្រៀមលក្ខណៈដើម្បីរស់ ដែលមានលក្ខណៈទន់ខ្សោយ ខុសពីទ្រឹស្តីរបស់ព្រះពុទ្ធដើម្បីស្វែងរកសេចក្តីសុខ សុភមង្គលរបស់មនុស្សលោក គេត្រូវព្យាយាមលុបបំបាត់អវិជ្ជា និងតណ្ហា ។ មានករណីមួយទៀត នៅពេលបច្ចុប្បន្ននេះ ថ្ងៃមួយ ខ្ញុំបានព្ញចាស់ៗ កំពុងជជែកគ្នា ពីលោកយាយម្នាក់ដែលតែងតែទៅវត្តធ្វើបុណ្យ ហើយឆ្លៀតឱកាសយកចំណីអាហារដែលនៅសេសសល់ពីវត្តទៅផ្ញើចៅៗដែលអត់ឃ្លាននៅផ្ទះ ដែលទង្វើនេះ ពួកគាត់បញ្ជក់ថាជាទង្វើទាញយកផលប្រយោជន៍ពីវត្ត មិនបានកុសលផលបុណ្យអ្វីទេ ។ខ្ញុំគិតក្នុងចិត្តថា លោកយាយនោះកំពុងធ្វើបុណ្យធំណាស់ ហើយគាត់នឹងបានកុសលផលបុណ្យវិញជាក់ជាមិនខាន។លោកយាយក្នុងការបង្ហាញនេះ ពិតជាបានចូលរួមចំណែកដោះស្រាយបញ្ហាមនុស្សដែលនៅមានជីវិត មើលឃើញ និងប៉ះបាន ដែលជាទង្វើគួរឱ្យគោរពបំផុត។សម្រាប់ករណីមួយទៀត ថ្ងៃមួយខ្ញុំបានទៅញ៉ាំការមិត្តភ័ក្រ្ត ម្នាក់ ដោយបានរួមតុ ជាមួយមិត្តជាច្រើនមកពីស្ថាប័នផ្សេងៗគ្នា ក្នុងនោះមានម្នាក់ជា បុគ្គលិកមកពីអង្គការអន្តរជាតិមួយធ្វើការជាមួយកុមារ មានតួនាទី ជាអ្នកសម្របសម្រួលថ្នាក់ខេត្ត ។ពេលពួកយើងបានបរិភោគភោជនាអាហារហើយ រួចអង្គុយលេងនឹងតុ និងស្តាប់ភ្លេង ស្រាប់តែមានកុមារពីរ បីនាក់ មកសុំអាហារ ដែលនៅសេសសល់ពីពួកយើង ខ្ញុំក៏បានប្រមែប្រមូលអាហារនៅសល់មួយចំនួន ឱ្យទៅពួកគេ ។ស្ថិតក្នុងទិដ្ឋភាពនេះ មិត្តភ័ក្រ្តរបស់ខ្ញុំដែលធ្វើការនៅអង្គការអន្តរជាតិនោះ បាននិយាយទៅកាន់ខ្ញុំថា៖ អ្នកឱ្យអាហារគេបែបនេះ គឺអ្នកកំពុងតែអូសទាញគេ និងលើកទឹកចិត្តគេឱ្យបន្តប្រព្រឹត្តទង្វើបែបនេះទៀតនៅពេលក្រោយ និងជំរុញឱ្យកុមារដទៃទៀតធ្វើតាម។អ្នកមិនគួរធ្វើបែបនេះទេ ព្រោះអំពើល្អរបស់អ្នកបានជះឥទ្ធិពលអាក្រក់ដល់ការប្រព្រឹត្តរបស់គេ។ខ្ញុំក៏បានឆ្លើយតបទៅគេវិញថា៖ ខ្ញុំ អ្នកដែលកំពុងរួមតុជាមួយអ្នក ពីមុនក៏ធ្លាប់ធ្វើបែបនេះដែរ ប៉ុន្តែខ្ញុំនៅតែអាចផ្លាស់ប្តូរខ្លួនឯងបាន ។អ្នកមិនប្រាកដថា ក្មេងដែលកំពុងដើរសុំអាហារនៅពេលនេះ អាចធ្វើអ្នកដឹកនាំនាពេលអនាគតក៏អាចថាបានដែរ ។ពេលខ្លះគេសុំគ្រាន់តែ ដើម្បីបំពេញសេចក្តី ស្រេកឃ្លានមួយគ្រាៗតែប៉ុណ្ណោះ ។ដូច្នេះ យើងគួរជួយពួកគេ ។ខ្ញុំមិនខ្វល់ អ្នកណាយល់ឃើញយ៉ាងណាទេសម្រាប់ករណីនេះ ប៉ុន្តែសម្រាប់ខ្ញុំ គឺ ខ្ញុំនៅតែ បន្តធ្វើបែបនេះដដែល។
ដោយៈ ចៅ ឧស្សាហ៍
" នៅពេលអ្នកយល់ថា ខ្លួនអ្នកចាស់ អ្នកគួរត្រៀមលក្ខណៈដើម្បីរស់ប្រសើរជាងត្រៀមលក្ខណៈដើម្បី ស្លាប់" ousa
"ភាពរីកចម្រើនផ្នែកសាសនា ឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកសីលធម៌សង្គម មិនមែនឆ្លុះបញ្ចាំងតាមរយៈកើនឡើងនូវចំនួនវត្តអារាម និងព្រះសង្ឃទេ "
"ភាពរីកចម្រើនផ្នែកសាសនា ឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកសីលធម៌សង្គម មិនមែនឆ្លុះបញ្ចាំងតាមរយៈកើនឡើងនូវចំនួនវត្តអារាម និងព្រះសង្ឃទេ "
ភាពខ្ជះខ្ជាយរបស់មនុស្សខ្មែរភាគច្រើនទៅលើជំនឿមិនសមហេតុផល និងការផ្គត់ផ្គង់មិនចាំបាច់។ousa