Sunday, November 4, 2012

បញ្ហាផ្សេងនៃផ្នែកលទ្ធកម្ម សវនកម្ម និងគណនេយ្យ


ជាទ្រឹស្តី​ដើម្បីទប់​ស្កាត់​​អំពើពុក​រលួយ ស៊ីសំណូកសូកប៉ាន់ គេត្រូវ​អនុវត្ត​ការងារ​លទ្ធកម្មក្នុង​ការផ្គត់​ផ្គង់​សម្ភារៈ  ការ​ជុសជុល ការសង់សង់ផ្សេងៗ ជាដើម ...​ហើយ​​ការធ្វើ​សវនកម្ម​គឺ​ដើម្បីត្រួតពិនិត្យ​ការ​ចំណាយ​ថា​តើ​វា​សមស្រប​តាមផែន​ការ​ចំណាយ​ដែរឬ​ទេ ? តើ​វាត្រូវ​បាន​ប្រើប្រាស់​ត្រឹម​ត្រូវដែរឬទេ? ​។ដំណើរ​ការ​ និង​នីតិវិធីលទ្ធកម្ម​ និង​សវនកម្មនេះ អ្នក​វិភាគមិន​បាន​យល់​ទូលំទូលាយទេ ប៉ុន្តែ​ក៏មាន​ចំណេះដឹង​បន្តិច​បន្តួច​អំពីវា ដែរ​ ។​ដូច្នេះហើយ​ យើង​ខ្ញុំសាកល្បងធ្វើ​ការ​វិភាគ និង​ចែក​រំលែក​ចំណេះដឹង​ តាម​ដែល​អាច​ធ្វើ​ទៅបាន ដោយប្រកាន់គោល​ជំហថា​ចែករំលែក​តិច​តួច​ ប្រសើរជាង​មិនបាន​ចែករំលែកសោះ និង​ចេះតិចចែក​តិច ចេះ​ច្រើន​ចែក​ច្រើន។  ក្នុង​ផ្នែក​នេះ​អ្នក​វិភាគ សូម​ធ្វើការ​បង្ហាញពី បញ្ហាផ្សេងៗ​ដែល​អាច​កើត​ឡើង​នៅក្នុង​ការធ្វើ​លទ្ធកម្ម សវនកម្ម និង​គណនេយ្យ។​យើង​ខ្ញុំ​ សូម​ប្រើ​ពាក្យ​”​អាច” ព្រោះ​វា​កាន់​តែអត្ថបទ​សាកល្បង​វិភាគ​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឆ្លុះបញ្ចាំង និង​វាយ​ប្រហារ​​ចំៗ​ ទៅ​លើ​ស្ថាប័ន​ណាមួយឡើយ ។​ការ​បង្ហាញនេះ​គ្រាន់​តែ​ជា​ការ​លើក​សម្មតិកម្ម​មួយប៉ុណ្ណោះ ​ហើយ​អ្វី​ៗទាំង​អស់​គឺក្នុង​គោល​បំណង​ដើម្បី ការ​រៀនសូត្រ និង​ចែករំលែក​ចំណេះដឹង​ បទពិសោធទៅ វិញទៅ​មក​ ។​​
1១-  លទ្ធកម្ម
ដើម្បី ទប់ស្កាត់​អំពើ​ពុករលួយ គេ​បង្កើត​ឱ្យ​មាន​​ការធ្វើ​លទ្ធកម្ម ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ធ្វើការ​រួម​គ្នា ដោយ​​ចង​ក្រងជា​​គណៈកម្មការ​លទ្ធកម្ម ធ្វើ​ការ​ប្រជុំពិភាក្សា​ និង​សម្រេច ពី​ដំណើរការ​ធ្វើ​លទ្ធកម្ម ។​គណៈកម្មការ​ជា​អ្នក​សម្រេច​ប្រកាស​ឱ្យ​ដេញថ្លៃ ការ​ផ្សព្វផ្សាយ​ដំណឹង​ដេញថ្លៃឱ្យ​បាន​ទូលំ​ទូលាយ និង​ធ្វើ​ជា​សាធារណៈ ការវិនិច្ឆ័យ​លក្ខណៈ​សម្បត្តិ អ្នក​ផ្គត់​ផ្គង់ ឬ​អ្នក​សាងសង់ ការ​កំណត់​កាលបរិច្ឆេទ​ដេញថ្លៃ នីតិ​វិធី​ដេញថ្លៃ (ដាក់ស្រោម​សំបុត្រ ឬ​ជាសា​ធារណៈ ) និង​ការពិភាក្សាសម្រេច​​ជ្រើ​សរើសរក​ក្រុម​ហ៊ុន​សមស្រប ។ជាទូទៅ​នៅក្នុងជួរ​​គណៈកម្មការលទ្ធកម្ម មាន​ជំនាញ​ច្បាស់​ណាស់​​ពីបច្ចេកទេស ដើម្បី​កំណត់តម្លៃ​​ប៉ាន់​ស្មាន​​ ដែល​សមស្រប​តាម​បច្ចេកទេស ធានា​បាន​ទាំង​គុណភាព​ និង​ប្រសិទ្ធភាព ។ការ​កំណត់​សម្រេច​ជ្រើ​សរើស​ក្រុម​ហ៊ុន​ណាមួយ​​សម្រាប់​ផ្គត់​ផ្គង់​ ជុសជុល ឬ​សាង​សង់ គឺ​អាស្រ័យ​ដោយ​នីតិវិធី​របស់​គណៈកម្មការ ពេល​ខ្លះ មិន​បាន​ទៅ​លើ​ក្រុម​ហ៊ុន​ដែល​ដេញថ្លៃ​​ទាប​ជា​ង​គេ​នោះ ទេ ព្រោះ វាស្ថិត​ក្រោម​ការ​វាយ​តម្លៃ​កម្រិត​គុណភាព សំណង់​ ឬ​សម្ភារៈ​ដែ​លសមស្រប តាម​តម្លៃ​ប៉ាន់​ស្មាន ។​​បន្ទាប់​​មក​គឺ ការ​ចុះកិច្ចសន្យាការងារ​ និង​ផែនការ​ការងារ ។ស្ថិត​ក្នុង​ដំណើរ​ការ​ជា​ប្រព័ន្ធបែបនេះ បើ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពិត​ជា​ពិបាក លុះត្រា​តែ ធ្វើ​ជា​ប្រព័ន្ធ​ដែរ ទើ​បវា​អាច​ទៅរួច ។​​បើ​គណៈកម្មការ​ជា​អ្នកសម្រេច​ ជ្រើ​សរើស​ក្រុម​ហ៊ុន អញ្ចឹង ​វា​ងាយ​ស្រួល​ណាស់​ ក្នុង​ការ​បង្កើត​ក្រុម​​ហ៊ុន​ខ្លួន​ឯង ព្រោះ​វា​ងាយ​រក​បាន​ប្រាក់​ចំណេញ ។ជួរ​គណៈកម្មការ​ប្រហែល​ជាអាច​រស់​ពី ការ​បែង​ចែក​ភាគ​លាភពី​សកម្មភាព​នេះ ហើយ​សំណុំឯកសារ​មិន​ជា​ពិបាក​ទេ ព្រោះ​អាច​សហការ​គ្នា​ធ្វើបាន​ ។មួយ​វិញ​ទៀត​ បើ​មិនមាន​​ក្រុម​ហ៊ុន​ខ្លួន​ឯង​ទេ ក្រុម​ហ៊ុន​ផ្សេងដែល​ដាក់​ដេញ​ថ្លៃ ឥឡូវ​ស្រួលណាស់​ មិន​ពិបាកទេ ព្រោះ គេ​ដឹង​បរិបទនេះ​ច្បាស់លាស់ប្រហែល​ជា​ទុក​មួយ​កញ្ចប់​ឱ្យ​មិន​ខាន ។មិនតែប៉ុណ្ណោះពួកគេអាចរួមគ្នាបង្កេីតឆាកល្ខោនដេញថ្លៃ ប្ញ ការឃុបឃិតគ្នារបស់ក្រុមហ៑ុនដេញថ្លៃ។
2 ២- សវនកម្ម
​ចំណែក​ឯ​ការ​ធ្វើ​សវនកម្ម គឺ​គ្រាន់តែ​ចុះ​មក​សុំ ឬមក​កំណត់​ភាគ​លាភ ​គួរ​យក​ប៉ុន្មាន ពី​ស្ថាប័ន​នេះ និង​គួរ​យក​ប៉ុន្មាន​ពី​ស្ថាប័ន​នោះ ប៉ុណ្ណោះ ដើម្បីបញ្ចប់បញ្ហា វា​ពិត​ជា​ងាយ​ស្រួល​ណាស់ ។បើ​មាន​ករណី នេះ​កើត​ឡើង​ វា​គ្រាន់តែ​ប្រែក្លាយ ពី​ការ​ប្រព្រឹ​ត្ត​អំពើពុក​រលួ​យជា​បុគ្គល ឬ​ជន​មួយ​ក្តាប់​តូច​ មក​ធ្វើ​ជា​ប្រព័ន្ធ​តែ​ប៉ុណ្ណោះ​ គ្មាន​អ្វី​ខុសប្លែក​ទេ ។​ពិត​ណាស់​ការ​ឆ្លៀត​ឱកាស​កន្លែងនេះ ពិត​ជា​ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ ធ្វើ​មាន​ធ្វើ​បាន​ដោយ​ងាយ ហើយ​ចំណែកផ្គត់​ផ្គង់​​សម្ភារៈ ការ​ជុសជុល និង​ការសាង​សង់ គឺ ធ្វើ​ដដែលៗ ហើយ​ការងារ​មាន​លក្ខណៈ​បែប​ពាំ​ត្រណោត ដូចការងារ​​កសាង​ផ្លូវ​ជា​ដើម ។
  ៣-   គណនេយ្យ-ហិរញ្ញវត្ថុ
ចំពោះ​ការ​ងារ​គណនេយ្យ និង​ហិរញ្ញវត្ថុវិញ អ្នកវិភាគ​គ្មាន​ប្រាថ្នា អ្វីទេ ក្រៅពី​កញ្ចក់ទិព្វដែល​ពូកែ​ស័ក្តិសិទ្ធ មកឆ្លុះមើល​វិក័យ​ប័ត្រចំណាយ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​នៅ ក្នុង​ខ្មែរ ទាំងស្ថាប័ន​​សាធារណៈ​ អង្គការ​សង្គមស៊ីវិល និង​ផ្នែក​ឯកជន ទាំង​ធំ ទាំង​តូច ថា​តើ​មាន​ប៉ុន្មាន​ វា​ជា​វិក័យ​ប័ត្រពិតប្រាកដ?ហើយ​ប៉ុន្មាន​ជារបស់​ជប់​ឱ្យ​ចេញ​មក? តើ​វា​ច្រើន​ជាង​៥០% ឬតិច​៥០% ?​ តើ​ទៅរក​មនុស្ស​ឯណា ឱ្យ​ពូកែ​ស័ក្តិសិទ្ធ​ដូច​កញ្ចក់ទិព្វនោះ ?ក្នុង​ចំណោម​ផ្នែក​ទាំង​បី​មាន​តែ​ផ្នែក​ឯកជន​ប៉ុណ្ណោះ ដែល​ប្រព័ន្ធ​គ្រប់​គ្រង​គណនេយ្យ​មាន​ភាព​ច្បាស់​លាស់​ជាង​គេ ។​បើ​ក្នុង​សតិ​អារម្មណ៍​មនុស្ស​ភាគ ច្រើន​ស្វះស្វែង​រក​ឱកាស​ដើម្បី ផល​ប្រយោជន៍បែបនេះ តើ​គេ​ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា​ប៉ុន្មាន​ទៀត​ដើម្បី​អភិវឌ្ឍន៍​ប្រទេស ។ ​បើ​មាន​បញ្ហា​ដូច​រៀបរាប់​ខាង​លើ តើ​ប្រទេស​កំពុង​អភិវឌ្ឍន៍មួយ​នេះ​ត្រូវ​ខាត​បង់​ថវិកា​ប៉ុន្មាន ក្នុង​១ឆ្នាំ​ៗ​ទៅលើអំពើ​ពុក​រលួយ ?តើ​មាន​មន្រ្តី រាជការ បុគ្គលិកអង្គការ​សង្គម​ស៊ី​វិល និង​ផ្នែកឯកជន ប៉ុន្មាននាក់ កំពុង​ស្វះស្វែង​រក​ភាគ​លាភតាមរយៈ​អំពើ​ពុករលួយ​ពី​ការងារ​ដែល​ខ្លួន​កំពុងទទួល​ខុស​ត្រូវ ?​​​ តើ​មាន​សកម្មភាព​កាត់​តម្រឹមថវិកា ពី​ផែនការ​ថវិកាដែរ​ឬទេ? តើ​មាន​កូដសកម្មភាព​មួយ​ចំនួន​ ដែល​មិន​បាន​អនុវត្ត​ហើយ​នាំ​គ្នា រៀបចំ​សណុំឯកសារ​ ដែរ​ឬ? បើសង្គមមួយ​សំបូរ​ទៅ​ដោយសកម្មភាព និង​មនុស្ស​បែបនេះ តើ​ គេត្រូវ​មាន​យុទ្ធសាស្ត្រ អ្វី ដោះស្រាយ​បញ្ហានេះ ? ការ​ផ្លាស់​ប្តូរ​ការគិត របស់​មនុស្ស​ទាំង​នេះ និង​ការ​ពង្រឹង​ប្រព័ន្ធគ្រប់​គ្រង​គណនេយ្យ​ ហិរញ្ញវត្ថុឱ្យ​មាន​ភាព ច្បាស់​លាស់ គឺ​ជារឿង​បន្ទាន់មួយ។
ជារួម ដំណើរ​របស់​កម្ពុជាកាន់តែមក​ឆ្ងាយហើយ រីឯជំនួយ​បរទេស​ក៏កាន់​តែមក​ច្រើនគួរ​សមដែរ​ ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​កាន់តែ​គ នៅលើ​តុ ម្ចាស់​ជំនួយ ។ ដូច្នេះ ឈប់​ចំណាយ​ខ្ជះខ្ជាយ​ទៀត​ទៅ!​ឈប់​ដេក​លក់​ទៀត​ទៅ! គប្បីប្រើប្រាស់​ថវិកា​ប្រកប​ដោយប្រសិទ្ធភាពនិង​ ឱ្យ​សម​នឹងឃ្លាដែល​និយាយ​ថា “​ដាក់​ទុន​តិច បាន​ផល​ច្រើន” វិញ​ទើប​ល្អ​ជាង​។សកម្មភាព​នៃអំពើ​ពុករលួយ​ទាំង​នេះ ធ្វើ​ឱ្យ​អសកម្មដល់​ដំណើរអភិវឌ្ឍន៍ប្រទេស ដូចជា៖ ការ​កើន​ឡើង​នៃ​គម្លាត រវាង​អ្នក​មាន​និង​អ្នក​ក្រ ភាព​អយុត្តិធម៌សង្គម បែក​បាក់​សាមគ្គឺ​និង​ផ្ទៃក្នុង​នៅក្នុង​ស្ថាប័នការងារ​ ការ​បាក់​ទឹក​ចិត្ត ការ​ចុះថមថយ​នៃ​ឆន្ទៈ និង​មនសិការបំពេញ​ការងារ  សង្វាក់​នៃ​គំនិត​ច្នៃ​ប្រឌិត​អភិវឌ្ឍន៍ការងារ​ ឬ​ស្ថាប័ន មិន​មាន​សន្ទុះខ្លាំង​ក្លារ ប្រែក្លាយទម្លាប់​ទៅរក​វប្បធម៌​ពុករលួយ ស៊ីសំណូក​សូកប៉ាន់ .....ដែល​កត្តាទាំង​នេះ​ជាហេតុ​ផល​នាំទៅ រក​អសន្តិសុខ​សង្គម ភាព​អាណាធិបតេយ្យ ការធ្លាក់ចុះនៃសីលធម៌សង្គម...។ល។
​ដោយៈ ចៅ ឧស្សាហ៍

 -ការអនុវត្តខុសនីតិវិធីលទ្ធកម្ម ដូចជា៖ ប៊ិក្ តម្លៃ៣០០៛ ពេលធ្វើលទ្ធកម្មបែរជា​តម្លៃ​១០០០៛ទៅវិញ។
ចំណាយលុយ​ច្រើន​សន្ធឹកសន្ធាប់ធ្វើផ្លូវ ធ្វើហើយខូច ខូចហើយធ្វើដដែលៗចំណាយលុយយ៉ាងខ្ជះខ្ជាយ​បំផុត។
ធ្វើផ្លូវស្អាត​ហើយ​ជីក ដាក់លូ  ធ្វើដើម្បីតែធ្វើ មិនមាន​ផែនការច្បាស់លាស់។....

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!