Wednesday, November 21, 2012

អត្ថបទវិភាគៈ សូមយកចិត្តទុកដាក់​លើការអប់រំជាសំខាន់

សូមប្រយ័ត្នចំពោះដំណើរការអប់រំដែលឆ្ពោះទៅរក​ការបំផ្លាញ ខ្លួនឯង!
តាមរយៈការអង្កេត សម្ភាសមិនផ្លូវការ​ជាមួយសិស្សនៅ​ថ្នាក់មធ្យម​សិក្សា​មួយ​ចំនួនកន្លងមក​បង្ហាញ​​ថា​លោក​​គ្រូ-អ្នកគ្រូមួយចំនួន​នៅ​សម័យបច្ចុប្បន្ន មានឥរិយាបថ​អវិជ្ជមាន​ច្រើនទាក់​ទង​នឹង​សកម្មភាព​អប់រំ ដែលជាសញ្ញាណបញ្ជក់ពីសភាពគួរឱ្យព្រួយបារម្ភបំផុត​សម្រាប់​អនាគត ។ដោយហេតុផល​គ្រូបង្រៀន​មានប្រាក់បេវត្សទាប លោកគ្រូ-អ្នកគ្រូ មួយចំនួនបានចាប់សិស្សជាចំណាប់ខ្មាំង ដើម្បីប្រាក់ តាមរយៈ​ការបង្កើតការបង្រៀនគួរក្រៅម៉ោង និងការគៀប​សិស្សតាម​មធ្យោ​បាយផ្សេងៗ​។ការបង្រៀនគួក្រៅម៉ោង​មិនបាន​ផ្តល់ភាពចំណេញដល់​សិស្សទេ ព្រោះវាបានបន្ថែម​ម៉ោង​សិក្សា​ដល់សិស្ស លើសកំណត់ និង​មិន​មាន​ពេលវេលាគ្រប់គ្រាន់​សម្រាប់សិស្ស​ក្នុង​ការសិក្សាស្រាវជ្រាវ​រៀន​សូត្រ​ខ្លួន​ឯង ពិសេសគឺ​ប៉ះពាល់​ដល់​សុខភាពសិក្សា​របស់​សិស្ស។តាមរយៈ​ការ​បង្រៀន​គួក្រៅម៉ោង​ វាអាចឱ្យគ្រូបង្រៀនបែកបាក់​ផ្ទៃក្នុង​ព្រោះ​ទំនាស់ផលប្រយោជន៍ និងភាពច្រណែនគ្នា ពិសេស​មិន​មាន​​មនសិកា​រ​ការងារ​រឹងមាំនៅ​ក្នុងម៉ោង​សិក្សារដ្ឋ ឬបង្រៀនសិស្សមិនច្បាស់លាស់ ដោយលាក់​ទុក​ល្បិច​​សម្រាប់ការបង្រៀនក្រៅម៉ោង ។ ជាទូទៅ​យើង សង្កេត គ្រូយកចិត្តទុក​ដាក់​បង្រៀនសិស្ស​ខ្លាំងថ្នាក់​គូក្រៅម៉ោង ជាជាង​បង្រៀននៅក្នុង​ម៉ោង​រដ្ឋ ។​មួយវិញ​ទៀត​ ការបង្រៀនគូនេះ វាអាចធ្វើឱ្យមាន​​ភាព​អយុត្តិ​ធម៌ក្នុងការដាក់​ពិន្ទុ ដល់​ការសិក្សា​របស់សិស្ស។​ពិត​ណាស់ លោកគ្រូ-អ្នកគ្រូមួយចំនួនធំ នឹង​មាន​ភាព​លម្អៀង​​ទៅលើ​សិស្សដែលរៀន​គូជាមួយខ្លួន​ ដែលអាច​ឱ្យ​​សិស្សដទៃទៀត​បាក់​ទឹក​ចិត្ត ហើយ​ការសិក្សា​ធ្លាក់ចុះ ។ម្យ៉ាងទៀត​ ការបង្រៀនគួរនេះ ធ្វើ​ឱ្យ​សិស្ស​មាន​ទម្លាប់​មិនល្អ មិនយកចិត្តទុកដាក់​ក្នុង​សិក្សារៀន​សូត្រ និង​មិនពឹង​ផ្អែក​លើ​សមត្ថភាពខ្លួនឯងដើម្បីអភិវឌ្ឍន៍​ចំណេះដឹង​ ហើយសម្លឹង​ឃើញគុណ​សម្បត្តិ​របស់​លុយ​ក្នុង​ដំណើរការបង្រៀន និង​រៀនទៅវិញ​ ពិសេសគឺ​ឥទ្ធិពលដ៏លើសលុបរបស់វា ទៅលើដំណើរ​ជីវិត​របស់​គាត់​។លើសពីនេះ​ទៅទៀត​ វា​បាន​បង្កើតជា​វប្បធម៌​ចំណាយប្រាក់​ក្នុងការសិក្សា​ បើទោះបី​ការ​ចុះចូលរៀន​មិន​បង់​ប្រាក់ក៏ដោយ​​ក៏​ការចំណាយ​ក្នុង​ការ​រៀន​សូត្រ​សម្រាប់​សិស្ស​មួយឆ្នាំ​ទៅ មួយ​ឆ្នាំ​មាន​ការ​កើន​​ឡើង (មន្ត្រីអប់រំ អាច​បង្កើត​ឧបករណ៍​Survey បានដើម្បី​បញ្ជក់​​ភស្តុតាងពីបញ្ហានេះ​) ។ករណីនេះ នៅ​ពេលរាលដាល​ធំទៅៗ វា​បង្កើតជារនាំងឧបសគ្គសម្រាប់​គ្រួសារ​ក្រីក្រ នាំទៅរកការបាក់​ទឹក​ចិត្ត និង​បាត់​បង់​​ជំនឿលើ​ការ​សិក្សា ឧទាហរណ៍ការ​ឱ្យកូន​ឈប់​រៀន ទៅធ្វើការងារ​រោងចក្រជាដើម...។ ផលវិបាក​មួយ​ទៀត គឺវា​ធ្វើឱ្យ​សិស្សអសកម្ម មិនឱ្យតម្លៃការសិក្សា​ និង​ចេះពុករលួ​កសួក​ប៉ាន់ ។​សាកល្បង​សង្កេតទៅលើ​ការ​អប់រំ តាំងពី​បឋមសិក្សា រហូតដល់ មធ្យម​សិក្សា តើយើងឃើញមានវប្បធម៌នៃអំពើពុករលួយ ត្រូវ​បាន​ដាក់​បញ្ចូលដោយ​ឥតដឹងខ្លួន​ក្នុង​ដំណើរបង្រៀន និងរៀន​ដែរឬទេ ? ឧទាហរណ៍បើ កុមារ​នៅសាលា​បឋម​សិក្សា ទៅរៀន​ក្នុងសាលារដ្ឋហើយ​លោក​គ្រូ-អ្នក​គ្រូ មួយចំនួន​តម្រូវឱ្យ​បង់​ប្រាក់​ប្រចាំថ្ងៃឬ ឪពុកម្តាយ​បាន​ដាក់​លុយ​មួយចំនួន​ក្នុង​សៀវភៅ​តាម​ដាន​ការ​សិក្សារបស់កូនឱ្យ​គ្រូ ដាក់​ច្រើនកូនរៀន​បាន​ចំណាត់ថ្នាក់​ល្អ ឬ​ជូន​កាដូ ...តើនេះ មិន​មែន​យើង​កំពុងតែ​ដុះខាត់​កុមារ​ឱ្យ​ចេះ ពុករលួយ ស៊ីសំណូក​សូកប៉ាន់​ទេឫ? ស្ថិត​ក្នុង​រូប​ភាព​ខាងលើ​ តើវាធ្វើឱ្យ​ឪពុក​ម្តាយ អាណាព្យាបាល​របស់សិស្សានុសិស្ស​បាត់បង់​ទំនុក​ចិត្ត​លើ​ការសិក្សា​នៅសាលារដ្ឋដែរ​ឬទេ?ចំណុចនេះ អ្នកវិភាគសូមមិនឆ្លើយទេ ទុកឱ្យ​អ្នក​អាន​ អ្នក​សិក្សាជួយ​វិនិច្ឆ័យ​ចម្លើយ​ដោយខ្លួ​នឯងចុះ ។រូបភាព​ខាងលើ​ភាគច្រើន​កើត​នៅ​តំបន់​ដែល​មាន​សេដ្ឋ​កិច្ច​ខ្ពស់ ចំណែកឯ​តំបន់​ជនបទ​​ តើមានរូបភាព​ដូចម្តេច​ខ្លះវិញ ? ស្ថិតក្នុង​ស្ថានភាព​សេដ្ឋកិច្ចគ្រូបង្រៀន​និង​ឪពុក​ម្តាយ​ អាណាព្យាបាល​​នៅតាម​ជនបទ​ទាប គ្រូគ្មាន​ជម្រើស​ដូចបង្ហាញខាង​លើ ឡើយ ប៉ុន្តែ វាអាច​ចេញ​ជាភាពមិន​សូវយកចិត្ត​ទុកដាក់​លើ​ការបង្រៀន​និង​រៀន ដែលធ្វើឱ្យការសិក្សារបស់សិស្សធ្លាក់ចុះឬសកម្ម​ភាពនៃការលួច​ម៉ោង​រដ្ឋ​ជាដើម ។ ឧ-​​​គ្រូ​មួយចំនួន​​មាន​ទ​ម្លាប់​មក​ធ្វើការ​យឺត ឬ​ចេញ​មុន​ម៉ោង ឬ​​បង្កើន​ម៉ោង​ចេញ​លេង​ជាដើម​។​ ខាងលើ យើង​លើក​ចោទ​ជាបញ្ហាសម្រាប់តែ​ពីសាលា​បឋម​សិក្សា ចុះនៅ​មធ្យម​សិក្សា​យ៉ាង​ម៉េច​ដែរ ?(សូមបញ្ជក់​ថា​អ្នកវិភាគ​សូម​លើក​ជា​ឧទាហរណ៍ប៉ុណ្ណោះព្រោះ​យើង​មិនមាន​ឧបករណ៍ស្រាវជ្រាវជាក់​លាក់ទេ ។)បើសិន​នៅតាម​សាលា​អនុវិទ្យាល័យ-វិទ្យាល័យ​មួយចំនួន មាន​លោក​គ្រូ​-អ្នក​គ្រូ​មួយចំនួន​ផ្តោតទៅលើ​ផលប្រយោជន៏ ផ្ទាល់​ខ្លួន​តាមរយៈ​ការ​ស្វះស្វែង​រក​ឱកាស​ក្នុង​ការ​ទាញយក​ប្រយោជន៍ពីសិស្ស​នោះ វានាំ​ឱ្យ​ការអប់រំ​មាន​ទិស​ដៅ​ឆ្ពោះទៅ​រក​ការ​រក​លុយ ទៅវិញ ដែល​ជៈឥទ្ធិពលអាក្រក់បំផុត​ដល់​សិស្ស។បញ្ហានេះ​វាបានប្រែ​ក្លាយ​សកម្ម​ភាព​អប់រំ ទៅជាការប្រកួត​ប្រជែង​អាជីវកម្មយ៉ាងគគ្រឹកគ្រេង ស្ទើរគ្រប់​មុខវិជ្ជា ។ឧទាហរណ៍បើសិស្សមិន​ចង់រៀន​ម៉ោងកាយ​សិក្សា​អាច​បង់​លុយ​​ដើម្បីយក​ពិន្ទុ បង់លុយច្រើន បាន​ពិន្ទុច្រើន ហើយ​បង្កើត​ឱ្យមាន​ការបង្រៀន​គួ​ក្រៅម៉ោងស្ទើរ​គ្រប់​មុខ​វិជ្ជា​ ដែលវាគួរឱ្យ​អស់​សំណើចបំផុត ។បើសិស្សអាច​ទិញ​ពិន្ទុ​បាន ចំណាត់​ថ្នាក់​បាន​ ទិញ​អវត្ត​មាន​ តើ​ខំ​រៀន​​ដើម្បី អ្វី ?តើសន្ទុះ​នៃការសិក្សារបស់​យុវជនមានដំណើរវិវត្ត​ទៅ​មុខ​​ខ្លាំង​ទេ ?តើ​អ្នក​មានសង្ឃឹមថា​កូន​របស់​អ្នក​នឹង​ក្លាយ​ជា​សិស្សពូកែបាន​ទេ បើអ្នក​មិនមាន​​លុយ​គ្រប់​គ្រាន់​សម្រាប់​ចំណាយ​ដល់​គាត់​ក្នុង​ការ​រៀន​សូត្រនោះ ?តើ​គ្រួសារ​ក្រីក្រ​មាន​អារម្មណ៍បែបណា​ចំពោះ​ស្ថាន​ភាព​សង្គម​បែប​នេះ ? តើ​សិស្សានុ​សិស្ស​​ដែល​មក​ពី គ្រួសារ​ក្រី​ក្រ​ទទួល​រង​ភាព អយុត្តិធម៌​និង​លំបាកប៉ុណ្ណា ?តើ​អ្នក​មានសេចក្តីសង្ឃឹម​លើ​អនាគតអ្នកទេ ?តើគោលនយោបាយ​ ការចុះឈ្មោះចូលរៀន​មិនបង់​ប្រាក់​ មាន​ប្រសិទ្ធភាព​ទេ ?ជារួម​តើ​រយៈ​ពេល​១២​ឆ្នាំ ក្នុង​ការ​អប់រំ​ សិស្សានុសិស្ស​រៀន​ពីអ្វី​ច្រើន​ជាង​គេ ?ក្នុង​ប្រព័ន្ធគំនិតរបស់​សិស្ស និស្សិត​ភាគច្រើន​នៅ​កម្ពុជា​ ផ្តោតតែ​ទៅលើ លុយជា​សំខាន់ព្រោះ​គេទទួល​ឥទ្ធិ​ពល​នេះ ពីសាលារៀន​របស់គេ​! គេ​រៀន​គឺ​ដើម្បី​មាន​ការងារល្អ​ ប្រាក់​ខែ​ខ្ពស់​ និងមាន​លុយច្រើន មុន​នឹង​មាន​គំនិត​ស្នេហាជាតិ​មាតុ​ភូមិ ​និង​ស្រឡាញ់​សច្ចភាព​ យុត្តិធម៌។​មកដល់នាទីចុងក្រោយ នៃការ​បញ្ចប់​ការសិក្សា​គឺ​ការប្រឡង ទាំងការ​ប្រឡង​បញ្ចប់មធ្យមសិក្សាបឋមភូមិ និង​ទុតិយភូមិ​​នៅ តែ​វត្តមាន​លុយ​សំខាន់​ដដែល  ហើយរលកនៃការ​ចំណាយ​លុយ​សម្រាប់ការប្រឡង​បាន​កើន​ឡើង​ពី​មួយឆ្នាំទៅ​មួយឆ្នាំ និងរាលដាល​តាំង​ពី​ទីក្រុង​រហូត​ដល់​ជនបទ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​ ពិតជាធ្វើឱ្យ​ឈឺសើចមែន ។បើសិស្ស​អាច​ទិញវិញ្ញាសាបាន​តើប្រឡង​ដើម្បីអ្វី ?តើការ​ប្រឡងជាការរកលុយមែនទេសម្រាប់លោកគ្រូ-អ្នកគ្រូ ? តើនេះ​ជាយុទ្ធសាស្រ្ត​ដើម្បីបង្កើន​សិស្សឱ្យបាន​ច្រើនក្នុង​ការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យឬ ? បើវាដូច្នេះ មែន តើវាមាន​ភាពចំណេញ​ទេបើទោះ​ជា​យើងបានរក្សាពួកគាត់រយៈ ពេល៤ឆ្នាំបន្ថែម​ទៀតនៅ​ថ្នាក់មហា​វិទ្យា​ល័យ​នោះ?បើ​មាន​ករណី​ដូចរៀប​រាប់​ទាំងនេះ មែន យើងកំពុងដេកបើកភ្នែក មើល ដំណើរឆ្ពោះទៅ​រកការ​បំផ្លាញខ្លួនឯង​ហើយ ។គុណភាព​អប់រំ​ធ្លាក់ចុះ ហើយភាពអស់ជំនឿលើការសិក្សារបស់ស្រទាប់​គ្រួសារ​ក្រី​ក្របាននិងកំពុងកើន​ឡើង​ ហើយ​អត្រា​ឈប់រៀនដើម្បីធ្វើការងារ​កើនឡើង ផងដែរ​ដូចជាចំណាក​ស្រុក​ទៅ​ធ្វើការនៅប្រ​ទេស​ជិតខាង ធ្វើកម្មករ​រោង​ចក្រ កម្មករ​សំណង់...ដែលភាគច្រើនជាការងារ​ដែល​មាន​កំរៃទាប និង​មិនមាន​ភាព​ជាម្ចាស់លើការ​អភិវឌ្ឍបង្កើតការងារដោយខ្លួនឯង ហើយអនាគត​យើង​ពិតជាដណ្តើម​បាន​ទីផ្សារ​ការងារលើសលុប ក្នុង​សហគមអាស៊ាន​ផ្នែក កម្មករប្រើកម្លាំង មិនមែនកម្មករជំនាញទេ។តើអនាគត ធនធាន​មនុស្សរបស់ប្រទេស​កម្ពុជា​គ្រប់​គ្រាន់​ទេ ក្នុង​បរិបទ​សហគមអាស៊ាននោះ ?សម្រាប់​ជីវភាពគ្រូ​បង្រៀន អ្នកវិភាគ​យល់​ច្បាស់​ណាស់ ថាពិតជានៅមាន​កម្រិត​ទាប ដែល​ទាម​ទារ​ឱ្យ​មាន​ការផ្តល់​នូវ​ប្រាក់​កំរៃ​​សម​ស្រប​សម្រាប់​ដោះ​ស្រាយ​​ជីវភាព​រស់នៅ​សមរម្យ ។ស្ថិតក្នុង​ស្ថាន​ភាព គ្រូបង្រៀន​បច្ចុប្បន្ន ឥរិយា​បថ​អវិជ្ជមាន​របស់​លោក​គ្រូ​-អ្នក​គ្រូ មួយចំនួន​បាន​ប្រែក្លាយ​ទៅ​ជា​ទម្លាប់​ឆ្ពោះទៅ រក​វប្បធម៌ហើយ​ ហើយ​បើ​ទោះ​បី ជា​រាជរដ្ឋាភិបាល​តំលើងប្រាក់​បៀវត្ស​សមរម្យ​ក៏​ដោយ​ ក៏សកម្មភាព អសកម្មមួយចំនួនធំ នៅតែមាន​អត្ថិភាពដដែល ដូចជា​៖ ការ​គៀបសិស្ស​ដើម្បី រៀនគួជាដើម ។ដូច្នេះ គឺ​មានតែការចេញសារាចរ​ហាម​ការ​បង្រៀន​គួទេ ទើបមាន​ប្រសិទ្ធភាព លើក​លែង​តែការបង្រៀនភាសាបរទេស​ និង​មុខវិជ្ជាវិទ្យាសាស្រ្ត​កុំព្យូទ័រ ។ជារួម​យើង​មិន​គួរ​បណ្តោយ​វា​ទៅជា​ជម្ងឺមហារីកទេ គប្បីព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​និង​ឆាប់បំផុត ៕


“ការដែលមានក្មេងបង្ហាញចំណុចខ្សោយរបស់មនុស្សចាស់​ហើយមនុស្ស​ចាស់ ទាមទារឱ្យបង្ហាញភស្តុតាងជាក់លាក់​នោះ វាគ្រាន់តែបង្ហាញភាព​កំសាកមួយតែប៉ុណ្ណោះ”​ousa

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!