I. សេចក្តីផ្តើម
ការអភិវឌ្ឍសង្គមមានទំនាក់ទំនងគ្នាទៅវិញ ទៅមកនឹងការអភិវឌ្ឍសេដ្ឋកិច្ច
។បើសង្គមរីកចម្រើននោះសេដ្ឋកិច្ចក៏រីកចម្រើនដែរ ។ផ្ទុយ ទៅវិញបើសេដ្ឋកិច្ចរីកចម្រើន
នោះសង្គមក៏រីកចម្រើនផងដែរព្រោះសង្គមនិងសេដ្ឋកិច្ច ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។អ្នកវិភាគ
សូមបញ្ជក់ថា ការឆ្លុះបញ្ចាំងផ្នែកសង្គមនៅទីនេះ គឺប្រៀបប្រដូចទៅនឹងខ្លឹមសារខាងក្នុងរបស់មនុស្សម្នាក់ៗក្នុងសង្គមដែលស្តែងចេញតាមរយៈទំនាក់ទំនងសង្គម
ការប្រើប្រាស់ពាក្យសម្តី ទង្វើ ឥរិយាបថ កម្រិតនៃយល់ដឹង
និងការយល់ឃើញអំពីជីវិតជាដើម ។ចំណែកផ្នែកសេដ្ឋកិច្ចនៅទីនេះ គឺ ចង់សម្តៅទៅលើទម្រង់ខាងក្រៅរបស់មនុស្សម្នាក់ក្នុងសង្គមដែលមានការទិញ
ការប្រើប្រាស់សម្ភារៈ ការបញ្ជក់ពីភាពក្រ-មាន និងចំណាយផ្សេងៗជាដើម។សម្រាប់ក្របខណ័្ឌនៃការបកស្រាយពីការអភិវឌ្ឍសង្គម
និងសេដ្ឋកិច្ចនៅក្នុងអត្ថបទនេះ គឺលើកយកទិដ្ឋភាពការងាររបស់កម្មករ-កម្មការនីខ្មែរ
ដែលធ្វើការនៅក្នុងប្រទេសមកបកស្រាយបង្ហាញ។សូមបញ្ជក់បន្ថែមថា
អត្ថបទវិភាគខាងក្រោម គ្រាន់តែអត្ថបទសាកល្បងវិភាគមួយប៉ុណ្ណោះ
ព្រោះព័ត៌មានមិនទាន់មានលក្ខណៈវិទ្យាសាស្ត្រនៅឡើយ។
II.
ទិដ្ឋភាពវិស័យកាត់ដេរក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
វិស័យកាត់ដេរនៅកម្ពុជា
ជាផ្នែកមួយនៃសេដ្ឋកិច្ចកម្ពុជា
និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។វិស័យនេះបានផ្តល់ការងារដល់
ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ និងប្រាក់ចំណូលពន្ធដាររាប់សិបលានដុល្លារ សម្រាប់ប្រាក់ចំណូលជាតិ។តម្លៃពលកម្មទាបក្នុងវិស័យនេះ
ផ្តល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុនក្នុងការប្រគួតប្រជែងលក់ផលិតផលរបស់ខ្លួនក្នុងសេដ្ឋកិច្ចទីផ្សារសេរី
ដែលជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ។តម្លៃកម្លាំងពលកម្មទាប ពិតជាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិន
មកដាក់វិនិយោគនៅប្រទេសកម្ពុជា និងផ្តល់ប្រាក់ចំណូលដល់នយោជិកខ្មែរជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ
។តាមរយៈប្រាក់ចំណូលនេះ ពួកគេអាចប្រើប្រាស់ក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅ
និងទិញរបស់របរប្រើប្រាស់ផ្សេងៗដែលធ្វើឱ្យសង្វាក់សេដ្ឋកិច្ចជាតិមានចលនា ។ថវិកាដែលបានពីការងារ
វានឹងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និង ប្រើប្រាស់ក្នុងការទិញផលិតផល
ឬសេវាកម្មផ្សេងទៀត ដែលជាប្រភពប្រាក់ចំណូលនៃភ្នាក់ងារសេដ្ឋកិច្ចមួយទៀត
និងជំរុញឱ្យមានការកើនឡើងនូវការធ្វើពាណិជ្ជកម្មក្នុងប្រទេស។តាមរយៈការបង្កើតការងារនេះ
ពិតជាបានលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យមានសន្ទុះរីកចម្រើនមែន
ហើយថែមទាំងធ្វើឱ្យសង្គមមានការរីកចម្រើនផងដែរ ។ជាមួយគ្នានេះ ការធ្វើចំណាកស្រុកពីជនបទមកធ្វើការងារនៅតាមរោងចក្រនៅទីក្រុងធំៗ
បានជំរុញឱ្យសង្គមមានការផ្លាស់ប្តូររីកចម្រើន តាមរយៈការផ្តល់ឱកាសដល់កម្មករ-កម្មការនីទទួលបានចំណេះដឹង
និងបទពិសោធន៍នៃការផ្លាស់ប្តូរបរិបទនៃការរស់នៅ។ការផ្លាស់ប្តូរមករស់នៅ និងធ្វើការនៅតាមទីក្រុង
បានធ្វើឱ្យកម្មករ-កម្មការនីភាគច្រើន បានងាកផុតពីស្ថានភាពជីវិតដូចកង្កែបក្នុងអណ្តូង
ហើយងាកមកសម្លឹងមើលផ្ទៃមេឃដ៏ទូលំទូលាយវិញ ។តាមរយៈការប្រឡូកផ្ទាល់ក្នុងបរិបទជីវិតថ្មី
ធ្វើឱ្យពួកគាត់មួយចំនួនធំ បានផ្លាស់ប្តូរការគិត ទំនាក់ទំនងសង្គម និងឥរិយាបថឆ្ពោះទៅរកភាពទំនើបស៊ីវិល័យតាមចលនានៃសាកលភាវូបនីយកម្ម។ពួកគេចាប់ផ្តើមមានបំណងប្រាថ្នាធំជាងមុន
ស្គាល់ពីគុណភាពជីវិតច្បាស់លាស់ជាងមុន និងចេះកំណត់គោលដៅជីវិត ដែលលក្ខណៈនេះ
ល្អប្រសើរជាងពេលពួកគាត់រស់នៅជនបទ ។មួយវិញទៀត ការមានលទ្ធភាពរបស់កម្មករ-កម្មការនី
ក្នុងការទិញនិងប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជា ដូចជាទូរស័ព្ទស្មាតស្វូនជាដើម
ជំរុញ ឱ្យពួកគេយល់ដឹងកាន់តែច្បាស់ពីដំណើរវិវត្តរបស់សង្គម ។ទោះបីយ៉ាងណា
ក៏នៅមានចំណុចអវិជ្ជមានមួយចំនួននៃការផ្លាស់ប្តូរនេះ គឺការលេចចេញនូវលក្ខណៈធម្មជាតិរបស់មនុស្សកាន់តែច្បាស់ឡើងៗ
ដែលជាហេតុធ្វើមានការផ្លាស់ប្តូរទម្រង់សង្គម និងការបង្កើតនូវកម្លាំងបដិបក្ខប្រឈមគ្នានៅក្នុងសង្គមរវាងធម្មជាតិមនុស្ស
និងតម្លៃចរិយាធម៌សង្គម ដែលនៅបន្តចាក់ឬសយ៉ាងរឹងមាំនៅតាមមូលដ្ឋាន
និងមជ្ឈដ្ឋានប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ល្អរបស់ខ្លួន ពិសេសមនុស្សចាស់
ហើយបញ្ហានេះ នាពេលអនាគត អ្នកវិភាគយល់ឃើញថា ទម្រង់សង្គម និងវប្បធម៌នឹងត្រូវបានបដិវត្តទៅតាមសេរីភាពធម្មជាតិរបស់មនុស្សដែលអនុជនជំនាន់ថ្មីភាគច្រើនកំពុងធ្វើការផ្លាស់ប្តូរវាដោយឥតដឹងខ្លួន
និងមិនមានវិធានការជាក់លាក់របស់អ្នកដឹកនាំ។ចំពោះបញ្ហានេះ មកដល់ពេលនេះយើងមិនទាន់ឃើញពីភាពប្រាកដប្រជា
របស់អ្នកដឹកនាំ ថាតើកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅទិសណាមួយឱ្យប្រាកដ
ឬប្រកាន់ជំហអភិរក្សនិយម? ចំណុចអវិជ្ជមានមួយទៀត គឺវាអាចជាផ្នែកមួយដែលបណ្តាលឱ្យមានកើនឡើងនូវបញ្ហាសង្គមផ្សេងៗដូចជា៖
បញ្ហាបរិស្ថាននៅតាមទីក្រុង បញ្ហាគ្រោះថ្នាក់ចរាចរ និងបទល្មើសផ្សេងៗជាដើមដែលទាមទារយកចិត្តទុកដាក់ខ្លាំងក្លារបំផុតពីសំណាក់អ្នកដឹកនាំប្រទេស។
III.
អតុល្យភាពនៃការអភវិឌ្ឍសង្គម
និងសេដ្ឋកិច្ច
ដើម្បីអភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាព ការរក្សាតុល្យភាពនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជារឿងចាំបាច់បំផុតមួយ។បើ មានការយកចិត្តទុកដាក់តែការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ហើយមិនអើពើពីការអភិវឌ្ឍសង្គម វានឹងនាំសង្គមមានការអភិវឌ្ឍយឺត និងមិនមាននិរន្តរភាព ហើយវាមានលក្ខណៈដូចគ្នា បើវាបញ្ច្រាសមកវិញរវាងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ជាការពិត ការយកចិត្តដាក់លើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈ ទាក់ទាញវិនិយោទុនពីបរទេសមកបង្កើតរោងចក្រ សហគ្រាសនិងផ្តល់ការងារដល់កម្មករ-កម្មការនី ខ្មែរជាច្រើនសែននាក់ ដែលជាប្រភពចំណូលយ៉ាងសំខាន់ក្នុងការលើកស្ទួយជីវភាពរស់នៅ គឺជារឿងល្អប្រសើរបំផុតមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចប្រទេសកម្ពុជានេះ ។ក៏ប៉ុន្តែ ភាព ខ្វះចន្លោះមួយចំនួនដែលមិនបានគិតគួរដិតដល់ចំពោះវាសនាអនាគតរបស់កម្មករ-កម្មការនីខ្មែរ ក្នុងអភិវឌ្ឍន៍សង្គម ជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតមួយរបស់អ្នកវិភាគ។ភាពមិនសូវមានជំនឿលើការសិក្សារបស់សង្គម និងការប្រញាប់ប្រញាល់បោះបង់ការសិក្សារបស់យុវជនដើម្បី ចូលធ្វើការងារជាកម្មករ-កម្មការនី អាចធ្វើឱ្យមានការកើនឡើងនូវវិបត្តសង្គម និងកង្វះធនធានមនុស្សនាពេលអនាគត ដែលជាធាតុសំខាន់ក្នុងការអភិវឌ្ឍប្រទេស។ មួយវិញទៀត ការដែលកម្មករ-កម្មការនីខ្មែរ ធ្វើការងារដដែលៗតាមសង្វាក់ផលិតកម្មរោងចក្រ វាបង្កើតឱ្យមានភាពសុញនៃប្រព័ន្ធគំនិត មានន័យថា ភាពមិនមានការរីកចម្រើនផ្នែកប្រព័ន្ធខួរក្បាល ពិសេសគឺចំណេះដឹង និងបំណិនការងារ។លើសពីនេះ ការធ្វើការថែមម៉ោងច្រើនពេករបស់រោងចក្រ-សហគ្រាសមួយចំនួន ធ្វើឱ្យកម្មករ-កម្មការនីភាគច្រើន មិនមានពេលគ្រប់គ្រាន់ដើម្បីលម្ហែកាយ និងសម្រាកបន្ធូរបន្ថយភាពតានតឹងផ្លូវចិត្ត និងមានឱកាសសិក្សារៀនសូត្របង្កើនសមត្ថភាពរបស់ខ្លួនដែលជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការជាប់ខ្លួនជាមួយការងាររោងចក្រ គឺដូចជាការចាក់សោខ្លួនឯង ឱ្យនៅឆ្ងាយពីការសិក្សារៀនសូត្របន្តដើម្បីទទួលបានចំណេះដឹងខ្ពង់ខ្ពស់សម្រាប់ផ្លាស់ប្តូរវាសនារបស់ខ្លួនអញ្ចឹងដែរ ។ដូច្នេះ វាសនារបស់ពួកគេត្រូវបានកំណត់ដោយការងារប្រើប្រាស់កម្លាំង និងទទួលប្រាក់បៀរវត្យទាប។ករណីនេះ ជំរុញឱ្យជនជាតិខ្មែរ ធ្វើការងារដើម្បីផលប្រយោជន៍ឈ្មួញបរទេស ដោយមិនមានគំនិតម្ចាស់ការបង្កើត និងដឹកនាំការងារដោយខ្លួននាពេលអនាគត ពិសេសនៅសម័យសមាហរណកម្មអាស៊ាននាពេលខាងមុខ ។វាដល់ពេលហើយ ដែលយើងគប្បីផ្តល់ឱកាសដល់ពួកគាត់ ដែលភាគច្រើនស្ត្រី និងមានចំនួនច្រើនលើសលប់ មានលទ្ធភាពសិក្សារៀនសូត្រជំនាញជាក់លាក់ ដើម្បី អនាគតពួកគាត់អាចក្លាយខ្លួនជាកម្មករ-កម្មការនីជំនាញវិញ ស្របតាមបរិបទសហគមន៍អាស៊ាន ។ការទុកពេលវេលាសម្រាកសមស្រប ជាគន្លឹះល្អបំផុតសម្រាប់ពួកគាត់ព្រោះថាបើយើងទុកពួកគាត់ឱ្យស៊ូទ្រាំនឹងការងារលើសកំណត់ នាំឱ្យ ប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ពិសេសវានាំទៅរកភាពបាក់កម្លាំងខួរក្បាល ដែលកន្លងមកយើងឃើញមានការកើនឡើងនូវចំនួនកម្មការនីដួលសន្លប់ច្រើនឡើងៗ នៅតាមរោងចក្រមួយចំនួន។មួយវិញទៀត បើមានការផ្តល់លទ្ធភាពឈប់សម្រាកដល់ពួកគាត់ពីរថ្ងៃក្នុងមួយសប្តាហ៍ (គឺថ្ងៃសៅរ៍ និងអាទិត្យ) គឺអាចឱ្យពួកគាត់មានឱកាសគ្រប់គ្រាន់ក្នុងការសិក្សាបន្តនៅចុងសប្តាហ៍និងជំរុញសង្វាក់អភិវឌ្ឍន៍ធនធានមនុស្សមានដំណើរលឿនទៅមុខ មានន័យថា នៅពេលពួកគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពួកគាត់ផ្លាស់ប្តូរអាជីព ឬអភិវឌ្ឍការងាររបស់ពួកគាត់ឱ្យល្អប្រសើរ ហើយការងារកន្លែងចាស់សម្រាប់អ្នកថ្មីដែលទើបនឹងឡើងមកបន្តវេន។តើយើងមានជម្រើសណា ល្អប្រសើរសម្រាប់គ្រប់ភាគីទាំងអស់បានទេ ដោយកុំឱ្យកម្មករ-កម្មការនី ជាជនរងគ្រោះសម្រាប់ដំណើរការអភិវឌ្ឍនេះ? ជាទូទៅថ្នាក់ដឹកនាំរោងចក្រ សហគ្រាសយល់ច្បាស់ណាស់ថា បើកម្មករ-កម្មការនីសប្បាយរីករាយក្នុងការបំពេញការងារនាំឱ្យសង្វាក់ផលិតកម្មកើនឡើង ក៏ប៉ុន្តែម្ចាស់រោងចក្រ និងក្បាលម៉ាស៊ីនមួយចំនួនប្រហែលជាមិនសូវចាប់អារម្មណ៍នឹងឃ្លាខាងលើនេះទេ បែជាប្រើប្រាស់ការឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីភាពខ្វះចន្លោះនៃការអនុវត្តច្បាប់ទៅវិញ ការប្រព្រឹត្តអំពើពុករលួយ និងបញ្ហាហ៊ុនខ្យល់។
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!