Saturday, April 27, 2013

ការ​បំផ្លាញ​វប្បធម៌ខ្លួនឯង

“​វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិ​ថ្កើនថ្កាន នេះ​ជា​ពាក្យស្លោក​ដ៏មានតម្លៃ
ដែលសិស្សានុសិស្សទាំង​ឡាយ​តែងតែ​ឃើញវា​ នៅតាម​ជញ្ជាំងនៃថ្នាក់រៀន ។ពាក្យនេះ មាន​អត្ថន័យ​គ្រប់​គ្រាន់ សម្រាប់​ដាស់សតិ​កូនខ្មែរ​ជំនាន់​ក្រោយ​ ត្រូវ​គិត​គួរ​ ស្រឡាញ់ ថែរក្សា​វប្បធម៌​របស់ខ្លួន​ឱ្យ​បាន​គង់​វង្ស ដើម្បីឱ្យ​ជាតិ​របស់ខ្លួន​មាន​អត្ថិភាព។វប្បធម៌ ជាវិស័យមួយ​ក្នុង​ចំណោម​​វិស័យ​​ទាំង​បួន​ មាន​វិស័យ​សង្គម​កិច្ច សេដ្ឋកិច្ច និង​យោបាយ ដែលធាតុ​​សំខាន់ និង​ចាំ​បាច់​បំផុត ក្នុង​ការ​អភិវឌ្ឍប្រទេស​ឱ្យ​មានការ​​រីកចម្រើន ​និង​លើកកម្ពស់​កិត្យា​នុ​ភាព​ប្រទេស តួយ៉ាង​ដូច​នៅ​សម័យមហានគរ​​ជា​ឧទាហរណ៍ស្រាប់​ ​។​សម្បត្តិវប្បធម៌ខ្មែរ​ដែល​សំខាន់​ជាង​គេ​​​គឺ​មនុស្ស​ខ្មែរ ដែល​ជាអ្នក​​រក្សា​អត្តសញ្ញាណវប្បធម៌ជាតិ​របស់​ខ្លួន​​ឱ្យ​គង់​វង្ស ថិតថេរ​ចេរកាលតទៅ ។​ផ្ទុយទៅ​វិញ​បើ មនុស្សខ្មែរ​ មិន​ចេះ​ថែរក្សា​ និងស្រឡាញ់​​វប្បធម៌ជាតិ​​ខ្លួនទេ នោះវប្បធម៌​នឹងរលាយ​បាត់ ហើយ​ជាតិ​ខ្មែរ នឹង​បាត់​បង់​អត្ថិភាព​របស់​ខ្លួន​។​មកដល់​ពេល​នេះ តើស្ថានភាព​វប្បធម៌ខ្មែរ យ៉ាង​ម៉េចដែរ? តើអ្នក​យល់​យ៉ាង​ណា​ចំពោះ​ ​វប្បធម៌ខ្មែរ ក្នុង​ស្ថានភាព​បច្ចុប្បន្ន?​ ចំពោះ​បញ្ហា​នេះ អ្នក​និពន្ធសូម​សាក​ល្បង​ធ្វើ​ការ​វិភាគ ដោយ​ឆ្លុះ​បញ្ចាំង​តថភាព​សង្គម​ជាក់ស្តែង ទៅ​លើ​ស្ថានភាព​វប្បធម៌ខ្មែរ ក្នុង​សម័យ​​សាកលភាវូបនីយកម្ម បច្ចុប្បន្ន។​ជាទូទៅ ​យើងឃើញ​ថា វប្បធម៌ខ្មែរ បាន​នឹង​កំពុង​ត្រូវ​បាន​គេ​បំពុល និង​ព្យាយាម​លាប​ពណ៌​ឆើត​ឆាយឱ្យ​​វា ដើម្បីឱ្យ​វា​ប្រែរូបរាងខុស​ពី​សភាព​ដើមទាំង​ស្រុង​ ដោយ​គ្មាន​គំនិត​ច្នៃប្រឌិត​អ្វី​បន្តិចសោះ ដែល​វា​ផ្តល់​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ ដល់​ការ​ធ្លាក់​ចុះសីលធម៌​សង្គម និង​ការ​បាត់​បង់​អត្តសញ្ញាណ​ជាតិ។ ​ តួយ៉ាង​យើង​អាច​ឃើញ​ជាក់​ស្តែង ក្នុង​រូបភាព​ចម្រៀង​កាយវិការ​ ខារ៉ា​អូឃេ មួយ​ចំនួនធំ​នាពេល​បច្ចុប្បន្ន ច្រើន​តែ​បង្ហាញ​ភាព​ស្និទ្ធស្នាលរវាង​បុរស​និង​ស្រ្តី​ជ្រុលហួសហេតុ ​ដែលពួកគេ​ស្ថិត​នៅគួសង្សានឹង​គ្នា​នៅឡើយ ។​ពេលខ្លះ យើង​ឃើញមាន​រូប​ភាព​​ប្រឡែង​គ្នា ដេក​លើ​គ្រែ​ នៅក្នុង​បន្ទប់​ជាមួយ​គ្នា រស់នៅ​ជាមួយ​គ្នា​​ក្នុង​បន្ទប់​តែមួយ​មុន​ពេល​រៀប​ការ​...ដែល​រូប​ភាព​ទាំង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​​កំពុងត្រូ​វ​បាន​គេ​​ធ្វើ​​​វាឱ្យ​​មាន​លក្ខណៈ​សាមញ្ញភាព​។​រូប​ភាព​ទាំង​អស់​នេះ​ បាន​ពង្វក់​យុវជន​ យុវតី​ខ្មែរ ឱ្យ​ភ្លើត​ភ្លើន និង​​ភ្លេច​វប្បធម៌ខ្លួន ហើយ​ងាក​​ទៅ ស្រឡាញ់ ពេញ​ចិត្តនឹង​វប្បធម៌​បរទេស​ទៅវិញ ដែល​ខុស​ស្រឡះ​ពីទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់ខ្លួន​។​ការ​បង្ហាញ​ខាងលើនេះ ជាទឡ្ហីករ​មួយ​បញ្ជក់​ពី​ភាព​ខ្វះការ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​វប្បធម៌ និង​ជា​បញ្ហា​ដ៏គួរ​ឱ្យ​ព្រួ​យ​បារម្ភ​​បំផុត​មួយ​ ។ ​ម្ចាស់​ផលិតកម្មមួយចំនួន មិន​បាន​គិត​គួរ​ពី​បញ្ហា​នេះទេ ​ហើយ​អ្នក​ត្រួ​តពិនិត្យ​មួយ​ចំនួន​ក៏​បាន​នឹង​កំពុង​ដេកលក់ដែរ ។​មួយ​វិញទៀត​ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​​ផ្សេង​ទៀត ដូច​ជា​ទូរទស្សន៍ និង​វិទ្យុ​ជាដើម បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​មួយ​ចំនួន​​បម្រើ​ឱ្យ​តែ​ការ​សប្បាយ និង​ការ​ភ្លើត​ភ្លើនរបស់​​យុវវ័យ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វប្បធម៌ជាតិ ។ការ​បង្ហាញ​ពី​ការសប្បាយ​​រាំ ច្រៀង ការ​ស្លៀកពាក់ ការ​ប្រើ​ប្រាស់​សម្ភារៈ​ទំនើបមាន​តម្លៃ​ថ្លៃ​ ការ​និយាយស្តី...ដែលមាន​លក្ខណៈ​​​ជា​វប្បធម៌​បរទេស​ បាន​ពង្វក់​ស្មារតី​យុវជន​ទៅរកសង្គម​​ស៊ី​វិល័យ និង​បាត់​បង់​កម្លាំង​ចិត្ត​លើ​ការ​សិក្សា។​ការ​ទទួល​យក​ឥទ្ធិពល​អវិជ្ជមាន​​នៃ​ការ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឱ្យ​យុវជន​មាន​ការ​ស្រមើ​ស្រមៃ​បែប​​អសកម្ម​ ​ការ​កើន​ឡើង​នូវ​ការ​ចំណាក​ស្រុក​ ការ​ផ្គត់​ផ្គង់​មិនចាំបាច់ និង​ការ​បោះ​បង់​ការសិក្សា។​តើ​ចំណាកស្រុក​ទាំង​អស់​របស់​យុវជន​សុទ្ធ​តែ​មក​​ពី​កត្តាជីវភាពឬ?ចម្លើយ​គឺ ​យុវជន​ដែល​ឆ្លើយ​​មួយ​ភាគធំ​ សុទ្ធ​តែ​យក​វា​ធ្វើ​លេស​ដើម្បី​ភាព​សមហេតុ​ផល​មួយ​​ ឯចេតនា ពិតប្រាកដ​គឺ ដើម្បីបំពេញ​បំណង​ប្រាថ្នាក្តី​ស្រមើ​ស្រមៃនៃ​ការ​ចង់​ផ្លាស់​ប្តូរ​ខ្លួន​ឯង​​​ក្នុង​សង្គម​ស៊ីវិល័យ​ទៅ តាម​​ធម្មជាតិ​យុវវ័យ​តែ​ប៉ុណ្ណោះ ហើយ​ចេតនា​នេះ​ត្រូវ​បានដុត​ឱ្យ​ឆេះ​​ដោយ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ទាំង​អស់​។​មួយវិញទៀតការហូរចូលនៃវប្បធម៌បរទេសអវិជ្ជមាន បាន​បំផ្លាញ​នូវ​ទំនៀមទំលាប់ប្រពៃណីខ្មែរ ដូចជា៖ យុវជន យុវតីសម័យថ្មីមួយចំនួន លួចរួមរស់ជាមួយ​គ្នា​មុន​រៀបការ សកម្មភាពទំនើង ការប្រើប្រាស់គ្រឿងញៀន និង​ភាពភ្លើតភ្លើនពាលាអាវ៉ាសែ​...​ជាដើម ។ការហូរចូល​នៃវប្បធម៌​បរទេស​នេះ បាន​ធ្វើការផ្លាស់​ប្តូរយុវជន យុវតីមួយចំនួនធំទាំង​ការ​ស្លៀក​ពាក់ និយាយស្តី ឥរិយា​បថ និងអាកប្បកិរិយា ដែល​ប្រាស​ចាកពីទំនៀម​ទម្លាប់ប្រពៃណី​របស់ខ្មែរពីមុន ។យុវជន យុវតី​សម័យ​ថ្មី បង្ហាញលក្ខណៈ​ធម្ម​ជាតិ​របស់ខ្លួនកាន់តែច្បាស់ ហើយ​ប្រឆាំង​កាន់ខ្លាំងទៅ​នឹងចរិយាធម៌​សង្គម ។​ អាថ៌កំបាំង​នៃ​ចំណង់​ធម្មជាតិជាច្រើន ត្រូវបានបង្ហាញ​យ៉ាង​ច្បាស់តាមរយៈ​បច្ចេកវិទ្យា ព័ត៌មាន​វិទ្យា​និង​ការសាប​ព្រោះវប្បធម៌អវិជ្ជមាន ដូចជា រូបភាព និង​ភាពយន្តអាស​អាភាសជាដើម ។ផលវិបាកនៃ​ការបញ្ហា​នេះ វាបានបង្កើត​ឱ្យមានកម្លាំង​បដិបក្ស​រវាងចំណង់ធម្មជាតិ និង​ចរិយាធម៌​សង្គម ឬសីលធម៌សង្គម ។ វាធ្វើឱ្យយុវជន យុវតីភាគច្រើនបានទំនាស់ជាមួយឪពុកម្តាយ ឬអាណាព្យាបាល នៅក្នុងយុគ​សម័យ​ថ្មី ។ ខ្ញុំមានជំនឿថា​គ្មានអ្វី​ទប់​យុវជន យុវតីសម័យថ្មីបានទេ បើ​សង្គម​នៅ​តែបើកចំហ​ជើង​មេឃ ទទួលយក​វប្បធម៌​បរទេស​អវិជ្ជមាន ដែល​បំផ្លាញទំនៀម​ទម្លាប់​ប្រពៃណី​របស់ខ្មែរនោះ និង​មិនបានយកចិត្ត​ទុកដាក់រិះ​រក​មធ្យោបាយប្រកបដោយប្រសិទ្ធភាព​​ក្នុងការទប់​ស្កាត់​ឱ្យទាន់ពេល​វេលា​ទេនោះ ។​​បញ្ហា​នេះ វានឹងទុំជោរនា​ពេលអនាគតដ៏ខ្លីខាងមុន ។ស្ថិតក្នុង​ស្ថាន​ភាព​នេះ គ្រួសារ និងសាលា​រៀន​​ពិតជា​ពិបាក ទប់ស្កាត់ចលនាថ្មីនេះណាស់ ។នៅ​ប្រទេស​ថៃ បើទោះ​សង្គម​គេ មាន​ភាព​ស៊ីវិ​ល័យ ក៏មែន​​ពិត ក៏​គេ​ព្យាយាម​បង្ហាញ​ពី​ភាព​គំរូ​ និង​វីរៈភាពតាម​រយៈ តួអង្គឯក​​​ក្នុង​អក្សរសិល្ប៍ និង​ខ្សែភាព​យន្ត​​ដើម្បី លើក​​កម្ពស់​សីលធម៌សង្គម និង​តម្លៃសង្គម ។​ចុះខ្មែរវិញ យ៉ាង​ម៉េចដែរ​?​
វិភាគដោយៈ ចៅ ឧស្សាហ៍ បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំ​

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!