Tuesday, June 11, 2019

ការដណ្តើមទីផ្សារការងារសម្រាប់វិស័យអប់រំផ្នែកឯកជន


ស្ថិតក្នុងបរិបទ​នៃការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ​មានមូលដ្ឋានផ្អែកលើចំណេះដឹង​​ ការអប់រំដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​បណ្តុះ​បណ្តាល​ធនធានមនុស្សដើម្បីបំពេញតម្រូវការទីផ្សារការងារ និង​សង្គម។​ ប្រទេស​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​វិនិយោគ​លើ​ធនធានមនុស្ស​ដើម្បី​ទទួលបាន​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច តាម​រយៈការ​ស្រូប​ទាញ​ប្រាក់​ចំណូល​​ពី​ការងារទាំងក្នុង​ និងក្រៅ​ប្រទេស។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​​ ជានិន្នាការថ្មី​ ផ្តល់​ឱកាស​ដល់​ប្រទេស​ជាសមាជិក​ ធ្វើលំហូរ​កម្លាំង​ពលករ​ជំនាញ​ដោយ​សេរី​ ដែល​ធ្វើ​ឱ្យ​ការប្រកួត​ប្រជែង​ធនធាន​មនុស្ស​កាន់​តែ​ខ្លាំង​ក្លាថែមទៀត​។​ នេះមាន​ន័យ​ថា​ពលករ​ជំនាញ​អាច​ចូលទៅ​ធ្វើ​ការ​នៅតាម​ប្រទេស​​ជា​សមាជិកនានា​ដែលកំពុង​ខ្វះ​ខាត​​​ជំនាញទាំង​នោះ​ ហើយ​ប្រទេសណា​ដែល​មាន​លំហូរ​ចេញ​ច្រើន​ ប្រទេស​នោះ​ទទួល​បាន​ផល​ចំណេញ​ពី​សមារណកម្ម​នេះកាន់​តែ​ច្រើន​។ ​ដោយសារ ​ភាសាអង់គ្លេស​ត្រូវ​បាន​កំណត់ជាភាសាផ្លូវការរបស់អាស៊ាន និង​អត្ថប្រយោជន៍​សម្រាប់​​ទំនាក់ទំនងលក្ខណៈអន្តរជាតិ ព្រមទាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំង​ក្នុង​តំបន់​ និង​សាកល​ ធ្វើ​ឱ្យ​ការ​សិក្សា​ភាសា​អង់គ្លេស​មាន​ប្រជាប្រិយភាព​ខ្លាំងក្នុង​ទីផ្សារ​អប់រំ​ ពិសេស​វិស័យ​អប់រំ​សាលារៀន​ឯកជនតួយ៉ាងដូចប្រទេស​កម្ពុជា​ជាដើម​។ បើយើងសាកល្បងសម្លឹងមើលនិន្នាការអប់រំនាពេលបច្ចុប្បន្ន និងតទៅ​អនាគត​ យើងឃើញថា​ប្រទេស​ដែល​ប្រើ​ប្រាស់​ភាសា​អង់គ្លេសជាភាសាផ្លូវការសម្រាប់ការសិក្សាទាំងកម្មវិធីសិក្សា​រដ្ឋ និង​ឯកជន​​ ហាក់​ទទួល​បាន​ផល​ចំណេញច្រើន​ផ្នែកសេដ្ឋកិច្ច​ ច្រើន​ជាងគេ ដូចប្រទេស​សឹង្ហបូរី និង​ហ្វីលីពីន​ជាដើម។​

ប្រទេសកម្ពុជា​​បាននឹងកំពុងយកចិត្តទុកជាខ្លាំងក្នុងការធ្វើកំណែទម្រង់ និងអភិវឌ្ឍន៍វិស័យអប់រំ​​ ដើម្បី​សម្រេច​គោលដៅរបស់ខ្លួន​ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ និងជា​ប្រទេស​អភិវឌ្ឍន៍នៅឆ្នាំ​២០៥០។​ ក្រសួងអប់រំ យុវជន​ និងកីឡា​បានយកចិត្តទុកដាក់បន្ថែមទៀត​លើ​ការសិក្សាភាសា​អង់គ្លេស​​ដោយ​ដាក់បញ្ចូលភាសានេះ​ ក្នុង​កម្មវិធីសិក្សា​នៅ​កម្រិត​បឋមសិក្សា​នៅ​ឆ្នាំ​២០១៧។ ​ជាមួយ​គ្នានេះ ការ​អប់រំ​ដោយប្រើប្រាស់​​ពីរភាសាកាន់តែមាន​ប្រជាប្រិយភាពសម្រាប់មាតាបិតាសិស្ស និង​សង្គម​ដែល​ជំរុញ​ឱ្យ​សាលា​រៀន​​ឯកជន​ដែល​អនុវត្ត​ការបង្រៀន​ពីរភាសានេះ​​មានការកើនឡើង និង​រីក​ចម្រើន​ជាលំដាប់​។​ ទន្ទឹមនឹង​ការ​កើន​ឡើងនូវ​តម្រូវការ​ទីផ្សារអប់រំ ​ តម្រូវការគ្រូ​បង្រៀន​សម្រាប់​បង្រៀន​មុខវិជ្ជាផ្សេងៗ​ជា​ភាសា​អង់គ្លេស​​ដូចជា៖​មុខ​វិជ្ជា​វិទ្យាសាស្ត្រ គណិតវិទ្យា ភាសាអង់គ្លេស...ក៏មានការកើនឡើងផងដែរ។​ មកដល់ពេលនេះ យើងឃើញ​​មាន​ហានិភ័យ​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​គ្រូបង្រៀន​ជន​ជាតិខ្មែរ ដែល​បញ្ចប់ការសិក្សា​មុខវិជ្ជា​ភាសា​អង់គ្លេស​ ឬឯកទេស​ផ្សេង​ៗ ​ដោយសារ​ឱកាស​ការងារ​កាន់តែ​ចង្អៀតទៅៗ​នៅតាម​សាលារៀន​ឯកជន​នានា។ នេះគឺ​ដោយសារ​គ្រូ​បង្រៀន​​មកពី​ប្រទេស​ជាសមាជិក​អាស៊ាន​ដែល​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ជាយាន ពិសេស​ហ្វីលីពីន​ចូល​មក​ប្រកួត​ប្រជែង​ការងារ​ និង​​ទទួល​យក​ប្រាក់​ខែប្រហាក់​ប្រហែល​នឹង​គ្រូបង្រៀន​ជន​ជាតិ​ខ្មែរដែរ​ ហើយ​ដើម្បី​អត្ថ​ប្រយោជ​ន៍​ទីផ្សារ ប្រាកដណាស់​សាលារៀន​ឯកជន​​ទាំងនោះនឹង​ទទួល​យក​គ្រូបង្រៀនដែល​​ជាជនបរទេស​ ប្រសើរ​ជាង​ជន​ជាតិខ្លួន​ឯង។​ ស្ថិតក្នុង​បរិបទ​នៃកំណើនសេដ្ឋកិច្ច​ជាតិ កំណើន​ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់​ និន្នាការ​គ្រួសារតូច (គ្រួសារ​មាន​កូន​តិច) ការវិនិយោគលើការអប់រំកូន​កាន់តែច្រើន​ទៅៗនាពេល​អនាគត​ ហើយ​ទីផ្សារ​អប់រំឯកជន​កាន់តែ​ទូលំទូលាយ ជាមួយនឹងឱកាស​ការងារ​កាន់តែ​ច្រើន​សម្រាប់​គ្រូបង្រៀន​ជាជនបរទេស​ដែល​ប្រើ​ប្រាស់​អង់គ្លេស​ជាយាន។ ជាមួយគ្នានេះ​ វាក៏ធ្វើឱ្យសាច់ប្រាក់ជាច្រើនហូរចេញពីប្រទេសផងដែរ។ ទោះបីជាណា​ក៏​ដោយ​ ការ​ពង្រឹងការអប់រំ​នៅតាម​គ្រឹះស្ថានសិក្សាសាធារណៈចូលរួមចំណែកដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះបានមួយចំនួន៕
សាកល្បងវិភាគដោយ៖​ ចៅ ឧស្សាហ៍

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!