Saturday, June 15, 2019

កម្មវិធីសិក្សាថ្នាក់​ឧត្តមសិក្សាមួយចំនួន​ហាក់នៅសតវត្សរ៍ទី២០នៅឡើយ

ឈានដល់យុគ្គសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដោយផ្តោតខ្លាំងលើបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗដូចជាបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត និងរ៉ូបូតជាដើមដែលជះឥទ្ធិពលខ្លាំងលើគ្រប់ទិដ្ឋភាពជីវិតរស់នៅរបស់មនុស្ស()និន្នាការអប់រំសតវត្សរ៍ទី២១ ការផ្លាស់ប្តូរជាខ្លាំងដើម្បីផលិតធនធានមនុស្សឆ្លើយតបទៅនឹងដំណើរវិវត្តន៍របស់សង្គមនេះ​ និងការប្រកួត​ប្រជែង​​ សម្រាប់ប្រទេសកម្ពុជា រាជ​រដ្ឋាភិបាលបាននឹងកំពុង​យកចិត្តទុកដាក់ជាខ្លាំង​លើការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​ តាម​រយៈការ​បង្កើន​ថវិកាចំណាយ​ប្រចាំ​ឆ្នាំ​ដល់​វិស័យ​អប់រំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដើម្បីផលិតធនធានមនុស្ស​ដែល​​​មាន​លក្ខណៈ​សម្បត្តិ​​គ្រប់គ្រាន់​​​ពេញ​លេញ​ក្នុង​ការ​ចូលរួម​ចំណែក​​អភិវឌ្ឍន៍​ប្រទេស។ ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​សម្រេចនូវ​​គោលដៅរួមរបស់SDG 4 គឺធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព​​បរិយាប័ន្នសមធម៌និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា​​()​ ប្រទេសកម្ពុជាមានគោលដៅប្រែកា្លយ​ប្រទេស​ទៅប្រទេស​ឧស្សាហកម្ម​នៅឆ្នាំ២០២៥ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម​ឆ្នាំ២០១៥-២០២៥​(៣)​ និងជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០៣០​(៤)។ ដើម្បីសម្រេច​គោលដៅនេះ​ ការ​អប់រំ​នៅ​​ឧត្តមសិក្សា​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ធន​ធាន​មនុស្ស​​ឱ្យ​បាន​គ្រប់គ្រាន់​ និង​ឆ្លើយតបទៅនឹង​ជំនាញ​ដែល​ត្រូវការ​ជាចាំបាច់​នាពេល​អនាគត​។ ក្រសួង​អប់រំ​ យុវជន និង​កីឡាបាន​យកចិត្តទុក​ដាក់​ជាខ្លាំង​ក្នុងការ​ជំរុញ​ឱ្យ​គ្រឹះស្ថានសិក្សាកម្រិត​ឧត្តម​សិក្សា​​អភិវឌ្ឍន៍ស្ថាប័ន​ខ្លួន ​តាម​រយៈផ្តល់ឱកាស​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា និង​ភាព​ម្ចាស់​ការ​ក្នុង​ការ​រៀបចំ​កម្មវិធីសិក្សា​ដោយ​ខ្លួន​ឯង(៥)
          ដោយសារ​គ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវរៀបចំ​កម្មវិធីសិក្សា​ដោយ​ខ្លួន​ឯងបែប​នេះ​ហើយ​​ ទើបខ្ញុំមាន​ឱកាស​ចូលរួម​ជាមួយមហាវិទ្យាល័យ​មួយ​ដែល​​គេ​អញ្ជើញ​ឱ្យចូលរួមពិគ្រោះ​យោបល់​ ក្នុងនាម​ជា​សាស្ត្រាចារ្យ​បង្រៀន​ក្រៅម៉ោងលើ​​ឯកទេស​អក្សរសាស្ត្រខ្មែរ​ ​ ហើយជា​ឱកាសដ៏​ល្អ​មួយ​​​ចង់​ចែក​រំលែក​ទស្សនៈយោបល់​របស់ខ្លួន​ ដើម្បី​​ចូលរួម​ចំណែក​កែលម្អ​កម្មវិធីសិក្សាអក្សរសាស្ត្រ​ខ្មែរ​លើចំណុច​​​មួយ​ចំនួន​ តែ​គួរ​ឱ្យស្តាយ​​ឱកាស​ហាក់​ចង្អៀតពេកសម្រាប់​ខ្ញុំ​ មិន​បាន​បញ្ចេញអ្វី​ឱ្យអស់ពីចិត្តដែល​ខ្លួន​ចង់​បង្ហាញ​ ទើប​ឆ្លៀត​ឱកាស​នេះ សរសេរពីអ្វី​ដែល​ខ្លួន​និយាយ​នៅពេល​នោះ។​ ការបក​ស្រាយ​បង្ហាញនៅពេល​នេះ ផ្តោត​តែលើឯកទេស​អក្សរសាស្ត្រ​ខ្មែរ​​​ប៉ុណ្ណោះ ហើយ​វាជា​ការសិក្សា​សាកល្បង​មួយ​។​ វាជាការពិត​ណាស់ ការរៀបចំកម្មវិធីសិក្សា​ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​បរិបទ​ (Context) ក្នុង​គោល​បំណង​ផលិតធន​ធាន​មនុស្ស​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍប្រទេស​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ និង​ផ្អែក​លើ​ធន​ធាន បទ​ពិសោធ​ដែល​ខ្លួន​មាន​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​គ្រប់​គ្រឹះស្ថាន​ឧត្តម​សិក្សា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​។ តាម​រយៈការពិនិត្យ​ជា​ទូទៅ យើង​ឃើញ​ថា កម្មវិធី​សិក្សា​បាន​បែង​ចែក​ជា​២​ផ្នែកសំខាន់​គឺ កម្មវិធីសិក្សាទូទៅ និង​ចាំបាច់​។ ជា​ទស្សនៈផ្ទាល់ខ្លួន សម្រាប់​កម្មវិធីសិក្សា​ទូទៅ យើង​អាច​និយាយ​បាន​ថា វា​​ហាក់​នៅ​មិន​ទាន់សម័យ និង​ប្រៀប​ដូច​​ស្ថិត​នៅសតវត្សរ៍ទី​២០នៅឡើយ ដោយសារ​វា​​មិន​មាន​ដាក់​បញ្ចូល​នូវ​មេរៀន​សំខាន់ៗ​នៅ​សតវត្សរ៍ទី២១ ដូចបណ្តាប្រទេស​នានា​នៅលើពិភព​លោក​គេ​ចាប់​អារម្មណ៍នោះ​ទេ​។ កម្មវិធីសិក្សាទូទៅ​របស់​យើង​មាន​ដាក់​បញ្ចូល​តែ​​មុខវិជ្ជាមួយ​ចំនួន​ដូចជា៖ គណិតវិទ្យា រដ្ឋបាល​សាធារណៈ មូលដ្ឋាន​គ្រឹះនៃការអប់រំ គ្រឹះទស្សនវិជ្ជា ចិត្តវិទ្យា សេចក្តីផ្តើមនៃ​សង្គមវិទ្យា ប្រវត្តិ​សាស្ត្រ​ខ្មែរ​...ដោយ​យើង​មិន​ឃើញ​​មុខវិជ្ជាទាន់សម័យ​មួយ​ចំនួន​ត្រូវបាន​ដាក់​បញ្ចូល​​សោះ​ដូចជា៖ ការ​គិត​ប្រកប​ដោយ​​ហេតុផល (Critical Thinking Skill)​ ព័ត៌មាន​សម្រាប់ការសិក្សាស្រាវជ្រាវ (Information for research study) សាកលភាវូបនីយកម្ម និង​មូលដ្ឋាននីយកម្ម​ (Globalization and localization) សេដ្ឋកិច្ចសង្គម (Social Economy) ភាពជាអ្នកដឹកនាំ (Leadership)​ វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​សម្រាប់ការអភិវឌ្ឍ​ (Science and technology for development) ភាពជាពលរដ្ឋសាកល (Global citizenship)​ ការថែរក្សា​បរិស្ថាន (Environment​al Conservation) បរិយាប័ន្ន (inclusive) វប្បធម៌​ខ្មែរ និងសីលធម៌ (Khmer culture and Ethics) ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​(Sustainable Development) ជំ​នាញកុំព្យូទ័រ និង​បច្ចេកវិទ្យាព័ត៌មាន​វិទ្យា សម្រាបនិស្សិត​ (Computer skill and information technology for student)…។ល។ គោលដៅ​របស់​យើង​ ចង់​ផលិតធនធាន​មនុស្ស​សម្រាប់​បម្រើ​ដល់​​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ជាតិ​នៅ​សតវត្សរ៍ទី​២១ ដែល​ត្រូវការ​ជាចាំបាច់​នូវ​មុខវិជ្ជាសំខាន់ៗ​ខាង​លើ​នេះ ដែល​ចូលរួម​ចំណែក​លើក​កម្ពស់​​ការអភិវឌ្ឍប្រកបដោយ​ចីរភាព តែ​ជាក់ស្តែង​កម្មវិធីសិក្សា​យើង​ហាក់​នៅ​សតវត្សរ៍ទី​២០​នៅឡើយ។ តើដើម្បី​ឱ្យ​និស្សិត​ទាំងនោះ​ក្លាយ​ជាធនធាន​មនុស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់ពេញ​លេញទាំងជំនាញ​រឹង និង​ទន់ ( Hard & Soft Skill) ជា​​អ្នក​សិក្សា​ពេញ​មួយ​ជីវិត តើ​ពួក​គេ​គួរ​តែត្រូវ​បាន​បណ្តុះ​បណ្តាល​នូវ​មុខវិជ្ជា​អ្វីខ្លះ​? ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ យើង​ឃើញ​ថា ការ​បណ្តុះបណ្តាល​មុខវិជ្ជា​ទាំង​នេះ​ នៅតែ​ជួប​ប្រទះ​បញ្ហា​ប្រឈមនៅឡើយ ទាំង​នេះអាច​មកពី​នៅ​គ្រឹះស្ថាន​សិក្សា​ទាំងនោះ នៅ​ខ្វះខាត​​ធនធាន​សាស្ត្រា​ចារ្យ​​ដែល​មាន​សមត្ថភាព​លើ​ជំនាញ​ឯកទេស​ទាំង​នេះ​នៅឡើយ​។ ​ ចំណែក​ឯ កម្មវិធី​សិក្សា​ចាំ​បាច់ (Major Course) ហាក់​មាន​លក្ខណៈស្មុគស្មាញច្រើន និង​ធ្វើនិស្សិតមិនសូវ​ចាប់​អារម្មណ៍ខ្លាំង​​ក្នុង​ការសិក្សារៀន​សូត្រ​។ និស្សិត​រៀន​មុខវិជ្ជា​ច្រើន​ពេក​ ដោយ​មិន​ប្រាកដប្រជា​​អ្វីមួយដែល​ជាមូល​ហេតុសំខាន់ធ្វើ​ឱ្យពួក​គាត់​រៀន​ដើម្បី​តែ​រៀន ឬ​​រៀន​ដើម្បី​​តែ​សញ្ញាប័ត្រ​ប៉ុណ្ណោះ​។​ ពួកគាត់​រៀន​​ជាច្រើន​ក្រេឌីត​នូវមុខវិជ្ជា​ដូចៗ​គ្នា​ដូចជា៖​ ភាសាវិទ្យា​ វេយ្យាករណ៍ បាលី សំស្រ្កឹត អក្សរខ្មែរ​បុរាណ សិលាចារឹក អក្សរសិល្ប៍…ដែល​ធ្វើ​ឱ្យ​និស្សិតយល់ថា រៀន​ហាក់​ដដែលៗ និង​ស្មុគស្មាញ ​មិន​គួរ​ជាទី​ចាប់អារម្មណ៍ ព្រម​ទាំង​​​មិន​ឆ្លើយតប​ទៅនឹង​បរិបទ​សង្គម តម្រូវការ​សិក្សា និង​ជីវភាព​រស់នៅ​ជាក់​ស្តែង។ ជាមួយ​គ្នា​នេះ កម្មវិធីសិក្សាកម្រិតឧត្តមសិក្សាក៏​​មិន​ស៊ីគ្នានឹង​កម្រិត​មធ្យម​សិក្សាផងដែរ​​ដោយ​វា​មិន​​ផ្តោតលើ​អភិវឌ្ឍន៍បន្ថែម​​លើ​​បំណិន​ទាំង​៤ (ស្តាប់ និយាយ អាន និង​សរសេរ)។​ ជាទូទៅ ​យើង​មិន​ឃើញ​មាន​ដាក់​បញ្ចូល​មុខវិជ្ជា​សំខាន់ៗ​ដែល​ជួយ​អភិវឌ្ឍន៍​​កាន់​តែខ្លាំងក្លា​ថែម​ទៀត​លើ​សមត្ថភាព​ទាំង​៤ខាងលើ​​នេះដូចជា៖ គោលការណ៍គ្រឹះ​នៃការសរសេរ​ ស្តាប់ និង​និយាយ ការសរសេរ និង​អាន​សម្រាប់​គោលបំណងពិសេស​​ផ្សេងៗ វិធីសាស្ត្រ​សា្រវជ្រាវ​ភាសាខ្មែរ…ជាដើម។​ ដូចគ្នា​នេះដែរ​ ការ​សិក្សា​អក្សរ​សាស្ត្រ​របស់​ប្រទេសមួយ​ចំនួន​​តួយ៉ាង​ដូច​ប្រទេស​ថៃឡង់ជាដើម គេ​ដាក់​បញ្ចូល​មុខវិជ្ជា​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ និងមិន​​ប្រើ​ប្រាស់​ចាំបាច់​ក្នុង​ជីវភាព​រស់នៅ​ជាក់​ស្តែង​នៅក្នុង​មុខវិជ្ជា​ជម្រើស​​ ​ដូចជា៖ អក្សរបុរាណ បាលីសំស្រឹ្កត សិលាចារឹក​…ពោល​គឺ​សម្រាប់​តែ​និស្សិត​ជ្រើសរើស​ជំនាញ​ឯកទេស​លើ​មុខវិជ្ជា​ទាំង​នេះតែប៉ុណ្ណោះ​។ មួយវិញ​ទៀត ​កត្តា​ដែលចូលរួម​ចំណែក​​ធ្វើ​ឱ្យ​និស្សិត​មិន​សូវ​ចាប់​អារម្មណ៍​សិក្សា​រៀន​​សូត្រថ្នាក់​មហាវិទ្យា​ល័យ​​ គឺ​ដោយ​សារ​ចំណេះដឹងទាំង​នោះ​មិន​បាន​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​ប្រឡង​ប្រជែង​ការងារនានា​​ឡើយ ដូច​ប្រឡង​ជ្រើ​សរើស​គ្រូបង្រៀន​ជាដើម​។​ មួយវិញ​ទៀត​ កម្មវិធីសិក្សា​របស់​យើងនេះ ជំរុញ​ឱ្យ​និស្សិត​សូត្រ​តាម​ ថាតាម​ និង​រៀន​សូត្រ​តែពី​ក្បូនខ្នាតដែល​មាន​ស្រាប់​ ដែលតម្រូវ​ឱ្យ​​អនុវត្ត​តាម​ ដោយ​មិនមាន​គតិបណ្ឌិត​ថ្មី​ ទស្សនវិជ្ជា​ថ្មី ឬ​សមត្ថភាព​នៃ​ការ​ច្នៃបង្កើត​ថ្មីនោះទេ។ ពួក​គេ​ត្រូវបាន​បង្រៀន​ឱ្យ​ទទួល​យក ឬ​អភិរក្សនិយម ដែល​មិន​បង្ក​លក្ខណៈឱ្យនិស្សិត​ក្លាហាន​ហ៊ាន​បង្កើត​ថ្មី ដើម្បី​ភាព​រីកចម្រើន​ឡើយ​។ ជាក់​ស្តែង​គ្រាន់​តែ​ ខ្ញុំបញ្ចេញ​ទស្សនៈយល់ឃើញថ្មី​ទាក់​ទង​នឹង​អក្សរសាស្ត្រ​ខ្មែរតែបន្តិច​សោះ​ ត្រូវបាន​សង្គមបញ្ញាវ័ន្ត​ដែល​ស្រឡាញ់​អក្សរសាស្ត្រ​រិះ​គន់ និង​​វាយ​ប្រហារយ៉ាង​ខ្លាំង​។ ដូច្នេះបន្ទាប់​ពី​បញ្ចប់​ការ​សិក្សាថ្នាក់​បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ​ពី​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ​​​ទៅ ​ចំណេះដឹង​​ខ្ញុំត្រូវបាន​ទុក​ចោល​តែម្តង ព្រោះ​អ្វី​ៗដូនតា​មាន​គ្រប់អស់​ហើយ៕​
         

x

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!