Sunday, July 21, 2013

សាកល្បងវិភាគស្ថានភាពវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា


ប្រទេសជាច្រើននៅលើ​ពិភពលោក​បាន​ចាត់​ទុក​វិស័យអប់រំ និងសុខាភិបាល ជាគន្លឹះ សំខាន់​បំផុត​ក្នុងការអភវិឌ្ឍ​ប្រទេស ព្រោះវិស័យ​ទាំង​ពីរ​នេះ ជាមូលដ្ឋាន​គ្រឹះ​​ដែល​ដឹកនាំ​ប្រទេស​ទៅ​រក​​វឌ្ឍភាព​ វិបុលភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​និរន្តរភាព។​តួយ៉ាង​ដូច​ប្រទេស​សឹង្ហបូរី​ជា​ដើម​ លោក​លី ក្វាន់​​យូ បិតាស្ថាបនិក​ប្រទេស​សឹង្ហបូរី​បាន​កំណត់​វិស័យ​​ទាំង​ពីរខាង​​លើ​ជា​វិស័យ​អាទិភាព​បំផុត​ក្នុង​កសាង​ប្រទេស​ក្លាយ​ជានាគ​ក្នុង​តំបន់​ ហើយ​លោក​បាន​យក​ចិត្ត​ទុក​ដាក់​បំផុត​លើ​ការកសាង​ធន​ធាន​មនុស្ស និង​សុខុមាល​ភាព​មនុស្ស។​ក្រឡេក​មក​មើល​ប្រទេស​កម្ពុជាវិញ តើ​ស្ថានភាព​វិស័យ​​ទាំង​ពីរនេះ យ៉ាង​ម៉េច​ដែរ​? ​ដើម្បី​ចូលរួម​វិភាគទាន​ក្នុង​ការ​ស្វែង​យល់​ពី​ស្ថានភាព​វិស័យនេះ អ្នក​វិភាគ​សូម​សាកល្បង​ធ្វើការ​វិភាគ ក្នុងគោល​បំណង​​ចែករំលែក​​នូវ​គំនិត​យល់ដឹង​ខ្លះៗ​ពី​បញ្ហា​រសើប​មួយ​ចំនួន​ដែល​កើត​មាន​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ។​គំនិត​ទាំង​នេះ ជា​ឧស្សាហកថាដែល​មាន​ចរិកទស្សនវិជ្ជា ហើយអ្ន​កវិភាគ​សង្ឃឹមថា ​អ្នក​អាន​ អ្នក​សិក្សា​ អ្នក​ដឹកនាំ នឹង​ប្រើប្រាស់​គតិ​បណ្ឌិត​ស្វែង​​យល់​ពី​ចេតនាពិត​ប្រាកដ​របស់​វា ដោយ​មិន​លាប​ពណ៌គំនិត​យុវជន​បែប​និន្នាការ​នយោបាយ​ឡើយ​។​​ខាងក្រោម​ជា​ការបកស្រាយ​ពី​ស្ថានភាព​វិស័យ​អប់រំ និង​សុខាភិបាល​នៅប្រទេស​កម្ពុជា​បច្ចុប្បន្ន​។
  • វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា
ទោះបី​រាជរដ្ឋាភិបាល​ ក្រសួង​ មន្ទីរ​ពាក់ព័ន្ធ និងអង្គការ​សង្គមស៊ីវិល​ជា​ច្រើន​បាន​និង​កំពុង​យកចិត្ត​ទុក​ដាក់​ជួយ​អភិវឌ្ឍកែលម្អ​ជាច្រើន​​យ៉ាង​ណា​ក៏​ដោយ​ ក៏​បញ្ហា​ប្រឈម​មួយ​ចំនួន​ធំ នៅ​តែ​ជា​បញ្ហា​ចោទនៅឡើយ ។​ជា​ការពិត​ វា​មាន​ផ្លាស់​ប្តូរអភិវឌ្ឍ​ច្រើន​ណាស់​មក​ដល់​បច្ចុប្បន្ន​នេះ ដែល​គួរ​ឱ្យ​មាន​មោទនភាព​បំផុត ចំពោះកិច្ចប្រឹង​ប្រែង​​យក​អស់​កម្លាំង​កាយ​ចិត្ត​ទាំង​នេះ ។​ទោះបី​ជា​យ៉ាង​ណាក៏ដោយ​បញ្ហា​ប្រឈមមួយ​ចំនួន​ធំ នៅ​តែ​ចាំ​ខ្ទាស់​ជើង​ដំណើរ​ការ​អភិវឌ្ឍវិស័យ​អប់រំ​ផងដែរ ដូច​ជា៖ (១)ភាព​បាត់​បង់​ព្រលឹងក្នុងការ​​សិក្សារបស់​សិស្សានុសិស្សខ្មែរ​មួយ​ចំនួន​ធំ (២)​ឥរិយាបថ​អវិជ្ជ​មានរបស់​គ្រូបង្រៀនមួយ​ចំនួន​ (៣)ឥរិយាបថ​អវិជ្ជមាន​​ឪពុកម្តាយ អាណាព្យាបាល​នាពេល​បច្ចុប្បន្ន​ (៤)​​ឥទ្ធិពល​វប្បធម៌ពាលាអាវ៉ាសែបរទេស​ និង​កង្វះការយកចិត្តទុក​របស់​សង្គម​។​

១-ការបាត់​បង់​ព្រលឹងក្នុងការសិក្សា​របស់​សិស្សានុសិស្សខ្មែរ

ការសិក្សា​របស់​សិស្សានុសិស្សមួយចំនួន​ធំ​នាពេល​បច្ចុប្បន្ន មិន​បាន​ពឹង​ផ្អែក​លើ​សមត្ថភាព ខ្លួនឯង​ទៀត​ទេ​ ដោយសារ​ឥទ្ធិពល​ដ៏លើស​លប់​របស់​លុយ និង​អំពើពុក​រលួ​យស៊ីសំណូក​សូក​ប៉ាន់ ។​សិស្សានុសិស្ស​មួយ​ចំនួន​ទៀត​ងាកទៅពឹង​ផ្អែក​លើ​កម្លាំង​ក្រៅខ្លួនដើម្បីសម្រេច​បាន​ភាព​ជោគជ័យ​​ក្នុង​ការសិក្សា​ដូចជា៖ ចម្លង​តាម​ព្រុយយ៉ុង ការសូកប៉ាន់​ពេល​ប្រឡង បង់លុយដើម្បី​ទទួល​បានពិន្ទុ និង​ដើម្បី​ឱ្យ​គ្រូ​លុប​អវត្តមាន​ជា​ដើម​...។ល។​ចំណែក​ឯសិស្ស​មួយ​ចំនួន​ទៀត​​បែរ​ជា​ទៅ​បន់ស្រន់​​ដើម្បី​ឱ្យ​ប្រឡង​ជាប់​ទៅវិញ ។ទាំង​អស់​នេះ បង្ហាញ​ថា សិស្សលែង​ឱ្យ​តម្លៃលើ​ចំណេះដឹង ដែល​នៅជាប់​នឹង​ខ្លួន​របស់​គេ​ទៀតហើយ ដែល​នេះ​បញ្ជក់​ថា មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​កំពុង​តែ​បាត់​បង់​ព្រលឹងរបស់​ខ្លួន​ និង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯងហើយ​សកម្មភាព​នេះ​កំពុង​តែ​កើន​ឡើង​យ៉ាង​ផុល​ផុស​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​​។​ស្ថានភាព​ទាំង​នេះ តើ​ធនធាន​មនុស្សខ្មែរ​ទៅ​ជា​យ៉ាង​ណា​នាពេល​អនាគត​?​វាពិត​គួរ​ឱ្យ​បារម្ភ​ណាស់​! មួយ​វិញទៀត​​ ទំនុក​ចិត្ត​លើការ​សិក្សា​នៅក្នុង​សង្គម​ខ្មែរ​កាន់​តែ​ខ្សោយ​ទៅៗ ពិសេស​សិស្សានុសិស្ស និងឪពុក​ម្តាយ ​អាណាព្យាបាល​នៅតាម​ជន​បទ ​ដោយ​សារ​ភាពអយុត្តិធម៌សង្គម និង​ដោយសារ​គំនិត​បក្សនិយម គ្រួសារ​និយម ខ្សែរ​និយម  និង​អំពើ​ពុក​រលួយ​ ដែល​ស្ថានភាព​នេះ​ធ្វើ​ឱ្យ​សង្គម​ខ្មែរ​ផុយ​ស្រួ​យ​បំផុត​។​សិស្សានុសិស្ស​នៅតាម​​ជន​បទ​ភាគច្រើន​មិន​មា​នសេចក្តីសង្ឃឹម​ និង​មាន​ជំនឿចិត្ត​លើ​ការ​សិក្សាទេ ព្រោះ​កង្វះ​គោល​នយោបាយ​ជាក់​លាក់​ក្នុងការជួយ​ និង​លើ​កទឹក​ចិត្ត​ ដល់​ពួកគាត់​ ។​ពួក​គាត់​ភាគ​ច្រើន​មើល​មិន​ឃើញ​ពី​អនាគត តាមរយៈ​ការសិក្សា​ទេ ព្រោះ​ឥទ្ធិពល​ដ៏លើស​លប់​នៃ​អំពើអសកម្ម​ទាំង​អម្បាល​ម៉ាន​ខាងលើនៅក្នុងសង្គម​ ។
២-ឥរិយាបថអវិជ្ជមាន​របស់​គ្រួ​បង្រៀន តាមរយៈការអង្កេត សម្ភាសមិនផ្លូវការ​ជាមួយសិស្សនៅ​ថ្នាក់មធ្យម​សិក្សា​មួយ​ចំនួនកន្លងមក​ បង្ហាញ​​ថា​លោក​​គ្រូ-អ្នកគ្រូមួយចំនួន​នៅ​សម័យបច្ចុប្បន្ន មានឥរិយាបថ​អវិជ្ជមាន​ច្រើនទាក់​ទង​នឹង​សកម្មភាព​អប់រំ ដែលជាសញ្ញាណបញ្ជក់​ពីសភាពគួរឱ្យ​ព្រួយបារម្ភបំផុត​សម្រាប់​អនាគត ។ដោយហេតុផល​គ្រូបង្រៀន​មានប្រាក់បេវត្សទាប លោកគ្រូ-អ្នក​គ្រូ មួយចំនួនបានចាប់សិស្សជាចំណាប់ខ្មាំង ដើម្បីប្រាក់ តាមរយៈ​ការបង្កើតការ​បង្រៀនគួរ​ក្រៅ​ម៉ោង និងការគៀប​សិស្សតាម​មធ្យោ​បាយផ្សេងៗ​។ការបង្រៀនគួក្រៅម៉ោង​មិនបាន​ ផ្តល់​ភាព​ចំណេ​ញដល់​សិស្សទេ ព្រោះវាបានបន្ថែម​ម៉ោង​សិក្សា​ដល់សិស្ស លើសកំណត់ និង​មិន​មាន​ពេល​វេលាគ្រប់គ្រាន់​សម្រាប់សិស្ស​ក្នុង​ការសិក្សាស្រាវជ្រាវ​ រៀន​សូត្រ​ខ្លួន​ឯង ពិសេសគឺ​ប៉ះពាល់​ដល់​សុខភាពសិក្សា​របស់​សិស្ស។តាមរយៈ​ការ​បង្រៀន​គួក្រៅម៉ោង វាអាចឱ្យគ្រូបង្រៀនបែកបាក់​ផ្ទៃក្នុង​​ព្រោះ​ទំនាស់ផលប្រយោជន៍ និងភាពច្រណែនគ្នា ពិសេស​មិន​មាន​​មនសិកា​រ​ការងារ​រឹងមាំ​នៅ​ក្នុងម៉ោង​សិក្សារដ្ឋ ឬបង្រៀនសិស្សមិនច្បាស់លាស់ ដោយលាក់​ទុក​ល្បិច​​សម្រាប់​ការ​បង្រៀន​ក្រៅម៉ោង ។ ជាទូទៅ​យើង សង្កេត គ្រូយកចិត្តទុក​ដាក់​បង្រៀនសិស្ស​ខ្លាំងថ្នាក់​គូក្រៅម៉ោង ជាជាង​បង្រៀននៅក្នុង​ម៉ោង​រដ្ឋ ។​មួយវិញ​ទៀត​ ការបង្រៀនគូនេះ វាអាចធ្វើឱ្យមាន​​ភាព​អយុត្តិ​ធម៌ក្នុង​ការ​ដាក់​ពិន្ទុ ដល់​ការសិក្សា​របស់សិស្ស។​ពិត​ណាស់ លោកគ្រូ-អ្នកគ្រូមួយចំនួនធំ នឹង​មាន​ភាព​លម្អៀង​​ទៅ​លើ​សិស្សដែលរៀន​គូជាមួយខ្លួន​ ដែលអាច​ឱ្យ​​សិស្សដទៃទៀត​បាក់​ទឹក​ចិត្ត ហើយ​ការសិក្សា​ធ្លាក់ចុះ ។ម្យ៉ាងទៀត​ ការបង្រៀនគួរនេះ ធ្វើ​ឱ្យ​សិស្ស​មាន​ទម្លាប់​មិនល្អ មិនយកចិត្តទុកដាក់​ក្នុង​សិក្សា​រៀន​សូត្រ និង​មិនពឹង​ផ្អែក​លើ​សមត្ថភាពខ្លួនឯងដើម្បីអភិវឌ្ឍន៍​ចំណេះដឹង​ ហើយសម្លឹង​ឃើញគុណ​សម្បត្តិ​របស់​លុយ​ក្នុង​ដំណើរការបង្រៀន និង​រៀនទៅវិញ​ ពិសេសគឺ​ឥទ្ធិពល​ដ៏លើស​លុបរបស់វា ទៅលើដំណើរ​ជីវិត​របស់​គាត់​។លើសពីនេះ​ទៅទៀត​ វា​បាន​បង្កើតជា​វប្បធម៌​ចំណាយ​ប្រាក់​​ក្នុងការសិក្សា​ បើទោះបី​ការ​ចុះចូលរៀន​មិន​បង់​ប្រាក់ក៏ដោយ​​ក៏​ការចំណាយ​ក្នុង​ការ​រៀន​ សូត្រ​​​សម្រាប់​សិស្ស​មួយឆ្នាំ​ទៅ មួយ​ឆ្នាំ​មាន​ការ​កើន​​ឡើង (មន្ត្រីអប់រំ អាច​បង្កើត​ឧបករណ៍​Survey បាន​ដើម្បី​បញ្ជក់​​ភស្តុតាងពីបញ្ហានេះ ​) ​។​ករណីនេះ នៅ​ពេលរាលដាល​ធំទៅៗ វា​បង្កើតជា​រនាំង​ឧបសគ្គសម្រាប់​គ្រួសារ​ក្រីក្រ នាំទៅរកការបាក់​ទឹក​ចិត្ត និង​បាត់​បង់​​ជំនឿលើ​ការ​សិក្សា ឧទាហ​រណ៍​​ការ​ឱ្យកូន​ឈប់​រៀន ទៅធ្វើការងារ​រោងចក្រជាដើម...។ ផលវិបាក​មួយ​ទៀត គឺវា​ធ្វើឱ្យ​សិស្ស​អស​កម្ម មិនឱ្យតម្លៃការសិក្សា​ និង​ចេះពុករលួ​កសួក​ប៉ាន់ ។​សាកល្បង​សង្កេតទៅលើ​ការ​អប់រំ តាំង​ពី​បឋមសិក្សា រហូតដល់ មធ្យម​សិក្សា តើយើងឃើញមានវប្បធម៌នៃអំពើពុករលួយ ត្រូវ​បាន​ដាក់​បញ្ចូលដោយ​ឥតដឹងខ្លួន​ក្នុង​ដំណើរបង្រៀន និងរៀន​ដែរឬទេ ? ឧទាហរណ៍បើ កុមារ​នៅសាលា​បឋម​សិក្សា ទៅរៀន​ក្នុងសាលារដ្ឋហើយ​លោក​គ្រូ-អ្នក​គ្រូ មួយចំនួន​តម្រូវឱ្យ​បង់​ប្រាក់​ប្រចាំថ្ងៃឬ ឪពុកម្តាយ​បាន​ដាក់​លុយ​មួយចំនួន​ក្នុង​សៀវភៅ​តាម​ដាន​ការ​សិក្សារបស់កូនឱ្យ ​គ្រូ ដាក់​ច្រើន​កូនរៀន​បាន​ចំណាត់ថ្នាក់​ល្អ ឬ​ជូន​កាដូ ...តើនេះ មិន​មែន​យើង​កំពុងតែ​ដុះខាត់​កុមារ​ឱ្យ​ចេះ ពុក​រលួយ ស៊ីសំណូក​សូកប៉ាន់​ទេឫ? ស្ថិត​ក្នុង​រូប​ភាព​ខាងលើ​ តើវាធ្វើឱ្យ​ឪពុក​ម្តាយ អាណាព្យាបាល​របស់​សិស្សានុសិស្ស​បាត់បង់​ទំនុក​ចិត្ត​លើ​ការសិក្សា​ នៅសាលារដ្ឋដែរ​ឬទេ?ចំណុចនេះ អ្នកវិភាគ​សូម​មិនឆ្លើយទេ ទុកឱ្យ​អ្នក​អាន​ អ្នក​សិក្សាជួយ​វិនិច្ឆ័យ​ចម្លើយ​ដោយខ្លួ​នឯងចុះ ។រូបភាព​ខាងលើ​ភាគច្រើន​កើត​នៅ​តំបន់​ដែល​មាន​សេដ្ឋ​កិច្ច​ខ្ពស់ ចំណែកឯ​តំបន់​ជនបទ​​ តើមានរូបភាព​ដូចម្តេច​ខ្លះវិញ ? ស្ថិតក្នុង​ស្ថានភាព​សេដ្ឋកិច្ចគ្រូបង្រៀន​និង​ឪពុក​ម្តាយ​ អាណាព្យាបាល​​នៅតាម​ជនបទ​ទាប គ្រូគ្មាន​ជម្រើស​ដូចបង្ហាញខាង​លើ ឡើយ ប៉ុន្តែ វាអាច​ចេញ​ជាភាពមិន​សូវយកចិត្ត​ទុកដាក់​លើ​ការបង្រៀន​និង​រៀន ដែល​ធ្វើឱ្យការសិក្សារបស់សិស្សធ្លាក់ចុះឬសកម្ម​ភាពនៃការលួច​ម៉ោង​រដ្ឋ​ជាដើម ។ ឧ-​​​គ្រូ​មួយចំនួន​​មាន​ទ​ម្លាប់​មក​ធ្វើការ​យឺត ឬ​ចេញ​មុន​ម៉ោង ឬ​​បង្កើន​ម៉ោង​ចេញ​លេង​ជាដើម​។​ ខាងលើ យើង​លើក​ចោទ​ជា​បញ្ហា​សម្រាប់តែ​ពីសាលា​បឋម​សិក្សា ចុះនៅ​មធ្យម​សិក្សា​យ៉ាង​ម៉េច​ដែរ ?(សូមបញ្ជក់​ថា​អ្នកវិភាគ​សូម​លើក​ជា​ឧទាហរណ៍ប៉ុណ្ណោះព្រោះ​យើង​មិនមាន​ ឧបករណ៍ស្រាវជ្រាវជាក់​លាក់ទេ ។)បើសិន​នៅតាម​សាលា​អនុវិទ្យាល័យ-វិទ្យាល័យ​មួយចំនួន មាន​លោក​គ្រូ​-អ្នក​គ្រូ​មួយចំនួន​ផ្តោតទៅលើ​ផលប្រយោជន៏ ផ្ទាល់​ខ្លួន​តាមរយៈ​ការ​ស្វះស្វែង​រក​ឱកាស​ក្នុង​ការ​ទាញយក​ ប្រយោជន៍ពីសិស្ស​នោះ វានាំ​ឱ្យ​ការអប់រំ​មាន​ទិស​ដៅ​ឆ្ពោះទៅ​រក​ការ​រក​លុយ ទៅវិញ ដែល​ជៈឥទ្ធិពលអាក្រក់បំផុត​ដល់​សិស្ស។បញ្ហានេះ​វាបានប្រែ​ក្លាយ​សកម្ម​ភាព​ អប់រំ ទៅជាការប្រកួត​ប្រជែង​អាជីវកម្មយ៉ាងគគ្រឹកគ្រេង ស្ទើរគ្រប់​មុខវិជ្ជា ។ឧទាហរណ៍បើសិស្សមិន​ចង់រៀន​ម៉ោងកាយ​សិក្សា​អាច​បង់​លុយ​​ដើម្បីយក​ពិន្ទុ បង់លុយច្រើន បាន​ពិន្ទុច្រើន ហើយ​បង្កើត​ឱ្យមាន​ការបង្រៀន​គួ​ក្រៅម៉ោងស្ទើរ​គ្រប់​មុខ​វិជ្ជា​ ដែលវាគួរឱ្យ​អស់​សំណើចបំផុត ។បើសិស្សអាច​ទិញ​ពិន្ទុ​បាន ចំណាត់​ថ្នាក់​បាន​ ទិញ​អវត្ត​មាន​ តើ​ខំ​រៀន​​ដើម្បី អ្វី ?តើសន្ទុះ​នៃការសិក្សារបស់​យុវជន​មានដំណើរវិវត្ត​ទៅ​មុខ​​ខ្លាំង​ទេ ?តើ​អ្នក​មានសង្ឃឹមថា​កូន​របស់​អ្នក​នឹង​ក្លាយ​ជា​សិស្ស​ពូកែ​បាន​ទេ បើអ្នក​មិនមាន​​លុយ​គ្រប់​គ្រាន់​សម្រាប់​ចំណាយ​ដល់​គាត់​ក្នុង​ការ​រៀន​ សូត្រនោះ ?តើ​គ្រួសារ​ក្រីក្រ​មាន​​អារម្មណ៍បែបណា​ចំពោះ​ស្ថាន​ភាព​សង្គម​បែប​នេះ ? តើ​សិស្សានុ​សិស្ស​​ដែល​មក​ពី គ្រួសារ​ក្រី​ក្រ​ទទួល​រង​ភាព អយុត្តិធម៌​និង​លំបាកប៉ុណ្ណា ?តើ​អ្នក​មានសេចក្តីសង្ឃឹម​លើ​អនាគតអ្នកទេ ?តើ​គោល​នយោបាយ​ ការចុះឈ្មោះចូលរៀន​មិនបង់​ប្រាក់​ មាន​ប្រសិទ្ធភាព​ទេ ?ជារួម​តើ​រយៈ​ពេល​១២​ឆ្នាំ ក្នុង​ការ​អប់រំ​ សិស្សានុសិស្ស​រៀន​ពីអ្វី​ច្រើន​ជាង​គេ ?ក្នុង​ប្រព័ន្ធគំនិតរបស់​សិស្ស និស្សិត​ភាគច្រើន​នៅ​កម្ពុជា​ ផ្តោតតែ​ទៅលើ លុយជា​សំខាន់ព្រោះ​គេទទួល​ឥទ្ធិ​ពល​នេះ ពីសាលារៀន​របស់គេ​! គេ​រៀន​គឺ​ដើម្បី​មាន​ការងារល្អ​ ប្រាក់​ខែ​ខ្ពស់​ និងមាន​លុយច្រើន មុន​នឹង​មាន​គំនិត​ស្នេហា​ជាតិ​មាតុ​ភូមិ ​និង​ស្រឡាញ់​សច្ចភាព​ យុត្តិធម៌។​មកដល់នាទីចុងក្រោយ នៃការ​បញ្ចប់​ការ​សិក្សា​គឺ​ការប្រឡង ទាំងការ​ប្រឡង​បញ្ចប់មធ្យមសិក្សាបឋមភូមិ និង​ទុតិយភូមិ​​នៅ តែ​វត្តមាន​លុយ​​សំខាន់​ដដែល  ហើយរលកនៃការ​ចំណាយ​លុយ​សម្រាប់ការប្រឡង​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំទៅ​ មួយឆ្នាំ និងរាលដាល​តាំង​ពី​ទីក្រុង​រហូត​ដល់​ជនបទ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​ ពិតជាធ្វើឱ្យ​ឈឺសើចមែន ។បើ​សិស្ស​អាច​ទិញវិញ្ញាសាបាន​តើប្រឡង​ដើម្បីអ្វី ?តើការ​ប្រឡងជាការ​រកលុយ​មែនទេ​សម្រាប់​លោក​គ្រូ-អ្នកគ្រូ ? តើនេះ​ជាយុទ្ធសាស្រ្ត​ដើម្បីបង្កើន​សិស្សឱ្យបាន​ច្រើនក្នុង​ ការបន្ត​ការសិក្សា​ថ្នាក់​មហា​វិទ្យាល័យឬ ? បើវាដូច្នេះ មែន តើវាមាន​ភាពចំណេញ​ទេបើទោះ​ជា​យើងបាន​រក្សា​ពួកគាត់​រយៈ ពេល​​៤ឆ្នាំបន្ថែម​ទៀតនៅ​ថ្នាក់មហា​វិទ្យា​ល័យ​នោះ?បើ​មាន​ករណី​ដូចរៀប​រាប់​ ទាំងនេះ មែន យើងកំពុងដេកបើកភ្នែក មើល ដំណើរឆ្ពោះទៅ​រកការ​បំផ្លាញខ្លួនឯង​ហើយ ។គុណភាព​អប់រំ​ធ្លាក់​ចុះ ហើយភាពអស់ជំនឿលើការសិក្សារបស់ស្រទាប់​គ្រួសារ​ក្រី​ក្របាននិងកំពុងកើន​ឡើង​ ហើយ​អត្រា​​ឈប់រៀនដើម្បីធ្វើការងារ​កើនឡើង ផងដែរ​ដូចជាចំណាក​ស្រុក​ទៅ​ធ្វើការនៅប្រ​ទេស​ជិត​ខាង ធ្វើកម្មករ​រោង​ចក្រ កម្មករ​សំណង់...ដែលភាគច្រើនជាការងារ​ដែល​មាន​កំរៃទាប និង​មិន​មាន​ភាព​ជាម្ចាស់លើការ​អភិវឌ្ឍបង្កើតការងារដោយខ្លួនឯង ហើយអនាគត​យើង​ពិតជាដណ្តើម​បាន​ទីផ្សារ​ការងារលើសលុប ក្នុង​សហគមអាស៊ាន​ផ្នែក កម្មករប្រើកម្លាំង មិនមែនកម្មករជំនាញទេ។តើ​អនា​គត ធនធាន​មនុស្សរបស់ប្រទេស​កម្ពុជា​គ្រប់​គ្រាន់​ទេ ក្នុង​បរិបទ​សហគមអាស៊ាននោះ ?​សម្រាប់​ជីវភាពគ្រូ​បង្រៀន អ្នកវិភាគ​យល់​ច្បាស់​ណាស់ ថាពិតជានៅមាន​កម្រិត​ទាប ដែល​ទាម​ទារ​​ឱ្យ​មាន​ការផ្តល់​នូវ​ប្រាក់​កំរៃ​​សម​ស្រប​សម្រាប់​ដោះ​ស្រាយ​ ​ជីវភាព​រស់នៅ​សមរម្យ ។ស្ថិតក្នុង​ស្ថាន​ភាព គ្រូបង្រៀន​បច្ចុប្បន្ន ឥរិយា​បថ​អវិជ្ជមាន​របស់​លោក​គ្រូ​-អ្នក​គ្រូ មួយចំនួន​បាន​ប្រែក្លាយ​ទៅ​ជា​ទម្លាប់​ឆ្ពោះទៅ រក​វប្បធម៌ហើយ​ ហើយ​បើ​ទោះ​បី ជា​រាជរដ្ឋាភិបាល​តំលើងប្រាក់​បៀវត្ស​សមរម្យ​​ក៏​ដោយ​ ក៏សកម្មភាព អសកម្មមួយចំនួនធំ នៅតែមាន​អត្ថិភាពដដែល ដូចជា​៖ ការ​គៀប​សិស្ស​ដើម្បី រៀនគួជាដើម ។ដូច្នេះ គឺ​មានតែការចេញសារាចរ​ហាម​ការ​បង្រៀន​គួទេ ទើប​មាន​​ប្រសិទ្ធភាព លើក​លែង​តែការបង្រៀនភាសាបរទេស​ និង​មុខវិជ្ជាវិទ្យាសាស្រ្ត​កុំព្យូទ័រ ។ជារួម​យើង​មិន​​គួរ​បណ្តោយ​វា​ទៅជា​ជម្ងឺមហារីកទេ គប្បីព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​និង​ឆាប់បំផុត ។
៣-ឥរិយាបថ​អវិជ្ជមាន​របស់​ឪពុក​ម្តាយ​ និង​អាណាព្យាបាល
ជាទូទៅឪពុកម្តាយ អាណាព្យាបាល​ខ្មែរមួយចំនួនធំ​មិនមាន​ទម្លាប់អានសៀវភៅ ដែល​ធ្វើ​វប្បធម៌​នៃ​ការអាន​នៅតិច​តួច​នៅ​ឡើយ​។មួយ​វិញទៀត​គេ​មិនសូវឃើញ​មានទូតាំងសៀវ​ភៅ​​នៅតាម​គ្រួសារ​ខ្មែរ​ ដែលករណី​នេះ​វាបង្ហាញពីភាព​មិនសូវចិត្តទុកដាក់និង​មិនយល់​ពីគុណ​សម្បត្តិរបស់​សៀវ​ភៅដែលជា​ប្រភព​សំខាន់​ក្នុងការអភិវឌ្ឍចំណេះដឹង និង​សមត្ថភាព​។ ចំណុចអសកម្ម​មួយ​ចំនួន​ទៀត​គឺឪពុកម្តាយមួយ​ចំនួន បានបំបាក់ទឹកចិត្តកូនដើម្បី ទាញយកផលប្រយោជន៏ពីកូន ដោយ​ជំរុញកូនឱ្យ​ឈប់រៀន​ដើម្បី ចូលធ្វើការរកប្រាក់ សម្រាប់​ជាចំណូល​គ្រួសារ​ ពិសេស​ការ​លើក​យកហេតុផលពីភាពអយុត្តិធម៌ក្នុងសង្គមមកធ្វើឧប​សគ្គ និងផ្តល់ភាពអស់សង្ឃឹមដល់កូន ដូចជា៖​រៀ​នបាន​ប្រយោជន៍​អី យើង​គ្មាន​លុយ​សូក​គេធ្វើ​ការងារ​​ទេ ឫ​គ្មាន​លុយ​រៀន​មហា​វិទ្យាល័យ​ទេ ឫ​បង្ហាញ​ថា ​និស្សិត​បញ្ចប់​មហាវិទ្យា​ល័យ​ច្រើន​ណាស់​នៅភ្នំ​ពេញ​រក​ការងារ​ធ្វើមិន​បានផង កន្លែង​ការងារ​ល្អៗ​គេ​ដាក់​កូន​គេ​អស់​ហើយ​... ​ពិសេស​ករណី​នេះ កើត​ឡើង​ចំពោះ​គ្រួសារ​ដែល​មាន​ជីវភាពក្រី​ក្រ​លំបាក ។​ស្ថានភាព​ក្រីក្រ​លំបាក ធ្វើ​ឱ្យ​ពួក​គាត់​យល់​ថា បញ្ហា​ក្រពះ សំខាន់​ជាង​ការ​សិក្សា ហើយ​ទង្វើ​នេះ បាន​រុញ​កូន​គាត់​ចូលទៅក្នុង​វដ្តនៃភាព​ក្រីក្រ ព្រោះ​ការដែល​គាត់​បោះ​បង់​ការ​សិក្សា ធ្វើ​ឱ្យ​ទទួល​បាន​ការងារ​ដែល​ប្រើកម្លាំង និង​កំណត់​ដោយ​ការងារ​ដែល​ទទួល​បាន​ប្រាក់​​បេវត្សទាប ។​ដូច្នេះ គាត់​បាត់​បង់​ឱកាស​រំដោះខ្លួន​ពី​ភាព​ក្រីក្រ​ ហើយ​មាន​ការ​លំបាក​ច្រើន​ក្នុង​គេច​ចេញ​ពី​នឹម​នៃ​ភាព​ក្រីក្រ​ ។ថ្វី​ត្បិត​តែ​ការ​ចុះ​ឈ្មោះចូលរៀន​មិន​បង់​ថ្លៃ តែ​គ្រួសារ​នីមួយៗ​ មាន​ការ​ចំណាយ​ច្រើន​សម្រាប់​ការសិក្សា​របស់​កូន ហើយ​គ្រួសារ​ដែល​ក្រីក្រ​ពិបាក​លៃលកឱ្យ​កូន​បន្ត​ការ​សិក្សា ​​ពិសេស​ចំណាយ​សម្រាប់​ការ​បង្រៀនគួរ​ក្រៅ​ម៉ោង​របស់​គ្រូ ហើយ​បើ​កូនសិស្ស​មិន​បាន​រៀន​គួរ​បន្ថែម​ទេ សិស្ស​មាន​ការ​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ទទួល​បាន​ជោគជ័យ​លើ​ការ​សិក្សា​។​ លើស​ពីនេះទៅទៀត​ ស្ថានភាព​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​នៅតែ​កើត​មាន​ច្រើន​នៅឡើយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​វា​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​សិក្សា​របស់​កុមារ​និង​យុវជន​។​​ទង្វើ​របស់​​ឪពុក​ម្តាយ អាណាព្យាបាល​ទាំង​អស់​នេះ ហើយ​ធ្វើ​ឱ្យ​ការ​អប់រំ​នៅកម្ពុជា​ធ្លាក់​ទាប ។​
៤-ឥទ្ធិពល​វប្បធម៌ពាលាអាវ៉ាសែបរទេស​ និង​កង្វះការយកចិត្តទុក​របស់​សង្គម
ចំណុច​នេះ អ្នក​វិភាគ​សូម​លើក​យក​ គំរូ​របស់​ប្រទេស​សឹង្ហបូរីក្នុងការ​អភិវឌ្ឍប្រទេស​ដោយ​រដ្ឋាភិ​បាល​​បាន​យក​ចិត្ត​ទុក​ដាក់​ជាខ្លាំង​ដល់​វិស័យ​អប់រំ និង​សុខាភិបាល ។​សម្រាប់​វិស័យ អប់រំ ប្រទេស​នេះ​សំបូរ​ធនធាន​មនុស្សណាស់ និស្សិត​ជាច្រើ​ន​បាន​បញ្ចប់​បរិញ្ញា​ប័ត្រ នៅក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ។​មិន​តែ​ប៉ុណ្ណោះមាន​និស្សិត​ជាច្រើន​បន្ត​ការ​សិក្សា​នៅក្រៅ​ប្រទេសបន្ថែម​ទៀត គ្រាន់​តែ​សាកល​វិទ្យាល័យ​ហាវើតដ៏ល្បីល្បាញ​បំផុត​មួយលើ​ពិភពលោក​​ នៅសហរដ្ឋអាមេរិច​មាន​និស្សិត​ដល់​​ទៅ​​រាប់ពាន់នាក់ដែល​បាន​បញ្ចប់​ការសិក្សានៅ​ទីនោះ​ ជាមួយ​នឹង​និស្សិត​ខ្មែរ​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទីនោះ​​មិន​ដល់​ដប់​នាក់​ផង​។សម្រាប់​ប្រទេស​​​យើង​វិញ​មាន​និស្សិតច្រើន​ណាស់​​​​ដែល​បាន​​បញ្ចប់​ការ​សិក្សា​ប៉ុន្តែ​ភាគច្រើន​មាន​តែ​បរិមាណ មិន​មាន​គុណភាព​ទេ​។​មក​ដល់​ពេល​នេះ ស្ថាន​ភាព​ធ្លាក់​ចុះនៃ​ទំនុក​ចិត្តលើ​ការសិក្សា​របស់​សិស្សានុសិស្ស ពិសេស​​នៅ​តាម​ជន​បទ​ ហាក់​ដូច​ជា មិន​ទាន់​ឃើញ​មាន​គោល​នយោបាយ​ច្បាស់លាស់​សោះ ក្នុង​ដោះស្រាយ​បញ្ហា​នេះ ។​ការ​បណ្តែត​​​បណ្តោយសង្គម​ឱ្យ​ធ្លាក់​ចុះ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗដោយ​គ្មាន​គតិ​បណ្ឌិត​អភិវឌ្ឍ​បង្ហាញ​ពី​កំសោយភាព​របស់​ថ្នាក់​​ដឹកនាំ និង​ភាព​កំសាកក្នុងការទទួល​ស្គាល់​ការពិត​។​ការ​មិន​អើ​ពើ​ពី​បញ្ហា​ទាំង និង​មិន​មាន​ដំណោះស្រាយសមស្រប​ទាន់​ពេល​វេលា​ទេ វា​នឹង​ពន្យឺត​ការ​អភិវឌ្ឍ​ប្រទេស​​ជាក់ជាមិន​ខាន​ និង​សកម្មភាព​អវិជ្ជមាន​កាន់តែ​កើត​ច្រើន​នៅក្នុងស​ង្គម​កម្ពុជា នាពេល​អនា​គត​ដូច​ជា៖ ការ​កាប់​បំផ្លាញ​ព្រៃឈើ ការបំផ្លាញ​ធនធាន​ជលផល ធនធាន​រ៉ែ អំពើ​អសន្តិ​សុខ​សង្គម អំពើ​ហឹង្សាក្នុងគ្រួសារ​...។ល។ចំពោះ​បញ្ហា​វប្បធម៌​​មាន​ការ​បកស្រាយ​ច្រើន​ហើយ​នៅ​ក្នុង​អត្ថបទ​វិភាគ​ការ​បំផ្លាញ​វប្បធម៌ខ្លួនឯង អ្នក​វិភាគ​មិន​ធ្វើការ​បកស្រាយ​បន្ថែម​ទៀត​ទេ​។
  • វិស័យសុខាភិបាល​នៅកម្ពុជា
ប្រជាជន​ក្រីក្រ​ភាគ​ច្រើន​តែងតែ​មាន​បញ្ហា​សុខភាព​និង​ជម្ងឺដង្កាត់​ផ្សេងៗ​ដូច​ជាៈ​ជម្ងឺអេដស៏ គ្រុន​ចាញ់​គ្រុន​ឈាម ជម្ងឺផ្លូវចិត្ត និងជម្ងឺផ្សេងៗ​ទៀត​ដែល​ប៉ះ​ពាល់​ជា​ខ្លាំងដល់​ដំណើរការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ​។ស្ថានភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទន់​ខ្សោយ​ដោយ​សារ​ការ​យល់ដឹង​ពី​សុខភាព​ និង​អនា​ម័យ​នៅ​មាន​កម្រិត​ ដូចជា៖ ការ​ប្រើប្រាស់​ទឹក​ស្អាត ថ្នាំ​ពុល​កសិកម្ម ការ​ហូបចុក​ អាហារូបត្ថម្ភ ការ​សម្អាត​បរិស្ថានរស់​នៅ​ បញ្ហា​ចិត្ត-សង្គម​...ជា​ដើម​។ល​។ ដោយ​សារ​កត្តា​សុខ​ភាពនេះហើយដែល​ធ្វើឲ្យ​មានការ​ធ្លាក់​ចុះនៃ​បរិមាណ​ការងា​រ​ដែល​បុគ្គល​ក្រី​ក្រ​អាចធ្វើ​បាននិង​ធ្វើឲ្យ​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់ជីវភាព​គ្រួសារ​គាត់​ធ្លាក់​ចុះផង​ដែរជា​ហេតុ​រុញ​ពួកគាត់កាន់​តែ​ចូល​ជ្រៅ​កប់ទៅ​ក្នុង​ភាព​ក្រីក្រ។លើសពីនេះ គឺ វាធ្វើឲ្យ​បាត់បង់​កម្លាំង​​ពលកម្ម​ដែល​ភាគ​ច្រើន​​ជា​សមាសភាព​សំខាន់​ក្នុង​គ្រួសារ​និងជាប្រភពនៃប្រាក់ចំណូលគ្រួសារ។ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀតគឺ​ការ​បន្សល់​ទុក​នូវ​បន្ទុក​ដល់​សង្គម។ឧទាហរ​ណ៏ឪពុកម្តាយ​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជម្ងឺ​អេដស៏​​អស់នោះ​កូន​នឹង​បាត់​បង់​ទីពឹង​ហើយអាចខូច​អនាគត​ធ្លាក់ខ្លួនក្លាយជាក្មេងអនាថា​និង​បង្ក​អសន្តិ​​សុខ​ដល់​សង្គម​។​មួយ​​វិញ​ទៀត​​​ហេតុធ្វើឲ្យ​ប្រជា​ជន​ដែល​មានជីវ​ភាព​ក្រីក្រ​ពិបាក​លៃលក​ទិញ​និងស្វះ​ស្វែងរក​សេវា​សមស្របដូច្នេះ​ធ្វើឲ្យ​ស្ថានភាព​សុខ​ភាព​និង​ការរស់​នៅ​របស់​ពួកគាត់​កាន់តែ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ថែម​ទៀត ។ជា​ទូទៅ​យើង​សង្កេត​ឃើញ​ថា មាន​មន្ទីរ​ពេទ្យបង្អែក​គ្រប់​ខេត្ត និង​មណ្ឌល​សុខភាពជាច្រើន ប៉ុន្តែកម្រិត​នៃ​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ស្ថានភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​ និង​មនសិការវិជ្ជា​ជីវៈ​ជា​គ្រូពេទ្យ​នៅ​តែ​មាន​កម្រិតខ្លាំងណាស់ ពិសេស​ស្ថាប័ន​រដ្ឋ ។នៅតាម​មន្ទីរពេទ្យ​បង្អែក នីមួយៗមាន​បណ្តុំ​វេជ្ជ​បណ្ឌិត​ជា​ច្រើន​បម្រើការ​នៅទីនោះ​តាម​ជំនា​ញ​ឯកទេស​របស់​ខ្លួន​ វា​គួរជាស្ថាប័នដ៏រឹងមាំមួយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ហាក់​ដូច​មិន​សូវ​និយម​ចូល​ចិត្ត​វា​​សោះ​ ខុស​ពីគ្លីនិចឯកជនរបស់​គ្រូ​ពេទ្យ​ដែល​បើក​ផ្ទាល់​ខ្លួន​ទៅ វិញ ដែល​ជាទូទៅ​មាន​អតិថិ​ជនអ្នកជម្ងឺ​ច្រើន ។​តើ​នេះ​មក​ពី​មូល​ហេតុ​អ្វី ?​មួយ​វិញ​ទៀត​ យើង​ឃើញ​ជា​ទូទៅ មុខរបរ​ជា​ពេទ្យ​ហាក់​ដូច​ជាត្រូវ​ប៉ាន់​ខ្លាំង​ណាស់ ព្រោះពួក​​គាត់​មួយ​ចំនួន​ធំមាន​លទ្ធភាព​​បើក​គ្លីនិច​ឯកជន​របស់​ខ្លួន​យ៉ាងធំ​ស្កឹម​ស្កៃដែល​បញ្ជក់​ពី​ប្រភព​ប្រាក់​ចំណូល​ខ្ពស់​របស់​អាជីព​ជា​គ្រូ​ពេទ្យ​​និង​ស​បញ្ជក់​ពី​ភាព​ខុស​ប្លែក​គ្នាពី​ភាព​រីកចម្រើន​រវាង​មន្ទីរពេទ្យ​រដ្ឋ និង​គ្លីនិច​ឯកជន​។ការ​បាត់​បង់​ទំនុក​ចិត្តលើ​មន្ទីរពេទ្យ​រដ្ឋ ធ្វើឱ្យគ្លីនិច​ឯកជន​ឆ្លៀត​ឱកាស​ធ្វើ​មាន​ធ្វើ​បានលើ​ស្ថានភាព​សុខភាព​ប្រជាពលរដ្ឋ​នៅ​ទន់​ខ្សោយ​ហើយ​វាជា​ឧបសគ្គ​ធំ​បំផុត​ដែល​រាំងស្ទះ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​។ ការ​ចំណាយ​ដ៏ច្រើន​​របស់ប្រជាពលរដ្ឋ​ លើ​សុខភាព​ វា​បាន​បំផ្លាញ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ ហើយ​បន្ទាប់​មក​វា​បំផ្លាញ​ដល់​សេដ្ឋកិច្ច​ជាតិ ។មក​ដល់​ពេល​នេះ​ តើ​មាន​ការ​សិក្សា​ពី​ផល​វិបាក​នៃ​បញ្ហា​នេះ​ដែរ​ឬទេ ?​ តើ​អ្នក​ជំនាញ​របស់​ជាតិ​ មាន​វិធីសាស្រ្ត​ណាខ្លះ ដោះ​ស្រាយ​បញ្ហា​នេះ ?មួយ​វិញ​ទៀត​ ពេលខ្លះ​សេវា​កម្ម​ព្យាបាល​​នៅ តាម​ស្ថាប័ន​មួយចំនួន​មាន​តម្លៃ​ខ្ពស់​កប់​ពពកបើ​ធៀប​នឹង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​វាពិតជា​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ខ្លាំង​ណាស់​សម្រាប់​គ្រួសារ​ក្រីក្រ​ដែលមាន​សមាជិក​ឈឺ ឬ​ត្រូវ​សង្គ្រោះ​បន្ទាន់នោះ ។នៅ​ក្នុង​ន័យ​នេះ ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​ លុយ​ប្រហែល​ជា​មាន​ភាព​​បន្ទាន់​ជាង។​ជាមួយ​គ្នា​នេះដែរ​មាន​ការ​​លើក​ឡើង​មួយ​ចំនួន​ថា មូលហេតុ​នៃ​ការ​យក​​តម្លៃ​ព្យាបាលថ្លៃមកពី​ គាត់​(គ្រូ​ពេទ្យ​)​​បាន​ចំណាយច្រើន​ក្នុង​ការ​សិក្សា​ និង​ការ​ចូល​បម្រើ​ការងារ ។​បើ​មាន​ការយល់​ឃើញ​បែប​នេះ តើ​គាត់​សម្អាង​លើ​ឧត្តម​គតិ​អ្វី ទើ​ប​គាត់​យល់​ឃើ​ញ​បែបនេះ ? តើ​សាលា​រៀន​បាន​បណ្តុះបណ្តាល​គាត់​ឱ្យ​ក្លាយ​ជា​គ្រូ​ពេទ្យ​បែប​នេះ​ឬ ? គ្មាន​នរណា​គេ​តថ្លៃ​ទេ​ សម្រាប់​ថ្លៃ​ព្យាបាល​និង​ថ្នាំ​បើ​ស្ថិត​ក្នុង​ស្ថានភាព​មាន​ជម្ងឺ ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់​នោះ ដូច្នេះ គ្រូ​ពេទ្យ​គួរ​តែ​យល់​ពី​ទុក្ខ​លំបាករបស់​ខ្មែរ​ដូច​គ្នា ហើយ​គប្បី​យក​តម្លៃ​សម​រម្យ​ ។ចំណុច​មួយ​ទៀត ការ​ចំណាយ​លុយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ព្យាបាល​នៅក្រៅ​ប្រទេស​កាន់​តែ​ច្រើន ដែល​ចំណុច​នេះ វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជាខ្លាំង ព្រោះ​ថវិកា​មួយ​ចំនួន​ធំ​​ត្រូវ​បាន​យក​ទៅ​ឱ្យ​ប្រទេស​ផ្សេង ។​លើល​ពីនេះទៅ​ទៀត​ការ​ដែល​​ប្រជា​ពលរដ្ឋ​ គ្មាន​ទំនុក​ចិត្ត​ទៅ​សុវត្ថិភាព​សង្គម និង​សុខុមាល​ភាព​សង្គម ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ត្បិត​ត្បៀត​ការ​ចំណាយ​ ព្រោះ ភ័យ​ខ្លាច​ពី​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​ឡើង​នៅពេល​អនាគត ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សង្វាក់​សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ព្រោះ​ការ​ចំណាយ​របស់​ភ្នាក់​ងារ​សេដ្ឋ​កិច្ច​មួយ​ វា​ជា​ចំណូល​របស់​ភ្នាក់​ងារ​សេដ្ឋ​កិច្ច​មួយ​ទៀត​។​ករណីនេះ រាជរដ្ឋាភិបាល​​គប្បី​មាន​ដំណោះស្រាយ​ណា​សម​ស្រប​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា​។ជារួម​ គ្រូ​ពេទ្យ​​គប្បី​ចូលរួម​ចំណែកលើក​កម្ពស់​សុខភាព​ប្រជា​ពលរដ្ឋ​តាម​ដែល​អាច​ធ្វើ​បាន​ និង​អនុវត្ត​ការ​ងារ​ប្រកប​ដោយ​មនសិការ​ និង​គុណធម៌ខ្ពស់ ដើម្បី​ឱ្យ​ប្រទេស​ជាតិ​យើង​ មានការ​​វិវត្ត​រីក​ចម្រើ​ន​ទៅ មុន

វិភាគ​ដោយៈ ចៅ ឧស្សាហ៍ -អតីតសិស្សពូកែអក្សរសាស្រ្តខ្មែរ​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំខេត្ត​ស្វាយរៀង
ការដែលមានក្មេងបង្ហាញចំណុចខ្សោយរបស់មនុស្សចាស់​ហើយមនុស្ស​ចាស់ ទាមទារឱ្យបង្ហាញភស្តុតាងជាក់លាក់​នោះ វាគ្រាន់តែបង្ហាញភាព​កំសាកមួយតែប៉ុណ្ណោះ”​ousa

"កង្វះការ​កែលម្អ​ប្រកបដោយ​ប្រសិទ្ធភាព​លើ​វិស័យ​អ​ប់រំ  នឹង​នាំ​កម្ពុជាឱ្យ​ធ្លាក់​ទៅក្នុង​មហន្តរាយ​ជាក់​ជាមិនខានឡើយនាពេលអនាគតB"​ ousa

"ការ​ប្រឡង គឺជាឱកាសនៃការ​ប្រព្រឹត្តអំពើពុករលួយដ៏ស៊ីជម្រៅមួយ​នៅក្នុង​សង្គមខ្មែរ​" ousa 
 
" នៅក្នុងសង្គមមួយ​ដែល​បណ្តោយឱ្យ​គ្រូបង្រៀនធ្លាក់ខ្លួន​ពុករលួយ ស៊ីសំណូក​ហើយ សង្គមនោះនឹងធ្លាក់ដល់ក្តីអន្តរាយហើយ" ousa
“ណ្ហើយ​ចុះ​ ទៅ​ជាយ៉ាង​ណា​ក៏​ទៅចុះ​ ខ្ញុំ​មិន​ស្តាយ​ក្រោយទេ សុំ​និយាយ​ខ្លះហើយ!!! ​” ousa

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!