យុវជនខ្មែរត្រូវសម្លឹងទៅមុខ!
តើអ្វីដែលយុវជនត្រូវការពិតប្រាកដ
សម្រាប់ស្ថានភាពប្រទេសបច្ចុប្បន្ននោះ? តើយុវជនត្រូវការអ្នកដឹកនាំជួយដោះស្រាយបញ្ហារបស់ខ្លួនអ្វីខ្លះ?
យុវជនត្រូវការឱ្យអ្នកដឹកនាំជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងកាលៈទេសៈបច្ចុប្បន្នរបស់ខ្លួន
ព្រោះវាជាបញ្ហាអាយុជីវិត និងអនាគតរបស់យុវជន។ យុវជនត្រូវការឱ្យមានការធានាពីសេចក្តីសង្ឃឹមអនាគតរបស់ខ្លួន
ដូចជា៖សេចក្តីសង្ឃឹមលើការសិក្សារៀនសូត្រ ភាពមានការងារធ្វើ ឱកាសក្នុងការផ្លាស់ប្តូរវាសនា
ឱកាសក្នុងការធ្វើជាអ្នកដឹកនាំ ភាពស្មើភាពនៅក្នុងសង្គម ការប្រកួតប្រជែងនានានៅក្នុងសង្គមប្រកបដោយយុត្តិធម៌
និងតម្លាភាព...។ល។យុវសិស្សត្រូវការការធានា និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ
ពិសេសគឺការផ្តល់នូវសេចក្តីសង្ឃឹម និងទំនុកចិត្តលើការសិក្សា
ដើម្បីឱ្យពួកគេ មើលឃើញអនាគតតាមរយៈការប្រគួតប្រជែងសមត្ថភាពពិតប្រាកដ និងមានភាពកក់ក្តៅនៅក្នុងជីវិត
។ពួកគេចង់បានការងារធ្វើ
ប៉ុន្តែមិនមែនការងារដែលបំផ្លាញឱកាសអភិវឌ្ឍន៍របស់ខ្លួនទេ ឧទាហរណ៍
ការធ្វើការនៅតាមរោងចក្រដែលធ្វើឱ្យពួកគេ
មិនមានឱកាសគ្រប់គ្រាន់ក្នុងការបន្តការសិក្សាផ្សេងៗទាំងផ្នែកជំនាញ ឬថ្នាក់មហាវិទ្យាល័យ
ព្រោះធ្វើការច្រើនម៉ោង និងធ្វើការប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ដែលជាហេតុធ្វើឱ្យពួកគេមានសេចក្តីសង្ឃឹមតិចតួចពីអនាគតរបស់ខ្លួន
ពិសេសកាលៈទេសៈដែលពួកគេទទួលបានប្រាក់បេវត្សតិចតួច
និងពោរពេញទៅដោយស្តេ្រសការងារ។យុវជនចង់ឱ្យសង្គម
ផ្តល់ឱកាសស្មើភាពដល់យុវជនទាំងយុវជននៅតាមជនបទ និងនៅតាមទីក្រុងក្នុងការទទួលបានការងារក្នុងស្ថាប័នសាធារណៈ
ពោលគឺតាមរយៈការប្រកួតប្រជែងត្រឹមត្រូវ ប្រកបដោយយុត្តិធម៌ និងតម្លាភាព ។បើការទទួលបានការងារតាមរយៈការសូកប៉ាន់
បក្សពួកនិយម គ្រួសារនិយម ខ្សែរនិយម នឹងធ្វើឱ្យយុវជនបាក់ទឹកចិត្ត
និងមិនមានឆន្ទៈក្នុងការសិក្សារៀនសូត្រហើយចុងបញ្ចប់គឺអស់សង្ឃឹម
និងបាត់បង់ជំនឿលើការសិក្សា និងលើការដឹកនាំ។យុវជនត្រូវការការធានាពីថ្នាក់ដឹកនាំ
ក្នុងការលុបបំបាត់ និងកាត់បន្ថយអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់
និងភាពអយុត្តិធម៌នៅក្នុងសង្គមដែលកំពុងស៊ីរូងយ៉ាងជ្រៅនៅក្នុងសង្គម។មួយវិញទៀត
យុវជនភាគច្រើនស្រឡាញ់បរិស្ថាន សម្បត្តិធម្មជាតិ ព្រៃព្រឹក្សា ដី ភ្នំ ទន្លេ
បឹង មច្ឆាជាតិ រ៉ែ...របស់ខ្មែរ ដែលទទួចចង់ឱ្យថ្នាក់ដឹកនាំយកចិត្តទុកឱ្យបានមុតមាំក្នុងការការពារ
ថែរក្សាឱ្យបានគង់វង្ស និងប្រើប្រាស់ប្រកបដោយនិរន្តរភាព ដោយអ្វីៗមិនត្រូវនិយាយតែមាត់នោះទេ។ជាមួយគ្នានេះដែរ
យុវជនក៏ចង់បានយុត្តិធម៌សង្គម
និងឱកាសស្មើភាពក្នុងការបែងចែកផលប្រយោជន៍សង្គម ពិសេសប្រាក់បេវត្សដែលអាចចិញ្ចឹមជីវិតបានសមរម្យ។បន្ថែមពីលើនេះ
យុវជនចង់ឃើញអ្នកដឹកនាំ មានភាពក្លាហានទទួលស្គាល់ការពិតក្នុងករណីពេលណាពួកគាត់អសមត្ថភាពក្នុងការដឹកនាំប្រទេសនិងដោះស្រាយបញ្ហាសង្គម
ហើយលាលែងប្រកបដោយកិត្តិយសដើម្បីឱ្យអ្នកដទៃទៀតដឹកនាំវិញម្តង ដូចអរិយប្រទេសដែលធ្លាប់ធ្វើកន្លងមក។យុវជនជំនាន់ក្រោយចង់ឱ្យថ្នាក់ដឹកនាំ
ផ្តល់ឱកាសក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួន ក្នុងការងារដឹកនាំប្រទេស
ពិសេសគឺចង់ឱ្យអ្នកដឹកនាំ បង្កើតអ្នកដឹកនាំ
មិនមែនបង្កើតអ្នកដើរតាមពេញប្រទេសទេ
ព្រោះវាជំរុញឱ្យមនុស្សទាំងនោះទៅជាល្ងង់ខ្លៅ។ចំណុចមួយទៀត
យុវជនត្រូវការការពិត មិនមែនការភូតកុហក ប្រជាភិថុទេ ព្រោះភូតច្រើននឹងចាញ់អាត្មាជាមិនខាន
។ជាការពិត យុវជនមិនចង់ចំណាកស្រុកទេ ពិសេសទៅប្រទេសជិតខាង
បើស្ថានភាពក្នុងប្រទេសល្អប្រសើរ
និងផ្តល់អំណោយផលដល់ការរកប្រាក់ចំណូលចិញ្ចឹមជីវិតគ្រួសារនោះ ។ករណីនេះ
ហាក់ដូចជាមិនមានដំណោះស្រាយឱ្យបានល្អប្រសើរសោះ មកដល់ពេលនេះ ។បន្ថែមពីលើនេះ
យុវជនចង់ឱ្យសង្គមមានសុវត្ថិភាពច្រើនជាងនេះ មិនចង់ឃើញបទឧក្រិដ្ឋ លួច
ឆក់ប្លន់ អំពើហឹង្សាផ្សេងៗ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន វប្បធម៌និទណ្ឌភាព
គ្រោះថ្នាក់ចរាចរ... កើតឡើងកាន់តែខ្លាំងឡើងៗនៅក្នុងសង្គមដោយមិនមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនោះទេ។ជាចុងក្រោយ
យុវជនមិនចង់ឃើញអ្នកមានកាន់តែមាន ហើយអ្នកក្រកាន់តែក្រនោះទេគឺចង់ឃើញអ្នកមានកាន់តែមាន
ហើយអ្នកក្រ កាន់តែមានជាមួយគ្នា៕
វិភាគដោយៈ ចៅ
ឧស្សាហ៍ -អតីតសិស្សពូកែអក្សរសាស្រ្តខ្មែរចំណាត់ថ្នាក់លេខ១
ប្រចាំខេត្តស្វាយរៀង
“ថ្នាក់ដឹកនាំណាដែលមិនយល់ពីតម្រូវការរបស់យុវជន
ហើយសកម្មភាពនយោបាយណាមិនបានលើកស្ទួយយុវជនទេ
វានឹងជួបភាពបរាជ័យជាក់ជាមិនខាននាពេលអនាគត។” ousa
“យុវជនកម្ពុជាត្រូវសម្លឹងទៅមុខ មើលគេជុំវិញខ្លួន
ដោយមិនគិតតែសម្លឹងមើលអតីតភាពខ្លួនឯង ហើយមានមោទនភាពលើភាពល្អប្រសើរច្រើននោះទេ
ព្រោះវាជាសត្រូវនៃការអភិវឌ្ឍឱ្យល្អប្រសើរឡើង” ousa
"កាលៈទេសៈប្រទេសត្រូវការធនធានមនុស្សដើម្បីកសាង អភិវឌ្ឍន៍ យុវជនមិនត្រូវឈរអោបដៃមើល ដោយទុកឱ្យតែអ្នកដឹកនាំប្រទេស ដឹកនាំម្នាក់ឯងឡើយ" ousa
"ខ្ញុំខុសពីមិត្តភ័ក្រ្តខ្ញុំ យូ សុភាដែលជាអ្នកនិពន្ធដ៏ល្បីល្បាញផែ្នកប្រលោមលោក ត្រង់គាត់សរសេរចេញពីបេះដូង ចំណែកខ្ញុំសរសេរចេញពីខួរក្បាល" ousa
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!