ប្រទេសជាច្រើននៅលើពិភពលោកបានចាត់ទុកវិស័យអប់រំ
និងសុខាភិបាល ជាគន្លឹះ សំខាន់បំផុតក្នុងការអភវិឌ្ឍប្រទេស ព្រោះវិស័យទាំងពីរនេះ
ជាមូលដ្ឋានគ្រឹះដែលដឹកនាំប្រទេសទៅរកវឌ្ឍភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។តួយ៉ាងដូចប្រទេសសឹង្ហបូរីជាដើម
លោកលី ក្វាន់យូ បិតាស្ថាបនិកប្រទេសសឹង្ហបូរីបានកំណត់វិស័យទាំងពីរខាងលើជាវិស័យអាទិភាពបំផុតក្នុងកសាងប្រទេសក្លាយជានាគក្នុងតំបន់
ហើយលោកបានយកចិត្តទុកដាក់បំផុតលើការកសាងធនធានមនុស្ស
និងសុខុមាលភាពមនុស្ស។ក្រឡេកមកមើលប្រទេសកម្ពុជាវិញ
តើស្ថានភាពវិស័យទាំងពីរនេះ យ៉ាងម៉េចដែរ? ដើម្បីចូលរួមវិភាគទានក្នុងការស្វែងយល់ពីស្ថានភាពវិស័យនេះ
អ្នកវិភាគសូមសាកល្បងធ្វើការវិភាគ ក្នុងគោលបំណងចែករំលែកនូវគំនិតយល់ដឹងខ្លះៗពីបញ្ហារសើបមួយចំនួនដែលកើតមាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន
។គំនិតទាំងនេះ ជាឧស្សាហកថាដែលមានចរិកទស្សនវិជ្ជា ហើយអ្នកវិភាគសង្ឃឹមថា អ្នកអាន
អ្នកសិក្សា អ្នកដឹកនាំ នឹងប្រើប្រាស់គតិបណ្ឌិតស្វែងយល់ពីចេតនាពិតប្រាកដរបស់វា
ដោយមិនលាបពណ៌គំនិតយុវជនបែបនិន្នាការនយោបាយឡើយ។ខាងក្រោមជាការបកស្រាយពីស្ថានភាពវិស័យអប់រំ
និងសុខាភិបាលនៅប្រទេសកម្ពុជាបច្ចុប្បន្ន។
- វិស័យអប់រំនៅប្រទេសកម្ពុជា
ទោះបីរាជរដ្ឋាភិបាល
ក្រសួង មន្ទីរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលជាច្រើនបាននិងកំពុងយកចិត្តទុកដាក់ជួយអភិវឌ្ឍកែលម្អជាច្រើនយ៉ាងណាក៏ដោយ
ក៏បញ្ហាប្រឈមមួយចំនួនធំ នៅតែជាបញ្ហាចោទនៅឡើយ ។ជាការពិត វាមានផ្លាស់ប្តូរអភិវឌ្ឍច្រើនណាស់មកដល់បច្ចុប្បន្ននេះ
ដែលគួរឱ្យមានមោទនភាពបំផុត ចំពោះកិច្ចប្រឹងប្រែងយកអស់កម្លាំងកាយចិត្តទាំងនេះ
។ទោះបីជាយ៉ាងណាក៏ដោយបញ្ហាប្រឈមមួយចំនួនធំ
នៅតែចាំខ្ទាស់ជើងដំណើរការអភិវឌ្ឍវិស័យអប់រំផងដែរ ដូចជា៖ (១)ភាពបាត់បង់ព្រលឹងក្នុងការសិក្សារបស់សិស្សានុសិស្សខ្មែរមួយចំនួនធំ
(២)ឥរិយាបថអវិជ្ជមានរបស់គ្រូបង្រៀនមួយចំនួន (៣)ឥរិយាបថអវិជ្ជមានឪពុកម្តាយ អាណាព្យាបាលនាពេលបច្ចុប្បន្ន
(៤)ឥទ្ធិពលវប្បធម៌ពាលាអាវ៉ាសែបរទេស និងកង្វះការយកចិត្តទុករបស់សង្គម។
១-ការបាត់បង់ព្រលឹងក្នុងការសិក្សារបស់សិស្សានុសិស្សខ្មែរ
ការសិក្សារបស់សិស្សានុសិស្សមួយចំនួនធំនាពេលបច្ចុប្បន្ន
មិនបានពឹងផ្អែកលើសមត្ថភាព ខ្លួនឯងទៀតទេ ដោយសារឥទ្ធិពលដ៏លើសលប់របស់លុយ
និងអំពើពុករលួយស៊ីសំណូកសូកប៉ាន់ ។សិស្សានុសិស្សមួយចំនួនទៀតងាកទៅពឹងផ្អែកលើកម្លាំងក្រៅខ្លួនដើម្បីសម្រេចបានភាពជោគជ័យក្នុងការសិក្សាដូចជា៖
ចម្លងតាមព្រុយយ៉ុង ការសូកប៉ាន់ពេលប្រឡង បង់លុយដើម្បីទទួលបានពិន្ទុ
និងដើម្បីឱ្យគ្រូលុបអវត្តមានជាដើម...។ល។ចំណែកឯសិស្សមួយចំនួនទៀតបែរជាទៅបន់ស្រន់ដើម្បីឱ្យប្រឡងជាប់ទៅវិញ
។ទាំងអស់នេះ បង្ហាញថា សិស្សលែងឱ្យតម្លៃលើចំណេះដឹង
ដែលនៅជាប់នឹងខ្លួនរបស់គេទៀតហើយ ដែលនេះបញ្ជក់ថា
មនុស្សខ្មែរជំនាន់ក្រោយកំពុងតែបាត់បង់ព្រលឹងរបស់ខ្លួន
និងភាពជឿជាក់លើខ្លួនឯងហើយសកម្មភាពនេះកំពុងតែកើនឡើងយ៉ាងផុលផុសនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ស្ថានភាពទាំងនេះ
តើធនធានមនុស្សខ្មែរទៅជាយ៉ាងណានាពេលអនាគត?វាពិតគួរឱ្យបារម្ភណាស់!
មួយវិញទៀត ទំនុកចិត្តលើការសិក្សានៅក្នុងសង្គមខ្មែរកាន់តែខ្សោយទៅៗ
ពិសេសសិស្សានុសិស្ស និងឪពុកម្តាយ អាណាព្យាបាលនៅតាមជនបទ ដោយសារភាពអយុត្តិធម៌សង្គម
និងដោយសារគំនិតបក្សនិយម គ្រួសារនិយម ខ្សែរនិយម និងអំពើពុករលួយ ដែលស្ថានភាពនេះធ្វើឱ្យសង្គមខ្មែរផុយស្រួយបំផុត។សិស្សានុសិស្សនៅតាមជនបទភាគច្រើនមិនមានសេចក្តីសង្ឃឹម
និងមានជំនឿចិត្តលើការសិក្សាទេ ព្រោះកង្វះគោលនយោបាយជាក់លាក់ក្នុងការជួយ
និងលើកទឹកចិត្ត ដល់ពួកគាត់ ។ពួកគាត់ភាគច្រើនមើលមិនឃើញពីអនាគត
តាមរយៈការសិក្សាទេ
ព្រោះឥទ្ធិពលដ៏លើសលប់នៃអំពើអសកម្មទាំងអម្បាលម៉ានខាងលើនៅក្នុងសង្គម ។
២-ឥរិយាបថអវិជ្ជមានរបស់គ្រួបង្រៀន
តាមរយៈការអង្កេត
សម្ភាសមិនផ្លូវការជាមួយសិស្សនៅថ្នាក់មធ្យមសិក្សាមួយចំនួនកន្លងមក
បង្ហាញថាលោកគ្រូ-អ្នកគ្រូមួយចំនួននៅសម័យបច្ចុប្បន្ន មានឥរិយាបថអវិជ្ជមានច្រើនទាក់ទងនឹងសកម្មភាពអប់រំ
ដែលជាសញ្ញាណបញ្ជក់ពីសភាពគួរឱ្យព្រួយបារម្ភបំផុតសម្រាប់អនាគត
។ដោយហេតុផលគ្រូបង្រៀនមានប្រាក់បេវត្សទាប លោកគ្រូ-អ្នកគ្រូ
មួយចំនួនបានចាប់សិស្សជាចំណាប់ខ្មាំង ដើម្បីប្រាក់
តាមរយៈការបង្កើតការបង្រៀនគួរក្រៅម៉ោង និងការគៀបសិស្សតាមមធ្យោបាយផ្សេងៗ។ការបង្រៀនគួក្រៅម៉ោងមិនបាន
ផ្តល់ភាពចំណេញដល់សិស្សទេ ព្រោះវាបានបន្ថែមម៉ោងសិក្សាដល់សិស្ស លើសកំណត់
និងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់សិស្សក្នុងការសិក្សាស្រាវជ្រាវ
រៀនសូត្រខ្លួនឯង ពិសេសគឺប៉ះពាល់ដល់សុខភាពសិក្សារបស់សិស្ស។តាមរយៈការបង្រៀនគួក្រៅម៉ោង
វាអាចឱ្យគ្រូបង្រៀនបែកបាក់ផ្ទៃក្នុងព្រោះទំនាស់ផលប្រយោជន៍
និងភាពច្រណែនគ្នា ពិសេសមិនមានមនសិការការងាររឹងមាំនៅក្នុងម៉ោងសិក្សារដ្ឋ
ឬបង្រៀនសិស្សមិនច្បាស់លាស់ ដោយលាក់ទុកល្បិចសម្រាប់ការបង្រៀនក្រៅម៉ោង ។ ជាទូទៅយើង
សង្កេត គ្រូយកចិត្តទុកដាក់បង្រៀនសិស្សខ្លាំងថ្នាក់គូក្រៅម៉ោង
ជាជាងបង្រៀននៅក្នុងម៉ោងរដ្ឋ ។មួយវិញទៀត ការបង្រៀនគូនេះ
វាអាចធ្វើឱ្យមានភាពអយុត្តិធម៌ក្នុងការដាក់ពិន្ទុ
ដល់ការសិក្សារបស់សិស្ស។ពិតណាស់ លោកគ្រូ-អ្នកគ្រូមួយចំនួនធំ នឹងមានភាពលម្អៀងទៅលើសិស្សដែលរៀនគូជាមួយខ្លួន
ដែលអាចឱ្យសិស្សដទៃទៀតបាក់ទឹកចិត្ត ហើយការសិក្សាធ្លាក់ចុះ ។ម្យ៉ាងទៀត
ការបង្រៀនគួរនេះ ធ្វើឱ្យសិស្សមានទម្លាប់មិនល្អ
មិនយកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រ
និងមិនពឹងផ្អែកលើសមត្ថភាពខ្លួនឯងដើម្បីអភិវឌ្ឍន៍ចំណេះដឹង
ហើយសម្លឹងឃើញគុណសម្បត្តិរបស់លុយក្នុងដំណើរការបង្រៀន និងរៀនទៅវិញ
ពិសេសគឺឥទ្ធិពលដ៏លើសលុបរបស់វា ទៅលើដំណើរជីវិតរបស់គាត់។លើសពីនេះទៅទៀត
វាបានបង្កើតជាវប្បធម៌ចំណាយប្រាក់ក្នុងការសិក្សា
បើទោះបីការចុះចូលរៀនមិនបង់ប្រាក់ក៏ដោយក៏ការចំណាយក្នុងការរៀន
សូត្រសម្រាប់សិស្សមួយឆ្នាំទៅ មួយឆ្នាំមានការកើនឡើង (មន្ត្រីអប់រំ
អាចបង្កើតឧបករណ៍Survey បានដើម្បីបញ្ជក់ភស្តុតាងពីបញ្ហានេះ ) ។ករណីនេះ
នៅពេលរាលដាលធំទៅៗ វាបង្កើតជារនាំងឧបសគ្គសម្រាប់គ្រួសារក្រីក្រ
នាំទៅរកការបាក់ទឹកចិត្ត និងបាត់បង់ជំនឿលើការសិក្សា ឧទាហរណ៍ការឱ្យកូនឈប់រៀន
ទៅធ្វើការងាររោងចក្រជាដើម...។ ផលវិបាកមួយទៀត គឺវាធ្វើឱ្យសិស្សអសកម្ម
មិនឱ្យតម្លៃការសិក្សា និងចេះពុករលួកសួកប៉ាន់ ។សាកល្បងសង្កេតទៅលើការអប់រំ
តាំងពីបឋមសិក្សា រហូតដល់ មធ្យមសិក្សា តើយើងឃើញមានវប្បធម៌នៃអំពើពុករលួយ
ត្រូវបានដាក់បញ្ចូលដោយឥតដឹងខ្លួនក្នុងដំណើរបង្រៀន និងរៀនដែរឬទេ ? ឧទាហរណ៍បើ
កុមារនៅសាលាបឋមសិក្សា ទៅរៀនក្នុងសាលារដ្ឋហើយលោកគ្រូ-អ្នកគ្រូ
មួយចំនួនតម្រូវឱ្យបង់ប្រាក់ប្រចាំថ្ងៃឬ
ឪពុកម្តាយបានដាក់លុយមួយចំនួនក្នុងសៀវភៅតាមដានការសិក្សារបស់កូនឱ្យ គ្រូ
ដាក់ច្រើនកូនរៀនបានចំណាត់ថ្នាក់ល្អ ឬជូនកាដូ ...តើនេះ
មិនមែនយើងកំពុងតែដុះខាត់កុមារឱ្យចេះ ពុករលួយ ស៊ីសំណូកសូកប៉ាន់ទេឫ?
ស្ថិតក្នុងរូបភាពខាងលើ តើវាធ្វើឱ្យឪពុកម្តាយ
អាណាព្យាបាលរបស់សិស្សានុសិស្សបាត់បង់ទំនុកចិត្តលើការសិក្សា
នៅសាលារដ្ឋដែរឬទេ?ចំណុចនេះ
អ្នកវិភាគសូមមិនឆ្លើយទេ ទុកឱ្យអ្នកអាន
អ្នកសិក្សាជួយវិនិច្ឆ័យចម្លើយដោយខ្លួនឯងចុះ
។រូបភាពខាងលើភាគច្រើនកើតនៅតំបន់ដែលមានសេដ្ឋកិច្ចខ្ពស់
ចំណែកឯតំបន់ជនបទ តើមានរូបភាពដូចម្តេចខ្លះវិញ ? ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចគ្រូបង្រៀននិងឪពុកម្តាយ
អាណាព្យាបាលនៅតាមជនបទទាប គ្រូគ្មានជម្រើសដូចបង្ហាញខាងលើ ឡើយ ប៉ុន្តែ
វាអាចចេញជាភាពមិនសូវយកចិត្តទុកដាក់លើការបង្រៀននិងរៀន
ដែលធ្វើឱ្យការសិក្សារបស់សិស្សធ្លាក់ចុះឬសកម្មភាពនៃការលួចម៉ោងរដ្ឋជាដើម ។ ឧ-គ្រូមួយចំនួនមានទម្លាប់មកធ្វើការយឺត
ឬចេញមុនម៉ោង ឬបង្កើនម៉ោងចេញលេងជាដើម។ ខាងលើ
យើងលើកចោទជាបញ្ហាសម្រាប់តែពីសាលាបឋមសិក្សា ចុះនៅមធ្យមសិក្សាយ៉ាងម៉េចដែរ
?(សូមបញ្ជក់ថាអ្នកវិភាគសូមលើកជាឧទាហរណ៍ប៉ុណ្ណោះព្រោះយើងមិនមាន
ឧបករណ៍ស្រាវជ្រាវជាក់លាក់ទេ ។)បើសិននៅតាមសាលាអនុវិទ្យាល័យ-វិទ្យាល័យមួយចំនួន
មានលោកគ្រូ-អ្នកគ្រូមួយចំនួនផ្តោតទៅលើផលប្រយោជន៏
ផ្ទាល់ខ្លួនតាមរយៈការស្វះស្វែងរកឱកាសក្នុងការទាញយក ប្រយោជន៍ពីសិស្សនោះ
វានាំឱ្យការអប់រំមានទិសដៅឆ្ពោះទៅរកការរកលុយ ទៅវិញ
ដែលជៈឥទ្ធិពលអាក្រក់បំផុតដល់សិស្ស។បញ្ហានេះវាបានប្រែក្លាយសកម្មភាព អប់រំ
ទៅជាការប្រកួតប្រជែងអាជីវកម្មយ៉ាងគគ្រឹកគ្រេង ស្ទើរគ្រប់មុខវិជ្ជា
។ឧទាហរណ៍បើសិស្សមិនចង់រៀនម៉ោងកាយសិក្សាអាចបង់លុយដើម្បីយកពិន្ទុ
បង់លុយច្រើន បានពិន្ទុច្រើន ហើយបង្កើតឱ្យមានការបង្រៀនគួក្រៅម៉ោងស្ទើរគ្រប់មុខវិជ្ជា
ដែលវាគួរឱ្យអស់សំណើចបំផុត ។បើសិស្សអាចទិញពិន្ទុបាន ចំណាត់ថ្នាក់បាន
ទិញអវត្តមាន តើខំរៀនដើម្បី អ្វី ?តើសន្ទុះនៃការសិក្សារបស់យុវជនមានដំណើរវិវត្តទៅមុខខ្លាំងទេ
?តើអ្នកមានសង្ឃឹមថាកូនរបស់អ្នកនឹងក្លាយជាសិស្សពូកែបានទេ
បើអ្នកមិនមានលុយគ្រប់គ្រាន់សម្រាប់ចំណាយដល់គាត់ក្នុងការរៀន សូត្រនោះ ?តើគ្រួសារក្រីក្រមានអារម្មណ៍បែបណាចំពោះស្ថានភាពសង្គមបែបនេះ
?
តើសិស្សានុសិស្សដែលមកពី គ្រួសារក្រីក្រទទួលរងភាព អយុត្តិធម៌និងលំបាកប៉ុណ្ណា
?តើអ្នកមានសេចក្តីសង្ឃឹមលើអនាគតអ្នកទេ
?តើគោលនយោបាយ
ការចុះឈ្មោះចូលរៀនមិនបង់ប្រាក់ មានប្រសិទ្ធភាពទេ ?ជារួមតើរយៈពេល១២ឆ្នាំ
ក្នុងការអប់រំ សិស្សានុសិស្សរៀនពីអ្វីច្រើនជាងគេ ?ក្នុងប្រព័ន្ធគំនិតរបស់សិស្ស
និស្សិតភាគច្រើននៅកម្ពុជា ផ្តោតតែទៅលើ លុយជាសំខាន់ព្រោះគេទទួលឥទ្ធិពលនេះ
ពីសាលារៀនរបស់គេ! គេរៀនគឺដើម្បីមានការងារល្អ ប្រាក់ខែខ្ពស់
និងមានលុយច្រើន មុននឹងមានគំនិតស្នេហាជាតិមាតុភូមិ និងស្រឡាញ់សច្ចភាព
យុត្តិធម៌។មកដល់នាទីចុងក្រោយ នៃការបញ្ចប់ការសិក្សាគឺការប្រឡង
ទាំងការប្រឡងបញ្ចប់មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិនៅ
តែវត្តមានលុយសំខាន់ដដែល
ហើយរលកនៃការចំណាយលុយសម្រាប់ការប្រឡងបានកើនឡើងពីមួយឆ្នាំទៅ មួយឆ្នាំ
និងរាលដាលតាំងពីទីក្រុងរហូតដល់ជនបទប៉ុន្មានឆ្នាំចុងក្រោយ
ពិតជាធ្វើឱ្យឈឺសើចមែន ។បើសិស្សអាចទិញវិញ្ញាសាបានតើប្រឡងដើម្បីអ្វី ?តើការប្រឡងជាការរកលុយមែនទេសម្រាប់លោកគ្រូ-អ្នកគ្រូ
?
តើនេះជាយុទ្ធសាស្រ្តដើម្បីបង្កើនសិស្សឱ្យបានច្រើនក្នុង
ការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យឬ ? បើវាដូច្នេះ មែន
តើវាមានភាពចំណេញទេបើទោះជាយើងបានរក្សាពួកគាត់រយៈ
ពេល៤ឆ្នាំបន្ថែមទៀតនៅថ្នាក់មហាវិទ្យាល័យនោះ?បើមានករណីដូចរៀបរាប់ ទាំងនេះ
មែន យើងកំពុងដេកបើកភ្នែក មើល ដំណើរឆ្ពោះទៅរកការបំផ្លាញខ្លួនឯងហើយ
។គុណភាពអប់រំធ្លាក់ចុះ
ហើយភាពអស់ជំនឿលើការសិក្សារបស់ស្រទាប់គ្រួសារក្រីក្របាននិងកំពុងកើនឡើង ហើយអត្រាឈប់រៀនដើម្បីធ្វើការងារកើនឡើង
ផងដែរដូចជាចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង ធ្វើកម្មកររោងចក្រ
កម្មករសំណង់...ដែលភាគច្រើនជាការងារដែលមានកំរៃទាប
និងមិនមានភាពជាម្ចាស់លើការអភិវឌ្ឍបង្កើតការងារដោយខ្លួនឯង
ហើយអនាគតយើងពិតជាដណ្តើមបានទីផ្សារការងារលើសលុប ក្នុងសហគមអាស៊ានផ្នែក
កម្មករប្រើកម្លាំង មិនមែនកម្មករជំនាញទេ។តើអនាគត
ធនធានមនុស្សរបស់ប្រទេសកម្ពុជាគ្រប់គ្រាន់ទេ ក្នុងបរិបទសហគមអាស៊ាននោះ ?សម្រាប់ជីវភាពគ្រូបង្រៀន
អ្នកវិភាគយល់ច្បាស់ណាស់ ថាពិតជានៅមានកម្រិតទាប ដែលទាមទារឱ្យមានការផ្តល់នូវប្រាក់កំរៃសមស្របសម្រាប់ដោះស្រាយ
ជីវភាពរស់នៅសមរម្យ ។ស្ថិតក្នុងស្ថានភាព គ្រូបង្រៀនបច្ចុប្បន្ន
ឥរិយាបថអវិជ្ជមានរបស់លោកគ្រូ-អ្នកគ្រូ
មួយចំនួនបានប្រែក្លាយទៅជាទម្លាប់ឆ្ពោះទៅ រកវប្បធម៌ហើយ ហើយបើទោះបី
ជារាជរដ្ឋាភិបាលតំលើងប្រាក់បៀវត្សសមរម្យក៏ដោយ ក៏សកម្មភាព អសកម្មមួយចំនួនធំ
នៅតែមានអត្ថិភាពដដែល ដូចជា៖ ការគៀបសិស្សដើម្បី រៀនគួជាដើម ។ដូច្នេះ
គឺមានតែការចេញសារាចរហាមការបង្រៀនគួទេ ទើបមានប្រសិទ្ធភាព
លើកលែងតែការបង្រៀនភាសាបរទេស និងមុខវិជ្ជាវិទ្យាសាស្រ្តកុំព្យូទ័រ ។ជារួមយើងមិនគួរបណ្តោយវាទៅជាជម្ងឺមហារីកទេ
គប្បីព្យាបាលឱ្យទាន់ពេលវេលានិងឆាប់បំផុត ។
៣-ឥរិយាបថអវិជ្ជមានរបស់ឪពុកម្តាយ
និងអាណាព្យាបាល
ជាទូទៅឪពុកម្តាយ អាណាព្យាបាលខ្មែរមួយចំនួនធំមិនមានទម្លាប់អានសៀវភៅ
ដែលធ្វើវប្បធម៌នៃការអាននៅតិចតួចនៅឡើយ។មួយវិញទៀតគេមិនសូវឃើញមានទូតាំងសៀវភៅនៅតាមគ្រួសារខ្មែរ
ដែលករណីនេះវាបង្ហាញពីភាពមិនសូវចិត្តទុកដាក់និងមិនយល់ពីគុណសម្បត្តិរបស់សៀវភៅដែលជាប្រភពសំខាន់ក្នុងការអភិវឌ្ឍចំណេះដឹង
និងសមត្ថភាព។ ចំណុចអសកម្មមួយចំនួនទៀតគឺឪពុកម្តាយមួយចំនួន
បានបំបាក់ទឹកចិត្តកូនដើម្បី ទាញយកផលប្រយោជន៏ពីកូន ដោយជំរុញកូនឱ្យឈប់រៀនដើម្បី ចូលធ្វើការរកប្រាក់
សម្រាប់ជាចំណូលគ្រួសារ ពិសេសការលើកយកហេតុផលពីភាពអយុត្តិធម៌ក្នុងសង្គមមកធ្វើឧបសគ្គ
និងផ្តល់ភាពអស់សង្ឃឹមដល់កូន ដូចជា៖រៀនបានប្រយោជន៍អី
យើងគ្មានលុយសូកគេធ្វើការងារទេ ឫគ្មានលុយរៀនមហាវិទ្យាល័យទេ
ឫបង្ហាញថា
និស្សិតបញ្ចប់មហាវិទ្យាល័យច្រើនណាស់នៅភ្នំពេញរកការងារធ្វើមិនបានផង
កន្លែងការងារល្អៗគេដាក់កូនគេអស់ហើយ... ពិសេសករណីនេះ
កើតឡើងចំពោះគ្រួសារដែលមានជីវភាពក្រីក្រលំបាក ។ស្ថានភាពក្រីក្រលំបាក
ធ្វើឱ្យពួកគាត់យល់ថា បញ្ហាក្រពះ សំខាន់ជាងការសិក្សា ហើយទង្វើនេះ
បានរុញកូនគាត់ចូលទៅក្នុងវដ្តនៃភាពក្រីក្រ
ព្រោះការដែលគាត់បោះបង់ការសិក្សា ធ្វើឱ្យទទួលបានការងារដែលប្រើកម្លាំង
និងកំណត់ដោយការងារដែលទទួលបានប្រាក់បេវត្សទាប ។ដូច្នេះ
គាត់បាត់បង់ឱកាសរំដោះខ្លួនពីភាពក្រីក្រ
ហើយមានការលំបាកច្រើនក្នុងគេចចេញពីនឹមនៃភាពក្រីក្រ ។ថ្វីត្បិតតែការចុះឈ្មោះចូលរៀនមិនបង់ថ្លៃ
តែគ្រួសារនីមួយៗ មានការចំណាយច្រើនសម្រាប់ការសិក្សារបស់កូន
ហើយគ្រួសារដែលក្រីក្រពិបាកលៃលកឱ្យកូនបន្តការសិក្សា ពិសេសចំណាយសម្រាប់ការបង្រៀនគួរក្រៅម៉ោងរបស់គ្រូ
ហើយបើកូនសិស្សមិនបានរៀនគួរបន្ថែមទេ សិស្សមានការលំបាកក្នុងការប្រកួតប្រជែងក្នុងទទួលបានជោគជ័យលើការសិក្សា។
លើសពីនេះទៅទៀត ស្ថានភាពអំពើហឹង្សាក្នុងគ្រួសារនៅតែកើតមានច្រើននៅឡើយនៅក្នុងប្រទេសកម្ពុជា
ដែលវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសិក្សារបស់កុមារនិងយុវជន។ទង្វើរបស់ឪពុកម្តាយ
អាណាព្យាបាលទាំងអស់នេះ ហើយធ្វើឱ្យការអប់រំនៅកម្ពុជាធ្លាក់ទាប ។
៤-ឥទ្ធិពលវប្បធម៌ពាលាអាវ៉ាសែបរទេស
និងកង្វះការយកចិត្តទុករបស់សង្គម
ចំណុចនេះ អ្នកវិភាគសូមលើកយក គំរូរបស់ប្រទេសសឹង្ហបូរីក្នុងការអភិវឌ្ឍប្រទេសដោយរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំងដល់វិស័យអប់រំ
និងសុខាភិបាល ។សម្រាប់វិស័យ អប់រំ ប្រទេសនេះសំបូរធនធានមនុស្សណាស់
និស្សិតជាច្រើនបានបញ្ចប់បរិញ្ញាប័ត្រ នៅក្នុងប្រទេស និងក្រៅប្រទេស
។មិនតែប៉ុណ្ណោះមាននិស្សិតជាច្រើនបន្តការសិក្សានៅក្រៅប្រទេសបន្ថែមទៀត
គ្រាន់តែសាកលវិទ្យាល័យហាវើតដ៏ល្បីល្បាញបំផុតមួយលើពិភពលោក
នៅសហរដ្ឋអាមេរិចមាននិស្សិតដល់ទៅរាប់ពាន់នាក់ដែលបានបញ្ចប់ការសិក្សានៅទីនោះ
ជាមួយនឹងនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សានៅទីនោះមិនដល់ដប់នាក់ផង។សម្រាប់ប្រទេសយើងវិញមាននិស្សិតច្រើនណាស់ដែលបានបញ្ចប់ការសិក្សាប៉ុន្តែភាគច្រើនមានតែបរិមាណ
មិនមានគុណភាពទេ។មកដល់ពេលនេះ ស្ថានភាពធ្លាក់ចុះនៃទំនុកចិត្តលើការសិក្សារបស់សិស្សានុសិស្ស
ពិសេសនៅតាមជនបទ ហាក់ដូចជា មិនទាន់ឃើញមានគោលនយោបាយច្បាស់លាស់សោះ ក្នុងដោះស្រាយបញ្ហានេះ
។ការបណ្តែតបណ្តោយសង្គមឱ្យធ្លាក់ចុះកាន់តែធ្ងន់ធ្ងរទៅៗដោយគ្មានគតិបណ្ឌិតអភិវឌ្ឍបង្ហាញពីកំសោយភាពរបស់ថ្នាក់ដឹកនាំ
និងភាពកំសាកក្នុងការទទួលស្គាល់ការពិត។ការមិនអើពើពីបញ្ហាទាំង
និងមិនមានដំណោះស្រាយសមស្របទាន់ពេលវេលាទេ វានឹងពន្យឺតការអភិវឌ្ឍប្រទេសជាក់ជាមិនខាន
និងសកម្មភាពអវិជ្ជមានកាន់តែកើតច្រើននៅក្នុងសង្គមកម្ពុជា នាពេលអនាគតដូចជា៖
ការកាប់បំផ្លាញព្រៃឈើ ការបំផ្លាញធនធានជលផល ធនធានរ៉ែ អំពើអសន្តិសុខសង្គម
អំពើហឹង្សាក្នុងគ្រួសារ...។ល។ចំពោះបញ្ហាវប្បធម៌មានការបកស្រាយច្រើនហើយនៅក្នុងអត្ថបទវិភាគការបំផ្លាញវប្បធម៌ខ្លួនឯង
អ្នកវិភាគមិនធ្វើការបកស្រាយបន្ថែមទៀតទេ។
ប្រជាជនក្រីក្រភាគច្រើនតែងតែមានបញ្ហាសុខភាពនិងជម្ងឺដង្កាត់ផ្សេងៗដូចជាៈជម្ងឺអេដស៏ គ្រុនចាញ់គ្រុនឈាម ជម្ងឺផ្លូវចិត្ត និងជម្ងឺផ្សេងៗទៀតដែលប៉ះពាល់ជាខ្លាំងដល់ដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅទន់ខ្សោយដោយសារការយល់ដឹងពីសុខភាព និងអនាម័យនៅមានកម្រិត ដូចជា៖ ការប្រើប្រាស់ទឹកស្អាត ថ្នាំពុលកសិកម្ម ការហូបចុក អាហារូបត្ថម្ភ ការសម្អាតបរិស្ថានរស់នៅ បញ្ហាចិត្ត-សង្គម...ជាដើម។ល។ ដោយសារកត្តាសុខភាពនេះហើយដែលធ្វើឲ្យមានការធ្លាក់ចុះនៃបរិមាណការងារដែលបុគ្គលក្រីក្រអាចធ្វើបាននិងធ្វើឲ្យប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារគាត់ធ្លាក់ចុះផងដែរជាហេតុរុញពួកគាត់កាន់តែចូលជ្រៅកប់ទៅក្នុងភាពក្រីក្រ។លើសពីនេះ គឺ វាធ្វើឲ្យបាត់បង់កម្លាំងពលកម្មដែលភាគច្រើនជាសមាសភាពសំខាន់ក្នុងគ្រួសារនិងជាប្រភពនៃប្រាក់ចំណូលគ្រួសារ។ធ្ងន់ធ្ងរជាងនេះទៅទៀតគឺការបន្សល់ទុកនូវបន្ទុកដល់សង្គម។ឧទាហរណ៏ឪពុកម្តាយស្លាប់បាត់បង់ជីវិតដោយសារជម្ងឺអេដស៏អស់នោះកូននឹងបាត់បង់ទីពឹងហើយអាចខូចអនាគតធ្លាក់ខ្លួនក្លាយជាក្មេងអនាថានិងបង្កអសន្តិសុខដល់សង្គម។មួយវិញទៀតហេតុធ្វើឲ្យប្រជាជនដែលមានជីវភាពក្រីក្រពិបាកលៃលកទិញនិងស្វះស្វែងរកសេវាសមស្របដូច្នេះធ្វើឲ្យស្ថានភាពសុខភាពនិងការរស់នៅរបស់ពួកគាត់កាន់តែធ្ងន់ធ្ងរមួយកម្រិតថែមទៀត ។ជាទូទៅយើងសង្កេតឃើញថា មានមន្ទីរពេទ្យបង្អែកគ្រប់ខេត្ត និងមណ្ឌលសុខភាពជាច្រើន ប៉ុន្តែកម្រិតនៃចូលរួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ និងមនសិការវិជ្ជាជីវៈជាគ្រូពេទ្យនៅតែមានកម្រិតខ្លាំងណាស់ ពិសេសស្ថាប័នរដ្ឋ ។នៅតាមមន្ទីរពេទ្យបង្អែក នីមួយៗមានបណ្តុំវេជ្ជបណ្ឌិតជាច្រើនបម្រើការនៅទីនោះតាមជំនាញឯកទេសរបស់ខ្លួន វាគួរជាស្ថាប័នដ៏រឹងមាំមួយ ប៉ុន្តែប្រជាពលរដ្ឋហាក់ដូចមិនសូវនិយមចូលចិត្តវាសោះ ខុសពីគ្លីនិចឯកជនរបស់គ្រូពេទ្យដែលបើកផ្ទាល់ខ្លួនទៅ វិញ ដែលជាទូទៅមានអតិថិជនអ្នកជម្ងឺច្រើន ។តើនេះមកពីមូលហេតុអ្វី ?មួយវិញទៀត យើងឃើញជាទូទៅ មុខរបរជាពេទ្យហាក់ដូចជាត្រូវប៉ាន់ខ្លាំងណាស់ ព្រោះពួកគាត់មួយចំនួនធំមានលទ្ធភាពបើកគ្លីនិចឯកជនរបស់ខ្លួនយ៉ាងធំស្កឹមស្កៃដែលបញ្ជក់ពីប្រភពប្រាក់ចំណូលខ្ពស់របស់អាជីពជាគ្រូពេទ្យនិងសបញ្ជក់ពីភាពខុសប្លែកគ្នាពីភាពរីកចម្រើនរវាងមន្ទីរពេទ្យរដ្ឋ និងគ្លីនិចឯកជន។ការបាត់បង់ទំនុកចិត្តលើមន្ទីរពេទ្យរដ្ឋ ធ្វើឱ្យគ្លីនិចឯកជនឆ្លៀតឱកាសធ្វើមានធ្វើបានលើស្ថានភាពសុខភាពប្រជាពលរដ្ឋនៅទន់ខ្សោយហើយវាជាឧបសគ្គធំបំផុតដែលរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេស។ ការចំណាយដ៏ច្រើនរបស់ប្រជាពលរដ្ឋ លើសុខភាព
វាបានបំផ្លាញដល់សេដ្ឋកិច្ចគ្រួសារ ហើយបន្ទាប់មកវាបំផ្លាញដល់សេដ្ឋកិច្ចជាតិ ។មកដល់ពេលនេះ តើមានការសិក្សាពីផលវិបាកនៃបញ្ហានេះដែរឬទេ ? តើអ្នកជំនាញរបស់ជាតិ មានវិធីសាស្រ្តណាខ្លះ ដោះស្រាយបញ្ហានេះ ?មួយវិញទៀត ពេលខ្លះសេវាកម្មព្យាបាលនៅ តាមស្ថាប័នមួយចំនួនមានតម្លៃខ្ពស់កប់ពពកបើធៀបនឹងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលវាពិតជាធ្វើឱ្យមានការពិបាកខ្លាំងណាស់សម្រាប់គ្រួសារក្រីក្រដែលមានសមាជិកឈឺ ឬត្រូវសង្គ្រោះបន្ទាន់នោះ ។នៅក្នុងន័យនេះ ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ លុយប្រហែលជាមានភាពបន្ទាន់ជាង។ជាមួយគ្នានេះដែរមានការលើកឡើងមួយចំនួនថា មូលហេតុនៃការយកតម្លៃព្យាបាលថ្លៃមកពី គាត់(គ្រូពេទ្យ)បានចំណាយច្រើនក្នុងការសិក្សា និងការចូលបម្រើការងារ ។បើមានការយល់ឃើញបែបនេះ តើគាត់សម្អាងលើឧត្តមគតិអ្វី ទើបគាត់យល់ឃើញបែបនេះ ? តើសាលារៀនបានបណ្តុះបណ្តាលគាត់ឱ្យក្លាយជាគ្រូពេទ្យបែបនេះឬ ? គ្មាននរណាគេតថ្លៃទេ សម្រាប់ថ្លៃព្យាបាលនិងថ្នាំបើស្ថិតក្នុងស្ថានភាពមានជម្ងឺ ត្រូវការព្យាបាលជាបន្ទាន់នោះ ដូច្នេះ គ្រូពេទ្យគួរតែយល់ពីទុក្ខលំបាករបស់ខ្មែរដូចគ្នា ហើយគប្បីយកតម្លៃសមរម្យ ។ចំណុចមួយទៀត
ការចំណាយលុយរបស់ប្រជាពលរដ្ឋក្នុងការព្យាបាលនៅក្រៅប្រទេសកាន់តែច្រើន
ដែលចំណុចនេះ វាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាខ្លាំង
ព្រោះថវិកាមួយចំនួនធំត្រូវបានយកទៅឱ្យប្រទេសផ្សេង ។លើលពីនេះទៅទៀតការដែលប្រជាពលរដ្ឋ
គ្មានទំនុកចិត្តទៅសុវត្ថិភាពសង្គម និងសុខុមាលភាពសង្គម
ធ្វើឱ្យប្រជាពលរដ្ឋត្បិតត្បៀតការចំណាយ ព្រោះ
ភ័យខ្លាចពីហានិភ័យផ្សេងៗដែលអាចកើតឡើងនៅពេលអនាគត ធ្វើឱ្យប៉ះពាល់ដល់សង្វាក់សេដ្ឋកិច្ច
និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះការចំណាយរបស់ភ្នាក់ងារសេដ្ឋកិច្ចមួយ
វាជាចំណូលរបស់ភ្នាក់ងារសេដ្ឋកិច្ចមួយទៀត។ករណីនេះ
រាជរដ្ឋាភិបាលគប្បីមានដំណោះស្រាយណាសមស្រប ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យបានទាន់ពេលវេលា។ជារួម
គ្រូពេទ្យគប្បីចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋតាមដែលអាចធ្វើបាន និងអនុវត្តការងារប្រកបដោយមនសិការ និងគុណធម៌ខ្ពស់ ដើម្បីឱ្យប្រទេសជាតិយើង មានការវិវត្តរីកចម្រើនទៅ មុន
វិភាគដោយៈ ចៅ ឧស្សាហ៍ -អតីតសិស្សពូកែអក្សរសាស្រ្តខ្មែរចំណាត់ថ្នាក់លេខ១ប្រចាំខេត្តស្វាយរៀង
“ការដែលមានក្មេងបង្ហាញចំណុចខ្សោយរបស់មនុស្សចាស់ហើយមនុស្សចាស់
ទាមទារឱ្យបង្ហាញភស្តុតាងជាក់លាក់នោះ វាគ្រាន់តែបង្ហាញភាពកំសាកមួយតែប៉ុណ្ណោះ”ousa
"កង្វះការកែលម្អប្រកបដោយប្រសិទ្ធភាពលើវិស័យអប់រំ នឹងនាំកម្ពុជាឱ្យធ្លាក់ទៅក្នុងមហន្តរាយជាក់ជាមិនខានឡើយនាពេលអនាគតB" ousa
"ការប្រឡង គឺជាឱកាសនៃការប្រព្រឹត្តអំពើពុករលួយដ៏ស៊ីជម្រៅមួយនៅក្នុងសង្គមខ្មែរ" ousa
" នៅក្នុងសង្គមមួយដែលបណ្តោយឱ្យគ្រូបង្រៀនធ្លាក់ខ្លួនពុករលួយ ស៊ីសំណូកហើយ សង្គមនោះនឹងធ្លាក់ដល់ក្តីអន្តរាយហើយ" ousa
“ណ្ហើយចុះ
ទៅជាយ៉ាងណាក៏ទៅចុះ ខ្ញុំមិនស្តាយក្រោយទេ សុំនិយាយខ្លះហើយ!!! ” ousa