Wednesday, October 31, 2012

ទស្សនវិជ្ជាៈ សូក្រាត និងពួកសូហ្វីស អ្នកស៊ីឈ្នួលនិយាយនៅក្រុងអាតែន


សូក្រាត
សូម​ដោនឡូន​តាម​លីង​មួយ​នេះ https://drive.google.com/open?id=1jEHbWzNFNamMjlNamzO0ag9oRIjH2jeQ

សូក្រាតត្រូវ​បាន​ជនជាតិ​ក្រិច​ចាត់ទុកថា ជាបិតាទស្សនវិជ្ជា ។គាត់ជា​ទស្សនវិទូ​ឥតកែប្រែ ​បាន​សេចក្តីថា​គាត់រស់នៅក្នុង​ទស្សនវិជ្ជា ហើយដល់​ស្លាប់ទៅវិញ ក៏នៅក្នុង​ទស្សនវិជ្ជាដែរ ។​គំនិត​ដែល​គាត់​លើកយក​មក​អនុវត្ត​គីជា​គំនិត​សច្ចៈ ហើយ​មិន​មាន​ជា​សច្ចៈ​ក្លែង​បន្លំឡើយ ។គាត់​ជាទស្សនវិទូ​ដែល​ចូល​ចិត្ត​ឱ្យ​មាន​សេរីភាព​ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ ទុក​ពេល​ទំនេរ​ ដើម្បី​ធ្វើ​ការ​គិត​ពិចារណា​រឿង​សង្គម​មនុស្ស​ ហើយ​គាត់​តែង​និយាយ​ថា “​ម្តាយ​ខ្ញុំ​ជាឆ្មប​សម្រាល​កូន​ ចំណែក​ខ្ញុំ​ជាឆ្មប​សម្រាល​គំនិត​” ។ចំពោះ​វិធី​បង្រៀន​របស់​គាត់​មាន​ពីរ​គឺ​សិល្បៈ​បង្កើត​គំនិត និងការចំអក ។សូក្រាត​ប្រើវិធីបង្កើត​គំនិត ​ចំពោះ​មនុស្សសាមញ្ញ​ដែល​មិនចេះ​អួតអាង​ហើយ​ដឹង​ថា ​​ខ្លួន​​គ្មានចេះ​​អ្វីសោះ ហើយ​គាត់​ធ្លាប់​បង្ហាញ​ដល់​សិស្ស​គាត់​នូវ​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា “ ​ហូត​យក​ចំណេះ​ដឹង​ពី​មនុស្ស​”  ។ឃ្លាចម្បង​របស់​គាត់​​ស្តី​ពី​ទស្សនវិជ្ជា​គឺ​ ខ្ញុំ​ដឹង​តែ​មួយ​មុខ​គត់​ គឺ​គ្មាន​ចេះ​អ្វី​សោះ ។មួយ​វិញទៀត គាត់​បាន​លើក​​ឡើង​ថា “ត្រូវ​ដុស​ខាត់​ព្រលឺង ឱ្យ​បាន​ប្រសើរ​ជាង​ដុស​ខាត់​សរីរៈ និង​ត្រូវ​ជជែក​​គ្នា ដើម្បី រកការពិត​ ព្រោះ​​ការ​ជជែក​ជាវិធី​បង្កើត​គំនិត” ។សូក្រាត​មិន​ត្រឹមតែ​ទស្សនវិទូ​ដ៏ ល្បីលាញ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​យុទ្ធជន​ដ៏ឆ្នើម​ទៀត​ផង ។គាត់​ស័្មគ្រ​ចិត្ត​ធ្វើ​ពលីកម្ម ប្តូរ​ជីវិត​ខ្លួន​ឯង គឺ​មិនសុខចិត្ត​រត់​ចោល ​សមមិត្ត​រួម​អាវុធ​ក្នុង​​សមភូមិ​ឡើយ ។លើ​សនេះ គាត់​ជា​មនុស្ស​មិន​ចូលចិត្ត​ភាព អយុត្តិធម៌​ទេ ម្លោះ ហើយ ​គាត់​ត្រូវ​តែ​ប្រឆាំង​នឹង​​អំពើ​អាក្រក់​ទាំង​នោះ ជានិច្ច ។​ពាក្យ​​ស្លោក​និង​ភាសិត​​របស់​​​គាត់​​ត្រូវ​បានកត់ទុកបាន​មួយ​ចំនួន​ដូចជា៖ “បុគ្គលណា​ដែល​ចាត់​ទុក​ខ្លួន​ថា​ជា​​ទស្សនវិទូ គឺ​បុគ្គល​នោះ​ជាអ្នក​សាកល្បង រុញ​ខ្លួន​បន្តិច​ម្តងៗ បង្ខិត​ជីវិត​ឱ្យ​ចូល​ទៅ រក​សេចក្តី​ស្លាប់​ ព្រោះ​ហ៊ាន​ធានា​ការ​ពារ​អះអាង​ពី​យុត្តិធម៌ និង​សច្ច​ធម៌ របស់​សង្គម ។កាល​បើ​ហ៊ាន​បញ្ជាក់​ពី​យុត្តិធម៌​ និង​សច្ចធម៌​ ដូច្នេះ​ហើយ​ដែលជា​ទំនាស់​រវាង​ច្បាប់​ និង​ការកាន់​ច្បាប់​ ។​​តើ​ច្បាប់​មាន​លំអៀង​ដែរ​ឬទេ? ច្បាប់​ធានា​ជីវិត​ប្រកប​ដោយ​សច្ចភាព​ដែរ​ឬ​ទេ ?ច្បាប់​បម្រើ ​ទៅ​តាម​គោល​ដៅ​នៃអ្នក​ចង់​បាន​យុត្តិធម៌​ដែរ​ឬទេ ?​” ពាក្យ​ស្លោក​សូក្រាត​នេះ គឺ​គាត់​ចង់​និយាយ​ពី​សច្ចៈ​ និង​យុត្តិធម៌​ ។ទាក់​ទង​នឹង​ទស្សនៈនេះ សិស្សរបស់​គាត់​ប្លាតុង បាន​និយាយ​ថា “ ច្បាប់​នៅក្នុង​ក្រុង​អាតែន​ បញ្ជា​ហាម​ឃាត់​ឱ្យ​ខ្លួន​ខ្ញុំ​រស់​នៅ​ស្ងប់​ស្ងៀម​បាន​ ប៉ុន្តែ​មិនអាច​ធ្វើ​ឱ្យ​ព្រលឹង​វិញាណ​របស់​ខ្ញុំ​ស្ងប់​ស្ងៀម​បាន​ឡើយ​ ហើយ​អ្នក​ក៏​ស្គាល់​ច្បាស់​នូវ​សច្ចភាព​ ដែល​ជាភាព​ផ្ទុយ​ពី​អយុត្តិធម៌ ។ពេល​នេះ ខ្ញុំ​ជួប​អយុត្តិធម៌​ហើយ​ អយុត្តិធម៌​នេះ​ឯង​កំពុង​ទំពារ​ខាំ​ខ្ញុំ​ បង្ខំ​ខ្ញុំ​ឱ្យ​លះបង់​សច្ចភាព​...ខ្ញុំ​ជឿ​ជាក់​ថា សច្ចភាព​ពិត​ជា​ឈ្នះ នៅ ចុង​ក្រោយ​នៃ​ជីវិត​របស់​ខ្ញុំ​ត្រូវ​រលត់ ។” ថ្ងៃ​មួយ​ សូក្រាត​បាន​និយា​យ​ផ្លែផ្កា​ឱ្យ​អ្នក​នយោបាយ​ម្នាក់​ថា៖ “ មនុស្ស​ម្នាក់​ៗ ហើយ​ស្ទើ​រតែ​គ្រប់​គ្នា​ច្រើន​ភាន់​ច្រឡំ​ថា​ខ្លួន​បាន​រៀន​ចេះ​ចប់​សព្វ​គ្រប់​អស់​ហើយ​ តាម​ពិត​មនុស្ស​ដែល​អួត​អាង​ថា​ចេះ​ដឹង​នៅជុំ​វិញ​ខ្ញុំ​នេះ គឺ​គ្រាន់​តែ​ជា​ការ​ហាត់​ពោល​ថា​តាម​ក្បូន​របស់​អ្នក​ប្រាជ្ញជាន់​មុនៗ​មក​ប៉ុណ្ណោះ ។​ឯ​ការ​ពិត​អ្នក​ទាំង​នោះ​ពុំ​ទាន់​យល់​ដឹង​អំពី អាថ៌កំបាំង​នៃ​វិជ្ជា​ជ្រៅៗ​ ខ្ពស់​ប្លែកៗ​ ច្រើន​ស្រទាប់​ណាស់​ ដែ​ល​គេ​នឹក​មិនឃើញ​ យល់​មិន​ដល់ ហើយ​បែរ​ជា​អួត​ខ្លួន​ដោយ​យក​ការ​ល្ងង់​ខ្លៅ​មក​អះអាង​ ថា​ជា​ការ​ចេះ​ដឹង​ទៅ​វិញ ។​ទស្សនៈ​របស់​សូក្រាត​នេះ​ចង់​បញ្ជក់​ពី​ភាព​ស្គាល់​ខ្លួន​ឯង​ដោយ​ខ្លួន​ឯង និង​ត្រូវ​ស្គាល់​ខ្លួន​ឯង​ 
មុន​នឹង​ស្គាល់​អ្វីៗ​​ដទៃ​​ទៀត​ ។អ្នក​នយោបាយ​អគតិ​នោះ​មិន​យល់​ពីទស្សនៈរបស់​សូក្រាត​បែ​រជាខឺង​ជា​ខ្លាំង ហើយ​ចោទ​គាត់​ថា បាន​និយាយ​តិះដៀល​បង្អាប់​គេ ។ជា​ច្រើន​លើក​ច្រើ​ន​សារ គាត់តែង​ប្រឈម​មុខ​ជាមួយ​រដ្ឋ​អំណាច ក្នុង​គោល​បំណង​ព្យាយាម​បញ្ចូល​នូវ​ទស្សនៈ​នយោបាយ​តិះ​ទៀត​ដ៏​ល្បី​ល្បាញ​របស់​គាត់​ ។​ចុងបញ្ចប់​ សូក្រាត​ត្រូវ​បានគេ​​
កាត់​ទោស​ប្រហារ​ជីវិត​ដោយ​ថ្នាំ​ពុល​ពី​បទចោទប្រកាន់​ បំផ្លាញ​យុវវ័យ ហើយ​មិន​ជឿ​លើ​អាទិទេព ទីក្រុង តាមរយៈ​ការ​និយាយ​ញុះ​ញង់​ជាសាធារណៈ ។ស្ថិតក្នុង​ស្ថានភាព​នេះ​ សូក្រាត​មិន​បាន​តក់ស្លុត​និង​សុំ​គេ​ ដើម្បី សម្រាល​ទោស
ឬ​មាន​គំនិត​រត់​គេច​ពី​គុក​ទេ ព្រោះ​គាត់​នៅ តែ​មាន​ជំនឿ​លើ​គោលការណ៍​មិន​រំលោភ​ច្បាប់។ មរណៈ​ភាព​របស់​សូក្រាត​បាន​លេច​​ឡើង​​នូវ​ចំណោទ ជា​ច្រើន​រាប់​មិន​​អស់​ ស្តី​អំពី​ការ​គំរាម​កំហែង​ដល់​បញ្ញា​វ័ន្ត​ដែល​​កំពុង​តែ​ចូលរួម​​ក្នុង​កិច្ចការ​នយោ​បាយ ។​លក្ខណៈ​សម្បត្តិរបស់​សូក្រាត​ខាង​លើ គឺ​ខុស​ពី​ពួក​សូហ្វីស ដែល​ជាសត្រូវ​មាន​គំនិត​ប្រឆាំង​នឹង​ទស្សន​វិជ្ជា​សូក្រាត ។​ជា​និច្ចកាល​ពួកនេះ​តែង​តែ​ព្យាយាម​តាម​ផ្តន្ទា​ឈ្នានីស បង្ក​ហេតុ​រក​រឿង​ បន្តុះ​បង្អាប់​សូក្រាត​ឥត​ឈប់​ឈរ ពោលគឺ​ចង់​បន្ទាប​បន្ថោកទ្រឹស្តី​របស់​សូក្រាត​ឱ្យ​ចុះ​អាប់​ឱន​ជាង​ខ្លួន ។ពួក​សូហ្វីស​បាន​លើក​យក​ឈ្មោះ​សូក្រាត មក​ប្រឌិត​ជា​រឿង​ឥត​ប្រយោជន៍ សម្រាប់​សើច​ចំអក លេង​ជា​ល្បែង ទុក​រូបលោក​ដូច​ជា​កូន​ក្មេង ។ក្នុង​តម្លៃ​សីលធម៌​​សូក្រាត​ជានិច្ច​កាល​ ចេញ​មុខ​ប្រឆាំង​នឹង​ពួក​សូហ្វីស ដែ​លពូកែ​អួត ហើយ​ចូល​ចិត្ត​យក​​ពាក្យ​សម្តី​ទៅ ប្រើ​ផ្លូវ​ខុស និង​ធ្វើ​អាកប្បកិរិយា ដូចជា អ្នក​ចេះ​ដឹង ច្រើន ។ភាគច្រើន​នៃ​ពួក​សូហ្វីស​បាន​អះអាង​ថា អ្វីដែល​យើង​កំណត់​ថា​ត្រឹមត្រូវ​ យុត្តិធម៌ គឺ​គ្រាន់​តែ​ជា​ការ​បង្ហាញតាម​តែ​អំពើ​ចិត្ត​​តែ​ប៉ុណ្ណោះ ។អនុភាព​នៃភាព​ត្រឹម​ត្រូវ​ យុត្តិធម៌ គឺ​កម្លាំង​ដែល​ធ្វើ​ឱ្យ​ជឿ​ តាម​រយៈ​ភាព​ប៉ិនប្រសប់​នៃ​ការ​និយាយ​ និង​អូសទាញ ។ជាទូទៅ ពួក​សូហ្វីស​ជាអ្នក​ស៊ីឈ្នួល​និយាយ ឱ្យ​អ្នក​នយោ​បាយ​ និង​មេធាវីជំរះក្តី ព្រោះ ពួក​គាត់​​មាន​សមត្ថភាព​អាច​និយាយ​ បកស្រាយ​ពី​ខ្មៅ​ ទៅ​ស ឬ​ពី​ស ទៅ ជាខ្មៅ​បាន។គោល​បំណង​អតិថិជន​ពួក​នេះ​ គឺ​ចង់​ឈ្នះតាម​រយៈ​ការ​លើក​ឡើង​នូវ​ហេតុផល​សមស្រប​មួយ មិន​មែន​ចង់​ទទួល​បាន​​ចម្លើយ​ត្រឹម​ត្រូវ​ទេ ។គេ​ត្រូវ​បង់​ថ្លៃ​ឱ្យ​ពួក​នេះ ដើម្បី​ឱ្យ​បង្រៀន​មនុស្ស​ទាំង​ឡាយ​ឱ្យ​ចេះ​និយាយ​ អះអាង និង​បញ្ចុះ​បញ្ចូល ។ជំនាញ​ទាំង​ឡាយ​ ដែល​ពួក​សូហ្វីស​បាន​បង្រៀន គឺ​ល្បិច និង​ឧបាយកលក្នុការ​ពិភាក្សាដេញ​ដោល​ ហើយ​នឹងការបោក ឬ​ការ​បំភាន់​ជាជាង​សិល្បះ ​នៃ​ការ​ធ្វើ​ទឡ្ហីកម្ម ប្រកបដោយ​វិចារណញាណ ។ទោះ​បី​ជា​ពួក​សូហ្វីស ខិត​ខំធ្វើការ​បន្តុះបង្អាប់​សូក្រាត យ៉ាងណាក៏​ដោយ ក៏​ប្រជាជន​ស្ទើរ​តែ​ទាំង​អស់​ នៅតែ​គោរព​ ស្រឡាញ់ទ្រឹស្តី និង​រូប​លោក​​ដដែល ។ជារួម​ មាន​តែ​សូក្រាត​ទេ​ដែល​ជា​ទស្សនវិទូ​ពិតប្រាកដ ស្រឡាញ់សច្ចធម៌​ យុត្តិធម៌ ចំណែកឯ​ពួក​សូហ្វីស​ជា​អ្នក​​ដែល​មាន​សច្ចធម៌​ យុត្តិធម៌ក្លែងក្លាយ ។ពួក​សូហ្វីសនេះ គ្រាន់តែ​អាចបោក​ប្រាស​ និង​ឆក់ឱកាស​យក​ផល​​​ប្រយោជន៍ ពី​ភាព​ឆោត​ល្ងង់​របស់​ជន​មួយ​ក្តាប់​តួច​ប៉ុណ្ណោះ ។​​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ មាន​​អ្នក​ទទួល​បាន​សញ្ញា​ប័ត្រ PhD (PhD=បណ្ឌិតទស្សនវិជ្ជា )ជា​ច្រើន ដែល​មិន​បាន​គិត​ដល់​ពី សញ្ញាប័ត្រខ្លួន​ បាន​ផ្សារភ្ជាប់​នឹង​ពាក្យ​ទស្សនវិជ្ជា ហើយបាន​​អួត​អាង​ខ្លួន​ដូច​ពួក​សូហ្វីស ។អ្នក​ទាំង​នេះ​ បាន​ត្រឹម​តែ បោក​អ្នក​ល្ងង់​ខ្លៅ មួយ​ចំនួន​ប៉ុណ្ណោះ បើ​ជួប​នឹង​អ្នក​ទស្សនវិជ្ជា​ពិត​ដូច​សូក្រាត ពិត​ជា​ខ្ចប់​ជា​មិន​ខាន ។នៅ​ស្រុកខ្មែរ​ បើសំបូរ​មនុស្ស​ដូច​ពួកសូហ្វីស ហើយ​មិន​សូវ​មាន​មនុស្ស​ដូច​សូក្រាតប្រហែលជា អាច​អូស​សង្គម​ឱ្យ​ដើរ​ថយ ពិសេសបើពួកគាត់​ជាអ្នក​កាន់​ក្បាល​មេក្រូ៕
ដោយៈ ចៅ ឧស្សាហ៍ អតីតសិស្សពូកែអក្សរសាស្ត្រខ្មែរប្រចាំខេត្តស្វាយរៀង

Sunday, October 28, 2012

ការលើកកម្ពស់​ប្រសិទ្ធភាព និងគុណភាព​ការងារ​នៅ​ស្ថាប័នមួយ


គំនិត​នៃការ​ចូល​រួ​ម​ចំណែក​លើកកម្ពស់​ប្រសិទ្ធភាពនិងគុណភាព​ការងារនៅតាម​ស្ថាប័ន​សាធារណៈ
មានការឡើង​ថា​អនុវត្ត​ការងារ​ជា​មន្រ្តី រាជការ​ស៊ីវិល​ នៅ​តាម​ស្ថាប័ន​សាធារណៈ​មួយ​ចំនួន​មិនសូវ​រវល់​ដូច​បម្រើ​ការងារ​នៅតាម​ផ្នែក​ឯកជន​ និង​អង្គការ​សង្គម​ស៊ីវិល​ទេ​។​តើ​ហេតុ​អ្វី បាន​​ជា​មាន​គេលើកឡើង​ដូច្នេះ ? ស្ថិតក្នុង​ស្ថាន​ភាព​ប្រទេស​ កំពុង​អភិវឌ្ឍន៍ មន្រ្តី រាជការ​ស៊ីវិល មិន​មាន​ហេតុ​ផល​ទាល់​តែ​សោះ​ដែល​ថា ពួក​គាត់​មាន​ភាព​ទំនេរ​ច្រើននោះ ។ខ្ញុំ​គិត​ថា មាន​ការ​ច្រើន​ណាស់​សម្រាប់​ពួក​គាត់​ដែល​ត្រូវ​ធ្វើ​ដើម្បី​ចូល​រួម​ចំណែក​ សកម្ម​ក្នុង​ការ​ អភិវឌ្ឍន៍​ប្រទេស ព្រោះ​វាជា​រឿង​ចាំ​បាច់​បំផុត​មួយ​។ការ​ងារ​ដែល​ផែនការ​ច្បាស់​លាស់​ ទាំង​បុគ្គលិក​តូច​តាច​រហូត​ដល់​ថ្នាក់​ដឹកនាំ ហើយ​មានការត្រួត​ពិនិត្យ​ច្បាស់​លាស់​លើ​ផែនការនោះ​​អាច​លុប​បំបាត់​ភាព​ ទំនេរ​របស់​បុគ្គលិក​បាន ។​បុគ្គលិក​ត្រូវ​អនុវត្ត​តាម​ផែនការ​ប្រចាំ​ខែ​របស់​ខ្លួន ហើយ​ថ្នាក់​ដឹកនាំ​ត្រូវ​រៀប​ចំ​ការ​ប្រជុំជា​ទៀង​ទាត់​​ដើម្បី​តាមដាន​​និង ​វាយ​តម្លៃការ​អនុវត្ត​ការងារ​នោះ ។​នៅ​ចុង​បញ្ចប់​គឺ​ការ​សរសេរ​របាយ​ការណ៍ ដែល​បង្ហាញ​ជាក់ច្បាស់​ពី​លទ្ធផល​ទទួល​បាន ពីការ​អនុវត្ត​ការងារ​កន្លងមក​និង​វាស់​វែង​លទ្ធ​ផល​នោះ ។​តាម​រយៈ​ការ​តាមដាន​ជា​ប្រចាំ​ និង​វាយ​តម្លៃ​អាច​ឱ្យ​អ្នក​ដឹកនាំ​រកឃើញ​នូវ​ចំណុច​ខ្លាំង​ និង​បញ្ហា​ប្រឈម​នានា​ក្នុង​អំឡុង​ពេល​អនុវត្ត​ការងារ​ ហើយ​ងាយ​ដាក់​ចេញ​នូវ​អនុសាសន៍​ល្អៗ​សម្រាប់​អភវិឌ្ឍន៍​ការងារ​ក៏​ដូច​ជា​ ស្ថាប័ន​ទាំង​មូល​។អ្នក​ដឹកនាំល្អ គឺ​ជា​អ្នក​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ការងារ​ និង​បង្កើត​ការងារ​ឱ្យ​អ្នក​ក្រោម​ឱវាទ សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​សង្វាក់​ការងារ​មាន​ដំណើរ​ការ​ទៅ​មុខ ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព​។ ជាទូទៅ​ថ្នាក់​ដឹកនាំ​ជា​ច្រើន​យល់​ច្បាស់​ណាស់​ពី​ការ​គ្រប់​គ្រង​បែប​ សាមញ្ញ​ខាង​លើ ប៉ុន្តែ បើ​នៅ​តែ​មាន​បុគ្គលិក​ទំនេរ​ច្រើន​​និង​មាន​ចោទ​ជា​បញ្ហា​ដូច​ខាងលើ​គឺ​មក​ ពី​កង្វះ​សមត្ថភាព​របស់​ថ្នាក់​ដឹក​នាំ​នោះ​ក្នុង​រៀប​ចំបង្កើត​ការងារ​ឱ្យ​ បុគ្គលិក​ និង​ភាព នៅ​មាន​កម្រិតនៃ​សមត្ថភាព គ្រប់​គ្រង​ដឹកនាំ ។​តើ​ស្ថាប័ន​សាធារណៈ​ប៉ុន្មាន​ បាន​រៀបចំ​ផែនការ​ការងារ​ប្រចាំខែ ច្បាស់​លាស់​នោះ ? តើ​មាន​បុគ្គលិក​រដ្ឋ​ប៉ុន្មាន​នាក់​ដែល​ស៊ី​ប្រាក់​ខែ​រដ្ឋ​ ហើយ​មិន​សូវ​​ធ្វើ​ការនោះ ?តើ​មាន​បុគ្គល​ប៉ុន្មាន​នាក់​ដែល​តែង​តែ​ត្អូញ​ពី​ប្រាក់​បេវត្ស​ទាប និង​មិន​សូវ​ឆន្ទៈ​ក្នុង​ការ​បំពេញ​ការងារ​នោះ​?​វា ​មិនជា​ប្រសើរ​ឡើយ​ បើ​មាន​បុគ្គលិក​ខ្លះ មាន​ការងារ​ធ្វើ​ច្រើន​ បុគ្គលិកខ្លះ​ទៀត​មាន​តិច ខ្លះ​មាន​ប្រអប់​ និង​ខ្លះ​ទៀត​មិនសូវ​​មាន​ប្រអប់ ព្រោះ​វា​ធ្វើ​ឱ្យ​អតុល្យ​ភាព​នៃសង្វាក់​ការងារ​ ភាព​ច្រណែន និង​នាំ​ឱ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​ ដែល​​អាច​បង្ក​ឱ្យ​មាន​ភាព​ល្អក់​កករ​នៅ​ក្នុង​ស្ថាប័ន​។ ជាទូទៅ​យើង​សង្កេត​ឃើញ​អង្គការ​សង្គម​ស៊ីវិល​មាន​ភាព​ច្បាស់​លាស់​ច្រើន​​​ លើ​ការ​រៀបចំផែនការ​ ការអនុវត្ត​ ការ​តាមដាន​ និង​វាយ​តម្លៃ ដែល​ជា​ហេតុ​ធ្វើ​បុគ្គលិក​មាន​ការងារ​ធ្វើ​ជា​ប្រចាំ​​និង​នាំ​ឱ្យ​មាន​ការ ​លើក​ឡើង​នូវ​គំនិត​ប្រៀប​ធៀប​ខាងលើ​។មួយ​វិញ​ទៀត​យើង​ឃើញ​មាន​ទំនាស់​យ៉ាង​ ស្រួច​ស្រាល​ពី​បញ្ហា​ផលប្រយោជន៍ នៅ​តាមស្ថាប័ន​សាធារណៈ ។ដោយសារ​ទំនាស់​ផល​ប្រយោជន៍​បុគ្គល​មួយ​ចំនួនមិន​យក​ចិត្ត​ទុក​ដាក់ និង​មិន​មាន​ឆន្ទះ​ពេញ​លេញក្នុង​ការ​បំពេញ​ការងារ​ ឱ្យ​បាន​ល្អ​ប្រសើរ ដោយ​ផ្តោត​តែ​ទៅ ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជាជាង​ការ​អភិវឌ្ឍ​ការងារ​។​បុគ្គល​មួយ​ចំនួន​ទៀតមើល​ស្រាលថ្នាក់​ដឹកនាំ​ថា​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ឡើង​តួនាទីដោយ​សារ​ការសូក​ប៉ាន់ មាន​មោទន​ភាព​លើ​សមត្ថភាព​ខ្លួន​ជ្រុល​​និង​មិន​ពេញ​ចិត្ត មិន​មាន​មនសិការ​ ​ក្នុង​ការ​បំពេញ​ការងារ​ដែល​ជា​ភារកិច្ច​របស់​ខ្លួន ។​បុគ្គល​បែប​នេះ​ ក៏​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ជា​អ្នក​ដឹកនាំ​ គ្រប់​គ្រង​ដែរ ព្រោះ​គាត់​មិន​បាន​ផ្តោត​លើ​គុណធម៌​ដ៏​ខ្ពង់​ខ្ពស់​ចំពោះ​ជាតិ​ មាតុ​ភូមិ​ទេ​។បុគ្គល​មួយ​ចំនួន​ផ្សេងទៀត​ ប្រើប្រាស់​តួនាទី និង​ឱកាស​របស់​ខ្លួន​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​ជាង​យក​ ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ ។បើ​អ្នក​ដឹកនាំ​បាន​ដោយ​ការ​សូក​ប៉ាន់​ នោះ​វា​នឹង​បង្កើត​បាន​​អ្នក​ដឹក​នាំ​មួយ​ដែល​ស្វះ​ស្វែង​រក​ផល​ប្រយោជន៍​ ផ្ទាល់​ខ្លួន​វិញ​ពី​ការ​អនុវត្ត​ការងារ និង​ធ្វើ​ឱ្យ​អ្នក​ក្រោម​ឱ​វាទ​បាក់​ទឹក​ចិត្ត​។ដូច្នេះ គប្បី​លុប​បំបាត់​វប្បធម៌​វែក​ដំបូល​ និងការ​ជ្រើស​តាំង​តាម​រយៈ​ការ​សូក​ប៉ាន់ បក្សពួក​និយម​ ខ្សែនិយម​ ...ទៀត ​ទៅ​ គួរ​គប្បី​ផ្តោត​សំខាន់​ទៅ លើ​សមត្ថភាពផ្ទាល់​របស់​ពួក​គេទៅ វិញទើ​បល្អ​ជាង​សម្រាប់​ស្ថាន​ភាព​ប្រទេស​បច្ចុប្បន្ន​។ ស្ថិត​ក្នុង​ន័យ​នេះ​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​មន្រ្តី រាជ​ការ​ស៊ីវិលគឺ​ជា​រឿង​បន្ទាន់​មួយ ពោល​គឺ​ដើម្បី​លើក​កម្ពស់​ឱកាស​អភិវឌ្ឍន៍​ការងារ​ និងលុបបំបាត់​ការ​ឆ្លៀត​ឱកាស​សម្លឹង​រកមើល​ផល​ប្រយោជន៍ពី​ការងារ ។មួយវិញ​ទៀត ​អ្នក​វិភាគយល់ឃើ​ញថា ចំណុច​ខ្ពស់​បំផុត​នៃ​សមត្ថភាព និង​សន្ទុះខ្លាំងក្លា​នៃការ​ប្រើប្រាស់​គំនិត​ច្នៃ​ប្រឌិត​អភិវឌ្ឍន៍​ការងារ ​​សម្រាប់ថ្នាក់​ដឹកនាំ​តែង​តាំង​ថ្មី គឺ​មាន​​ចន្លោះ តែពី​៤​ទៅ​៥​ឆ្នាំ​ប៉ុណ្ណោះ ។ភាគ​ច្រើន​ក្មេង​មាន​គំនិត​បង្កើត​ថ្មី អភិវឌ្ឍន៍​ថ្មី​ច្រើន​​ និង​ភាព​រហ័ស​រហួន​ច្រើន​ជាង​មនុស្សចាស់ ប៉ុន្តែ​មនុស្ស​ចាស់​មាន​ភាព​ចាស់​ទុំ​ ស្គាល់​រាក់​ជ្រៅ​ និង​ការ​ប្រយ័ត្ន​ច្រើន​ជាងក្នុង​ការ​អនុវត្ត​ការងារ​ ដូច្នេះ​វា​សម​ណាស់​សម្រាប់​ពួក​គាត់​ធ្វើ​ជា​ទីបឹក្សាសម្រាប់​ក្មេងៗជំនាន់ ​ក្រោយ​។បើ​​ឱកាស​ប្រកប​ដោយ​យុត្តិធម៌​សម្រាប់​ក្មេងៗដែល​មាន​សមត្ថភាព​ធ្វើ ​ជា​អ្នក​ដឹកនាំ នោះ​រលកនៃ សន្ទុះ​សិក្សា​រៀន​សូត្រ និង​ការ​ប្រឹង​ប្រែង​ការងារ​នឹង​មាន​ការ​វិវត្ត​រីក​ចម្រើនទៅ​មុខលឿន ​។មិន​តែ​ប៉ុណ្ណោះ​ ក្តី​សង្ឃឹម​អនាគត សម្រាប់​ក្មេងៗនឹង​កើត​មាន​ច្រើន​ ពិសេស​ការ​ប្រ​កួត​ប្រជែង​ដើម្បី​ភាព ជាអ្នក​ដឹក​នាំ ។ស្ថិតក្នុង​ន័យ​នេះ គេ​គប្បី​យកចិត្ត​ទុក​ដល់​អនុ​ជន​ជំនាន់​ក្រោយ​បាន​ច្រើន​ ដោយ​ផ្តល់​ឱកាស​ឱ្យ​បាន​ទូលំ​ទូលាយ​ថែម​ទៀត​ដើម្បី​ឱ្យ​ពួក​គេ អា​ច​បញ្ចេញ​សមត្ថភាព​ក្នុង​ភាព​ជាអ្នក​ដឹកនាំ ទាំង​កម្រិត​ដឹកនាំនៅ​ថ្នាក់​ភូមិ​ ឃុំឡើង​ទៅ ។
ដោយៈ ចៅ ឧស្សាហ៍ គ្រូបង្រៀនកម្រិត​ឧត្តម
“​ជនគតិបណ្ឌិត​សម្លឹង​មើល​សង្គម​ពោរពេញ​ទៅ ដោយ​ឱកាស​អភិវឌ្ឍន៍​ ចំណែក​ឯ​ជនអគតិ​សម្លឹង​មើល​សង្គម​ពោរពេញ​ទៅ​ដោយ​ការ​ឆ្លៀត​ឱកាស"​ousa
​​​​​​​​​​​​​​​​​
“​អ្នក​មិន​គួរ​ត្អូញ​ត្អែរ​ពីអ្វី​ ដែល​ជាតិ​មិន​បាន​ផ្តល់​ឱ្យ​អ្នក​ទេ អ្នក​គួរ​ត្អូញ​ត្អែរពី ខ្លួន​អ្នក​ដែល​មិន​បាន​ផ្តល់​អ្វី​ដល់​ជាតិ" ousa


ការឆ្លៀតឱកាសពីស្ថានភាពសុខភាពប្រជាពលរដ្ឋក្រីក្រនៅទន់ខ្សោយ


ប្រជាជន​ក្រីក្រ​ភាគ​ច្រើន​តែងតែ​មាន​បញ្ហា​សុខភាព​និង​ជម្ងឺដង្កាត់​ផ្សេងៗ​ដូច​ជាៈ​ជម្ងឺអេដស៏ គ្រុន​ចាញ់​គ្រុន​ឈាម ជម្ងឺផ្លូវចិត្ត និងជម្ងឺផ្សេងៗ​ទៀត​ដែល​ប៉ះ​ពាល់​ជា​ខ្លាំងដល់​ដំណើរការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ​។​ស្ថាន​ភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទន់​ខ្សោយ​ដោយ​សារ​ការ​យល់ដឹង​ពី​សុខភាព​ និង​អនា​ម័យ​នៅ​​មាន​កម្រិត​ ដូចជា៖ ការ​ប្រើប្រាស់​ទឹក​ស្អាត ថ្នាំ​ពុល​កសិកម្ម ការ​ហូបចុក​ អាហារូបត្ថម្ភ ការ​សម្អាត​បរិ​ស្ថាន​រស់​នៅ​ បញ្ហា​ចិត្ត-សង្គម​...ជា ​ដើម​។ល​។ ដោយ​សារ​កត្តា​សុខ​ភាពនេះហើយដែល​ធ្វើឲ្យ​មានការ​ធ្លាក់​ចុះនៃ​បរិមាណ​ការងា​ រ​ដែល​បុគ្គល​ក្រី​ក្រ​អាចធ្វើ​បាននិង​ធ្វើឲ្យ​ប្រាក់​ចំណូល​សម្រាប់​ ផ្គត់ផ្គង់ជីវភាព​គ្រួសារ​គាត់​​ធ្លាក់​ចុះផង​ដែរជា​ហេតុ​រុញ​ពួកគាត់កាន់​ តែ​ចូល​ជ្រៅ​កប់ទៅ​ក្នុង​ភាព​ក្រីក្រ។លើសពីនេះ គឺ វាធ្វើឲ្យ​បាត់​បង់​កម្លាំង​​ពលកម្ម​ដែល​ភាគ​ច្រើន​​ជា​សមាសភាព​សំខាន់​ ក្នុង​គ្រួសារ​និងជាប្រភព​នៃប្រាក់​ចំណូល​គ្រួសារ។​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ ទៀតគឺ​ការ​បន្សល់​ទុក​នូវ​បន្ទុក​ដល់​សង្គម។ឧទាហរ​ណ៏ឪពុកម្តាយ​ស្លាប់បាត់​ បង់ជីវិត​ដោយ​សារ​ជម្ងឺ​អេដស៏​អស់នោះ​កូន​នឹង​បាត់​បង់​ទីពឹង​ហើយអាចខូច​ អនាគត​ធ្លាក់ខ្លួនក្លាយជាក្មេងអនាថា​និង​បង្ក​អសន្តិ​សុខ​ដល់​សង្គម​។​មួយ​​ វិញ​ទៀត​​​ហេតុធ្វើឲ្យ​ប្រជា​ជន​ដែល​មានជីវ​ភាព​ក្រីក្រ​ពិបាក​លៃលក​ទិញ​និង ​ស្វះ​ស្វែងរក​សេវា​សមស្របដូច្នេះ​ធ្វើឲ្យ​ស្ថានភាព​សុខ​ភាព​និង​ការរស់​នៅ​ របស់​ពួកគាត់កាន់តែ​ធ្ងន់ធ្ងរ​មួយ​កម្រិត​​ថែម​ទៀត ។ជា​ទូទៅ​យើង​សង្កេត​ឃើញ​ថា មាន​មន្ទីរ​ពេទ្យបង្អែក​គ្រប់​ខេត្ត និង​មណ្ឌល​សុខភាព​ជា​ច្រើន ប៉ុន្តែកម្រិត​នៃ​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ស្ថានភាព​សុខភាព​របស់ ​ប្រជាពលរដ្ឋ​ និង​មនសិការ​វិជ្ជា​ជីវៈ​ជា​គ្រូពេទ្យ​នៅ​តែ​មាន​កម្រិតខ្លាំងណាស់ ពិសេស​ស្ថាប័នរដ្ឋ ។នៅតាម​មន្ទីរពេទ្យ​បង្អែក នីមួយៗមាន​បណ្តុំ​វេជ្ជ​បណ្ឌិត​ជា​ច្រើន​បម្រើការ​នៅទីនោះតាម​ជំនាញ​ឯកទេស​ របស់​ខ្លួន​ វា​គួរជាស្ថាប័នដ៏រឹងមាំមួយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ហាក់​ដូច​មិន​សូវ​និយម​ចូល​ចិត្ត​វា​សោះ​ ខុស​ពីគ្លីនិចឯកជនរបស់​គ្រូ​ពេទ្យ​ដែល​បើក​ផ្ទាល់​ខ្លួន​ទៅ វិញ ដែល​ជាទូទៅ​មាន​អតិថិជនអ្នកជម្ងឺ​ច្រើន ។​តើ​នេះ​មក​ពី​មូល​ហេតុ​អ្វី ?​មួយ ​វិញ​ទៀត​ យើង​ឃើញ​ជា​ទូទៅ មុខរបរ​ជាពេទ្យ​ហាក់​ដូច​ជាត្រូវ​ប៉ាន់​ខ្លាំង​ណាស់ ព្រោះពួក​​គាត់​មួយ​ចំនួន​ធំមាន​លទ្ធភាព​​បើក​គ្លីនិច​ឯកជន​របស់​ខ្លួន​ យ៉ាងធំ​ស្កឹម​ស្កៃដែល​បញ្ជក់​ពី​ប្រភព​ប្រាក់​ចំណូល​ខ្ពស់​របស់​អាជីព​ជា​ គ្រូ​ពេទ្យ​​និង​ស​បញ្ជក់​ពី​ភាព​ខុស​ប្លែក​គ្នាពី​ភាព​រីកចម្រើន​រវាង​ មន្ទីរពេទ្យ​រដ្ឋ និង​គ្លីនិច​ឯកជន​។ការ​បាត់​បង់​ទំនុក​ចិត្តលើ​មន្ទីរពេទ្យ​រដ្ឋ ធ្វើឱ្យគ្លីនិច​ឯកជន​ឆ្លៀត​ឱកាស​ធ្វើ​មាន​ធ្វើ​បានលើ​ស្ថានភាព​សុខភាព​ ប្រជាពលរដ្ឋ​នៅ​ទន់​ខ្សោយ​ហើយ​វាជា​ឧបសគ្គ​ធំ​បំផុត​ដែល​រាំងស្ទះ​ដល់​ដំណើរ ​ការ​អភិវឌ្ឍ​ប្រទេស​។ ការ​ចំណាយ​ដ៏ច្រើន​របស់ប្រជាពលរដ្ឋ​ លើ​សុខភាព​ វា​បាន​បំផ្លាញ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ ហើយ​បន្ទាប់​មក​វា​បំផ្លាញ​ដល់​សេដ្ឋកិច្ច​ជាតិ ។មក​ដល់​ពេល​នេះ​ តើ​មាន​ការ​សិក្សា​ពី​ផល​វិបាក​នៃ​បញ្ហា​នេះ​ដែរ​ឬទេ ?​ តើ​អ្នក​ជំនាញ​របស់​ជាតិ​ មាន​វិធីសាស្រ្ត​ណា​ខ្លះ ដោះ​ស្រាយ​បញ្ហា​នេះ ?មួយ​វិញ​ទៀត​ ពេលខ្លះ​សេវា​កម្ម​ព្យាបាល​​នៅ តាម​ស្ថាប័ន​មួយចំនួន​មាន​តម្លៃ​ខ្ពស់​​កប់​ពពកបើ​ធៀប​នឹង​ស្ថានភាព​ជីវភាព​ រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​វាពិតជា​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ខ្លាំង​ណាស់​សម្រាប់​គ្រួសារ​ក្រីក្រ​ ដែលមាន​សមាជិក​ឈឺ ឬ​ត្រូវ​សង្គ្រោះ​បន្ទាន់នោះ ។នៅ​ក្នុង​ន័យ​នេះ ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​ លុយ​ប្រហែល​ជា​មាន​ភាព​​បន្ទាន់​ជាង។​វា​ហាក់​ដូច​ជា​ជីវិតរស់នៅ​សព្វ​ថ្ងៃ មិនសូវ​​មាន​ភាពកក់ក្តៅ​ពីការ​គាំ​ពារ​ផ្នែកសង្គមសោះ ។ជាមួយ​គ្នា​នេះដែរ​មាន​ការ​​លើក​ឡើង​ មួយ​ចំនួន​ថា មូលហេតុ​នៃ​ការ​យក​​តម្លៃ​ព្យាបាលថ្លៃមកពី​ គាត់​(គ្រូ​ពេទ្យ​)​​បាន​ចំណាយច្រើន​ក្នុង​ការ​សិក្សា​ និង​ការ​ចូល​បម្រើ​ការងារ ។​បើ​មាន​ការយល់​ឃើញ​បែប​នេះ តើ​គាត់​សម្អាង​លើ​ឧត្តម​គតិ​អ្វី ទើ​ប​គាត់​យល់​ឃើ​ញ​បែបនេះ ? តើ​សាលា​រៀន​បាន​បណ្តុះបណ្តាល​គាត់​ឱ្យ​ក្លាយ​ជា​គ្រូ​ពេទ្យ​បែប​នេះ​ឬ ? គ្មាន​នរណា​គេ​តថ្លៃ​ទេ​ សម្រាប់​ថ្លៃ​ព្យាបាល​និង​ថ្នាំ​បើ​ស្ថិត​ក្នុង​ស្ថានភាព​មាន​ជម្ងឺ ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់​នោះ ដូច្នេះ គ្រូ​ពេទ្យ​គួរ​តែ​យល់​ពី​ទុក្ខ​លំបាករបស់​ខ្មែរ​ដូច​គ្នា ហើយ​គប្បី​យក​តម្លៃ​សម​រម្យ​។ឪពុក​ខ្ញុំ​ក៏​ជា​គ្រូ​ពេទ្យ​ដែរ ហើយ​ក៏ ជា​គ្រូធ្លាប់​បណ្តុះបណ្តាល​ពេទ្យ​ជា​ច្រើន​នៅ ខេត្ត​ស្វាយ​រៀងនៅ សម័យ​មុនដែរ ខ្ញុំ​មិន​បាន​មើល​ឃើញ​​គាត់​ធ្វើ​មាន​ធ្វើ​បាន​ពី​ការងារ​នេះ​សោះ ។ម្តាយ​ខ្ញុំ​ បាន​និយាយ​ថា ឪពុក​ខ្ញុំ​មិនអាច​​រក​លុយ​ច្រើន​ពី​អាជីព​ពេទ្យទេ ព្រោះ​បើ​មាន​អ្នកជម្ងឺ​ក្រីក្រ​ គាត់​អាណិត​គេ​ហើយ និង​ពេលខ្លះ គាត់​ព្យាបាល​មិន​យកលុយទៀត ។ខ្ញុំ​គិត​ថា ឧត្តមគតិ​ឪពុក​ខ្ញុំ​បាន​ផ្តល់​ភាព​គំរូ​ដល់​ខ្ញុំ ទោះ បី​ពីកុមារ​ភាព ខ្ញុំ​មាន​ការ​លំបាកដោយ​សារ​បញ្ហា​ជីវភាព​​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ពេញ​ចិត្ត​ចំពោះ​ទង្វើរបស់​គាត់​។ជារួម​ យើង​គប្បី​ចូលរួម​ចំណែកលើក​កម្ពស់​សុខភាព​ប្រជា​ពលរដ្ឋ​តាម​ដែល​អាច​ធ្វើ​ បាន​ និង​អនុវត្ត​ការ​ងារ​ប្រកប​ដោយ​មនសិការ​ និង​គុណធម៌ខ្ពស់ ដើម្បី​ឱ្យ​ប្រទេស​ជាតិ​យើង​ មានការ​​វិវត្ត​រីក​ចម្រើ​ន​ទៅ មុន ។​​
​​​​​​​​​​ដោយៈ ចៅ ឧស្សាហ៍ គ្រូបង្រៀនកម្រិតឧត្តម